២៥
លោក​អប្រាហាំ​ទទួល​មរណភាព ពូជពង្ស​ឯ​ទៀតៗ​របស់​លោក​អប្រាហាំ
១ លោក​អប្រាហាំ​យក​ភរិយា​មួយ​ទៀត ឈ្មោះ​កិទូរ៉ា។ ២ គាត់​បង្កើត​បាន​កូន​ប្រុស​ជូន​លោក ដែល​មាន​ឈ្មោះ​ដូច​ត​ទៅ​នេះ​គឺ សឹមរ៉ាន យ៉ុកសាន មីដាន ម៉ាឌាន អ៊ីសបាក់ និង​ស៊ូអា។ ៣ យ៉ុកសាន​បង្កើត​សេបា និង​ដេដាន់។ កូន​ចៅ​របស់​ដេដាន់ គឺ​ជន​ជាតិ​អាសស៊ើរ លេទូស និង​លេវមី។ ៤ កូន​ចៅ​របស់​ម៉ាឌាន​មាន អេផា អេភើរ ហេណុក អប៊ីដា និង​អែលដា។ គឺ​អ្នក​ទាំង​នោះ​ហើយ​ដែល​ជា​កូន​ចៅ​របស់​នាង​កិទូរ៉ា។
៥ លោក​អប្រាហាំ​បាន​ប្រគល់​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​លោក​មាន អោយ​លោក​អ៊ីសាក។ ៦ រីឯ​កូន​របស់​ប្រពន្ធ​ចុង​ឯ​ទៀតៗ លោក​បាន​ចែក​អំណោយ​ដល់​គេ ក្នុង​កាល​ដែល​លោក​នៅ​មាន​ជីវិត​រស់​នៅ​ឡើយ រួច​លោក​អោយ​គេ​ទៅ​នៅ​ស្រុក​ខាង​កើត ឆ្ងាយ​ពី​លោក​អ៊ីសាក ជា​កូន​ប្រុស​របស់​លោក។
៧ លោក​អប្រាហាំ​រស់​បាន​ទាំង​អស់​មួយ​រយ​ចិតសិប​ប្រាំ​ឆ្នាំ។ ៨ បន្ទាប់​មក លោក​អប្រាហាំ​ទទួល​មរណភាព​ទៅ គឺ​ក្រោយ​ពី​លោក​រស់​យ៉ាង​យូរ​ប្រកប​ដោយ​សុភមង្គល មាន​អាយុ​យឺនយូរ​សម្បូណ៌​សប្បាយ​មក លោក​ក៏​បាន​ទៅ​ជួបជុំ​នឹង​បុព្វបុរស​របស់​លោក ដែល​ចែក​ស្ថាន​ទៅ​ហើយ។
៩ លោក​អ៊ីសាក និង​លោក​អ៊ីស្មាអែល ជា​កូន​របស់​លោក​នាំ​គ្នា​បញ្ចុះ​សព​លោក​នៅ​ក្នុង​គុហា​ម៉ាកពេឡា នៅ​ក្នុង​ចំការ​របស់​លោក​អេប្រូន កូន​របស់​លោក​សូហារ​ជន​ជាតិ​ហេត ដែល​ស្ថិត​នៅ​ខាង​កើត​ម៉ាមរេ ១០ គឺ​ចំការ​ដែល​លោក​អប្រាហាំ​បាន​ទិញ​ពី​ជន​ជាតិ​ហេត​មក។ គេ​បាន​បញ្ចុះ​សព​លោក​អប្រាហាំ និង​លោក​ស្រី​សារ៉ា​នៅ​ទី​នោះ។
១១ ក្រោយ​លោក​អប្រាហាំ​ទទួល​មរណភាព​ផុត​ទៅ ព្រះជាម្ចាស់​ក៏​បាន​ប្រទាន​ពរ​អោយ​អ៊ីសាក កូន​ប្រុស​របស់​លោក ដែល​រស់​នៅ​ក្បែរ​អណ្ដូង​ទឹក​ឡាហាយ-រយ។
១២ នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​លោក​អ៊ីស្មាអែល កូន​របស់​លោក​អប្រាហាំ ជា​កូន​ដែល​នាង​ហាការ អ្នក​បំរើ​របស់​លោក​ស្រី​សារ៉ា បង្កើត​ជូន​លោក​អប្រាហាំ។ ១៣ កូន​ចៅ​របស់​លោក​អ៊ីស្មាអែល​មាន​ឈ្មោះ​តាម​ជំនួរវង្ស​ត្រកូល ដូច​ត​ទៅ: នេបាយ៉ូត ជា​កូន​ច្បង កេដារ អ័ឌបែល មីបសាម ១៤ មីសម៉ា ឌូម៉ា ម៉ាសា ១៥ ហាដាឌ់ ថេម៉ា យេធើរ ណាភីស និង​កេដម៉ា។ ១៦ គឺ​អ្នក​ទាំង​នោះ​ហើយ ដែល​ជា​កូន​ប្រុស​ទាំង​ដប់ពីរ​របស់​លោក​អ៊ីស្មាអែល។ អ្នក​ទាំង​នោះ​ជា​មេកន្ទ្រាញ​លើ​អំបូរ​រៀងៗ​ខ្លួន ហើយ​ជំរំ​របស់​ជន​ជាតិ​អ៊ីស្មាអែល និង​ភូមិ​ស្រុក​របស់​គេ​សុទ្ធ​តែ​មាន​ឈ្មោះ​ទាំង​នោះ។ ១៧ លោក​អ៊ីស្មាអែល​រស់​បាន​ទាំង​អស់​មួយ​រយ​សាមសិប​ប្រាំពីរ​ឆ្នាំ។ បន្ទាប់​មក លោក​ទទួល​មរណភាព ទៅ​ជួបជុំ​នឹង​បុព្វបុរស ដែល​បាន​ចែក​ស្ថាន​ផុត​ទៅ​ហើយ​នោះ​វិញ។ ១៨ ជន​ជាតិ​អ៊ីស្មាអែល​រស់​នៅ​ចាប់​តាំង​ពី​ស្រុក​ហាវីឡា រហូត​ដល់​ស្រុក​ស៊ើរ ដែល​នៅ​ជាប់​នឹង​ស្រុក​អេស៊ីប និង​វាត​រហូត​ទៅ​ដល់​ស្រុក​អាស៊ើរ។ ជន​ជាតិ​អ៊ីស្មាអែល​មិន​សូវ​ត្រូវ​គ្នា​ជា​មួយ​បង​ប្អូន​របស់​ខ្លួន​ទេ។
ប្រវត្តិ​របស់​លោក​យ៉ាកុប
អេសាវ និង​យ៉ាកុប
១៩ នេះ​ជា​ដំណើរ​រឿង​របស់​លោក​អ៊ីសាក​ជា​កូន​លោក​អប្រាហាំ។ លោក​អប្រាហាំ​បាន​បង្កើត​លោក​អ៊ីសាក។ ២០ ពេល​លោក​អ៊ីសាក​មាន​អាយុ​សែសិប​ឆ្នាំ លោក​បាន​រៀបការ​នឹង​នាង​រេបិកា ដែល​ត្រូវ​ជា​កូន​របស់​លោក​បេធូអែល ជា​ជន​ជាតិ​អើរ៉ាម នៅ​ស្រុក​ប៉ាដាន់អើររ៉ាម និង​ត្រូវ​ជា​ប្អូន​ស្រី​របស់​លោក​ឡាបាន់ ជន​ជាតិ​អើរ៉ាម។ ២១ លោក​អ៊ីសាក​បាន​ទូលអង្វរ សូម​ព្រះអម្ចាស់​ប្រោសប្រណី​ភរិយា​របស់​លោក ដ្បិត​នាង​ជា​ស្ត្រី​អារ។ ព្រះអម្ចាស់​ទ្រង់​ព្រះសណ្ដាប់​ពាក្យ​អង្វរ​របស់​លោក ហើយ​លោក​ស្រី​រេបិកា​ក៏​មាន​ផ្ទៃ​ពោះ។ ២២ ដោយ​ទារក​កំរើក​ប៉ះ​គ្នា​នៅ​ក្នុង​ផ្ទៃ គាត់​ក៏​ពោល​ថា៖ «ម្ដេច​ក៏​ខ្ញុំ​កើត​អ៊ីចឹង?»។ គាត់​ទៅ​សួរ​ព្រះអម្ចាស់២៣ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​គាត់​ថា៖
«នៅ​ក្នុង​ផ្ទៃ​នាង​មាន​ប្រជាជាតិ​ពីរ
សាសន៍​ពីរ​ខុស​គ្នា​នឹង​កើត​ចេញ​ពី​នាង
សាសន៍​មួយ​នឹង​ខ្លាំង​ជាង​សាសន៍​មួយ​ទៀត
កូន​ច្បង​នឹង​ធ្វើ​ជា​រណប​របស់​កូន​ប្អូន»។
២៤ ពេល​គាត់​គ្រប់​ខែ​ហើយ កូន​ភ្លោះ​ក៏​កើត​ចេញ​ពី​គាត់​មែន។ ២៥ កូន​ទី​មួយ​កើត​ចេញ​មក​មាន​ពណ៌​ក្រហម ស្បែក​ដូច​រោម​សត្វ។ គេ​ដាក់​ឈ្មោះ​ថា “អេសាវ”។ ២៦ បន្ទាប់​មក​ទៀត កូន​ប្អូន​ក៏​កើត​មក​ទាំង​តោង​កែង​ជើង​របស់​អេសាវ​ជាប់។ គេ​ដាក់​ឈ្មោះ​ថា “យ៉ាកុប”។ នៅ​ពេល​កូន​ទាំង​ពីរ​កើត​មក​នោះ លោក​អ៊ីសាក​មាន​អាយុ​ហុកសិប​ឆ្នាំ​ហើយ។
២៧ កូន​ប្រុស​ទាំង​ពីរ​មាន​វ័យ​ចំរើន​ធំ​ឡើង។ អេសាវ​ក៏​បាន​ទៅ​ជា​អ្នក​ប្រមាញ់​ដ៏​ស្ទាត់​ជំនាញ គាត់​ចូល​ចិត្ត​នៅ​តាម​ទី​វាល។ រីឯ​យ៉ាកុប​វិញ គាត់​ចូល​ចិត្ត​ស្ងៀម​ស្ងាត់ ហើយ​នៅ​តែ​ក្នុង​ជំរំ។ ២៨ លោក​អ៊ីសាក​ស្រឡាញ់​អេសាវ​ជាង ព្រោះ​គាត់​ចូល​ចិត្ត​ពិសា​សាច់​សត្វ​ដែល​គេ​បរ​បាញ់។ រីឯ​លោក​ស្រី​រេបិកា​វិញ គាត់​ស្រឡាញ់​យ៉ាកុប។
២៩ ថ្ងៃ​មួយ លោក​យ៉ាកុប​កំពុង​ស្ល​សម្ល ហើយ​លោក​អេសាវ​វិល​ត្រឡប់​មក​ពី​វាល​វិញ ទាំង​ហេវហត់​ជា​ខ្លាំង។ ៣០ លោក​អេសាវ​ពោល​ទៅ​កាន់​លោក​យ៉ាកុប​ថា៖ «បង​សុំ​សម្ល​ក្រហម​នោះ​ញ៉ាំ​បន្តិច​មក បង​អស់​កម្លាំង​ណាស់» (ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​គាត់​ថា “អេដុម” មាន​ន័យ​ថា មនុស្ស​ពណ៌​ក្រហម)។ ៣១ លោក​យ៉ាកុប​តប​វិញ​ថា៖ «សូម​លក់​សិទ្ធិ​ជា​កូន​ច្បង​មក​អោយ​ខ្ញុំ​នៅ​ថ្ងៃ​នេះ​សិន​មក»។ ៣២ លោក​អេសាវ​តប​ថា៖ «បង​ដាច់​ពោះ​ស្លាប់​ឥឡូវ​ហើយ តើ​សិទ្ធិ​ជា​កូន​ច្បង​នោះ​មាន​ប្រយោជន៍​អ្វី​ដល់​បង?»។
៣៣ លោក​យ៉ាកុប​ពោល​ថា៖ «ដូច្នេះ ចូរ​ស្បថ​អោយ​ខ្ញុំ​សិន»។ លោក​អេសាវ​ក៏​ស្បថ​លក់​សិទ្ធិ​ជា​កូន​ច្បង​អោយ​លោក​យ៉ាកុប។ ៣៤ លោក​យ៉ាកុប​យក​នំបុ័ង ព្រម​ទាំង​សម្ល​សណ្ដែក​ក្រហម មក​ជូន​គាត់​ពិសា។ លោក​អេសាវ​ពិសា​បាយ​ទឹក រួច​ចាក​ចេញ​ទៅ។ គាត់​បាន​មាក់ងាយ​សិទ្ធិ​របស់​ខ្លួន​ជា​កូន​ច្បង។