១ បូជាចារ្យ​អើយ ចូរ​ស្ដាប់​សេចក្ដី​នេះ!
ពូជពង្ស​អ៊ីស្រាអែល​អើយ ចូរ​ផ្ចង់​ចិត្ត!
ញាតិ​វង្ស​របស់​ស្ដេច​អើយ ចូរ​ត្រង់​ត្រាប់​ស្ដាប់!
គឺ​អ្នក​រាល់​គ្នា​ហើយ ដែល​ត្រូវ​រក​យុត្តិធម៌
ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​ដាក់​អន្ទាក់​នៅ​មីសប៉ា
អ្នក​រាល់​គ្នា​បោះ​សំណាញ់​នៅ​ភ្នំ​តាបោរ
២ អ្នក​រាល់​គ្នា​ជីក​រណ្ដៅ​ដ៏​ជ្រៅ​នៅ​គីទីម​
យើង​នឹង​វាយ​ប្រដៅ​អ្នក​ទាំង​អស់​គ្នា​ពុំខាន។
៣ យើង​ស្គាល់​អេប្រាអ៊ីម​យ៉ាង​ច្បាស់
យើង​មើល​អ៊ីស្រាអែល​ធ្លុះ​ទាំង​អស់។
អេប្រាអ៊ីម​អើយ អ្នក​បាន​ប្រព្រឹត្ត​អំពើ​ពេស្យាចារ
ដែល​ធ្វើ​អោយ​អ៊ីស្រាអែល​ទៅ​ជា​សៅហ្មង។
៤ អំពើ​ដែល​ពួក​គេ​ប្រព្រឹត្ត
រារាំង​ពួក​គេ​មិន​អោយ​វិល​ត្រឡប់​មក​រក
ព្រះ​របស់​ខ្លួន​វិញ​បាន​ឡើយ
ដ្បិត​ពួក​គេ​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​ពេស្យាចារ
ពួក​គេ​ពុំ​ស្គាល់​ព្រះអម្ចាស់​ទេ។
៥ អំនួត​របស់​អ៊ីស្រាអែល​ចោទ​ប្រកាន់​ខ្លួន​ឯង
អ៊ីស្រាអែល និង​អេប្រាអ៊ីម ជំពប់​ដួល
ព្រោះ​តែ​កំហុស​របស់​ខ្លួន
ហើយ​យូដា​ក៏​ជំពប់​ដួល​ជា​មួយ​ពួក​គេ​ដែរ។
៦ ពួក​គេ​នាំ​គ្នា​ស្វែង​រក​ព្រះអម្ចាស់
ដោយ​យក​ចៀម និង​គោ​ទៅ​ជា​មួយ
ដើម្បី​ថ្វាយ​យញ្ញបូជា
តែ​ពួក​គេ​រក​ព្រះអង្គ​ពុំ​ឃើញ​ឡើយ
ព្រោះ​ព្រះអង្គ​បោះ​បង់​ចោល​ពួក​គេ​ហើយ។
៧ ពួក​គេ​បាន​ក្បត់​ព្រះអម្ចាស់
ដោយ​បង្កើត​កូន​ឥត​ខាន់ស្លា។
ឥឡូវ​នេះ បុណ្យ​ចូល​ខែ​ថ្មី​ក្លាយ​ទៅ​ជា
មហន្តរាយ​ដល់​ពួក​គេ និង​ទឹក​ដី​របស់​ពួក​គេ។
សង្គ្រាម​ផ្ទៃ​ក្នុង​រវាង​អ៊ីស្រាអែល និង​យូដា
៨ ចូរ​ផ្លុំ​ស្នែង​ប្រកាស​សឹក​នៅ​គីបៀរ!
ចូរ​ផ្លុំ​ត្រែ​ប្រកាស​ភាព​អាសន្ន​នៅ​រ៉ាម៉ា!
ចូរ​ស្រែក​ហ៊ោ​នៅ​បេត​អាវេន! បេនយ៉ាមីន
ចូរ​ប្រយ័ត្ន​ខាង​ក្រោយ​ខ្នង​អ្នក!
៩ នៅ​ថ្ងៃ​ព្រះជាម្ចាស់​ដាក់​ទោស
អេប្រាអ៊ីម​នឹង​ត្រូវ​វិនាស​អន្តរាយ។
យើង​ប្រាប់​ដំណឹង​ដ៏​ពិត​អោយ​កុលសម្ព័ន្ធ​នានា
នៃ​ជន​ជាតិ​អ៊ីស្រាអែល​ដឹង​ជា​មុន។
១០ មេ​ដឹក​នាំ​របស់​ជន​ជាតិ​យូដា​ប្រៀប​បាន​នឹង
អស់​អ្នក​ដែល​បង្ខិត​បង្គោល​របង
យើង​នឹង​ជះ​កំហឹង​របស់​យើង​លើ​ពួក​គេ
ដូច​ទឹក​ហូរ​យ៉ាង​ខ្លាំង។
១១ អេប្រាអ៊ីម​រង​នូវ​ការ​វិនិច្ឆ័យ​ទោស
ហើយ​ត្រូវ​គេ​ជិះជាន់​សង្កត់សង្កិន
ព្រោះ​អេប្រាអ៊ីម​រត់​ទៅ​ពឹងពាក់​លើ​អ្វីៗ
ដែល​ឥត​បាន​ការ​។
១២ រីឯ​យើង​វិញ យើង​ប្រៀប​បាន​នឹង​អង្គែ
ដែល​ស៊ី​ពួក​អេប្រាអ៊ីម
ហើយ​ដូច​ដំបៅ​ស៊ី​រូង​ពួក​យូដា។
១៣ អេប្រាអ៊ីម​ឃើញ​រោគ​របស់​ខ្លួន
យូដា​ក៏​ឃើញ​ដំបៅ​របស់​ខ្លួន​ដែរ
ដូច្នេះ អេប្រាអ៊ីម​ទៅ​ពឹង​ស្រុក​អាស្ស៊ីរី
គេ​ចាត់​អ្នក​នាំ​សារ​អោយ​ទៅ
គាល់​ព្រះចៅ​អធិរាជ
ប៉ុន្តែ ស្ដេច​នោះ​ពុំ​អាច​កែ​រោគ​អ្នក​រាល់​គ្នា
ឬ​ព្យាបាល​ដំបៅ​អ្នក​រាល់​គ្នា
អោយ​ជា​សះ​បាន​ឡើយ។
១៤ យើង​ប្រៀប​ដូច​សិង្ហ​ដែល​ប្រហារ​អេប្រាអ៊ីម
និង​ដូច​សិង្ហ​ស្ទាវ​ហែក​កូន​ចៅ​យូដា​ស៊ី
គឺ​យើង​នេះ​ហើយ​ដែល​ហែក​ពួក​គេ
រួច​យើង​ចាក​ចេញ​ទៅ
ទាំង​ពាំ​ពួក​គេ​យក​ទៅ​ជា​មួយ
ឥត​មាន​នរណា​អាច​រំដោះ​ពួក​គេ​បាន​ឡើយ។
១៥ យើង​នឹង​វិល​ទៅ​ដំណាក់​របស់​យើង​វិញ
រហូត​ទាល់​តែ​ពួក​គេ​សារភាព​ថា​ខ្លួន​ខុស
ហើយ​ស្វែង​រក​យើង។
នៅ​ពេល​មាន​អាសន្ន
ពួក​គេ​នឹង​វិល​មក​រក​យើង​វិញ​ជា​មិន​ខាន។