អេសាយ
(ព្យាការីអេសាយ)
ភាគទីមួយ សេចក្ដីប្រកាសស្ដីអំពីជនជាតិអ៊ីស្រាអែល
១
ព្រះអម្ចាស់បន្ទោសប្រជាជនរបស់ព្រះអង្គ
១ ក្នុងរជ្ជកាលព្រះបាទអ៊ូសៀស ព្រះបាទយ៉ូថាម ព្រះបាទអេហាស និងព្រះបាទហេសេគា ជាស្ដេចស្រុកយូដា ព្រះអម្ចាស់ប្រោសប្រទានអោយលោកអេសាយជាកូនរបស់លោកអម៉ូស និមិត្តឃើញការអស្ចារ្យស្ដីអំពីស្រុកយូដា និងក្រុងយេរូសាឡឹម ដូចតទៅ:
២ ផ្ទៃមេឃអើយ ចូរស្ដាប់!
ផែនដីអើយ ចូរផ្ទៀងត្រចៀក!
ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា៖
យើងបានចិញ្ចឹមបីបាច់ថែរក្សាកូន
យើងបានអប់រំពួកវា
តែពួកវាបែរជាបះបោរប្រឆាំងនឹងយើង។
៣ គោស្គាល់ម្ចាស់វា
រីឯលាក៏ស្គាល់ម្ចាស់ដែលអោយចំណីវាដែរ
តែប្រជាជនអ៊ីស្រាអែលមិនស្គាល់អ្វីទាំងអស់
ប្រជាជនរបស់យើងមិនចេះពិចារណាសោះ!
៤ អ្នករាល់គ្នាជាប្រជាជាតិមានបាប
ជាប្រជាជនដែលប្រព្រឹត្តអំពើអាក្រក់
ជាពូជមនុស្សខិលខូច ជាអំបូរពុករលួយ
អ្នករាល់គ្នាត្រូវវេទនាជាពុំខាន!
អ្នករាល់គ្នាបានបោះបង់ចោលព្រះអម្ចាស់
អ្នករាល់គ្នាបានមើលងាយ
ព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល
ហើយបែរខ្នងដាក់ព្រះអង្គទៀតផង!
៥ យើងមិនដឹងថា ត្រូវវាយប្រដៅអ្នករាល់គ្នា
ត្រង់កន្លែងណាទៀតទេ
ព្រោះអ្នករាល់គ្នានៅតែបះបោរ
ប្រឆាំងនឹងយើងជានិច្ច។
ក្បាលរបស់អ្នករាល់គ្នារបួសសព្វទីកន្លែង
ចិត្តរបស់អ្នករាល់គ្នាក៏មានជំងឺដែរ។
៦ តាំងពីក្បាលរហូតដល់ចុងជើង
គ្មានអ្វីនៅល្អសោះ គឺមានសុទ្ធតែដំបៅ
ស្នាមជាំ និងមុខរបួសថ្មីៗ នៅគ្រប់កន្លែង
ដែលគ្មាននរណាលាង រុំ ឬលាបប្រេង
អោយធូរស្បើយឡើយ។
៧ ស្រុកទេសរបស់អ្នករាល់គ្នាត្រូវហិនហោច
ក្រុងរបស់អ្នករាល់គ្នាត្រូវភ្លើងឆេះអស់
ជនបរទេសប្លន់យកផលពីទឹកដី
របស់អ្នករាល់គ្នានៅនឹងមុខ
ដូចមានខ្មាំងមករាតត្បាត
ឥតទុកអ្វីអោយនៅសល់ឡើយ
៨ គឺនៅសល់តែក្រុងស៊ីយ៉ូនដែលប្រៀបដូចជាខ្ទម
នៅក្នុងចំការទំពាំងបាយជូរ
ឬដូចខ្ទមនៅចំការត្រសក់
ឬដូចក្រុងដែលខ្មាំងឡោមព័ទ្ធ។
៩ ប្រសិនបើព្រះអម្ចាស់នៃពិភពទាំងមូល*
មិនបានទុកយើងអោយនៅសេសសល់
មួយចំនួនតូចទេនោះ
យើងមុខជាវិនាសដូចអ្នកក្រុងសូដុម
យើងនឹងប្រៀបដូចជាអ្នកក្រុងកូម៉ូរ៉ា។
១០ អ្នករាល់គ្នាជាមេដឹកនាំដ៏អាក្រក់
ដូចមេដឹកនាំក្រុងសូដុមអើយ
ចូរស្ដាប់ការប្រៀនប្រដៅរបស់ព្រះអម្ចាស់!
អ្នករាល់គ្នាជាប្រជាជនដ៏អាក្រក់
ដូចប្រជាជនក្រុងកូម៉ូរ៉ាអើយ
ចូរផ្ទៀងត្រចៀកស្ដាប់ការប្រៀនប្រដៅ
របស់ព្រះនៃយើង!
១១ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
យើងមិនរវីរវល់នឹងយញ្ញបូជា
ដ៏ច្រើនឥតគណនារបស់អ្នករាល់គ្នាទេ
យើងធុញទ្រាន់នឹងពពែឈ្មោល
ព្រមទាំងខ្លាញ់កូនគោ
ដែលអ្នករាល់គ្នាដុតទាំងមូលថ្វាយយើង
ហើយយើងក៏មិនពេញចិត្តនឹងឈាមគោ
ឈាមចៀម និងឈាមពពែ
របស់អ្នករាល់គ្នាដែរ។
១២ ពេលអ្នករាល់គ្នាចូលមករកយើង
តើនរណាហៅអ្នករាល់គ្នាអោយមកជាន់
ទីលានដំណាក់របស់យើងដូច្នេះ?
១៣ ចូរឈប់យកតង្វាយឥតបានការនេះ
មកថ្វាយយើងទៅ!
យើងខ្ពើមផ្សែងតង្វាយរបស់អ្នករាល់គ្នាណាស់
ហើយយើងក៏ធុញទ្រាន់នឹងពិធីបុណ្យផ្សេងៗ
បុណ្យចូលខែថ្មី បុណ្យសប្ប័ទ*
ឬពិធីដ៏ឱឡារិក
ដែលរៀបចំឡើងដោយជនទុច្ចរិតដែរ។
១៤ យើងស្អប់បុណ្យចូលខែថ្មី និងពិធីបុណ្យផ្សេងៗ
របស់អ្នករាល់គ្នាណាស់
ពិធីបុណ្យទាំងនេះធ្វើអោយយើងធុញទ្រាន់
ទ្រាំមិនបាន។
១៥ កាលណាអ្នករាល់គ្នាលើកដៃប្រណម្យ
យើងងាកមុខចេញ
ទោះបីអ្នករាល់គ្នាអធិស្ឋានច្រើនយ៉ាងណាក្ដី
ក៏យើងមិនព្រមស្ដាប់ដែរ
ព្រោះដៃអ្នករាល់គ្នាប្រឡាក់ដោយឈាម។
១៦ ចូរលាងសំអាត និងជំរះខ្លួន
អោយបានស្អាតបរិសុទ្ធ!
ចូរយកអំពើទុច្ចរិតចេញពីមុខយើងទៅ
កុំប្រព្រឹត្តអំពើអាក្រក់ទៀតឡើយ!
១៧ ចូររៀនធ្វើអំពើល្អ! ចូរស្វែងរកយុត្តិធម៌!
ចូរណែនាំអ្នកដែលសង្កត់សង្កិនគេ
អោយដើរតាមមាគ៌ាដ៏ត្រឹមត្រូវ!
ចូររកយុត្តិធម៌អោយក្មេងកំព្រា
ហើយការពារស្ត្រីមេម៉ាយ!
១៨ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
ចូរមកយើងពិភាក្សាជាមួយគ្នា
ទោះបីអំពើបាបរបស់អ្នករាល់គ្នាខ្មៅកខ្វក់
យ៉ាងណាក្ដី
ក៏វានឹងប្រែទៅជា ស ដូចសំឡីវិញដែរ
ហើយទោះបីវាមានពណ៌ខ្មៅយ៉ាងណាក៏ដោយ
វានឹងប្រែជា សដូចកប្បាស។
១៩ ប្រសិនបើអ្នករាល់គ្នាស្ម័គ្រចិត្តស្ដាប់បង្គាប់យើង
អ្នករាល់គ្នានឹងបរិភោគ
ផលល្អៗនៅក្នុងស្រុកនេះ។
២០ ផ្ទុយទៅវិញ បើអ្នករាល់គ្នាមិនយល់ព្រម
ហើយមានចិត្តរឹងចចេស
អ្នករាល់គ្នាមុខជាស្លាប់ដោយមុខដាវពុំខានឡើយ!
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
២១ ហេតុដូចម្ដេចបានជាបុរីដ៏ស្មោះត្រង់
បែរជាខូច អស់បែបនេះ?
ពីមុន នៅក្នុងទីក្រុង មានពេញដោយយុត្តិធម៌
សេចក្ដីសុចរិតក៏ស្ថិតនៅក្នុងទីក្រុងនេះដែរ។
ប៉ុន្តែ ឥឡូវនេះ អ្នកគ្រប់គ្រង
សុទ្ធតែជាឃាតក!
២២ អ្នកក្រុងយេរូសាឡឹមអើយ
ប្រាក់របស់អ្នករាល់គ្នាមិនស្អាតស្អំទេ
ហើយស្រារបស់អ្នករាល់គ្នាក៏លាយទឹកដែរ។
២៣ អ្នកដឹកនាំរបស់អ្នកសុទ្ធតែជាមនុស្សបះបោរ
ពួកគេចូលដៃជាមួយចោរ
ពួកគេចូលចិត្តសំណូក
ហើយគិតតែពីស្វះស្វែងរកជំនូន
គឺពួកគេមិនរកយុត្តិធម៌អោយក្មេងកំព្រាទេ
ហើយក៏មិនរវីរវល់ស្ដាប់ស្ត្រីមេម៉ាយដែរ។
២៤ ហេតុនេះហើយបានជាព្រះជាអម្ចាស់
នៃពិភពទាំងមូល គឺព្រះដ៏មានឫទ្ធិចេស្ដា
របស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា:
យើងនឹងដណ្ដើមយកជ័យជំនះពីបច្ចាមិត្តរបស់យើង
ហើយយើងនឹងសងសឹកខ្មាំងសត្រូវរបស់យើង!
២៥ យេរូសាឡឹមអើយ
យើងនឹងវាយប្រដៅអ្នក
យើងនឹងបន្សុទ្ធអ្នក ដូចគេបន្សុទ្ធលោហធាតុ
យើងក៏នឹងដកអ្វីៗទាំងអស់ដែលសៅហ្មង
ចេញពីអ្នកដែរ។
២៦ យើងនឹងធ្វើអោយចៅក្រមរបស់អ្នក
បានដូចចៅក្រមនៅជំនាន់ដើម
ហើយធ្វើអោយទីប្រឹក្សារបស់អ្នក
បានដូចទីប្រឹក្សានៅជំនាន់មុនដែរ។
ពេលនោះ គេនឹងហៅអ្នកថា “ក្រុងដ៏សុចរិត”
“បុរីដ៏ស្មោះត្រង់”។
២៧ យុត្តិធម៌នឹងរំដោះក្រុងស៊ីយ៉ូន
អោយមានសេរីភាព
ហើយសេចក្ដីសុចរិតក៏នឹងរំដោះ
ប្រជាជនដែលកែប្រែចិត្តគំនិត
អោយមានសេរីភាពដែរ។
២៨ រីឯពួកបះបោរ មនុស្សបាប
និងអស់អ្នកដែលបោះបង់ចោលព្រះអម្ចាស់វិញ
គេនឹងវិនាសអន្តរាយជាមួយគ្នាអស់ទៅ។
២៩ ពេលនោះ អ្នករាល់គ្នានឹងត្រូវបាក់មុខ
ព្រោះតែជំពាក់ចិត្តនឹងដើមឈើដ៏សក្ការៈ
ហើយអ្នករាល់គ្នាក៏នឹងត្រូវអាម៉ាស់
ព្រោះតែបានជ្រើសរើសសួនឧទ្យានទាំងនោះ
ទុកជាកន្លែងធ្វើសក្ការបូជាដែរ។
៣០ ដ្បិតអ្នករាល់គ្នានឹងបានដូចដើមឈើទាំងនោះ
ដែលមានស្លឹកក្រៀមស្ងួត
ហើយដូចសួនឧទ្យានដែលគ្មានទឹក។
៣១ មនុស្សខ្លាំងពូកែនឹងក្លាយទៅជាកំទេចឈើស្ងួត
ហើយអ្វីៗដែលគេធ្វើ ប្រៀបបាននឹងផ្កាភ្លើង
ដែលឆេះជាមួយគ្នា
គ្មាននរណាពន្លត់បានឡើយ។