២៨
លោក​យេរេមា​តទល់​នឹង​លោក​ហាណានា
១ ក្នុង​ឆ្នាំ​ដដែល នៅ​ដើម​រជ្ជកាល​ព្រះបាទ​សេដេគា​ជា​ស្ដេច​ស្រុក​យូដា គឺ​នៅ​ខែ​ទី​ប្រាំ​ក្នុង​ឆ្នាំ​ទី​បួន លោក​ហាណានា​ជា​កូន​របស់​លោក​អស៊ើរ ដែល​ជា​ព្យាការី​នៅ​ភូមិ​គីបៀន ពោល​មក​ខ្ញុំ​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ នៅ​ចំពោះ​មុខ​ក្រុម​បូជាចារ្យ និង​ប្រជាជន​ទាំង​មូល​ថា៖
២ «ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “យើង​នឹង​បំបាក់​នឹម​ស្ដេច​ស្រុក​បាប៊ីឡូន! ៣ ពីរ​ឆ្នាំ​ទៀត យើង​នឹង​នាំ​សម្ភារៈ​ទាំង​ប៉ុន្មាន​នៃ​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ដែល​នេប៊ូក្នេសា ជា​ស្ដេច​ស្រុក​បាប៊ីឡូន​បាន​ដឹក​ទៅ​នោះ យក​មក​ទុក​នៅ​កន្លែង​នេះ​វិញ។ ៤ យើង​ក៏​នាំ​យេកូនាស​ជា​បុត្រ​របស់​យេហូយ៉ាគីម ស្ដេច​ស្រុក​យូដា និង​អ្នក​ស្រុក​យូដា​ទាំង​ប៉ុន្មាន ដែល​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ​សឹក​នៅ​ស្រុក​បាប៊ីឡូន​នោះ​ត្រឡប់​មក​វិញ​ដែរ ដ្បិត​យើង​នឹង​បំបាក់​នឹម​របស់​ស្ដេច​ស្រុក​បាប៊ីឡូន”»។
៥ ព្យាការី​យេរេមា​បាន​តប​ទៅ​ព្យាការី​ហាណានា នៅ​ចំពោះ​មុខ​ក្រុម​បូជាចារ្យ និង​ប្រជាជន​ទាំង​មូល​ដែល​ស្ថិត​នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់​ថា៖ ៦ «អាម៉ែន! សូម​ព្រះអម្ចាស់​ធ្វើ​តាម​ពាក្យ​របស់​លោក! សូម​ព្រះអម្ចាស់ សំរេច​តាម​ពាក្យ​ដែល​លោក​ប្រកាស​នេះ​ចុះ! គឺ​សូម​ព្រះអង្គ​នាំ​សម្ភារៈ​របស់​ព្រះវិហារ និង​ប្រជាជន​ដែល​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ​សឹក​នោះ​មក​វិញ! ៧ ប៉ុន្តែ សូម​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​យក​មក​ជំរាប​លោក និង​ប្រជាជន​ទាំង​មូល អោយ​បាន​ជ្រាប​ដូច​ត​ទៅ: ៨ ព្យាការី​ទាំង​ប៉ុន្មាន​ដែល​រស់​នៅ​មុន​យើង​ទាំង​ពីរ​នាក់ បាន​ថ្លែង​ព្រះបន្ទូល​តាំង​ពី​យូរយារ​ណាស់​មក​ហើយ​ថា ប្រទេស និង​នគរ​ធំៗ​ជា​ច្រើន​ត្រូវ​កើត​សង្គ្រាម កើត​អន្តរាយ និង​កើត​ជំងឺ​អាសន្នរោគ។ ៩ ប្រសិន​បើ​មាន​ព្យាការី​ណា​ម្នាក់​ប្រកាស​ថា ស្រុក​បាន​សុខសាន្ត យើង​ដឹង​ថា ព្រះអម្ចាស់​ចាត់​ព្យាការី​នោះ​អោយ​មក​មែន លុះ​ត្រា​ណា​តែ​ស្រុក​បាន​សុខសាន្ត ដូច​ពាក្យ​គាត់​ប្រកាស»។
១០ ពេល​នោះ ព្យាការី​ហាណានា​បាន​ដោះ​នឹម​ចេញ​ពី​ស្មា​របស់​ព្យាការី​យេរេមា​មក​កាច់​បំបាក់ ១១ ហើយ​ពោល​នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​អស់​ដូច​ត​ទៅ៖ «ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា: ពីរ​ឆ្នាំ​ទៀត យើង​នឹង​បំបាក់​នឹម​របស់​នេប៊ូក្នេសា ជា​ស្ដេច​ស្រុក​បាប៊ីឡូន ហើយ​រំដោះ​ប្រជាជាតិ​ទាំង​អស់»។ ព្យាការី​យេរេមា​ក៏​ដើរ​ចេញ​ពី​កន្លែង​នោះ​ទៅ។
១២ បន្ទាប់​ពី​ព្យាការី​ហាណានា​បំបាក់​នឹម​ដែល​ស្ថិត​នៅ​លើ​ស្មា​របស់​ព្យាការី​យេរេមា ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​ព្យាការី​យេរេមា​ដូច​ត​ទៅ៖ ១៣ «ចូរ​ទៅ​ប្រាប់​ហាណានា​ថា: ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ​នេះ: អ្នក​បាន​បំបាក់​នឹម​ដែល​ធ្វើ​ពី​ឈើ តែ​យើង​នឹង​យក​នឹម​ដែក​មក​ដាក់​ជំនួស​វិញ។ ១៤ ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ថា យើង​ដាក់​នឹម​ដែក​លើ​ប្រជាជាតិ​ទាំង​នោះ ដើម្បី​បង្ក្រាប​ពួក​គេ​អោយ​នៅ​ក្រោម​អំណាច​នេប៊ូក្នេសា ជា​ស្ដេច​ស្រុក​បាប៊ីឡូន។ ប្រជាជាតិ​ទាំង​នោះ​នឹង​បំរើ​នេប៊ូក្នេសា សូម្បី​តែ​សត្វ​ព្រៃ​ក៏​យើង​ប្រគល់​អោយ​ស្ដេច​នោះ​ដែរ»។
១៥ បន្ទាប់​មក ព្យាការី​យេរេមា​មាន​ប្រសាសន៍​ទៅ​កាន់​ព្យាការី​ហាណានា​ថា៖ «លោក​ហាណានា​អើយ! សូម​ស្ដាប់​ខ្ញុំ​សិន! ព្រះអម្ចាស់​មិន​បាន​ចាត់​លោក​អោយ​មក​ទេ! លោក​នាំ​ប្រជាជន​នេះ​អោយ​សង្ឃឹម​លើ​ពាក្យ​មិន​ពិត។ ១៦ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា យើង​នឹង​បណ្ដេញ​អ្នក​អោយ​ចាក​ចេញ​ពី​ផែនដី! ឆ្នាំ​នេះ​អ្នក​ត្រូវ​តែ​ស្លាប់ ព្រោះ​អ្នក​បាន​ប្រកាស​អោយ​គេ​បះបោរ​ប្រឆាំង​នឹង​ព្រះអម្ចាស់»។ ១៧ ព្យាការី​ហាណានា​ក៏​ទទួល​មរណភាព​នៅ​ខែ​ទី​ប្រាំពីរ​នា​ឆ្នាំ​នោះ។