ព្យាការី​អេសាយ​ទៅ​ជួប​ស្ដេច​អេហាស
១ នៅ​គ្រា​ដែល​ព្រះបាទ​អេហាស ជា​បុត្រ​របស់​ព្រះបាទ​យ៉ូថាម ដែល​ត្រូវ​ជា​បុត្រ​របស់​ព្រះបាទ​អ៊ូសៀស​គ្រង​រាជ្យ​នៅ​ស្រុក​យូដា មាន​សង្គ្រាម​មួយ ផ្ទុះ​ឡើង គឺ​ព្រះបាទ​រេស៊ីន​ជា​ស្ដេច​ស្រុក​ស៊ីរី បាន​ពួតដៃ ជា​មួយ​ព្រះបាទ​ពេកា ជា​បុត្រ​របស់​ព្រះបាទ​រេម៉ាលា និង​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល លើក​ទ័ព​ទៅ​វាយ​យក​ក្រុង​យេរូសាឡឹម ប៉ុន្តែ មិន​អាច​វាយ​សំរុក​ចូល​បាន​ឡើយ​ ២ មាន​គេ​នាំ​ដំណឹង​មក​ទូល​ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ​ថា ជន​ជាតិ​ស៊ីរី​បោះ​ទ័ព​នៅ​ស្រុក​អេប្រាអ៊ីម។ ដំណឹង​នេះ​ធ្វើ​អោយ​ព្រះបាទ​អេហាស និង​ប្រជារាស្ត្រ​ញ័រ​រន្ធត់ ដូច​ព្រៃ​ឈើ​ត្រូវ​ខ្យល់​បក់​បោក។
៣ ពេល​នោះ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​អេសាយ​ថា៖ «ចូរ​នាំ​ស្អា-យ៉ាស៊ូប​ ជា​កូន​ប្រុស​របស់​អ្នក​ទៅ​ជួប​ស្ដេច​អេហាស នៅ​ក្បែរ​ស្រះ​ផ្នែក​ខាង លើ​ត្រង់​ក្បាល​ប្រឡាយ តាម​ផ្លូវ​ទៅ​ចំការ​របស់​អ្នក​ជ្រលក់​ល័ក្ខ។
៤ ត្រូវ​ប្រាប់​ស្ដេច​ថា
សូម​ព្រះករុណា​កុំ​ខ្វល់​ព្រះហឫទ័យ
កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ!
សូម​កុំ​តក់ស្លុត នៅ​ចំពោះ​កំហឹង​របស់
ស្ដេច​រេស៊ីន និង​ពួក​ស៊ីរី
ព្រម​ទាំង​ស្ដេច​ពេកា​អោយ​សោះ។
ស្ដេច​ទាំង​ពីរ​នេះ​ប្រៀប​បាន​នឹង​កន្ទុយ​អុស
ដែល​ហុយ​ផ្សែង​ជិត​រលត់។
៥ ស្ដេច​ស្រុក​ស៊ីរី​បាន​ពួតដៃ​ជា​មួយ​ពួក​អេប្រាអ៊ីម
និង​ស្ដេច​អ៊ីស្រាអែល​ប្រឆាំង​ព្រះរាជា
ដោយ​ពោល​ថា:
៦ “យើង​លើក​គ្នា​ទៅ​ច្បាំង​នឹង​ស្រុក​យូដា
យើង​បំភ័យ​គេ​អោយ​តក់ស្លុត
ហើយ​វាយ​លុក​ស្រុក​គេ
រហូត​ដល់​គេ​ចុះ​ញ៉ម​នឹង​យើង
បន្ទាប់​មក យើង​នឹង​លើក​កូន​របស់​តាបបៀល
អោយ​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​នោះ”។
៧ ប៉ុន្តែ ព្រះជាអម្ចាស់ មាន​ព្រះបន្ទូល​ដូច​ត​ទៅ:
“ពួក​គេ​មិន​អាច​សំរេច​ការ​ទាំង​នេះ​បាន​ទេ
ការ​ទាំង​នេះ​ពុំ​អាច​កើត​ឡើង​បាន​ឡើយ។
៨ ក្រុង​ដាម៉ាស ជា​រាជ​ធានី​ របស់​ស្រុក​ស៊ីរី
ស្ដេច​រេស៊ីន​ជា​ម្ចាស់​របស់​ក្រុង​ដាម៉ាស។
ក្នុង​រវាង​ហុកសិប​ប្រាំ​ឆ្នាំ​ទៀត
អេប្រាអ៊ីម​នឹង​ត្រូវ​វិនាស​សូន្យ
លែង​មាន​ឈ្មោះ​ថា​ប្រជាជន​ទៀត​ហើយ។
៩ ក្រុង​សាម៉ារី​ជា​រាជ​ធានី​របស់​ស្រុក​អេប្រាអ៊ីម
ស្ដេច​ពេកា​ជា​ម្ចាស់​របស់​ក្រុង​សាម៉ារី។
ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ផ្ញើ​ជីវិត​លើ​យើង
យ៉ាង​ខ្ជាប់​ខ្ជួន​ទេ​នោះ
អ្នក​រាល់​គ្នា​មិន​អាច​នៅ​ស្ថិតស្ថេរ
យ៉ាង​ខ្ជាប់ខ្ជួន​បាន​ឡើយ”»។
១០ ព្រះអម្ចាស់​ចាត់​លោក​អេសាយ​អោយ​ទៅ​ទូល​ព្រះបាទ​អេហាស​សា​ជា​ថ្មី​ថា៖ ១១ «ព្រះ​ករុណា​ត្រូវ​ទូល​សុំ​ព្រះអម្ចាស់​ជា​ព្រះ​របស់​ព្រះករុណា សំដែង​នូវ​ទី​សំគាល់​មួយ ទោះ​បី​នៅ​លើ​ភ្នំ​ដ៏​ខ្ពស់​ក្ដី ឬ​ក្នុង​ទី​ដ៏​ជ្រៅ​ក្ដី ដើម្បី​បញ្ជាក់​ថា ព្រះអង្គ​ពិត​ជា​គង់​នៅ​ជា​មួយ​ព្រះករុណា»។ ១២ ព្រះបាទ​អេហាស មាន​រាជឱង្ការ​តប​មក​វិញ​ថា៖ «យើង​នឹង​មិន​ទូល​សូម​អ្វី​ជា​ដាច់​ខាត យើង​នឹង​មិន​ព្រម​ល្បងល​ព្រះអម្ចាស់​ឡើយ!»។ ១៣ ពេល​នោះ ព្យាការី​អេសាយ​ទូល​ព្រះរាជា​ថា៖
«បពិត្រ​ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ
សូម​ទ្រង់​ព្រះសណ្ដាប់​ទូលបង្គំ!
ព្រះករុណា​មិន​ត្រឹម​តែ​ធ្វើ​អោយ​មនុស្ស
ណាយ​ចិត្ត​ប៉ុណ្ណោះ​ទេ
គឺ​ថែម​ទាំង​ធ្វើ​អោយ​ព្រះ​របស់​ទូលបង្គំ
ណាយ​ព្រះហឫទ័យ​ទៀត​ផង។
១៤ ហេតុ​នេះ ព្រះអម្ចាស់​ផ្ទាល់​នឹង​ប្រទាន
ទី​សំគាល់​មួយ​ដល់​អ្នក​រាល់​គ្នា។
មើល៍! ស្ត្រី​ព្រហ្មចារី​នឹង​មាន​ផ្ទៃ​ពោះ
នាង​នឹង​សំរាល​បាន​បុត្រា​មួយ
ហើយ​ថ្វាយ​ព្រះនាម​ថា «អេម៉ាញូអែល»។​
១៥ បុត្រ​នោះ​នឹង​សោយ​តែ​ទឹក​ដោះ និង​ទឹក​ឃ្មុំ
រហូត​ដល់​ពេល​ចេះ​បដិសេធ​អ្វីៗ​ដែល​អាក្រក់
ហើយ​ជ្រើស​យក​អ្វីៗ​ដែល​ល្អ​វិញ។ ១៦ ប៉ុន្តែ មុន​ពេល​បុត្រ​នោះ​ចេះ​បដិសេធ​អ្វីៗ​ដែល​អាក្រក់
ហើយ​ជ្រើស​យក​អ្វីៗ​ដែល​ល្អ
ស្រុក​របស់​ស្ដេច​ទាំង​ពីរ​ដែល​បាន​មក
បំភ័យ​ព្រះករុណា នឹង​ត្រូវ​គេ​បោះ​បង់​ចោល
អោយ​នៅ​ស្ងាត់​ជ្រងំ។
១៧ ព្រះអម្ចាស់​នឹង​ធ្វើ​អោយ​ព្រះករុណា
ព្រម​ទាំង​ប្រជារាស្ត្រ និង​ព្រះរាជវង្ស
ជួប​ប្រទះ​នឹង​សភាពការណ៍​ផ្សេងៗ
ព្រោះ​តែ​ស្ដេច​របស់​ជន​ជាតិ​អាស្ស៊ីរី
គឺ​ចាប់​តាំង​ពី​ថ្ងៃ​ដែល​កុលសម្ព័ន្ធ​អេប្រាអ៊ីម
បាន​បែក​ចេញ​ពី​ប្រជាជាតិ​យូដា​មក
មិន​ដែល​មាន​សភាពការណ៍​បែប​នេះ​ទេ។
១៨ នៅ​គ្រា​នោះ​ព្រះអម្ចាស់​នឹង​ហៅ​ហ្វូង​រុយ
ដែល​នៅ​ខាង​ចុង​ជ្រោយ​ទន្លេ​នីល
និង​ហ្វូង​ឃ្មុំ​នៅ​ស្រុក​អាស្ស៊ីរី
១៩ អោយ​មក​ទំ​នៅ​តាម​ចំណោត​ភ្នំ
តាម​ក្រហែង​ថ្ម​ទាំងឡាយ
ព្រម​ទាំង​នៅ​តាម​គុម្ពោត
និង​នៅ​តាម​វាល​ស្មៅ​ទាំង​ប៉ុន្មាន​ដែរ។
២០ នៅ​គ្រា​នោះ​ព្រះអម្ចាស់​នឹង​ជួល​កាំបិត​កោរ
ពី​ខាង​នាយ​ទន្លេ​អឺប្រាត
- គឺ​ស្ដេច​ស្រុក​អាស្ស៊ីរី -
មក​កោរ​សក់ កោរ​រោម​ជើង
និង​កោរ​ពុក​ចង្កា​របស់​ប្រជាជាតិ​នេះ​។
២១ នៅ​គ្រា​នោះ​ម្នាក់ៗ​នឹង​ចិញ្ចឹម​មេ​គោ​មួយ
និង​ពពែ​ញី​ពីរ​ក្បាល
២២ ហើយ​ដោយសារ​សម្បូណ៌​ទឹក​ដោះ​ពេក
ប្រជាជន​នឹង​បរិភោគ​ខ្លាញ់​ទឹក​ដោះ
ដ្បិត​ប្រជាជន​ដែល​នៅ​សល់​ក្នុង​ស្រុក
នឹង​នាំ​គ្នា​បរិភោគ​ខ្លាញ់​ទឹក​ដោះ និង​ទឹក​ឃ្មុំ។
២៣ នៅ​គ្រា​នោះ​គ្រប់​ទី​កន្លែង​ដែល​មាន
ទំពាំងបាយជូរ​មួយ​ពាន់​ដើម
តម្លៃ​ជា​ប្រាក់​បី​រយ​តម្លឹង បែរ​ជា​ដុះ​សុទ្ធ​តែ​បន្លា និង​រពាក់។
២៤ ស្រុក​នោះ​នឹង​ក្លាយ​ទៅ​ជា​កន្លែង​បរ​បាញ់
ព្រោះ​មាន​សុទ្ធ​តែ​បន្លា និង​រពាក់។
២៥ ចំណែក​ឯ​នៅ​តាម​ភ្នំ​ដែល​ពី​មុន
គេ​ធ្លាប់​តែ​កាប់​គាស់
បែរ​ជា​គ្មាន​នរណា​ហ៊ាន​ចូល​ទៅ​ទៀត​ទេ
ព្រោះ​គេ​ខ្លាច​បន្លា និង​រពាក់
គេ​ទុក​អោយ​គោ និង​ហ្វូង​ចៀម
ទៅ​ស៊ី​ស្មៅ​នៅ​តាម​កន្លែង​នោះ»។