២០
ទីសំគាល់របស់ព្យាការីអេសាយស្ដីអំពី ជ័យជំនះរបស់ជនជាតិអាស្ស៊ីរីលើជនជាតិអេស៊ីប
១ នៅគ្រាដែលមេទ័ពរបស់ជនជាតិអាស្ស៊ីរីវាយដណ្ដើមយកបានក្រុងអាសដូឌ តាមបញ្ជារបស់ព្រះចៅសើកុន ជាស្ដេចស្រុកអាស្ស៊ីរី ២ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអេសាយ ជាកូនរបស់លោកអម៉ូសថា៖ «ចូរស្រាយបាវ ដែលអ្នកស្លៀកជាប់នឹងចង្កេះ និងដោះស្បែកជើងចេញទៅ»។ លោកអេសាយធ្វើតាម គឺលោកដើរខ្លួនទទេ ហើយក៏មិនពាក់ស្បែកជើងដែរ។ ៣ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «អេសាយជាអ្នកបំរើរបស់យើង ដើរខ្លួនទទេ ហើយឥតពាក់ស្បែកជើងដូច្នេះ ទុកជាទីសំគាល់ និងជាប្រផ្នូលអំពីហេតុការណ៍ ដែលនឹងកើតមាននៅស្រុកអេស៊ីប និងស្រុកអេត្យូពីក្នុងរយៈពេលបីឆ្នាំទៀត ៤ គឺស្ដេចស្រុកអាស្ស៊ីរីនឹងចាប់អ្នកស្រុកអេស៊ីបនាំទៅជាឈ្លើយសឹក ព្រមទាំងជន្លៀសអ្នកស្រុកអេត្យូពីទាំងក្មេងទាំងចាស់យកទៅដែរ ពួកគេនឹងចេញទៅខ្លួនទទេ ឥតពាក់ស្បែកជើង គឺនៅអាក្រាត។ ជនជាតិអេស៊ីបនឹងត្រូវអាម៉ាស់ជាខ្លាំង! ៥ ពេលនោះ អស់អ្នកដែលយកស្រុកអេត្យូពីធ្វើជាបង្អែក និងអស់អ្នកដែលយកស្រុកអេស៊ីបធ្វើជាទីពឹង មុខជាត្រូវអស់សង្ឃឹម និងខកចិត្តមិនខាន។ ៦ នៅពេលនោះប្រជាជនដែលរស់នៅតាមឆ្នេរសមុទ្រនេះ នឹងនាំគ្នាពោលថា៖ “មើល៍ ស្រុកដែលយើងចាត់ទុកជាទីសង្ឃឹម ជាជំរកសំរាប់រត់ទៅជ្រកកោន ដើម្បីអោយរួចផុតពីកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរី ធ្លាក់ដល់កំរិតហ្នឹងទៅហើយ តើធ្វើដូចម្ដេចអោយយើងអាចរួចខ្លួនបាន?”»។