៣១
អេស៊ីប​ពុំ​អាច​ជួយ​អ៊ីស្រាអែល​បាន​ឡើយ
១ អស់​អ្នក​ដែល​រត់​ទៅ
ស្រុក​អេស៊ីប ដើម្បី​រក​ជំនួយ
មុខ​ជា​ត្រូវ​វេទនា​ពុំខាន!
អ្នក​ទាំង​នោះ​ពឹង​ផ្អែក​លើ​សេះ
និង​ទុក​ចិត្ត​លើ​រទេះ​ចំបាំង
ព្រោះ​ឃើញ​មាន​ចំនួន​ច្រើន
ពួក​គេ​ទុក​ចិត្ត​លើ​កងទ័ព​សេះ
ព្រោះ​ឃើញ​ថា​ខ្លាំង​ពូកែ
តែ​ពួក​គេ​ពុំ​នឹក​នា​ដល់​ព្រះ​ដ៏វិសុទ្ធ
របស់​ជន​ជាតិ​អ៊ីស្រាអែល​ទេ
ពួក​គេ​ពុំ​ស្វែង​រក​ព្រះអម្ចាស់​ឡើយ។
២ រីឯ​ព្រះអង្គ​វិញ ព្រះអង្គ​ក៏​ខ្លាំង​ពូកែ​ដែរ
ព្រះអង្គ​អាច​ធ្វើ​អោយ​ទុក្ខ​វេទនា​កើត​ឡើង
ព្រះអង្គ​គំរាម​យ៉ាង​ណា ទ្រង់​នឹង​ធ្វើ​យ៉ាង​នោះ
ព្រះអង្គ​ប្រឆាំង​នឹង​ពួក​មនុស្ស​អាក្រក់
ហើយ​ប្រឆាំង​នឹង​អស់​អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត
ដែល​គេ​ហៅ​អោយ​មក​ជួយ។
៣ ជន​ជាតិ​អេស៊ីប​ជា​មនុស្ស
គឺ​មិន​មែន​ជា​ព្រះ​ទេ
សេះ​របស់​ពួក​គេ​ជា​សត្វ
គឺ​មិន​មែន​ជា​ទេវតា​ឡើយ។
ពេល​ណា​ព្រះអម្ចាស់​លើក​ព្រះហស្ដ​ឡើង
អ្នក​ដែល​មក​ជួយ​សង្គ្រោះ​នឹង​ជំពប់​ដួល
ហើយ​អ្នក​ដែល​គេ​ជួយ​ក៏​នឹង​ដួល​ដែរ
គឺ​គេ​ត្រូវ​វិនាស​ជា​មួយ​គ្នា។
មាន​តែ​ព្រះអម្ចាស់​ទេ​ដែល​អាច​សង្គ្រោះ​ក្រុង​យេរូសាឡឹម
៤ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ:
«ពេល​ណា​សត្វ​សិង្ហ ឬ​កូន​វា​គ្រហឹម​ទៅ​លើ​រំពា
ទោះ​បី​ពួក​គង្វាល​លើក​គ្នា​មក​ស្រែក​គំរាម
ចង់​ដណ្ដើម​រំពា​នោះ​ពី​វា​ក្ដី
ក៏​វា​មិន​ភ័យ​ខ្លាច​សំរែក​របស់​ពួក​គេ
ឬ​ដក​ខ្លួន​ថយ ដោយ​សំឡេង​បង្អើល
របស់​ពួក​គង្វាល​នោះ​ឡើយ។
រីឯ​យើង​ដែល​ជា​ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល
ក៏​ដូច្នោះ​ដែរ
យើង​នឹង​ចុះ​ទៅ​ធ្វើ​សឹក​នៅ​ភ្នំ​ស៊ីយ៉ូន»។
៥ ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​ការពារ
ក្រុង​យេរូសាឡឹម
ដូច​បក្សី​ត្រដាង​ស្លាប​ការពារ​កូន​របស់​វា។
ព្រះអង្គ​ការពារ និង​រំដោះ​ក្រុង​យេរូសាឡឹម
ព្រះអង្គ​សង្គ្រោះ​ក្រុង​នេះ
មិន​អោយ​វិនាស​អន្តរាយ​ឡើយ។
៦ កូន​ចៅ​អ៊ីស្រាអែល​អើយ! អ្នក​រាល់​គ្នា​បាន​ងាក​ចេញ​យ៉ាង​ឆ្ងាយ​ពី​ព្រះអម្ចាស់ ចូរ​នាំ​គ្នា​វិល​មក​រក​ព្រះអង្គ​វិញ! ៧ អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​បាប ដោយ​ឆ្លាក់​រូប​ព្រះ​ក្លែងក្លាយ​ធ្វើ​ពី​មាស​ពី​ប្រាក់។ ប៉ុន្តែ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​បោះ​បង់​រូប​ព្រះ​ក្លែងក្លាយ។
៨ ជន​ជាតិ​អាស្ស៊ីរី​នឹង​វិនាស​ដោយ​មុខ​ដាវ
តែ​មិន​មែន​ជា​ដាវ​របស់​មនុស្ស​ទេ
គឺ​ពួក​គេ​មិន​មែន​ស្លាប់​ដោយ​មុខ​ដាវ
របស់​មនុស្ស​ឡើយ។
ពួក​អាស្ស៊ីរី​នឹង​បាក់​ទ័ព
ហើយ​ទាហាន​ក្មេងៗ​របស់​ពួក​គេ
នឹង​ក្លាយ​ទៅ​ជា​ឈ្លើយ​សឹក។
៩ ស្ដេច​របស់​ពួក​គេ​នឹង​រត់​ទៅ ទាំង​ភ័យ​ញាប់​ញ័រ
មេទ័ព​របស់​ពួក​គេ​នឹង​ញ័រ​រន្ធត់
នៅ​មុខ​ទង់​ជ័យ​របស់​ព្រះអង្គ​។
នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
ដែល​ប្រជាជន​គោរព​បំរើ​នៅ​ភ្នំ​ស៊ីយ៉ូន
ហើយ​ដុត​តង្វាយ​ថ្វាយ​ព្រះអង្គ
នៅ​ក្រុង​យេរូសាឡឹម។