១៤
ស្ថានភាពដ៏លំបាករបស់មនុស្សលោក
១ មនុស្សដែលកើតពីស្ត្រីរមែងមានអាយុខ្លី
ហើយមានពោរពេញដោយទុក្ខកង្វល់។
២ គេលូតឡើងដូចផ្កា ហើយត្រូវកាត់ចោល
គេវិនាសបាត់ទៅដូចស្រមោល
គឺមិននៅស្ថិតស្ថេរឡើយ។
៣ ក៏ប៉ុន្តែ ព្រះអង្គទតមើលមក
មនុស្សលោកដូចទូលបង្គំនេះ
ហើយព្រះអង្គនាំទូលបង្គំយកទៅកាត់ក្ដី!
៤ គ្មាននរណាម្នាក់អាចយកអ្វីដ៏បរិសុទ្ធ
ចេញពីមនុស្សមិនបរិសុទ្ធបានឡើយ។
៥ ព្រះអង្គកំណត់ចំនួនថ្ងៃនៃអាយុជីវិតរបស់គេ
និងចំនួនខែដែលគេត្រូវរស់
ព្រះអង្គកំណត់ចុងបញ្ចប់អោយគេ
ដែលគេពុំអាចឆ្លងផុតជាដាច់ខាត។
៦ សូមព្រះអង្គងាកព្រះភក្ត្រចេញពីមនុស្សទៅ
ដើម្បីអោយគេបានសំរាក
ហើយអោយគេបានសប្បាយដូចកម្មករ
ទទួលប្រាក់ឈ្នួលប្រចាំថ្ងៃរបស់ខ្លួន។
៧ ដើមឈើតែងតែមានសង្ឃឹមជានិច្ច
ទោះបីគេកាប់វាចោល ក៏វានៅតែដុះឡើងវិញ
គឺវាមិនខ្វះពន្លកចេញពីគល់ទេ។
៨ ទោះបីឫសរបស់វាកាន់តែចាស់នៅក្នុងដី
ទោះបីគល់របស់វាងាប់នៅក្នុងធូលីដីក្ដី
៩ នៅពេលមានទឹក វាក៏លូតលាស់ឡើងវិញ
ហើយបែកមែកដូចកូនឈើមួយដែរ។
១០ រីឯមនុស្សវិញគេបាត់បង់កម្លាំង ហើយស្លាប់
គេរលត់វិញ្ញាណ មិនដឹងជាទៅទីណាឡើយ។
១១ ទឹកសមុទ្រអាចស្រកចុះ
ហើយស្ទឹងក៏អាចរីងស្ងួតដែរ
១២ រីឯមនុស្សលោកវិញ កាលណាគេស្លាប់ហើយ
គេមិនអាចក្រោកឡើងវិញបានទេ
សូម្បីតែផ្ទៃមេឃរលាយ ក៏គេមិនភ្ញាក់ដែរ
គឺគេនឹងដេកលក់ ឥតក្រោកឡើងវិញឡើយ។
១៣ សូមព្រះអង្គមេត្តាអោយទូលបង្គំជ្រក
នៅក្នុងស្ថានមនុស្សស្លាប់
សូមលាក់ទូលបង្គំនៅទីនោះ
រហូតដល់ព្រះអង្គស្ងប់ព្រះពិរោធ
ហើយសូមកំណត់ពេលមួយ
ដែលព្រះអង្គនឹកចាំពីទូលបង្គំឡើងវិញ។
១៤ ប្រសិនបើមនុស្សដែលស្លាប់ទៅហើយ
អាចរស់ឡើងវិញបាន
នោះទូលបង្គំនឹងនៅរង់ចាំគ្រប់ពេលវេលា
រហូតដល់ចុងបញ្ចប់នៃជីវិតដ៏វេទនានេះ។
១៥ ពេលនោះ ព្រះអង្គហៅទូលបង្គំ
ទូលបង្គំនឹងឆ្លើយទៅព្រះអង្គវិញ
ហើយព្រះអង្គមុខជារីករាយនឹងទូលបង្គំ
ដែលជាស្នាព្រះហស្ដរបស់ព្រះអង្គ។
១៦ នៅពេលនោះ ព្រះអង្គមើលថែទាំជំហានរបស់ទូលបង្គំ
ហើយមិនគិតគូរពីអំពើបាបរបស់ទូលបង្គំទេ។
១៧ ព្រះអង្គនឹងបំភ្លេចចោលនូវកំហុសរបស់ទូលបង្គំ
ហើយគ្របបាំងអំពើទុច្ចរិតរបស់ទូលបង្គំ។
១៨ ក៏ប៉ុន្តែ ភ្នំត្រូវរង្គើ រួចរលំ
រីឯផ្ទាំងសិលាកក្រើកចេញពីកន្លែងរបស់វា
១៩ ទឹកធ្វើអោយថ្មសឹក
ហើយទឹកហូរនាំយកដីទៅយ៉ាងណា
ព្រះអង្គក៏ធ្វើអោយសេចក្ដីសង្ឃឹម
របស់មនុស្សលោក រលាយយ៉ាងនោះដែរ។
២០ ព្រះអង្គមានប្រៀបលើគេជានិច្ច
រួចធ្វើអោយគេក៏វិនាសសូន្យទៅ
ព្រះអង្គបំផ្លាស់បំប្រែផ្ទៃមុខរបស់គេ
ហើយដេញគេទៅឆ្ងាយពីព្រះអង្គ។
២១ កូនចៅរបស់គេទទួលកិត្តិយស គេពុំដឹង
កូនចៅរបស់គេបាត់បង់កិត្តិយស
ក៏គេមិនឃើញដែរ ២២ គឺគេដឹងតែពីការឈឺចាប់នៅក្នុងរូបកាយ
ហើយរងទុក្ខនៅក្នុងចិត្តតែម្នាក់ឯង»។