៤២
លោក​យេរេមា​ជំទាស់​នឹង​ជន​ជាតិ​យូដា​ដែល​ចង់​ភៀស​ខ្លួន​ទៅ​ស្រុក​អេស៊ីប
១ ពួក​មេទ័ព​ទាំង​អស់ លោក​យ៉ូហាណាន​ជា​កូន​របស់​លោក​ការ៉ា លោក​យេសានា​ជា​កូន​របស់​លោក​ហូសាយ៉ា និង​ប្រជាជន​ទាំង​មូល ចាប់​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ នាំ​គ្នា​ទៅ​ជួប​ព្យាការី​យេរេមា ២ ពោល​ថា៖ «សូម​អាណិត​មេត្តា​យើង​ខ្ញុំ ហើយ​ទូលអង្វរ​ព្រះអម្ចាស់​ជា​ព្រះ​របស់​លោក សូម​ព្រះអង្គ​ប្រណី​សន្ដោស​ដល់​យើង​ខ្ញុំ ដែល​នៅ​សេសសល់​ផង! ពី​មុន​យើង​មាន​គ្នា​ច្រើន តែ​ឥឡូវ​នេះ យើង​នៅ​សល់​តែ​បន្តិចបន្តួច ដូច​លោក​ឃើញ​ស្រាប់​ហើយ។ ៣ សូម​ព្រះអម្ចាស់ ជា​ព្រះ​របស់​លោក បង្ហាញ​អោយ​យើង​ខ្ញុំ​ស្គាល់​ផ្លូវ​ដែល​យើង​ខ្ញុំ​ត្រូវ​ដើរ និង​អំពើ​ដែល​យើង​ខ្ញុំ​ត្រូវ​ប្រព្រឹត្ត»។ ៤ ព្យាការី​យេរេមា​តប​ទៅ​ពួក​គេ​វិញ​ថា៖ «ខ្ញុំ​យល់​ព្រម​ហើយ ខ្ញុំ​នឹង​ទូលអង្វរ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា តាម​សំណូម​ពរ​របស់​អ្នក​រាល់​គ្នា រួច​ហើយ​ខ្ញុំ​នឹង​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង នូវ​ព្រះបន្ទូល​ទាំង​ប៉ុន្មាន​ដែល​ព្រះអម្ចាស់​ឆ្លើយ​មក​អ្នក​រាល់​គ្នា​វិញ ឥត​លាក់លៀម​ត្រង់​ណា​ឡើយ»។ ៥ ពួក​គេ​ពោល​មក​កាន់​លោក​យេរេមា​ថា៖ «សូម​ព្រះអម្ចាស់​ធ្វើ​ជា​សាក្សី​ដ៏​ពិត​ប្រាកដ និង​ដោយ​ស្មោះ​ត្រង់! ប្រសិន​បើ​យើង​ខ្ញុំ​មិន​ធ្វើ​តាម​ព្រះបន្ទូល​ទាំង​ប៉ុន្មាន​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​លោក​បង្គាប់​មក​យើង​ខ្ញុំ​តាម​រយៈ​លោក​ទេ​នោះ សូម​ព្រះអង្គ​ដាក់​ទោស​យើង​ខ្ញុំ​ចុះ! ៦ យើង​ខ្ញុំ​បាន​សូម​អោយ​លោក​ទូលអង្វរ​ព្រះអម្ចាស់ ជា​ព្រះ​របស់​យើង។ យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ ទោះ​បី​យើង​ខ្ញុំ​ពេញ​ចិត្ត ឬ​មិន​ពេញ​ចិត្ត​ក្ដី។ ដូច្នេះ យើង​ខ្ញុំ​នឹង​មាន​សេចក្ដី​សុខ​ដោយ​ធ្វើ​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ»។
៧ ដប់​ថ្ងៃ​កន្លង​មក ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​យេរេមា ៨ ហើយ​លោក​ក៏​ហៅ​លោក​យ៉ូហាណាន និង​ពួក​មេទ័ព​ទាំង​អស់​ដែល​នៅ​ជា​មួយ​គាត់ ព្រម​ទាំង​ប្រជាជន​ទាំង​មូល តាំង​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ។ ៩ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​បាន​ចាត់​ខ្ញុំ​អោយ​ទូលអង្វរ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ព្រះអង្គ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ:
១០ ប្រសិន​បើ​អ្នក​រាល់​គ្នា​រស់​នៅ​ក្នុង​ស្រុក​នេះ
ត​ទៅ​ទៀត
យើង​នឹង​បណ្ដុះ​បណ្ដាល​អ្នក​រាល់​គ្នា
គឺ​យើង​មិន​បំផ្លាញ​អ្នក​រាល់​គ្នា​ទេ។
យើង​នឹង​ដាំ​អ្នក​រាល់​គ្នា
គឺ​យើង​មិន​ដក​អ្នក​រាល់​គ្នា​ទៀត​ឡើយ។
យើង​នឹង​នឹក​ស្ដាយ
ដោយ​បាន​ដាក់​ទោស​អ្នក​រាល់​គ្នា។
១១ កុំ​ខ្លាច​ស្ដេច​ស្រុក​បាប៊ីឡូន
ដូច​អ្នក​រាល់​គ្នា​កំពុង​តែ​ខ្លាច​នេះ​ធ្វើ​អ្វី
កុំ​ខ្លាច​អោយ​សោះ
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់-
ដ្បិត​យើង​ស្ថិត​នៅ​ជា​មួយ​អ្នក​រាល់​គ្នា
ដើម្បី​សង្គ្រោះ និង​រំដោះ​អ្នក​រាល់​គ្នា
អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​នោះ។
១២ យើង​នឹង​ធ្វើ​អោយ​ស្ដេច​ស្រុក​បាប៊ីឡូន
អាណិត​មេត្តា​ដល់​អ្នក​រាល់​គ្នា
ហើយ​ស្ដេច​នោះ​ក៏​អាណិត​មេត្តា​អ្នក​រាល់​គ្នា
ព្រម​ទាំង​អោយ​អ្នក​រាល់​គ្នា​វិល​មក
រស់​នៅ​លើ​ទឹក​ដី​របស់​អ្នក​រាល់​គ្នា​វិញ។
១៣ ផ្ទុយ​ទៅ​វិញ​ប្រសិន​បើ​អ្នក​រាល់​គ្នា​ពោល​ថា “យើង​ខ្ញុំ​មិន​ចង់​រស់​នៅ​ក្នុង​ស្រុក​នេះ​ទេ!” គឺ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ១៤ ហើយ​ប្រសិន​បើ​អ្នក​រាល់​គ្នា​ពោល​ថា “យើង​ខ្ញុំ​នឹង​ទៅ​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប ដើម្បី​កុំ​អោយ​ឃើញ​សង្គ្រាម កុំ​អោយ​ឮ​សំឡេង​ត្រែ កុំ​អោយ​ខ្វះ​អាហារ​បរិភោគ!” ១៥ ជន​ជាតិ​យូដា​ដែល​នៅ​សេសសល់​អើយ បើ​អ្នក​រាល់​គ្នា​គិត​ដូច្នោះ​មែន ចូរ​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់! ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ថា:
ប្រសិន​បើ​អ្នក​រាល់​គ្នា​សំរេច​ចិត្ត
ភៀស​ខ្លួន​ទៅ​រស់​នៅ​ស្រុក​អេស៊ីប​មែន​នោះ
១៦ មុខ​ដាវ​ដែល​អ្នក​រាល់​គ្នា​ខ្លាច
នឹង​ទៅ​តាម​អ្នក​រាល់​គ្នា​នៅ​ស្រុក​អេស៊ីប
ទុរ្ភិក្ស​ដែល​អ្នក​រាល់​គ្នា​នឹក​បារម្ភ
នឹង​តាម​អ្នក​រាល់​គ្នា​ជាប់ រហូត​ដល់​ស្រុក​អេស៊ីប
ហើយ​អ្នក​រាល់​គ្នា​នឹង​ស្លាប់​នៅ​ទី​នោះ។
១៧ អស់​អ្នក​ដែល​សំរេច​ចិត្ត​ភៀស​ខ្លួន
ទៅ​រស់​នៅ​ស្រុក​អេស៊ីប
មុខ​ជា​ត្រូវ​ស្លាប់ ដោយ​មុខ​ដាវ
ដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​អាសន្នរោគ
គឺ​គ្មាន​នរណា​ម្នាក់​រួច​ជីវិត
ឬ​គេច​ផុត​ពី​គ្រោះ​កាច​ដែល​យើង​នឹង
ធ្វើ​អោយ​កើត​មាន​ដល់​ពួក​គេ​ឡើយ។
១៨ ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ថា: ប្រសិន​បើ​អ្នក​រាល់​គ្នា​ទៅ​ស្រុក​អេស៊ីប យើង​នឹង​ជះ​កំហឹង​ដ៏​ខ្លាំងក្លា​របស់​យើង​ទៅ​លើ​អ្នក​រាល់​គ្នា ដូច​យើង​បាន​ជះ​ទៅ​លើ​អ្នក​ក្រុង​យេរូសាឡឹម​ដែរ។ ប្រជាជាតិ​ទាំងឡាយ​យក​ឈ្មោះ​អ្នក​រាល់​គ្នា​ទៅ​ដាក់​បណ្ដាសា​ជេរ​ប្រមាថ និង​ចំអកឡកឡឺយ​អោយ​គ្នា អ្នក​រាល់​គ្នា​ពុំ​បាន​ឃើញ​ទឹក​ដី​នេះ​វិញ​ឡើយ។ ១៩ ជន​ជាតិ​យូដា​ដែល​នៅ​សេសសល់​អើយ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​អ្នក​រាល់​គ្នា​ថា កុំ​ទៅ​ស្រុក​អេស៊ីប​ឡើយ! ចូរ​ដឹង​អោយ​ច្បាស់​ថា ថ្ងៃ​នេះ​ខ្ញុំ​និយាយ​យ៉ាង​ដាច់អហង្ការ​ជា​មួយ​អ្នក​រាល់​គ្នា។ ២០ អ្នក​រាល់​គ្នា​ប្រថុយ​ជីវិត ដោយ​ចាត់​ខ្ញុំ​អោយ​ទូលអង្វរ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ទាំង​ពោល​ថា “សូម​ទូលអង្វរ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​អោយ​យើង​ខ្ញុំ​ផង អ្វីៗ​ដែល​ព្រះអម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​មាន​ព្រះបន្ទូល សូម​ប្រាប់​យើង​ខ្ញុំ​មក យើង​ខ្ញុំ​នឹង​ធ្វើ​តាម​ទាំង​អស់”។ ២១ ខ្ញុំ​ក៏​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​នៅ​ថ្ងៃ​នេះ តែ​អ្នក​រាល់​គ្នា​ពុំ​ព្រម​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ហើយ​ក៏​ពុំ​ស្ដាប់​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​បង្គាប់​អោយ​ខ្ញុំ​នាំ​មក​ប្រាប់​អ្នក​រាល់​គ្នា​ដែរ។ ២២ ឥឡូវ​នេះ ចូរ​ដឹង​អោយ​ច្បាស់​ថា អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស ឬ​ដោយ​ជំងឺ​អាសន្នរោគ ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ចង់​ទៅ​រស់​នៅ»។