ព្រះយេស៊ូ​ជា​មហា​បូជាចារ្យ​នៃ​សម្ពន្ធមេត្រី​ថ្មី
១ គោល​ដ៏​សំខាន់​បំផុត ក្នុង​សេចក្ដី​ដែល​យើង​កំពុង​តែ​បរិយាយ​នេះ គឺ​ថា​យើង​មាន​មហា​បូជាចារ្យ*​មួយ គង់​នៅ​ខាង​ស្ដាំ​បល្ល័ង្ក​របស់​ព្រះជាម្ចាស់​ដ៏​ឧត្ដុង្គឧត្ដម​នៅ​ស្ថាន​បរមសុខ។ ២ ព្រះអង្គ​នៅ​បំរើ​ក្នុង​ទីសក្ការៈ* និង​ក្នុង​ព្រះពន្លា*​ដ៏​ពិត​ប្រាកដ​ដែល​ព្រះអម្ចាស់​បាន​ដំឡើង គឺ​មិន​មែន​មនុស្ស​ដំឡើង​ទេ។ ៣ ចំពោះ​មហា​បូជាចារ្យ​គ្រប់ៗ​រូប គេ​តែងតាំង​អោយ​ថ្វាយ​តង្វាយ និង​ថ្វាយ​យញ្ញបូជា ដូច្នេះ លោក​ត្រូវ​តែ​រក​អ្វី​យក​ទៅ​ថ្វាយ​ជា​ចាំបាច់។ ៤ ប្រសិន​បើ​ព្រះគ្រិស្ដ​គង់​នៅ​ផែនដី​នេះ ព្រះអង្គ​មិន​មែន​ជា​បូជាចារ្យ​ទេ ព្រោះ​មាន​បូជាចារ្យ​ឯ​ទៀតៗ សំរាប់​យក​តង្វាយ​ទៅ​ថ្វាយ​ស្រប​តាម​ក្រឹត្យវិន័យ​រួច​ស្រេច​ទៅ​ហើយ។ ៥ អ្នក​ទាំង​នោះ​ធ្វើ​ពិធី​ផ្សេងៗ តាម​គំរូ និង​តាម​ស្រមោល​នៃ​ពិធី​នៅ​ស្ថាន​បរមសុខ ដូច​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ នៅ​ពេល​ដែល​ហៀប​នឹង​សង់​ព្រះពន្លា​ថាៈ«ចូរ​ប្រុង​ប្រយ័ត្ន អ្នក​ត្រូវ​ធ្វើ​សព្វ​គ្រប់​ទាំង​អស់​តាម​គំរូ​ដែល​យើង​បាន​បង្ហាញ​អោយ​អ្នក​ឃើញ​នៅ​លើ​ភ្នំ»៦ ឥឡូវ​នេះ ព្រះគ្រិស្ដ​បាន​ទទួល​មុខងារ​ប្រសើរ​ជាង​បូជាចារ្យ​ទាំង​នោះ​ទៅ​ទៀត ព្រោះ​ព្រះអង្គ​ជា​ស្ពាន​នៃ​សម្ពន្ធមេត្រី*​មួយ​ប្រសើរ​ជាង​ជា​សម្ពន្ធមេត្រី​ដែល​ចង​ឡើង ដោយសារ​ព្រះបន្ទូល​សន្យា​ដ៏​ប្រសើរ​ជាង។ ៧ ប្រសិន​បើ​សម្ពន្ធមេត្រី​មុន​ល្អ​ឥត​ខ្ចោះ ហើយ​មិន​បាច់​រក​សម្ពន្ធមេត្រី​ទី​ពីរ មក​ជំនួស​ឡើយ។ ៨ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ស្ដី​បន្ទោស​ប្រជា​រាស្ត្រ​របស់​ព្រះអង្គ​ដូច​ត​ទៅ៖
ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា
«បន្តិច​ទៀត​យើង​នឹង​ចង​សម្ពន្ធមេត្រី​មួយ​ថ្មី
ជា​មួយ​ពូជពង្ស​របស់​អ៊ីស្រាអែល
និង​ពូជពង្ស​របស់​យូដា។
៩ សម្ពន្ធមេត្រី​ថ្មី​នេះ​មិន​ដូច​សម្ពន្ធមេត្រី​ដែល
យើង​បាន​ចង​ជា​មួយ​បុព្វបុរស​របស់​គេ
នៅ​ថ្ងៃ​ដែល​យើង​ដឹក​ដៃ​បុព្វបុរស​ទាំង​នោះ
ចេញ​ពី​ស្រុក​អេស៊ីប​ឡើយ។
ពួក​គេ​ពុំ​បាន​គោរព​តាម​សម្ពន្ធមេត្រី
ដែល​យើង​បាន​ចង​ជា​មួយ​គេ​នោះ
អោយ​បាន​ខ្ជាប់ខ្ជួន​ទេ
យើង​ក៏​លែង​រវីរវល់​នឹង​ពួក​គេ​ដែរ»
នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។
១០ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា
«លុះ​គ្រា​នេះ​កន្លង​ផុត​ទៅ
យើង​នឹង​ចង​សម្ពន្ធមេត្រី​ជា​មួយ​ពូជពង្ស
អ៊ីស្រាអែល​ដូច​ត​ទៅៈ
យើង​នឹង​ដាក់​ក្រឹត្យវិន័យ​របស់​យើង​ទាំង​ប៉ុន្មាន
ក្នុង​ប្រាជ្ញា​របស់​ពួក​គេ
យើង​នឹង​ចារ​ក្រឹត្យវិន័យ​ទាំង​នោះ​ទុក
នៅ​ក្នុង​ចិត្ត​របស់​ពួក​គេ
យើង​នឹង​បាន​ទៅ​ជា​ព្រះ​របស់​ពួក​គេ
ហើយ​គេ​ជា​ប្រជារាស្ត្រ​របស់​យើង។
១១ ពេល​នោះ នឹង​លែង​មាន​នរណា
បង្រៀន​ជន​រួម​ជាតិ​របស់​ខ្លួន
ហើយ​ក៏​លែង​មាន​នរណា​និយាយ​ប្រាប់
បង​ប្អូន​របស់​ខ្លួន​ថា
“ត្រូវ​តែ​ស្គាល់​ព្រះអម្ចាស់”ទៀត​ហើយ
ព្រោះ​តាំង​ពី​អ្នក​តូច​បំផុត​រហូត​ដល់​អ្នក​ធំ
គេ​នឹង​ស្គាល់​យើង​គ្រប់ៗ​គ្នា
១២ ដ្បិត​យើង​នឹង​អត់​ឱន​អោយ​គេ
ចំពោះ​អំពើ​ទុច្ចរិត​ដែល​គេ​បាន​ប្រព្រឹត្ត
ហើយ​យើង​ក៏​មិន​នឹក​នា​ពី​អំពើ​បាប​របស់​គេ
ទៀត​ដែរ»​។
១៣ ដោយ​ព្រះអង្គ​ហៅ​សម្ពន្ធមេត្រី​នេះ​ថា ជា​សម្ពន្ធមេត្រី​ថ្មី​ដូច្នេះ ព្រះអង្គ​ចាត់​ទុក​សម្ពន្ធមេត្រី​មុន​ថា ជា​សម្ពន្ធមេត្រី​ចាស់។ ធម្មតា​អ្វីៗ​ដែល​ចាស់ ហើយ​កាន់​តែ​ចាស់​ទៅៗ​នោះ មុខ​ជា​ត្រូវ​សាប​សូន្យ​បាត់​ទៅ​មិន​ខាន។