៥១
ព្រះអម្ចាស់រំដោះពូជពង្សលោកអប្រាហាំ
១ អស់អ្នកដែលខិតខំ
ស្វែងរកសេចក្ដីសុចរិត
អស់អ្នកដែលស្វែងរកព្រះអម្ចាស់អើយ
ចូរស្ដាប់យើង! ចូររំពឹងគិតថា
តើព្រះអង្គយកថ្មដាណាមកដាប់ធ្វើអ្នករាល់គ្នា
ព្រះអង្គយកដីឥដ្ឋណាមកសូនធ្វើអ្នករាល់គ្នា?
២ “ចូររំពឹងគិតពីអប្រាហាំ
ជាបុព្វបុរសរបស់អ្នករាល់គ្នា
និងសារ៉ាដែលបានបង្កើតអ្នករាល់គ្នា។
ពេលយើងហៅអប្រាហាំមក
គាត់នៅម្នាក់ឯង គ្មានកូនទេ។
យើងអោយពរគាត់ ហើយគាត់ក៏មានកូនចៅ
កើនចំនួនឡើងជាច្រើន”។
៣ មែនហើយ! ព្រះអម្ចាស់សំរាលទុក្ខ
ប្រជាជននៅក្រុងស៊ីយ៉ូន
ព្រះអង្គសំរាលទុក្ខក្រុងដែលខូចខ្ទេចខ្ទីអស់
គឺព្រះអង្គនឹងធ្វើអោយក្រុងដែលស្ងាត់ជ្រងំនេះ
បានដូចជាសួនអេដែន។
ព្រះអង្គនឹងធ្វើអោយដីហួតហែងនេះ
ប្រែទៅជាសួនឧទ្យានរបស់ព្រះអម្ចាស់។
ពេលនោះ នៅក្នុងក្រុងស៊ីយ៉ូន
នឹងមានឮសូរសំរែកសប្បាយរីករាយ
ព្រមទាំងមានបទចំរៀងអរព្រះគុណ
និងមានស្នូរតូរ្យតន្ត្រីឡើងវិញ។
៤ ប្រជាជនរបស់យើងអើយ
ចូរត្រងត្រាប់ស្ដាប់យើង!
ប្រជាជាតិរបស់យើងអើយ
ចូរផ្ទៀងត្រចៀកស្ដាប់យើង!
ដ្បិតយើងនឹងបង្កើតក្រឹត្យវិន័យ
យើងនឹងអោយការវិនិច្ឆ័យហូរចេញមក
ជាពន្លឺបំភ្លឺប្រជាជនទាំងឡាយ។
៥ សេចក្ដីសុចរិតរបស់យើងនៅជិតបង្កើយ
ការសង្គ្រោះរបស់យើងក៏ជិតមកដល់ដែរ
យើងនឹងគ្រប់គ្រងលើប្រជាជននានា
ដោយបារមីរបស់យើង
មនុស្សម្នានៅតាមកោះនឹងសង្ឃឹមលើយើង
ពួកគេនឹងទុកចិត្តលើបារមីរបស់យើង។
៦ ចូរងើបមុខឡើងសម្លឹងទៅលើមេឃ
រួចក្រឡេកមើលមកផែនដីនេះ
ផ្ទៃមេឃនឹងរសាត់បាត់ទៅដូចផ្សែង
ផែនដីនឹងរេចរឹលទៅដូចសម្លៀកបំពាក់
មនុស្សនៅលើផែនដីនឹងត្រូវវិនាសដូចសត្វល្អិត
តែការសង្គ្រោះរបស់យើងនៅស្ថិតស្ថេរ
អស់កល្បជានិច្ច
ហើយសេចក្ដីសុចរិតរបស់យើង
នឹងមិនសាបសូន្យឡើយ។
៧ អ្នករាល់គ្នាដែលស្គាល់សេចក្ដីសុចរិត
ប្រជាជនដែលគោរពក្រឹត្យវិន័យរបស់យើង
ដោយចិត្តស្មោះអើយ
ចូរនាំគ្នាស្ដាប់យើង!
មិនត្រូវខ្លាចមនុស្សលោកចំអកអោយឡើយ
ហើយក៏មិនត្រូវចុះចាញ់
ព្រោះតែគេបន្ទាបបន្ថោកអ្នករាល់គ្នាដែរ។
៨ ដ្បិតពួកគេនឹងត្រូវវិនាស
ដូចសម្លៀកបំពាក់ និងរោមចៀម
ត្រូវកណ្ដៀរស៊ីបំផ្លាញ
តែសេចក្ដីសុចរិត និងការសង្គ្រោះរបស់យើង
នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។
៩ ឱព្រះអម្ចាស់អើយ សូមក្រោកឡើង!
សូមក្រោកឡើង សំដែងព្រះបារមី!
សូមតើនឡើង ដូចនៅជំនាន់ដើម!
កាលពីបុរាណ ព្រះបារមីព្រះអង្គ
បានប្រហារស្រុកអេស៊ីប
និងចាក់ទម្លុះសត្វដ៏សំបើមនោះ។
១០ ព្រះអង្គបានធ្វើអោយសមុទ្ររីងស្ងួត
ព្រះអង្គបានធ្វើអោយមហាសាគរដ៏ជ្រៅ
ប្រែទៅជាផ្លូវ សំរាប់អស់អ្នកដែល
ព្រះអង្គបានលោះ ដើរឆ្លងកាត់។
១១ ពួកឈ្លើយសឹកដែលព្រះអម្ចាស់បានរំដោះ
នឹងដើរត្រឡប់មកស្រុកវិញ
ពួកគេមកដល់ក្រុងស៊ីយ៉ូន
ទាំងស្រែកហ៊ោយ៉ាងសប្បាយ។
ទឹកមុខរបស់ពួកគេពោរពេញដោយអំណរ
រកអ្វីប្រៀបស្មើពុំបាន
ពួកគេសប្បាយរីករាយឥតឧបមា
ដ្បិតទុក្ខព្រួយ និងសំរែកយំថ្ងូរ
លែងមានទៀតហើយ។
១២ ព្រះអម្ចាស់មានព្រះបន្ទូលថា:
គឺយើងនេះហើយដែលសំរាលទុក្ខអ្នករាល់គ្នា
ហេតុអ្វីបានជាអ្នកភ័យខ្លាច
មនុស្សដែលតែងតែស្លាប់?
មនុស្សលោក នឹងត្រូវវិនាសដូចស្មៅដែរ។
១៣ អ្នកភ្លេចព្រះអម្ចាស់ដែលបានបង្កើតអ្នក
គឺព្រះអង្គដែលបានលាតសន្ធឹងផ្ទៃមេឃ
និងចាក់គ្រឹះនៃផែនដី។
រៀងរាល់ថ្ងៃ អ្នកចេះតែភ័យញ័រនៅចំពោះមុខ
មនុស្សដែលសង្កត់សង្កិន
ហាក់ដូចជាគេមានកម្លាំងបំផ្លាញអ្នកបាន។
ពួកគេពុំអាចគំរាមកំហែងអ្នក
រហូតតទៅបានឡើយ។
១៤ បន្តិចទៀតអ្នកជាប់ឃុំឃាំងនឹងមានសេរីភាព
គេមិនត្រូវស្លាប់នៅក្នុងគុកនោះទេ
គេក៏មិនខ្វះម្ហូបអាហារបរិភោគដែរ។
១៥ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក
យើងធ្វើអោយសមុទ្រកក្រើក
ព្រមទាំងធ្វើអោយទឹករលកបក់បោក
យើងមាននាមថា ព្រះអម្ចាស់នៃពិភពទាំងមូល។
១៦ យើងធ្វើអោយមាត់អ្នកពោលពាក្យរបស់យើង
យើងលាតដៃធ្វើជាម្លប់ការពារអ្នក
ដោយលាតសន្ធឹងផ្ទៃមេឃ ចាក់គ្រឹះនៃផែនដី
ហើយពោលទៅកាន់អ្នកក្រុងថា
“អ្នកជាប្រជាជនរបស់យើង”។
១៧ យេរូសាឡឹមអើយ
ចូរភ្ញាក់រលឹក ចូរក្រោកឡើង!
អ្នកបានផឹកពីពែងនៃព្រះពិរោធដ៏ខ្លាំង
របស់ព្រះអម្ចាស់
អ្នកបានផឹកព្រះពិរោធពីពែងនេះ
រហូតដល់តំណក់ចុងក្រោយ
គឺរហូតដល់បាត់ស្មារតី!
១៨ ក្នុងចំណោមកូនចៅដែលកើតចេញពីអ្នកមក
គ្មាននរណាម្នាក់ដឹកនាំអ្នកសោះ
ក្នុងចំណោមកូនទាំងប៉ុន្មានដែលអ្នកចិញ្ចឹម
គ្មាននរណាម្នាក់ជួយឧបត្ថម្ភអ្នកវិញទេ។
១៩ ទុក្ខវេទនាពីរយ៉ាងបានកើតមាន
ចំពោះអ្នកផ្ទួនៗគ្នា
គឺអ្នកត្រូវហិនហោច និងខ្ទេចខ្ទី
ទុរ្ភិក្ស និងសង្គ្រាម
តែគ្មាននរណាអាណិតអាសូរអ្នក
គ្មាននរណាសំរាលទុក្ខអ្នកសោះ។
២០ កូនចៅរបស់អ្នកដួលដេកនៅតាមដងផ្លូវ
ពួកគេកំរើកលែងរួចដូចសត្វជាប់អន្ទាក់
ព្រោះព្រះអម្ចាស់ទ្រង់ព្រះពិរោធចំពោះពួកគេ
ព្រះរបស់អ្នកគំរាមកំហែងពួកគេ។
២១ ហេតុនេះក្រុងដែលរងទុក្ខវេទនាអើយ
ចូរស្ដាប់ចុះ!
អ្នកស្រវឹងតែមិនមែនស្រវឹងដោយផឹកស្រាទេ!
២២ ព្រះជាអម្ចាស់របស់អ្នក គឺព្រះដែលតែងតែ
រកយុត្តិធម៌អោយប្រជារាស្ត្ររបស់ព្រះអង្គ
ទ្រង់មានព្រះបន្ទូលថា:
យើងលែងអោយអ្នកផឹកពីពែង
ដែលបណ្ដាលអោយអ្នកបាត់ស្មារតី
អ្នកនឹងលែងផឹកពីពែងនៃកំហឹង
របស់យើងទៀតហើយ។
២៣ យើងនឹងអោយសត្រូវដែលធ្វើបាបអ្នក
ផឹកពីពែងនេះវិញ។
គឺពួកនោះដែលធ្លាប់ពោលមកអ្នកថា
“ក្រាបចុះ ទុកអោយយើងដើរលើខ្នងឯង!”
ពេលនោះ អ្នកក៏ក្រាបចុះ
ធ្វើដូចដី និងដូចផ្លូវដែលគេដើរជាន់។