២
ការសង្គ្រោះដ៏ថ្លៃវិសេស
១ ហេតុនេះហើយបានជាយើងត្រូវយកចិត្តទុកដាក់នឹងសេចក្ដីប្រៀនប្រដៅ ដែលយើងបានស្ដាប់អោយមែនទែន ក្រែងលោយើងត្រូវរសាត់បាត់ទៅ។ ២ ប្រសិនបើព្រះបន្ទូលដែលពួកទេវតាថ្លែងប្រាប់យកជាការបាន ហើយបើអ្នកដែលប្រព្រឹត្តល្មើស និងមិនស្ដាប់តាម បានទទួលទោសយ៉ាងហ្នឹងទៅហើយ ៣ ចុះចំណង់បើយើងវិញ ធ្វើម្ដេចនឹងអោយរួចខ្លួនបានបើយើងធ្វេសប្រហែសនឹងការសង្គ្រោះដ៏ថ្លៃវិសេសនេះ? ជាបឋម ព្រះអម្ចាស់បានថ្លែងអំពីការសង្គ្រោះ ហើយអស់អ្នកដែលបានស្ដាប់ ក៏បញ្ជាក់ប្រាប់យើងដែរ។ ៤ ព្រះជាម្ចាស់ផ្ដល់សក្ខីភាពរួមជាមួយពួកគេ ដោយសំដែងទីសំគាល់ ឫទ្ធិបាដិហារិយ៍ ការអស្ចារ្យគ្រប់យ៉ាង ព្រមទាំងចែកព្រះអំណោយទានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ*មក ស្របតាមព្រះហឫទ័យព្រះអង្គផង។
៥ ព្រះជាម្ចាស់ពុំបានប្រគល់អោយពួកទេវតា*ត្រួតត្រាពិភពលោកខាងមុខ ដូចយើងធ្លាប់និយាយនោះទេ។ ៦ ផ្ទុយទៅវិញ មានម្នាក់បានផ្ដល់សក្ខីភាពនៅក្នុងវគ្គមួយដែលចែងថា៖
«តើមនុស្សមានឋានៈអ្វីបានជាព្រះអង្គនឹក
ដល់គេដូច្នេះ
តើបុត្រមនុស្សជាអ្វីដែរបានជាព្រះអង្គយក
ព្រះហឫទ័យទុកដាក់នឹងគេយ៉ាងនេះ»?
៧ «ព្រះអង្គបានធ្វើអោយគេមានឋានៈទាបជាង
ទេវតាតែមួយរយៈប៉ុណ្ណោះ
ព្រះអង្គប្រទានសិរីរុងរឿង និងកិត្តិយសដល់គេ
ទុកជាមកុដរាជ្យ
៨ ព្រះអង្គបានបង្ក្រាបអ្វីៗទាំងអស់អោយ
នៅក្រោមជើងរបស់គេ»។
ព្រះជាម្ចាស់បានបង្ក្រាបអ្វីៗទាំងអស់ ឥតទុកអោយមានអ្វីមួយនៅសល់ ដែលពុំបានចុះចូលនោះឡើយ។ ក៏ប៉ុន្តែ នៅពេលនេះ យើងពុំឃើញថា អ្វីៗសព្វសារពើសុទ្ធតែបានចុះចូលនឹងអំណាចរបស់មនុស្សហើយនោះទេ ៩ តែយើងឃើញថា ព្រះយេស៊ូដែលមានឋានៈទាបជាងពួកទេវតាមួយរយៈ ព្រោះទ្រង់បានរងទុក្ខ និងសោយទិវង្គតនោះ ឥឡូវនេះ ព្រះអង្គទទួលសិរីរុងរឿង និងព្រះកិត្តិនាមទុកជាមកុដរាជ្យ។ ដោយសារព្រះគុណរបស់ព្រះជាម្ចាស់ ព្រះគ្រិស្ដបានសោយទិវង្គតសំរាប់មនុស្សគ្រប់ៗរូប។ ១០ អ្វីៗទាំងអស់មានជីវិតដោយសារព្រះជាម្ចាស់ និងសំរាប់ព្រះអង្គទ្រង់សព្វព្រះហឫទ័យនឹងនាំបុត្រធីតាជាច្រើនអោយទទួលសិរីរុងរឿង ដូច្នេះ គួរគប្បីព្រះអង្គ ប្រោសប្រទានអោយម្ចាស់នៃការសង្គ្រោះបានគ្រប់លក្ខណៈដោយរងទុក្ខលំបាក។
១១ ព្រះយេស៊ូដែលប្រោសមនុស្សអោយបានវិសុទ្ធ* និងមនុស្សដែលព្រះអង្គប្រោសអោយបាន វិសុទ្ធនោះចេញមកពីប្រភពតែមួយ។ ហេតុនេះហើយបានជាព្រះយេស៊ូមិនខ្មាសនឹងហៅគេថា ជាបងប្អូនរបស់ព្រះអង្គឡើយ ១២ គឺព្រះអង្គមានព្រះបន្ទូលថា៖
«ទូលបង្គំនឹងផ្សាយដំណឹងអំពីព្រះនាម
របស់ព្រះអង្គអោយបងប្អូនទូលបង្គំស្គាល់
ទូលបង្គំនឹងច្រៀងលើកតម្កើងព្រះអង្គ
នៅក្នុងអង្គប្រជុំ»។
១៣ ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖
«ទូលបង្គំទុកចិត្តលើព្រះអង្គ»
ហើយថា«ខ្ញុំនៅឯនេះរួមជាមួយនឹងកូនចៅ
ដែលព្រះជាម្ចាស់ប្រទានអោយខ្ញុំ»។
១៤ ដោយកូនចៅនោះជាប់សាច់ឈាមជាមួយគ្នា ព្រះអង្គក៏បានយកឋានៈជាមនុស្សរួមជាមួយគេដែរ ហើយព្រះអង្គសោយទិវង្គត ដើម្បីកំទេចមារ*ដែលមានអំណាចលើសេចក្ដីស្លាប់ ១៥ និងដើម្បីរំដោះអស់អ្នកដែលជាប់ជាទាសករមួយជីវិត ព្រោះតែខ្លាចស្លាប់។ ១៦ ព្រះយេស៊ូពិតជាពុំបានយាងមកជួយពួកទេវតា*ទេ គឺព្រះអង្គមកជួយពូជពង្សរបស់លោកអប្រាហាំវិញ។ ១៧ ហេតុនេះហើយបានជាព្រះអង្គត្រូវតែមានលក្ខណៈដូចបងប្អូនរបស់ព្រះអង្គគ្រប់ចំពូកទាំងអស់ ដើម្បីធ្វើជាមហាបូជាចារ្យ*ដែលមានចិត្តមេត្តាករុណា មានចិត្តស្មោះត្រង់ក្នុងការបំរើព្រះជាម្ចាស់ និងដើម្បីរំដោះប្រជាជនអោយរួចផុតពីបាប*ផង។ ១៨ ដោយព្រះអង្គផ្ទាល់បានរងទុក្ខលំបាក នៅពេលជួបការល្បងល ព្រះអង្គក៏អាចជួយ អស់អ្នកដែលជួបនឹងការល្បងលបានដែរ។