១៤
មាតុភូមិនិវត្តន៍របស់ជនជាតិអ៊ីស្រាអែល
១ ព្រះអម្ចាស់អាណិតអាសូរដល់ពូជពង្សលោកយ៉ាកុប ព្រះអង្គនៅតែជ្រើសរើស ជនជាតិអ៊ីស្រាអែលដដែល ព្រះអង្គនឹងអោយគេទៅរស់នៅលើទឹកដីរបស់ខ្លួនវិញ។ ជនបរទេសនឹងមកជ្រកកោន ហើយរួមរស់ជាមួយកូនចៅលោកយ៉ាកុប។
២ ជាតិសាសន៍នានានឹងជួយជនជាតិអ៊ីស្រាអែលអោយវិលត្រឡប់ទៅមាតុភូមិរបស់ខ្លួនវិញ។ នៅលើទឹកដីរបស់ព្រះអម្ចាស់ អ៊ីស្រាអែលនឹងយកអ្នកទាំងនោះធ្វើជាទាសាទាសី។ ជនជាតិអ៊ីស្រាអែលនឹងចាប់អស់អ្នកដែលបានចាប់ពួកគេទៅជាឈ្លើយ យកមកជាឈ្លើយវិញ ហើយយកអស់អ្នកដែលធ្លាប់សង្កត់សង្កិនខ្លួន ធ្វើជាចំណុះវិញ។
ព្រះបន្ទូលប្រឆាំងនឹងស្ដេចស្រុកបាប៊ីឡូន
៣ អ៊ីស្រាអែលអើយ ក្រោយពីអ្នកនឿយហត់ និងរងទុក្ខវេទនាជាច្រើន ហើយបន្ទាប់ពីអ្នកធ្វើជាទាសករយ៉ាងសែនលំបាកនោះ មកព្រះអម្ចាស់នឹងប្រោសប្រទានអោយអ្នកបានសំរាក។ ៤ ពេលនោះ អ្នកនឹងច្រៀងចំអកអោយស្ដេចស្រុកបាប៊ីឡូនដូចតទៅ:
ស្ដេចដែលជិះជាន់គេ ទៅណាបាត់ហើយ?
អំណាចផ្ដាច់ការ ទៅណាបាត់ហើយ?
៥ ព្រះអម្ចាស់ផ្ដួលរំលំអំណាចដ៏ឃោរឃៅ
ព្រះអង្គបំបាក់ដំបងរាជ្យរបស់ជនកំណាច
៦ គឺមនុស្សដែលមានចិត្តកាចសាហាវ
វាយធ្វើបាបប្រជាជនឥតស្រាកស្រាន្ត
មនុស្សដែលមានចិត្តកំរោល
ហើយយកប្រជាជាតិទាំងឡាយធ្វើជាចំណុះ
និងតាមព្យាបាទពួកគេឥតត្រាប្រណី។
៧ ឥឡូវនេះ ផែនដីទាំងមូលបានសុខសាន្តត្រាណ
មនុស្សម្នានាំគ្នាស្រែកហ៊ោយ៉ាងសប្បាយ
៨ សូម្បីតែដើមស្រល់ និងដើមឈើធំៗ
នៅស្រុកលីបង់ក៏មានអំណរសប្បាយ
ដោយឃើញអ្នកអស់ឫទ្ធិដែរ
គឺដើមឈើទាំងនោះនាំគ្នាពោលថា:
“តាំងពីអ្នករលំមក
គ្មាននរណាឡើងមកកាប់យើងទៀតទេ!”។
៩ ស្ដេចកំណាចអើយ!
ក្នុងស្ថានមច្ចុរាជ ក៏មានភាពជ្រួលជ្រើម
រង់ចាំទទួលអ្នកដែរ
មច្ចុរាជដាស់វិញ្ញាណក្ខ័ន្ធអ្នកធំទាំងអស់
គឺដាស់វិញ្ញាណក្ខ័ន្ធស្ដេចទាំងប៉ុន្មាន
របស់ប្រជាជាតិនានា
អោយងើបពីបល្ល័ង្ករបស់ខ្លួនដែរ។
១០ វិញ្ញាណក្ខ័ន្ធទាំងនោះនឹងពោលមកកាន់អ្នកថា:
“អុញ ព្រះករុណាអស់ឫទ្ធិដូចយើងដែរតើ!
គឺមិនខុសពីយើងទេ!។
១១ ភាពថ្កុំថ្កើងរបស់អ្នកបានធ្លាក់ទៅក្នុង
ស្ថានមច្ចុរាជ ដោយមានសំឡេងពិណកំដរផង
ដង្កូវនឹងធ្វើជាពូក ជាភួយរបស់អ្នក”។
១២ ឱផ្កាយព្រឹកដ៏ភ្លឺអើយ
ម្ដេចក៏អ្នកធ្លាក់ពីលើមេឃមកដូច្នេះ?
អ្នកធ្លាប់បង្ក្រាបប្រជាជាតិទាំងឡាយ
ម្ដេចអ្នកដួលដល់ដីយ៉ាងនេះ?
១៣ អ្នកតែងតែពោលថា:
“យើងនឹងឡើងទៅលើមេឃ ហើយលើក
បល្ល័ង្ករបស់យើងឡើងអោយខ្ពស់ជាងផ្កាយ
របស់ព្រះជាម្ចាស់ទៅទៀត។
យើងនឹងអង្គុយលើភ្នំនៅខាងជើងបំផុត
ជាកន្លែងដែលព្រះទាំងឡាយជួបជុំគ្នា។
១៤ យើងនឹងឡើងទៅលើ ខ្ពស់ជាងពពកទៅទៀត
យើងនឹងបានដូចព្រះដ៏ខ្ពង់ខ្ពស់បំផុត”។
១៥ ឥឡូវនេះ អ្នកបែរជាធ្លាក់ចុះមកដល់ស្ថាន
មច្ចុរាជ គឺក្នុងរណ្ដៅដ៏ជ្រៅនេះទៅវិញ។
១៦ អស់អ្នកដែលឃើញអ្នក គេខំប្រឹងសម្លឹងមើល
ដោយយកចិត្តទុកដាក់ ហើយសួរគ្នាថា:
“អ្នកនេះឬដែលបានធ្វើអោយកក្រើកផែនដី
និងរំលំអាណាចក្រទាំងឡាយ
១៧ ព្រមទាំងធ្វើអោយពិភពលោកក្លាយទៅជា
ទីស្មសានដ៏ស្ងាត់ជ្រងំ
និងកំទេចទីក្រុងនានា
ហើយមិនដែលដោះលែងឈ្លើយសឹក
ទាល់តែសោះនុ៎ះ?”។
១៨ ស្ដេចរបស់ប្រជាជាតិនានាសុទ្ធតែសំរាក
យ៉ាងរុងរឿង ក្នុងផ្នូររបស់ខ្លួន។
១៩ ចំពោះអ្នកវិញ
គេបានបោះសាកសពអ្នកចោលឆ្ងាយពីផ្នូរ
គួរអោយខ្ពើម ដូចកូនដែលគេរំលូតចោល
ឬដូចសាកសពដែលគេដើរជាន់។
មានសាកសពរបស់អស់អ្នកដែលគេ
សម្លាប់ដោយមុខដាវនៅគរពីលើអ្នក
ហើយសាកសពទាំងនោះត្រូវគេច្រានទម្លាក់
ទៅលើថ្មនៅបាតរណ្ដៅ។
២០ អ្នកពុំបានសំរាកនៅក្នុងផ្នូរជាមួយស្ដេចឯទៀតៗទេ
ព្រោះអ្នកបានបំផ្លាញស្រុករបស់អ្នក និងសម្លាប់ប្រជារាស្ត្ររបស់អ្នក។
ទៅថ្ងៃមុខគេនឹងលែងនឹកនាដល់ឈ្មោះ
ពូជដ៏កំណាចរបស់អ្នកទៀតហើយ។
២១ ព្រោះតែកំហុសរបស់ឪពុក
ចូរប្រុងប្រៀបខ្លួន សម្លាប់រង្គាលកូនប្រុសៗ
របស់គេចោលទៅ
ក្រែងលោគេក្រោកឡើងរុករានទន្ទ្រានផែនដី
ហើយសង់ក្រុងពាសពេញលើពិភពលោក។
២២ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «យើងនឹងក្រោកឡើងប្រឆាំងនឹងជនជាតិបាប៊ីឡូន យើងនឹងលុបបំបាត់ឈ្មោះបាប៊ីឡូន ព្រមទាំងពូជពង្ស និងខ្សែស្រឡាយរបស់គេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ២៣ យើងនឹងធ្វើអោយស្រុករបស់គេក្លាយទៅជាព្រៃរនាម ដែលមានតែសត្វកាំប្រមារស់នៅ យើងនឹងបោសក្រុងបាប៊ីឡូន ឥតទុកអ្វីអោយនៅសល់ឡើយ» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
ព្រះបន្ទូលប្រឆាំងនឹងស្រុកអាស្ស៊ីរី
២៤ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូល
ដាច់អហង្ការថា៖
“យើងបានគ្រោងទុកយ៉ាងណា
យើងក៏នឹងប្ដេជ្ញាចិត្តធ្វើយ៉ាងនោះដែរ
យើងបានសំរេចយ៉ាងណា
ហេតុការណ៍ក៏នឹងកើតមានយ៉ាងនោះដែរ។
២៥ យើងនឹងកំទេចពួកអាស្ស៊ីរីក្នុងទឹកដីរបស់យើង
យើងនឹងជាន់ឈ្លីពួកគេនៅលើភ្នំរបស់យើង
យើងនឹងយកនឹមដែលអាស្ស៊ីរីដាក់លើ
ប្រជាជនរបស់យើងចេញ
ហើយយើងក៏នឹងយកអំរែកដែលគេដាក់លើ
ស្មាប្រជាជនយើងនោះចេញដែរ”។
២៦ នេះជាការដែលព្រះអង្គបានសំរេចធ្វើ
ចំពោះផែនដីទាំងមូល
ព្រះអង្គនឹងលាតព្រះហស្ដប្រហារ
ប្រជាជាតិទាំងអស់។
២៧ បើព្រះអម្ចាស់នៃពិភពទាំងមូលសំរេចដូច្នេះ
គ្មាននរណាអាចកែប្រែបានឡើយ
ពេលព្រះអង្គលាតព្រះហស្ដប្រហារហើយ
គ្មាននរណាអាចបញ្ឈប់ព្រះអង្គបានទេ។
ព្រះបន្ទូលប្រឆាំងនឹងជនជាតិភីលីស្ទីន
២៨ នៅឆ្នាំដែលព្រះបាទអហាសសោយទិវង្គត
ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ:
២៩ ភីលីស្ទីនទាំងមូលអើយ
មិនត្រូវរីករាយ ដោយឃើញដំបងដែល
ធ្លាប់វាយអ្នកបានបាក់នោះឡើយ!
ដ្បិតនឹងមានពស់វែកមួយ
កើតចេញពីពូជរបស់ពស់នោះ
ហើយក៏នឹងមានពស់អសិរពិសកើតចេញ
ពីពងរបស់ពស់វែកនោះដែរ។
៣០ ពេលនោះ ព្រះអម្ចាស់នឹងថែរក្សា
មនុស្សកំសត់ទុគ៌ត
ព្រះអង្គនឹងនាំមនុស្សក្រីក្រទៅរកកន្លែង
សំរាកយ៉ាងសុខសាន្ត។
ផ្ទុយទៅវិញព្រះអង្គនឹងធ្វើអោយ
ពូជពង្សរបស់អ្នកស្លាប់ដោយអត់ឃ្លាន
រីឯអ្នកដែលនៅសល់ នឹងស្លាប់ដោយមុខដាវ។
៣១ ទ្វារក្រុងអើយ ចូរសោកសង្រេងទៅ!
ទីក្រុងអើយ ចូរស្រែកយំទៅ!
ស្រុកភីលីស្ទីនទាំងមូល រលាយសូន្យហើយ
ដ្បិតមានផ្សែងហុយមកពីទិសខាងជើង
ខ្មាំងសត្រូវលើកទ័ពមកទាំងអស់គ្នា
ឥតបាត់ម្នាក់ណាឡើយ។
៣២ តើយើងត្រូវឆ្លើយយ៉ាងដូចម្ដេចទៅទូត
របស់ស្រុកភីលីស្ទីន? ត្រូវឆ្លើយថា
“ព្រះអម្ចាស់បានសង់ក្រុងស៊ីយ៉ូនឡើង
ហើយជនទុគ៌តក្នុងចំណោមប្រជារាស្ត្ររបស់
ព្រះអង្គនឹងជ្រកកោននៅក្នុងក្រុងនោះ”។