២៩
លោកយ៉ាកុបជួបនឹងនាងរ៉ាជែល
១ លោកយ៉ាកុបចេញដំណើរតទៅមុខទៀត ឆ្ពោះទៅកាន់ស្រុកខាងកើត។ ២ លោកឃើញអណ្ដូងទឹកមួយនៅទីវាល ហើយឃើញចៀមបីហ្វូងសំរាកនៅក្បែរនោះដែរ ដ្បិតគេនាំហ្វូងសត្វមកអោយផឹកទឹកពីអណ្ដូងនោះ រីឯផ្ទាំងថ្មដែលគ្របពីលើមាត់អណ្ដូងមានទំហំធំណាស់។ ៣ កាលគេប្រមូលហ្វូងសត្វទាំងប៉ុន្មានមកផ្ដុំគ្នានៅទីនោះហើយ ទើបគេប្រមៀលថ្មចេញពីមាត់អណ្ដូងអោយហ្វូងចៀមផឹកទឹក រួចហើយគេប្រមៀលថ្មគ្របមាត់អណ្ដូងវិញ។ ៤ លោកយ៉ាកុបសួរពួកគង្វាលថា៖ «បងប្អូនអើយ តើបងប្អូនមកពីស្រុកណា?»។ គេឆ្លើយថា៖ «យើងមកពីស្រុកខារ៉ាន»។ ៥ លោកសួរគេទៀតថា៖ «តើបងប្អូនស្គាល់លោកឡាបាន់ ដែលត្រូវជាកូនរបស់លោកណាឃរឬទេ?»។ គេតបថា៖ «បាទ យើងស្គាល់គាត់»។ ៦ លោកយ៉ាកុបមានប្រសាសន៍ទៅគេថា៖ «គាត់សុខសប្បាយជាទេ?»។ គេឆ្លើយថា៖ «គាត់សុខសប្បាយជាទេ! នុ៎ះហ្ន៎ នាងរ៉ាជែល កូនស្រីរបស់គាត់កំពុងតែមកជាមួយហ្វូងចៀម»។ ៧ លោកមានប្រសាសន៍ថា៖ «មើល៍ ថ្ងៃនៅខ្ពស់នៅឡើយ មិនទាន់ដល់ពេលប្រមូលហ្វូងសត្វអោយមកនៅជុំគ្នាទេ។ សូមអោយទឹកវាផឹក រួចអោយស៊ីស្មៅបន្តទៀតទៅ»។ ៨ គេតបមកវិញថា៖ «យើងមិនអាចអោយវាផឹកឥឡូវនេះបានទេ គឺត្រូវចាំទាល់តែហ្វូងសត្វទាំងអស់មកជុំគ្នាសិន សឹមបើកគំរបអណ្ដូងអោយវាផឹកទឹក»។
៩ លោកយ៉ាកុបកំពុងនិយាយជាមួយពួកគង្វាលទាំងនោះនៅឡើយ ស្រាប់តែនាងរ៉ាជែលនាំហ្វូងចៀមរបស់ឪពុកនាងមកដល់ ដ្បិតនាងជាអ្នកឃ្វាល។ ១០ ពេលលោកយ៉ាកុបឃើញនាងរ៉ាជែល ជាកូនរបស់លោកឡាបាន់ ដែលជាបងប្រុសរបស់ម្ដាយលោក និងហ្វូងចៀមរបស់លោកឡាបាន់មកដល់ លោកក៏ចូលទៅជិតប្រមៀលថ្មចេញពីមាត់អណ្ដូង រួចដងទឹកអោយសត្វរបស់លោកឡាបាន់ផឹក។ ១១ បន្ទាប់មក លោកថើបនាងរ៉ាជែល ហើយទ្រហោយំ។ ១២ លោកយ៉ាកុបប្រាប់នាងរ៉ាជែលថា លោកត្រូវជាសាច់ញាតិនឹងឪពុកនាង គឺលោកជាកូនរបស់លោកស្រីរេបិកា នាងរ៉ាជែលក៏រត់នាំដំណឹងនេះទៅប្រាប់ឪពុក។ ១៣ កាលលោកឡាបាន់ឮដំណឹងថា លោកយ៉ាកុបជាកូនរបស់ប្អូនស្រីគាត់មកដល់ គាត់ក៏រត់ទៅទទួល ទាំងឱបថើបទៀតផង ហើយនាំលោកយ៉ាកុបចូលទៅក្នុងផ្ទះ។ លោកយ៉ាកុបរៀបរាប់ប្រាប់លោកឡាបាន់ តាមដំណើររឿងទាំងអស់។ ១៤ លោកឡាបាន់ក៏ពោលឡើងថា៖ «ក្មួយពិតជាសាច់ឈាមរបស់អ៊ំមែន!»។ លោកយ៉ាកុបស្នាក់នៅជាមួយលោកឡាបាន់អស់រយៈពេលមួយខែ។
លោកយ៉ាកុបរៀបការជាមួយនាងលេអា និងនាងរ៉ាជែល
១៥ ថ្ងៃមួយ លោកឡាបាន់ពោលទៅកាន់លោកយ៉ាកុបថា៖ «ក្មួយជាសាច់ញាតិរបស់អ៊ំមែន តែក្មួយមិនត្រូវធ្វើការអោយអ៊ំ ដោយមិនយកកំរៃនោះឡើយ។ សូមក្មួយប្រាប់អ៊ំមក ក្មួយចង់បានថ្លៃឈ្នួលប៉ុន្មាន?»។ ១៦ លោកឡាបាន់មានកូនស្រីពីរនាក់ កូនបងឈ្មោះលេអា ហើយកូនប្អូនឈ្មោះរ៉ាជែល។ ១៧ នាងលេអាមានភ្នែកស្រស់ល្អ រីឯនាងរ៉ាជែលវិញ នាងមានរូបឆោមស្អាតល្អណាស់។ ១៨ ដោយលោកយ៉ាកុបស្រឡាញ់នាងរ៉ាជែល លោកឆ្លើយថា៖ «ក្មួយសុខចិត្តនៅបំរើលោកអ៊ំប្រាំពីរឆ្នាំ ដើម្បីអោយបានរ៉ាជែល ជាកូនពៅរបស់លោកអ៊ំមកធ្វើជាប្រពន្ធ»។ ១៩ លោកឡាបាន់តបថា៖ «អ៊ំពេញចិត្តនឹងលើកកូនអោយក្មួយ ជាជាងលើកអោយប្រុសដទៃទៀត។ ដូច្នេះ ចូរក្មួយនៅជាមួយនឹងអ៊ំទៅ!»។ ២០ លោកយ៉ាកុបនៅបំរើលោកឡាបាន់ អស់រយៈពេលប្រាំពីរឆ្នាំ ដើម្បីបាននាងរ៉ាជែល ប៉ុន្តែ ដោយលោកស្រឡាញ់នាងរ៉ាជែលជាខ្លាំង រយៈពេលប្រាំពីរឆ្នាំនោះហាក់ដូចជាប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ២១ បន្ទាប់មក លោកយ៉ាកុបជំរាបលោកឡាបាន់ថា៖ «សូមលោកអ៊ំអោយក្មួយរៀបការជាមួយនឹងរ៉ាជែលទៅ ព្រោះក្មួយនៅបំរើលោកអ៊ំចប់សព្វគ្រប់ តាមដែលយើងបានកំណត់នោះហើយ»។ ២២ លោកឡាបាន់ក៏អញ្ជើញអ្នកស្រុកទាំងអស់មក ហើយរៀបចំជប់លៀង។ ២៣ នៅពេលល្ងាច គាត់នាំនាងលេអាទៅផ្សំដំណេកជាមួយលោកយ៉ាកុប។ ២៤ លោកឡាបាន់ប្រគល់នាងស៊ីលផា ជាអ្នកបំរើរបស់លោក អោយបំរើនាងលេអា។ ២៥ លុះព្រលឹមឡើង លោកយ៉ាកុបឃើញថាជានាងលេអា លោកពោលទៅកាន់លោកឡាបាន់ថា៖ «ម្ដេចក៏លោកឪពុកធ្វើដូច្នេះ? ខ្ញុំនៅបំរើលោកឪពុក ដើម្បីនាងរ៉ាជែលទេ តើហេតុអ្វីបានជាលោកឪពុកបោកប្រាស់ខ្ញុំបែបនេះ?»។ ២៦ លោកឡាបាន់តបវិញថា៖ «នៅស្រុកយើងនេះមិនដែលមាននរណាលើកកូនពៅអោយគេ មុនកូនច្បងឡើយ ២៧ ចូរបង្គ្រប់ពិធីមង្គលការជាមួយនាងអោយបានមួយអាទិត្យសិន រួចហើយសឹមពុកលើកនាងមួយទៀតអោយ តែកូនត្រូវធ្វើការអោយពុកប្រាំពីរឆ្នាំទៀត»។
២៨ លោកយ៉ាកុបក៏ធ្វើតាមពាក្យគាត់ គឺបង្គ្រប់ពិធីមង្គលការជាមួយនាងលេអាអស់មួយអាទិត្យ។ បន្ទាប់មក លោកឡាបាន់បានអោយនាងរ៉ាជែលទៅលោកយ៉ាកុបទៀត។ ២៩ លោកឡាបាន់ប្រគល់នាងប៊ីលហា ជាអ្នកបំរើរបស់លោក អោយបំរើនាងរ៉ាជែល។ ៣០ លោកយ៉ាកុបក៏បានរួមដំណេកជាមួយនាងរ៉ាជែលដែរ។ លោកស្រឡាញ់នាងរ៉ាជែលខ្លាំងជាងនាងលេអា។ បន្ទាប់មក លោកនៅបំរើលោកឡាបាន់ប្រាំពីរឆ្នាំទៀត។
កូនចៅរបស់លោកយ៉ាកុប
៣១ កាលព្រះអម្ចាស់ទតឃើញថា លោកយ៉ាកុបមិនសូវស្រឡាញ់លោកស្រីលេអាដូច្នេះ ព្រះអង្គក៏ប្រោសអោយគាត់មានកូន រីឯលោកស្រីរ៉ាជែលវិញ នៅជាស្ត្រីអារ។ ៣២ លោកស្រីលេអាមានផ្ទៃពោះ ហើយសំរាលបានកូនប្រុសមួយ ដែលគាត់ដាក់ឈ្មោះថា “រូបេន” ដ្បិតគាត់ពោលថា៖ «ព្រះអម្ចាស់បានទតឃើញថា ខ្ញុំជាស្ត្រីអភ័ព្វ ហើយឥឡូវនេះប្ដីខ្ញុំមុខជាស្រឡាញ់ខ្ញុំមិនខាន»។ ៣៣ គាត់មានផ្ទៃពោះម្ដងទៀត ហើយសំរាលបានកូនប្រុសមួយ គាត់ពោលថា៖ «ព្រះអម្ចាស់ជ្រាបថា ប្ដីខ្ញុំមិនស្រឡាញ់ខ្ញុំទេ បានជាព្រះអង្គប្រទានកូនប្រុសមួយទៀតនេះមកអោយខ្ញុំ»។ គាត់ដាក់ឈ្មោះកូនថា “ស៊ីម្មាន”។ ៣៤ បន្ទាប់មក គាត់មានផ្ទៃពោះសាជាថ្មី ហើយសំរាលបានកូនប្រុសមួយទៀត។ គាត់ពោលថា៖ «លើកនេះ ប្ដីខ្ញុំពិតជាជំពាក់ចិត្តនឹងខ្ញុំមិនខាន ព្រោះខ្ញុំបង្កើតកូនប្រុសជូនគាត់ ដល់ទៅបីហើយ»។ ហេតុនេះ បានជាគេហៅឈ្មោះកូននោះថា “លេវី”។ ៣៥ គាត់មានផ្ទៃពោះម្ដងទៀត ហើយសំរាលបានកូនប្រុសមួយ គាត់ពោលថា៖ «ពេលនេះ ខ្ញុំសូមលើកតម្កើងព្រះអម្ចាស់»។ ហេតុនេះហើយ បានជាគាត់ដាក់ឈ្មោះកូននោះថា “យូដា” បន្ទាប់មក គាត់ក៏លែងមានកូនទៀត។