៤០
លោកយ៉ូសែបកាត់សប្តិអោយអ្នកទោសពីរនាក់
១ ក្រោយហេតុការណ៍ទាំងនោះ មានមន្ត្រីពីររូបបានប្រព្រឹត្តខុសចំពោះព្រះចៅអេស៊ីបជាម្ចាស់របស់ខ្លួន។ ម្នាក់ជាមហាតលិកដែលមាននាទីថ្វាយស្រា និងម្នាក់ទៀតមាននាទីថ្វាយនំបុ័ង។ ២ ព្រះចៅផារ៉ោនមានព្រះហឫទ័យខ្ញាល់នឹងមហាតលិកទាំងពីរ គឺមហាតលិកថ្វាយស្រា និងមហាតលិកថ្វាយនំបុ័ងនោះជាខ្លាំង។ ៣ ស្ដេចក៏បញ្ជាអោយយកលោកទាំងពីរទៅឃុំឃាំង នៅក្នុងផ្ទះរបស់មេបញ្ជាការកងរក្សាស្ដេច គឺក្នុងពន្ធនាគារដែលគេឃុំឃាំងលោកយ៉ូសែប។ ៤ មេបញ្ជាការប្រគល់លោកទាំងពីរអោយលោកយ៉ូសែបមើលខុសត្រូវ។
ក្រោយពីបានជាប់ឃុំឃាំងមួយរយៈមក ៥ មានយប់មួយ លោកទាំងពីរ គឺមហាតលិកថ្វាយស្រា និងមហាតលិកថ្វាយនំបុ័ងដែលជាប់ឃុំឃាំងនោះ បានយល់សប្តិរៀងៗខ្លួន តែមានអត្ថន័យប្លែកៗពីគ្នា។ ៦ ព្រលឹមឡើង លោកយ៉ូសែបបានមកជួបលោកទាំងពីរ ឃើញគេស្រងូតស្រងាត់ ៧ លោកក៏សួរមហាតលិកទាំងពីររបស់ស្ដេចផារ៉ោន ដែលនៅជាប់ឃុំឃាំងជាមួយលោក ក្នុងពន្ធនាគារម្ចាស់របស់លោកថា៖ «ថ្ងៃនេះ ហេតុដូចម្ដេចបានជាអស់លោកមានទឹកមុខស្រងូតម៉្លេះ?»។ ៨ គេតបមកវិញថា៖ «យើងបានយល់សប្តិ តែគ្មាននរណាអាចជួយកាត់សប្តិនេះបានទេ»។ លោកយ៉ូសែបមានប្រសាសន៍ថា៖ «មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអាចកាត់សប្តិបាន! សូមរៀបរាប់ប្រាប់ខ្ញុំមក»។
៩ មហាតលិកដែលមាននាទីថ្វាយស្រាស្ដេច បានរៀបរាប់ប្រាប់លោកយ៉ូសែបអំពីសុបិនរបស់ គាត់ដូចតទៅ៖ «ខ្ញុំយល់សប្តិឃើញដើមទំពាំងបាយជូរមួយដើម នៅពីមុខខ្ញុំ។ ១០ ដើមទំពាំងបាយជូរនោះមានមែកបី មានពន្លកលេចចេញមក ផ្កាវាក៏លាស់ចេញមកដែរ ហើយមានផ្លែទុំផង។ ១១ ពេលនោះ ខ្ញុំកាន់ពែងរបស់ព្រះចៅផារ៉ោននៅដៃ ខ្ញុំក៏បេះផ្លែទំពាំងបាយជូរមកច្របាច់ដាក់ក្នុងពែង រួចថ្វាយពែងនោះទៅព្រះចៅផារ៉ោន»។ ១២ លោកយ៉ូសែបមានប្រសាសន៍ទៅគាត់ថា៖ «សុបិនរបស់លោកមានន័យដូចតទៅនេះ: មែកទាំងបី គឺបីថ្ងៃ។ ១៣ បីថ្ងៃទៀត ព្រះចៅផារ៉ោននឹងលើកកិត្តិយសលោកឡើង ហើយតែងតាំងលោក អោយបំពេញមុខងាររបស់លោកឡើងវិញ គឺលោកនឹងថ្វាយពែងស្រាទៅស្ដេច ដូចលោកធ្លាប់ធ្វើកាលពីមុន។ ១៤ ក៏ប៉ុន្តែ ពេលលោកបានសុខស្រួលវិញហើយ សូមមេត្តាកុំភ្លេចខ្ញុំ ដែលធ្លាប់នៅជាមួយលោក សូមមេត្តាទូលព្រះចៅផារ៉ោនអោយបានជ្រាបពីរឿងខ្ញុំ ហើយយកខ្ញុំចេញពីពន្ធនាគារនេះផង ១៥ ដ្បិតគេបានចាប់ខ្ញុំពីស្រុកហេប្រឺមក ហើយនៅទីនេះ ខ្ញុំពុំបានធ្វើអ្វីខុសគួរអោយគេយកមកឃុំឃាំងដូច្នេះឡើយ»។
១៦ មហាតលិកដែលមាននាទីថ្វាយនំបុ័ង ឃើញលោកយ៉ូសែបកាត់សប្តិអោយមហាតលិកម្នាក់ទៀតល្អគួរអោយពេញចិត្ត គាត់ក៏ពោលទៅកាន់លោកយ៉ូសែបថា៖ «រីឯខ្ញុំវិញ ក្នុងសប្តិនោះ ខ្ញុំឃើញនំបីកញ្ច្រែងនៅលើក្បាលរបស់ខ្ញុំ។ ១៧ នៅក្នុងកញ្ច្រែងខាងលើបង្អស់ មាននំគ្រប់មុខ ដែលព្រះចៅផារ៉ោនធ្លាប់សោយ។ ក៏ប៉ុន្តែ មានសត្វស្លាបមកចឹកស៊ីនំក្នុងកញ្ច្រែងលើក្បាលខ្ញុំនោះអស់ទៅ»។ ១៨ លោកយ៉ូសែបតបវិញថា៖ «សុបិនរបស់លោកមានន័យដូចតទៅ កញ្ច្រែងទាំងបី គឺបីថ្ងៃ។ ១៩ នៅបីថ្ងៃទៀត ព្រះចៅផារ៉ោននឹងយកក្បាលលោកចេញពីខ្លួន គេយកលោកទៅព្យួរនឹងដើមឈើមួយ ហើយមានសត្វស្លាបមកចឹកស៊ីសាច់របស់លោក»។
២០ បីថ្ងៃក្រោយមក គឺនៅថ្ងៃបុណ្យចំរើនព្រះជន្មព្រះចៅផារ៉ោន ស្ដេចបានជប់លៀងក្រុមមន្ត្រីរបស់ស្ដេច។ ពេលនោះ ស្ដេចបានអោយគេដោះលែងមហាតលិកទាំងពីរ នៅមុខមន្ត្រីទាំងអស់។ ២១ ព្រះរាជាបានតែងតាំងមហាតលិកដែលមាននាទីថ្វាយស្រា អោយបំពេញមុខងាររបស់ខ្លួនឡើងវិញ។ ២២ ប៉ុន្តែ ស្ដេចបញ្ជាអោយគេយកមហាតលិកថ្វាយនំបុ័ងទៅព្យួរ ក ស្របតាមពាក្យដែលលោកយ៉ូសែបបកស្រាយប្រាប់។
២៣ រីឯមហាតលិកដែលមាននាទីថ្វាយស្រា មិនបាននឹកនាដល់លោកយ៉ូសែបទេ គាត់ភ្លេចសូន្យឈឹង។