១៣
ព្រះយេស៊ូលាងជើងពួកសិស្ស
១ នៅមុនថ្ងៃបុណ្យចម្លង* ព្រះយេស៊ូជ្រាបថា ដល់ពេលកំណត់ដែលព្រះអង្គត្រូវឆ្លងពីលោកនេះ ឆ្ពោះទៅព្រះបិតាហើយ។ ដោយព្រះអង្គស្រឡាញ់សិស្សរបស់ព្រះអង្គដែលរស់នៅក្នុងលោកនេះ ទ្រង់ក៏ស្រឡាញ់គេរហូតដល់ទីបំផុត។ ២ ពេលនោះ ព្រះយេស៊ូ និងពួកសិស្សកំពុងបរិភោគអាហារ មារសាតាំង*បានធ្វើអោយយូដាសអ៊ីស្ការីយ៉ុតជាកូនលោកស៊ីម៉ូន មានគំនិតនាំគេមកចាប់ព្រះអង្គ។ ៣ ព្រះយេស៊ូជ្រាបថា ព្រះបិតាបានប្រគល់អ្វីៗទាំងអស់មកក្រោមអំណាចព្រះអង្គ ហើយជ្រាបថា ព្រះអង្គយាងមកពីព្រះជាម្ចាស់ និងយាងទៅឯព្រះជាម្ចាស់វិញ។ ៤ ព្រះអង្គក្រោកឡើង ដោះព្រះពស្ដ្រចេញ យកក្រមាមកក្រវាត់ចង្កេះ។ ៥ បន្ទាប់មក ព្រះអង្គចាក់ទឹកក្នុងផើងមួយ រួចចាប់ផ្ដើមលាងជើងពួកសិស្ស ព្រមទាំងយកក្រមាពីចង្កេះមកជូតផង។ ៦ ពេលព្រះអង្គហៀបនឹងលាងជើងអោយលោកស៊ីម៉ូនពេត្រុស លោកទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ មិនសមនឹងព្រះអង្គលាងជើងអោយទូលបង្គំសោះ!»។ ៧ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ពេលនេះ អ្នកមិនទាន់ដឹងថា ខ្ញុំកំពុងធ្វើអ្វីឡើយ ថ្ងៃក្រោយអ្នកមុខតែយល់ជាមិនខាន»។ ៨ លោកពេត្រុសទូលព្រះអង្គថា៖ «ទេ ព្រះអង្គមិនត្រូវលាងជើងទូលបង្គំជាដាច់ខាត!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ប្រសិនបើខ្ញុំមិនលាងជើងអ្នកទេ នោះអ្នកមិនអាចរួមជាមួយខ្ញុំតទៅទៀតបានឡើយ»។ ៩ លោកស៊ីម៉ូនក៏ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ បើដូច្នេះ សូមកុំលាងតែជើងប៉ុណ្ណោះ សូមលាងទាំងដៃ ទាំងក្បាលផង»។ ១០ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកដែលបានងូតទឹករួច មិនបាច់លាងខ្លួនទេ គឺលាងតែជើង ដ្បិតខ្លួនគេស្អាតបរិសុទ្ធ*ទាំងមូលហើយ។ អ្នករាល់គ្នាបានស្អាតបរិសុទ្ធ តែមិនមែនគ្រប់គ្នាទេ»។ ១១ ព្រះអង្គមានព្រះបន្ទូលថា “អ្នករាល់គ្នាមិនមែនបរិសុទ្ធគ្រប់គ្នា”ដូច្នេះ មកពីព្រះអង្គជ្រាបអំពីអ្នកដែលហៀបនឹងនាំគេមកចាប់ព្រះអង្គ។
១២ កាលព្រះយេស៊ូលាងជើងអោយគេរួចហើយ ព្រះអង្គស្លៀកពាក់ឡើងវិញ យាងមកតុទាំងមានព្រះបន្ទូលសួរទៅគេថា៖ «តើអ្នករាល់គ្នាយល់អំពីកិច្ចការដែលខ្ញុំបានធ្វើ ចំពោះអ្នករាល់គ្នានេះឬទេ? ១៣ អ្នករាល់គ្នាហៅខ្ញុំថា ព្រះគ្រូ និងព្រះអម្ចាស់ នោះត្រូវមែន គឺខ្ញុំហ្នឹងហើយ!។ ១៤ បើខ្ញុំជាព្រះអម្ចាស់ និងជាព្រះគ្រូបានលាងជើងអោយអ្នករាល់គ្នាទៅហើយ អ្នករាល់គ្នាក៏ត្រូវតែលាងជើងអោយគ្នាទៅវិញទៅមកដែរ។ ១៥ ខ្ញុំបានធ្វើជាគំរូអោយអ្នករាល់គ្នាប្រព្រឹត្ត ដូចខ្ញុំបានប្រព្រឹត្តដល់អ្នករាល់គ្នា។ ១៦ ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកបំរើមិនដែលធំជាងម្ចាស់ឡើយ រីឯអ្នកដែលគេចាត់អោយទៅក៏មិនដែលធំជាងអ្នកចាត់ខ្លួនអោយទៅនោះដែរ។ ១៧ ប្រសិនបើអ្នករាល់គ្នាដឹងសេចក្ដីនេះហើយប្រតិបត្តិតាម អ្នករាល់គ្នាមុខជាមានសុភមង្គលមិនខាន។ ១៨ ខ្ញុំនិយាយដូច្នេះ មិនមែនសំដៅលើអ្នកទាំងអស់គ្នាទេ ដ្បិតខ្ញុំស្គាល់អស់អ្នកដែលខ្ញុំបានជ្រើសរើស តែខ្ញុំនិយាយនេះ ដើម្បីអោយបានស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរថាៈ “អ្នកបរិភោគអាហារជាមួយខ្ញុំ បានប្រឆាំងនឹងខ្ញុំ”។ ១៩ ខ្ញុំនិយាយប្រាប់អ្នករាល់គ្នា ពីឥឡូវនេះ អោយហើយមុនការណ៍ទាំងនោះកើតមាន។ កាលណាការណ៍ទាំងនោះមកដល់ អ្នករាល់គ្នានឹងជឿថា ខ្ញុំពិតជាព្រះជាម្ចាស់មែន។ ២០ ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាទទួលអ្នកដែលខ្ញុំនឹងចាត់អោយទៅ ក៏ដូចជាទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ ក៏ដូចជាទទួលព្រះអង្គដែលបានចាត់ខ្ញុំអោយមកនោះដែរ»។
ព្រះយេស៊ូប្រកាសអំពីយូដាសក្បត់ព្រះអង្គ
(មថ.២៦:២០-២៥ មក.១៤:១៧-២១ លក.២២.២១-២៣)
២១ កាល ព្រះយេស៊ូមានព្រះបន្ទូលដូច្នេះហើយ ព្រះអង្គរន្ធត់ព្រះហឫទ័យក្រៃលែង ទ្រង់មានព្រះបន្ទូលបញ្ជាក់ទៀតថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់នឹងនាំគេមកចាប់ខ្ញុំ»។
២២ ពួកសិស្ស*ងាកមើលមុខគ្នាទៅវិញទៅមក មិនដឹងថាព្រះអង្គមានព្រះបន្ទូលពីនរណា។ ២៣ សិស្សម្នាក់ដែលព្រះយេស៊ូស្រឡាញ់អង្គុយក្បែរព្រះអង្គ។ ២៤ លោកស៊ីម៉ូនពេត្រុសធ្វើសញ្ញាអោយគាត់សួរព្រះយេស៊ូថា ព្រះអង្គមានព្រះបន្ទូលពីនរណា។ ២៥ សិស្សនោះក៏អោនទៅជិតព្រះឱរាព្រះយេស៊ូទូលសួរថា៖ «បពិត្រព្រះអម្ចាស់ តើនរណាមួយ?»។ ២៦ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់ថា៖ «ខ្ញុំជ្រលក់នំបុ័ងមួយដុំហុចទៅអោយអ្នកណា គឺអ្នកនោះហើយ»។ ព្រះអង្គជ្រលក់នំបុ័ងមួយដុំ ហុចទៅអោយយូដាសអ៊ីស្ការីយ៉ុតជាកូនរបស់លោកស៊ីម៉ូន។ ២៧ ពេលយូដាសទទួលដុំនំបុ័ងនោះ មារសាតាំង*ក៏ចូលក្នុងចិត្តគាត់។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «កិច្ចការដែលអ្នកត្រូវធ្វើ ចូរធ្វើអោយឆាប់ៗទៅ!»។ ២៨ ក្នុងបណ្ដាអស់អ្នកដែលនៅរួមតុ គ្មាននរណាម្នាក់យល់ថា ហេតុអ្វីបានជាព្រះអង្គមានព្រះបន្ទូលដូច្នេះឡើយ។ ២៩ ដោយយូដាសកាន់ថង់ប្រាក់ អ្នកខ្លះនឹកស្មានថា ព្រះយេស៊ូប្រើគាត់អោយទៅទិញរបស់របរសំរាប់ពិធីបុណ្យ ឬអោយយកប្រាក់ទៅចែកដល់ជនក្រីក្រ។ ៣០ យូដាសទទួលយកដុំនំបុ័ង រួចចេញទៅភ្លាម ពេលនោះ យប់ងងឹតហើយ។
បទបញ្ជាថ្មី
៣១ លុះយូដាសចេញផុតទៅ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ឥឡូវនេះ បុត្រមនុស្សបានសំដែងសិរីរុងរឿងហើយ ហើយព្រះជាម្ចាស់ក៏បានសំដែងសិរីរុងរឿងក្នុងបុត្រមនុស្សដែរ។ ៣២ បើព្រះជាម្ចាស់បានសំដែងសិរីរុងរឿងក្នុងបុត្រមនុស្ស ព្រះអង្គក៏នឹងសំដែងសិរីរុងរឿងរបស់បុត្រមនុស្ស ក្នុងព្រះអង្គផ្ទាល់ដែរ! ហើយព្រះអង្គនឹងសំដែងសិរីរុងរឿងរបស់បុត្រមនុស្សក្នុងពេលឆាប់ៗខាងមុខនេះ។
៣៣ ម្នាលកូនចៅអើយ ខ្ញុំនៅជាមួយអ្នករាល់គ្នាតែមួយរយៈពេលដ៏ខ្លីទៀត។ អ្នករាល់គ្នានឹងតាមរកខ្ញុំ ប៉ុន្តែ ឥឡូវនេះ ខ្ញុំសុំប្រាប់អ្នករាល់គ្នាដូចខ្ញុំបានប្រាប់ជនជាតិយូដាមកហើយដែរថា អ្នករាល់គ្នាពុំអាចទៅកន្លែងដែលខ្ញុំទៅនោះបានឡើយ។ ៣៤ ខ្ញុំអោយបទបញ្ជាថ្មីដល់អ្នករាល់គ្នា គឺត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ អ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ ៣៥ បើអ្នកស្រឡាញ់គ្នាទៅវិញទៅមក មនុស្សទាំងអស់មុខជាដឹងថា អ្នករាល់គ្នាពិតជាសិស្ស*របស់ខ្ញុំមែន»។
ព្រះយេស៊ូមានព្រះបន្ទូលអំពីលោកពេត្រុសបដិសេធ មិនទទួលស្គាល់ព្រះអង្គ
(មថ.២៦:៣១-៣៥ មក.១៤:២៧-៣១ យហ.២២.៣១-៣៤)
៣៦ លោកស៊ីម៉ូនពេត្រុស ទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ តើព្រះអង្គយាងទៅណា?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «កន្លែងដែលខ្ញុំទៅ អ្នកមិនអាចទៅតាមខ្ញុំនៅពេលនេះបានទេ ថ្ងៃក្រោយទើបអ្នកទៅបាន»។ ៣៧ លោកពេត្រុសទូលព្រះអង្គទៀតថា៖ «បពិត្រព្រះអម្ចាស់ ហេតុដូចម្ដេចបានជាទូលបង្គំមិនអាចទៅតាមព្រះអង្គឥឡូវនេះ? ទូលបង្គំសុខចិត្តស៊ូប្ដូរជីវិតសំរាប់ព្រះអង្គ»។ ៣៨ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកសុខចិត្តស៊ូប្ដូរជីវិតសំរាប់ខ្ញុំមែន! តែខ្ញុំសុំប្រាប់អោយអ្នកដឹងច្បាស់ថា មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។