៤៤
មានតែព្រះអម្ចាស់ប៉ុណ្ណោះដែលពិតជាព្រះជាម្ចាស់
១ កូនចៅយ៉ាកុប
ជាអ្នកបំរើរបស់យើង
ប្រជាជនអ៊ីស្រាអែល
ដែលយើងបានជ្រើសរើសអើយ
ឥឡូវនេះ ចូរស្ដាប់យើង!
២ ព្រះអម្ចាស់ដែលបានបង្កើតអ្នក
ព្រះអង្គដែលបានសូនអ្នកតាំងពីក្នុងផ្ទៃម្ដាយ
ព្រះអង្គដែលជួយអ្នក ទ្រង់មានព្រះបន្ទូលថា:
យ៉ាកុបជាអ្នកបំរើរបស់យើងយេស៊ូរូនដែលយើងបានស្រោចស្រង់អើយ
កុំភ័យខ្លាចអ្វីឡើយ!
៣ យើងនឹងចាក់បង្ហូរទឹកទៅលើដីបែកក្រហែង
យើងនឹងធ្វើអោយមានទឹកហូរ
នៅលើដីហួតហែង
យើងនឹងចាក់បង្ហូរព្រះវិញ្ញាណរបស់យើង
ទៅលើពូជពង្សអ្នក
ព្រមទាំងអោយពរដល់កូនចៅរបស់អ្នកផង។
៤ កូនចៅរបស់អ្នកនឹងចំរើនឡើង
ដូចស្មៅត្រូវទឹកភ្លៀង
និងដូចរុក្ខជាតិដុះនៅតាមមាត់ស្ទឹង។
៥ ពេលនោះ ម្នាក់ពោលថា
ខ្ញុំជាកូនចៅរបស់ព្រះអម្ចាស់
ម្នាក់ទៀតថា ខ្លួនជាកូនចៅរបស់យ៉ាកុប
ម្នាក់ទៀតចារលើបាតដៃថា
“ខ្ញុំថ្វាយខ្លួនទៅព្រះអម្ចាស់”
ព្រមទាំងមានមោទនភាព ព្រោះខ្លួនជាជនជាតិអ៊ីស្រាអែល។
៦ ព្រះអម្ចាស់ជាព្រះមហាក្សត្ររបស់
ជនជាតិអ៊ីស្រាអែល
គឺព្រះអម្ចាស់នៃពិភពទាំងមូល
ដែលបានលោះជនជាតិអ៊ីស្រាអែល
ទ្រង់មានព្រះបន្ទូលថា:
យើងនៅមុនគេ ហើយនៅក្រោយគេបំផុត
ក្រៅពីយើង គ្មានព្រះណាទៀតឡើយ។
៧ តើមានព្រះណាដូចយើង?
អោយព្រះនោះបង្ហាញខ្លួន ហើយនិយាយមក!
គឺត្រូវរៀបរាប់អំពីហេតុការណ៍ដែលកើតមាន
ចាប់ពីពេលយើងបង្កើតប្រជាជន
តាំងពីអស់កល្បរៀងមក
ព្រមទាំងរៀបរាប់អំពីហេតុការណ៍
ដែលនឹងកើតមាននៅគ្រាខាងមុខដែរ។
៨ កុំញ័ររន្ធត់ កុំភ័យខ្លាចអ្វីឡើយ
តាំងពីដើមរៀងមក
យើងតែងតែប្រាប់អោយអ្នករាល់គ្នាដឹងជានិច្ច
អ្នករាល់គ្នាជាសាក្សីរបស់យើងស្រាប់ហើយ
ក្រៅពីយើង តើមានព្រះណាទៀតទេ?
ទេ! គ្មានថ្មដាណាទៀតឡើយ
យើងមិនដែលបានស្គាល់ទាល់តែសោះ។
អ្នកបង្កើតរូបបដិមា
៩ អស់អ្នកដែលឆ្លាក់រូបបដិមា
សុទ្ធតែជាមនុស្សឥតបានការ
រីឯស្នាដៃដែលគេចាត់ទុកថាមានតម្លៃ
ក៏គ្មានសារប្រយោជន៍អ្វីដែរ។
រូបព្រះទាំងនោះជាសាក្សីរបស់ពួកគេ
តែជាសាក្សីដែលមិនចេះមើល
ហើយក៏មិនដឹងអ្វីដែរ
គឺគ្រាន់តែធ្វើអោយពួកគេខកចិត្តប៉ុណ្ណោះ។
១០ អ្នកសូនរូបព្រះក្លែងក្លាយ ឬសិតរូបបដិមា
ដែលពុំអាចផ្ដល់សារប្រយោជន៍អ្វីសោះ
ពិតជាមនុស្សល្ងីល្ងើមែន!
១១ រីឯអស់អ្នកដែលថ្វាយបង្គំរូបទាំងនោះ
នឹងត្រូវអាម៉ាស់
ដ្បិតអ្នកឆ្លាក់រូបទាំងនោះសុទ្ធតែជាមនុស្ស។
ទុកអោយពួកគេប្រមូលគ្នា
អោយគេជួបជុំគ្នាទៅ
ពួកគេនឹងត្រូវញាប់ញ័រ ហើយអាម៉ាស់មុខ។
១២ ជាងដែកយកលោហធាតុមកដុត
ដំនឹងញញួរធ្វើជារូប។
អ្នកនោះខំប្រឹងធ្វើការយ៉ាងស្វាហាប់
ក៏ប៉ុន្តែ បើគេមិនបរិភោគ គេមុខជាអស់កម្លាំង
បើគេមិនផឹកទឹក គេមុខជានឿយហត់។
១៣ ជាងឈើលាតសន្ធឹងខ្សែមកវាស់ឈើ
និងគូររូបពីលើ
ហើយយកពន្លាកមកដាប់ឈើនោះ
តាមរូបរាង និងភិនភាគដូចមនុស្ស
រួចយកទៅតម្កល់នៅក្នុងវិហារមួយ។
១៤ គេកាប់ដើមឈើដ៏ធំៗ
គេជ្រើសរើសយកឈើខ្លឹមដ៏មានតម្លៃ
ពីចំណោមដើមឈើទាំងឡាយនៅក្នុងព្រៃ។
គេដាំដើមស្រល់
ហើយភ្លៀងបានធ្វើអោយដុះលូតលាស់ឡើង។
១៥ មនុស្សម្នាយកឈើទាំងនោះមកប្រើជាអុស
សំរាប់កំដៅផ្ទះ និងចំអិនម្ហូបអាហារ។
គេក៏យកឈើនោះឆ្លាក់ធ្វើរូបព្រះ
សំរាប់ក្រាបថ្វាយបង្គំ
និងធ្វើជារូបបដិមាសំរាប់គោរពបូជា។
១៦ គេយកឈើមួយចំណែកទៅធ្វើជាអុស
អាំងសាច់បរិភោគចំអែតក្រពះ
ហើយក៏ប្រើសំរាប់កំដៅរូបរាងកាយ
ទាំងពោលថា “មើល៍ អណ្ដាតភ្លើងនេះ ធ្វើអោយខ្ញុំកក់ក្ដៅស្រួលណាស់!”។
១៧ រីឯឈើមួយចំណែកទៀត គេយកទៅធ្វើជា
រូបបដិមា ជាព្រះរបស់ខ្លួន រួចក្រាបថ្វាយបង្គំ
គេគោរពបំរើរូបនោះ និងទូលអង្វរថា
“សូមរំដោះទូលបង្គំផង!
ដ្បិតព្រះអង្គជាព្រះរបស់ទូលបង្គំ!”។
១៨ អ្នកទាំងនោះមិនយល់ និងមិនរិះគិតពិចារណា
ព្រោះភ្នែកគេងងឹតមើលអ្វីពុំឃើញ
ហើយចិត្តគំនិតរបស់គេក៏ពុំយល់អ្វីដែរ។ ១៩ គ្មាននរណាម្នាក់ចាប់អារម្មណ៍ រិះគិត
និងពិចារណារួចពោលថា
“ខ្ញុំបានដុតឈើអស់ពាក់កណ្ដាល
ខ្ញុំដុតនំបុ័ងនៅលើរងើកភ្លើង
ខ្ញុំអាំងសាច់បរិភោគ។
រីឯឈើពាក់កណ្ដាលទៀតដែលនៅសល់
ខ្ញុំយកទៅធ្វើជារូបព្រះគួរស្អប់ខ្ពើម
រួចខ្ញុំនឹងក្រាបថ្វាយបង្គំរូបឈើនោះ”។
២០ គេចាប់ចិត្តនឹងអ្វីដែលជាផេះ
ចិត្តគំនិតលេលារបស់គេនាំខ្លួនគេអោយ
វង្វេងវង្វាន់លែងដឹងអ្វីសោះ។
រូបព្រះរបស់គេពុំអាចរំដោះគេបានទេ
ប៉ុន្តែ គេមិនថា រូបដែលគេកាន់នេះ
ជាព្រះក្លែងក្លាយឡើយ។
ព្រះអម្ចាស់តែមួយគត់ ជាព្រះជាម្ចាស់ និងជាព្រះសង្គ្រោះមនុស្សលោក
២១ អ៊ីស្រាអែលដែលជាកូនចៅយ៉ាកុបអើយ
ចូរចងចាំថា អ្នកជាអ្នកបំរើរបស់យើង
យើងបានបង្កើតអ្នក ដើម្បីអោយបំរើយើង
អ៊ីស្រាអែលអើយ
យើងនឹងមិនបំភ្លេចអ្នកចោលឡើយ!
២២ យើងលុបបំបាត់ទោស និងកំហុសរបស់អ្នក
ដូចពពករសាត់បាត់ទៅ
ចូរវិលត្រឡប់មករកយើងវិញ
ដ្បិតយើងបានលោះអ្នកហើយ។
២៣ ផ្ទៃមេឃអើយ ចូរនាំគ្នាស្រែកហ៊ោឡើង
ដ្បិតព្រះអម្ចាស់បានធ្វើអន្តរាគមន៍ហើយ
ទីជំរៅនៃផែនដីអើយ ចូរបន្លឺសំឡេងឡើង
ភ្នំទាំងឡាយអើយ ចូរស្រែកអឺងកងឡើង
រីឯព្រៃព្រឹក្សា និងរុក្ខជាតិទាំងអស់
ក៏ត្រូវបន្លឺសំឡេងរួមជាមួយគ្នាដែរ
ដ្បិតព្រះអម្ចាស់បានលោះកូនចៅរបស់
លោកយ៉ាកុបហើយ
ព្រះអង្គបានសំដែងសិរីរុងរឿងរបស់ព្រះអង្គ
ដោយសង្គ្រោះជនជាតិអ៊ីស្រាអែល។
ព្រះអម្ចាស់បានតែងតាំងស្ដេចស៊ីរូស
២៤ ព្រះអម្ចាស់ដែលបានលោះអ្នក
គឺព្រះអង្គដែលបានបង្កើតអ្នកតាំងពីក្នុង
ផ្ទៃម្ដាយមក ទ្រង់មានព្រះបន្ទូលដូចតទៅ:
“យើងជាព្រះអម្ចាស់ដែលបានបង្កើត
អ្វីៗទាំងអស់យើងបានលាតផ្ទៃមេឃ
ហើយយើងក៏បានសន្ធឹងផែនដី
ដោយខ្លួនយើងផ្ទាល់។
២៥ យើងធ្វើអោយទំនាយរបស់គ្រូហោរ
ទៅជាឥតបានការ
យើងធ្វើអោយពួកគ្រូទាយវង្វេងវង្វាន់
យើងនឹងរំលាយគំរោងការរបស់ពួកអ្នកប្រាជ្ញ
ដោយធ្វើអោយចំណេះរបស់គេក្លាយទៅជាការលេលាទៅវិញ។
២៦ យើងបំពេញតាមពាក្យសំដីអ្នកបំរើរបស់យើង
ហើយធ្វើអោយគំរោងការរបស់អស់អ្នកដែល
យើងចាត់អោយមកនោះបានសំរេច។
យើងថ្លែងអំពីក្រុងយេរូសាឡឹមថា
ចូរអោយមានប្រជាជនរស់នៅក្នុងក្រុងនេះវិញ
យើងថ្លែងអំពីក្រុងនានាក្នុងស្រុកយូដាថា
ចូរសង់ក្រុងទាំងនោះឡើងវិញ
យើងនឹងធ្វើអោយអ្វីៗដែលបាក់បែក
មានរូបរាងឡើងវិញ។
២៧ យើងបង្គាប់មហាសាគរអោយរីងស្ងួត
ហើយធ្វើអោយទន្លេរីង។
២៨ យើងនិយាយអំពីស្ដេចស៊ីរូសថា
អ្នកនេះជាមេដឹកនាំដែលយើងបានតែងតាំង។
គាត់នឹងបំពេញអ្វីៗតាមចិត្តដែលយើងប្រាថ្នាចង់បាន
គាត់នឹងបញ្ជាអោយគេសង់ក្រុងយេរូសាឡឹម
និងព្រះវិហារឡើងវិញ”។