៤៥
លោកយ៉ូសែបបង្ហាញខ្លួនអោយបងប្អូនស្គាល់
១ ដោយលោកយ៉ូសែបពុំអាចទប់ចិត្ត នៅចំពោះមុខអស់អ្នកដែលនៅជុំវិញលោក លោកក៏បញ្ជាអោយពួកគេចេញទៅ។ ពេលលោកយ៉ូសែបបង្ហាញអោយបងៗស្គាល់លោកនោះ គ្មានអ្នកឯទៀតៗនៅជាមួយទេ។ ២ លោកទ្រហោយំយ៉ាងខ្លាំង រហូតដល់ជនជាតិអេស៊ីបបានឮ សូម្បីតែអ្នកនៅក្នុងដំណាក់របស់ព្រះចៅផារ៉ោនក៏បានឮដែរ។ ៣ លោកមានប្រសាសន៍ទៅបងប្អូនលោកថា៖ «ខ្ញុំហ្នឹងហើយជាយ៉ូសែប! តើឪពុកយើងនៅរស់ទេឬ?»។ ប៉ុន្តែ បងប្អូនរបស់លោករកឆ្លើយពុំបានទេ គេញ័ររន្ធត់យ៉ាងខ្លាំង ដោយឃើញលោកនៅនឹងមុខដូច្នេះ។ ៤ លោកយ៉ូសែបមានប្រសាសន៍ថា៖ «សូមខិតចូលមកជិតខ្ញុំមក៍» ពួកគេក៏ខិតចូលទៅជិតលោក។ លោកមានប្រសាសន៍ទៅគេថា៖ «ខ្ញុំហ្នឹងហើយជាយ៉ូសែបប្អូនរបស់បងៗ ដែលបងៗបានលក់អោយគេនាំយកមកស្រុកអេស៊ីបនេះ។ ៥ ប៉ុន្តែ ឥឡូវនេះ សូមបងៗកុំព្រួយបារម្ភធ្វើអ្វី ហើយក៏កុំស្ដាយក្រោយ ព្រោះតែបានលក់ប្អូននោះឡើយ ដ្បិតព្រះជាម្ចាស់បានចាត់ប្អូនអោយមកទីនេះមុន ដើម្បីការពារអាយុជីវិតរបស់បងៗ។ ៦ មើល៍ មានកើតទុរ្ភិក្សនៅក្នុងស្រុកអស់រយៈពេលពីរឆ្នាំកន្លងមកហើយ ហើយក្នុងរយៈពេលប្រាំឆ្នាំតទៅមុខទៀត ក៏គ្មាននរណាអាចភ្ជួររាស់ និងច្រូតកាត់បានដែរ។ ៧ ព្រះជាម្ចាស់បានចាត់ខ្ញុំអោយមកមុន ដើម្បីប្រមែប្រមូលស្បៀងអាហារបង្ការទុក សំរាប់រក្សាជីវិតបងៗអោយបានរស់នៅក្នុងស្រុក ដោយសារការសង្គ្រោះដ៏អស្ចារ្យនេះ។ ៨ ដូច្នេះ ពុំមែនបងៗទេ គឺព្រះជាម្ចាស់វិញទេតើ ដែលចាត់ប្អូនអោយមកទីនេះ ព្រះអង្គបានតែងតាំងប្អូនអោយធ្វើជាមន្ត្រីដ៏ខ្ពស់បំផុតរបស់ព្រះចៅផារ៉ោន គឺអោយប្អូនត្រួតត្រាលើរាជវាំងរបស់ស្ដេច និងគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូល។ ៩ សូមបងៗវិលទៅរកឪពុកយើងជាប្រញាប់ ហើយជំរាបលោកថា “យ៉ូសែប ជាកូនលោកឪពុក សូមផ្ដាំមកថា ព្រះជាម្ចាស់បានតែងតាំងកូនអោយធ្វើជាម្ចាស់គ្រប់គ្រងលើស្រុកអេស៊ីបទាំងមូល ដូច្នេះ សូមលោកឪពុកចុះមករកកូនកុំបង្អង់ឡើយ ១០ លោកឪពុកនឹងរស់នៅក្នុងស្រុកកូសែន ក្បែរកូន គឺទាំងលោកឪពុក ទាំងកូន ទាំងចៅរបស់លោកឪពុក ព្រមទាំងហ្វូងចៀម ហ្វូងគោ និងអ្វីៗទាំងអស់ដែលលោកឪពុកមាននោះផងដែរ។ ១១ កូននឹងជួយឧបត្ថម្ភលោកឪពុក មិនអោយលោកឪពុក និងក្រុមគ្រួសារ ព្រមទាំងហ្វូងសត្វរបស់លោកឪពុក ខ្វះខាតអ្វីឡើយ ដ្បិតនៅមានកើតទុរ្ភិក្សក្នុងរវាងប្រាំឆ្នាំទៀត”។ ១២ បងៗបានឃើញប្អូនផ្ទាល់នឹងភ្នែក ប្អូនបេនយ៉ាមីនក៏បានឃើញផ្ទាល់នឹងភ្នែកដែរថា គឺពិតជាខ្ញុំហ្នឹងហើយ ដែលកំពុងតែនិយាយជាមួយបងៗ។ ១៣ សូមបងៗរៀបរាប់ជំរាបលោកឪពុកអោយបានជ្រាបផងថា ខ្ញុំមានមុខតំណែងធំយ៉ាងណានៅស្រុកអេស៊ីបនេះ និងអោយគាត់បានជ្រាបនូវអ្វីៗទាំងអស់ ដែលបងៗបានឃើញ។ សូមបងៗទៅអញ្ជើញលោកឪពុកអោយចុះមកទីនេះ កុំបង្អង់ឡើយ»។
១៤ លោកយ៉ូសែបស្ទុះទៅឱបបេនយ៉ាមីន ជាប្អូន រួចយំ រីឯបេនយ៉ាមីនក៏យំឱបលោកយ៉ូសែបដែរ។ ១៥ បន្ទាប់មក លោកថើបបងៗទាំងអស់ ទាំងយំទៀតផង រួចហើយ បងប្អូនលោកក៏និយាយសំណេះសំណាលជាមួយលោក។
១៦ ដំណឹងនេះបានលេចឮទៅដល់វាំងរបស់ព្រះចៅផារ៉ោនថា បងប្អូនរបស់លោកយ៉ូសែបមកដល់ហើយ ធ្វើអោយទាំងស្ដេច ទាំងក្រុមមន្ត្រីសប្បាយចិត្ត។ ១៧ ព្រះចៅផារ៉ោនមានរាជឱង្ការទៅកាន់លោកយ៉ូសែបថា៖ «សុំប្រាប់បងប្អូនរបស់លោកថា “ចូរនាំគ្នារៀបចំសត្វពាហនៈចេញដំណើរទៅស្រុកកាណានយ៉ាងប្រញាប់ ១៨ រួចនាំឪពុក និងក្រុមគ្រួសារត្រឡប់មករកយើងវិញ យើងនឹងប្រគល់ដីមួយកន្លែងដ៏ល្អជាងគេ នៅស្រុកអេស៊ីបនេះអោយអ្នករាល់គ្នា ព្រមទាំងអោយអ្នករាល់គ្នាបរិភោគភោគផលដ៏ល្អជាងគេ នៅក្នុងស្រុកនេះផង”។ ១៩ សុំលោកប្រាប់ពួកគេទៀតថា “ចូរយករទេះពីស្រុកអេស៊ីប ទៅដឹកជញ្ជូនប្រពន្ធកូន និងឪពុកអ្នករាល់គ្នាមកទីនេះ។ ២០ មិនត្រូវនឹកស្ដាយរបស់ទ្រព្យអ្នករាល់គ្នាឡើយ ដ្បិតនៅស្រុកអេស៊ីបអ្នករាល់គ្នានឹងបានកន្លែងដ៏ល្អជាងគេ”»។ ២១ កូនៗរបស់លោកអ៊ីស្រាអែលនាំគ្នាធ្វើតាមរាជឱង្ការនេះ។ លោកយ៉ូសែបយករទេះមកអោយពួកគេ តាមបញ្ជារបស់ព្រះចៅផារ៉ោន ហើយលោកក៏អោយស្បៀងអាហារគេ សំរាប់បរិភោគតាមផ្លូវដែរ។ ២២ លោកបានយកសម្លៀកបំពាក់មកអោយបងៗទាំងអស់គ្នា។ រីឯបេនយ៉ាមីនវិញ លោកអោយប្រាក់សុទ្ធប្រមាណកៅសិបតម្លឹង និងអោយសម្លៀកបំពាក់ប្រាំបន្លាស់។ ២៣ លោកក៏ផ្ញើលាឈ្មោលដប់ក្បាល ដែលមានផ្ទុកភោគផលដ៏ល្អបំផុតនៅស្រុកអេស៊ីប ព្រមទាំងលាញីដប់ក្បាលដែលផ្ទុកស្រូវ និងស្បៀងអាហារផ្សេងៗ ទៅជូនឪពុករបស់លោក ទុកសំរាប់ធ្វើដំណើរមក។ ២៤ បន្ទាប់មក លោកអោយបងប្អូនចេញដំណើរទៅ ទាំងផ្ដាំថា៖ «កុំឈ្លោះប្រកែកគ្នានៅតាមផ្លូវឡើយ»។
២៥ ពួកគេចាកចេញពីស្រុកអេស៊ីប មកជួបលោកយ៉ាកុប ជាឪពុក នៅស្រុកកាណានវិញ។ ២៦ គេនាំគ្នាជំរាបលោកយ៉ាកុបថា៖ «យ៉ូសែបនៅរស់នៅឡើយទេ ហើយកំពុងគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូលផង»។ ប៉ុន្តែ លោកយ៉ាកុបមិនរំភើបចិត្តសោះ ព្រោះលោកមិនជឿសំដីរបស់ពួកគេទេ។ ២៧ ពួកគេក៏ជំរាបជូននូវសេចក្ដីទាំងប៉ុន្មានដែលលោកយ៉ូសែបបានផ្ដាំមក។ ពេលឃើញរទេះដែលលោកយ៉ូសែបបញ្ជូនមក ដើម្បីដឹកលោកទៅស្រុកអេស៊ីប លោកយ៉ាកុប ជាឪពុក ក៏ភ្ញាក់ស្មារតីឡើងវិញ ២៨ ហើយមានប្រសាសន៍ថា៖ «បានហើយ ពុកជឿ! យ៉ូសែបកូនប្រុសឪពុកនៅរស់នៅឡើយ! ពុកចង់ទៅជួបមុខវា មុននឹងពុកលាចាកលោកនេះ»។