១៤
ព្រះបន្ទូលសន្យា
១ អ៊ីស្រាអែលអើយ!
ចូរវិលត្រឡប់
មករកព្រះអម្ចាស់ ជាព្រះរបស់អ្នកវិញ
ដ្បិតអំពើបាបរបស់អ្នក ធ្វើអោយអ្នកដួល។
២ ចូរនាំគ្នាវិលត្រឡប់មករកព្រះអម្ចាស់វិញ
ដោយរៀបចំពាក្យសំដី ហើយទូលព្រះអង្គថា:
សូមលើកលែងទោសទាំងប៉ុន្មានអោយយើងខ្ញុំ
សូមមេត្តាទទួលពាក្យសរសើរតម្កើងរបស់យើងខ្ញុំ
ទុកជាយញ្ញបូជាជំនួសគោបា។
៣ ស្រុកអាស្ស៊ីរីពុំអាចសង្គ្រោះយើងខ្ញុំបានទេ
យើងខ្ញុំក៏លែងជិះសេះទៅច្បាំងទៀតដែរ
យើងខ្ញុំលែងហៅរូបព្រះ
ដែលជាស្នាដៃរបស់យើងខ្ញុំថាជា
“ព្រះរបស់យើងខ្ញុំ” ទៀតហើយ។
មានតែព្រះអង្គទេ ដែលមានព្រះហឫទ័យ
អាណិតអាសូរដល់ជនកំព្រា។
៤ «យើងនឹងព្យាបាលចិត្តក្បត់របស់ពួកគេ
អោយបានជាសះស្បើយ
គឺយើងនឹងស្រឡាញ់គេដោយស្មោះអស់ពីចិត្ត
ដ្បិតយើងលែងខឹងនឹងគេទៀតហើយ។
៥ យើងនឹងអោយពរដល់ប្រជាជនអ៊ីស្រាអែល
ដូចទឹកសន្សើមធ្លាក់ចុះមក
ពួកគេនឹងរីកស្គុសស្គាយដូចផ្កាចន្ធូ
ពួកគេនឹងចាក់ឫសដូចដើមឈើនៅ
ស្រុកលីបង់។
៦ ពួកគេបែកមែកសាខា ល្អដូចដើមអូលីវ
និងមានគន្ធពិដោរក្រអូប
ដូចព្រៃនៅស្រុកលីបង់។
៧ អស់អ្នកដែលធ្លាប់ជ្រកនៅក្រោម
ម្លប់ដើមឈើនេះ នឹងវិលត្រឡប់មកវិញ។
ពួកគេនឹងធ្វើស្រែចំការសាជាថ្មី
ពួកគេនឹងចំរុងចំរើនដូចដើមទំពាំងបាយជូរ
ហើយមានឈ្មោះល្បីល្បាញដូចស្រា
នៅស្រុកលីបង់។
៨ អេប្រាអ៊ីមអើយ! តើអ្នកលែងប្រដូចយើង
ទៅនឹងព្រះក្លែងក្លាយហើយឬនៅ?
គឺយើងនេះហើយដែលឆ្លើយតប
និងមើលថែរក្សាអ្នក។
យើងប្រៀបដូចដើមពោធិមានស្លឹកខៀវខ្ចី
យើងនឹងធ្វើអោយអ្នកបង្កើតផ្លែបាន»។
៩ តើនរណាមានប្រាជ្ញាវាងវៃ
អាចពិចារណា យល់សេចក្ដីទាំងនេះបាន?
មាគ៌ារបស់ព្រះអម្ចាស់សុទ្ធតែទៀងត្រង់
មនុស្សសុចរិតនឹងដើរតាមមាគ៌ានេះ
រីឯជនទុច្ចរិតវិញ
នឹងជំពប់ជើងដួល
ព្រោះតែមាគ៌ានេះជាមិនខាន។