២៣
ព្រះបន្ទូល​ស្ដី​អំពី​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន
១ សេចក្ដី​ប្រកាស​ស្ដី​អំពី
ក្រុង​ទីរ៉ុស:
នាវា​មក​ពី​ស្រុក​តើស៊ីស​អើយ
ចូរ​នាំ​គ្នា​ស្រែក​យំ​ទៅ
ដ្បិត​កំពង់ផែ​របស់​ក្រុង​ទីរ៉ុស​វិនាស​សូន្យ
ឥត​មាន​សល់​ផ្ទះ ឥត​មាន​កន្លែង​ចូល​សំចត
ទៀត​ឡើយ!។
ពួក​គេ​បាន​ឃើញ​ដូច្នេះ នៅ​ពេល​ធ្វើ​ដំណើរ
មក​ពី​កោះ​គីប្រុស។
២ អ្នក​រាល់​គ្នា​ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ
អ្នក​រាល់​គ្នា​ជា​ឈ្មួញ​នៅ​ស្រុក​ស៊ីដូន​ដែល​ចាត់
មនុស្ស​អោយ​ទៅ​រក​ស៊ី​តាម​សមុទ្រ​អើយ
ចូរ​នាំ​គ្នា​តក់ស្លុត និយាយ​លែង​ចេញ!។
៣ អ្នក​ស្រុក​ស៊ីដូន​បាន​ប្រមូល​ភោគ​ផល​ទាំង​ប៉ុន្មាន
ដែល​គេ​ដាំ​នៅ​តាម​ដង​ទន្លេ​នីល
ភោគ​សម្បត្តិ​របស់​ប្រជាជាតិ​ទាំងឡាយ
សុទ្ធ​តែ​នៅ​ប្រមូល​ផ្ដុំ​ក្នុង​ក្រុង​ស៊ីដូន​ទាំង​អស់។
៤ ស៊ីដូន ជា​ក្រុង​ដ៏​រឹងមាំ​នៅ​តាម​ឆ្នេរ​សមុទ្រ​អើយ
អ្នក​ត្រូវ​អាម៉ាស់​ហើយ
ដ្បិត​សមុទ្រ​ពោល​ថា:
ខ្ញុំ​ពុំ​ធ្លាប់​ឈឺ​ផ្ទៃ ខ្ញុំ​ពុំ​ធ្លាប់​បង្កើត​កូន
ហើយ​ក៏​ពុំ​ធ្លាប់​ចិញ្ចឹម​កូន​កម្លោះ​កូន​ក្រមុំ​ដែរ។
៥ ពេល​ដំណឹង​នេះ​លេច​ឮ​ទៅ​ដល់​ស្រុក​អេស៊ីប
អ្នក​ស្រុក​នាំ​គ្នា​ភ័យ​ញ័រ ដូច​កាល​ដែល​គេ​បាន
ឮ​ដំណឹង​ពី​ហេតុការណ៍​ដែល​កើត​មាន
ដល់​ក្រុង​ទីរ៉ុស​ដែរ។
៦ អ្នក​ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ​អើយ
ចូរ​នាំ​គ្នា​ឆ្លង​ទៅ​ស្រុក​តើស៊ីស
ហើយ​ស្រែក​យំ​នៅ​ទី​នោះ​ទៅ!។
៧ តើ​នេះ​ឬ​ទីក្រុង​របស់​អ្នក​រាល់​គ្នា
ជា​កន្លែង​ដែល​ធ្លាប់​តែ​មាន​មនុស្ស​អ៊ូអរ
ជា​ក្រុង​ដែល​មាន​កំណើត​ពី​បុរាណ​កាល​មក
ហើយ​ធ្លាប់​ត្រួតត្រា​ស្រុក​ឆ្ងាយៗ​នោះ?
៨ តើ​នរណា​សំរេច​រំលាយ​ក្រុង​ទីរ៉ុស​ដូច្នេះ?
ដ្បិត​ក្រុង​ទីរ៉ុស​ធ្លាប់​តែងតាំង​ស្ដេច
អោយ​គ្រង​រាជ្យ​លើ​ស្រុក​នានា
អ្នក​រក​ស៊ី​ពី​ក្រុង​នេះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ
ហើយ​មនុស្សម្នា​លើ​ផែនដី​ទាំង​មូល តែងតែ
គោរព​អ្នក​ជំនួញ​របស់​ក្រុង​នេះ​គ្រប់ៗ​គ្នា។
៩ ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល បាន​សំរេច​ដូច្នេះ
ដើម្បី​បំបាក់​អំនួត​របស់​អស់​អ្នក​ដែល
ស្រឡាញ់​កិត្តិយស
និង​ដើម្បី​បន្ទាប​អស់​អ្នក​ដែល​តម្កើង​ខ្លួន
នៅ​លើ​ផែនដី​នេះ។
១០ ទីរ៉ុស​អើយ ចូរ​ភ្ជួរ​រាស់​ដី​របស់​អ្នក
ដូច​គេ​ភ្ជួរ​រាស់​នៅ​តាម​ទន្លេ​នីល
ដ្បិត​លែង​មាន​កំពង់ផែ​សំរាប់​អោយ​នាវា
មក​ពី​ស្រុក​តើស៊ីស​ចូល​ចត​ទៀត​ហើយ!។
១១ ព្រះអម្ចាស់​បាន​លាត​ព្រះហស្ដ​ទៅ​លើ​សមុទ្រ
ព្រះអង្គ​បាន​ធ្វើ​អោយ​នគរ​ទាំងឡាយ​ញាប់​ញ័រ
ព្រះអង្គ​បាន​បញ្ជា​អោយ​ជន​ជាតិ​កាណាន
កំទេច​ក្រុង​ដែល​មាន​កំពែង​រឹងមាំ​របស់​ខ្លួន។
១២ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា:
អ្នក​ក្រុង​ស៊ីដូន ដែល​ត្រូវ​គេ​ធ្វើ​បាប​អើយ
អ្នក​នឹង​លែង​បាន​ធ្វើ​បុណ្យ​យ៉ាង​សប្បាយ
ត​ទៅ​មុខ​ទៀត​ហើយ
ទោះ​បី​អ្នក​រូតរះ​ឆ្លង​ទៅ​កោះ​គីប្រុស​ក្ដី
ក៏​នៅ​តែ​ពុំ​បាន​សំរាក​ដែរ។
១៣ ចូរ​មើល​ទៅ​ស្រុក​ខាល់ដេ!
ស្រុក​នោះ​លែង​មាន​ប្រជាជន​ទៀត​ហើយ
ព្រោះ​ជន​ជាតិ​អាស្ស៊ីរី​បាន​ធ្វើ​អោយ​ស្រុក​នោះ
ក្លាយ​ទៅ​ជា​ជំរក​របស់​សត្វ​ព្រៃ។
ពួក​គេ​បាន​ដំឡើង​ប៉ម​ចាំ​យាម
ហើយ​ផ្ដួល​រំលំ​ដំណាក់​ទាំងឡាយ​នៅ​ក្រុង​ទីរ៉ុស
អោយ​បាក់​បែក​អស់។
១៤ នាវា​ទាំងឡាយ​ដែល​មក​ពី​ស្រុក​តើស៊ីស​អើយ
ចូរ​ស្រែក​យំ​ទៅ ដ្បិត​ទីក្រុង​ជា​ជំរក​របស់​អ្នក​រាល់​គ្នា
រលាយ​សូន្យ​បាត់​ទៅ​ហើយ!
១៥ នៅ​គ្រា​នោះ​ក្រុង​ទីរ៉ុស​នឹង​ត្រូវ​គេ​លែង​នឹក​នា​អស់​រយៈ​ពេល​ចិតសិប​ឆ្នាំ ពោល​គឺ​រយៈ​ពេល​មួយ រជ្ជកាល​របស់​ស្ដេច​មួយ​អង្គ។ លុះ​ផុត​ពេល​ចិតសិប​ឆ្នាំ​នេះ​ទៅ នឹង​មាន​ហេតុការណ៍​កើត​ឡើង​ដល់​ក្រុង​នេះ ស្រប​នឹង​ចំរៀង​ស្ដី​អំពី​ស្ត្រី​ពេស្យា​ថា:
១៦ «ស្ត្រី​ពេស្យា​ដែល​គេ​បំភ្លេច​ចោល​អើយ
ចូរ​យក​ចាប៉ី​មួយ​មក
ហើយ​ដើរ​ព័ទ្ធ​ជុំវិញ​ទីក្រុង​ទៅ!
ចូរ​លេង​អោយ​ពីរោះ
ចូរ​ច្រៀង​ហើយ​ច្រៀង​ទៀត​ទៅ
ដើម្បី​អោយ​គេ​នឹក​នា​ដល់​នាង​វិញ!»។
១៧ លុះ​ចិតសិប​ឆ្នាំ​កន្លង​ផុត​ទៅ ព្រះអម្ចាស់​នឹង​យាង​មក​សង្គ្រោះ​ក្រុង​ទីរ៉ុស តែ​ក្រុង​នេះ​វិល​ទៅ​រក​ស៊ី​យ៉ាង​ថោក​ទាប​វិញ គឺ​វា​នឹង​លក់​ខ្លួន​អោយ​នគរ​ទាំង​ប៉ុន្មាន ក្នុង​សកល​លោក​នេះ។ ១៨ ប៉ុន្តែ កំរៃ និង​ប្រាក់​ចំណេញ​ដែល​ក្រុង​នេះ​រក​បាន នឹង​ត្រូវ​ញែក​ថ្វាយ​ព្រះអម្ចាស់ គ្មាន​នរណា​អាច​ប្រមូល​ទ្រព្យ​ទាំង​នេះ​ទុក​បាន​ឡើយ ដ្បិត​របស់​ទ្រព្យ​ទាំង​នេះ នឹង​ត្រូវ​បម្រុង​ទុក​ជា​អាហារ សំរាប់​ពួក​អ្នក​បំរើ​ព្រះអម្ចាស់ និង​ជា​សម្លៀកបំពាក់​ដ៏​ថ្លៃថ្នូរ​សំរាប់​ពួក​គេ។