២៩
លោកយ៉ូបរំលឹកពីគ្រាដែលលោកបានរុងរឿង
១ លោកយ៉ូបរៀបរាប់សាជាថ្មីដូចតទៅ៖
២ «ខ្ញុំប្រាថ្នាអោយបានដូចកាលពីមុន
គឺនៅគ្រាដែលព្រះជាម្ចាស់មើលថែទាំខ្ញុំ
៣ នៅគ្រាដែលចង្កៀងរបស់ព្រះអង្គបំភ្លឺខ្ញុំ
ហើយពន្លឺរបស់ព្រះអង្គនាំខ្ញុំ
អោយដើរកាត់ភាពងងឹត។
៤ ពេលដែលខ្ញុំកំពុងតែចំរុងចំរើននោះ
ព្រះជាម្ចាស់ជាមិត្តសម្លាញ់របស់ខ្ញុំ
ព្រះអង្គជួយការពារក្រុមគ្រួសាររបស់ខ្ញុំ។
៥ ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
គង់នៅជាមួយខ្ញុំ
ហើយកូនចៅរបស់ខ្ញុំក៏នៅជុំវិញខ្ញុំដែរ។
៦ ហ្វូងសត្វរបស់ខ្ញុំផ្ដល់ទឹកដោះអោយខ្ញុំ
យ៉ាងបរិបូណ៌
ចំការអូលីវរបស់ខ្ញុំ
ផ្ដល់ប្រេងដ៏ច្រើនហូរហៀរមកខ្ញុំ។
៧ ពេលខ្ញុំចេញទៅមាត់ទ្វារក្រុង
អង្គុយកាត់ក្ដីក្នុងចំណោមពួកព្រឹទ្ធាចារ្យ
៨ ពួកយុវជនឃើញខ្ញុំ គេនាំគ្នាដកខ្លួនថយ
ពួកចាស់ទុំនាំគ្នាក្រោកឈរ។
៩ ពួកមេដឹកនាំឈប់និយាយ
យកដៃខ្ទប់មាត់ ហើយនៅស្ងៀម
១០ ពួកអភិជនក៏នៅស្ងៀមស្ងាត់
មិនហ៊ាននិយាយស្ដីទេ។
១១ ពេលមនុស្សម្នាឮខ្ញុំនិយាយ គេអោយពរខ្ញុំ
ពេលគេឃើញខ្ញុំ គេពោលសរសើរខ្ញុំ
១២ ដ្បិតពេលមនុស្សវេទនាស្រែកអង្វរ
ខ្ញុំជួយយកអាសាគេ
ហើយខ្ញុំក៏បានជួយក្មេងកំព្រា គ្មានទីពឹងដែរ។
១៣ អ្នកដែលហៀបនឹងស្លាប់ តែងអោយពរខ្ញុំ
ហើយខ្ញុំបានលើកទឹកចិត្តស្ត្រីមេម៉ាយ
អោយមានអំណរសប្បាយ។
១៤ សេចក្ដីសុចរិតនៅជាប់ជាមួយខ្ញុំ
ប្រៀបដូចជាសម្លៀកបំពាក់បិទបាំងកាយខ្ញុំ
ហើយយុត្តិធម៌ក៏ប្រៀបដូចជាអាវធំ
និងឆ្នួតក្បាលរបស់ខ្ញុំដែរ។
១៥ ខ្ញុំធ្វើជាភ្នែករបស់មនុស្សខ្វាក់
និងជាជើងរបស់មនុស្សខ្វិន។
១៦ ខ្ញុំធ្វើជាឪពុករបស់ជនក្រីក្រ
ហើយជួយរកខុសត្រូវអោយមនុស្ស
ដែលខ្ញុំពុំស្គាល់ផង។
១៧ ខ្ញុំបំបាក់ថ្គាមរបស់មនុស្សទុច្ចរិត
ដណ្ដើមយកជនរងគ្រោះពីចង្កូមរបស់គេ។
១៨ ពេលនោះ ខ្ញុំគិតថា ខ្ញុំមុខជាមានអាយុវែង
ហើយខ្ញុំនឹងស្លាប់ក្នុងទីលំនៅដ៏កក់ក្ដៅរបស់ខ្ញុំ។
១៩ ខ្ញុំប្រៀបដូចជាដើមឈើ
ដែលមានឫសចាក់ទៅរកទឹក
ហើយនៅពេលយប់ មានសន្សើមធ្លាក់
មកលើមែក។
២០ ខ្ញុំនឹងទទួលកិត្តិយសមិនចេះចប់
កម្លាំងរបស់ខ្ញុំចេះតែចំរើនឡើងសាជាថ្មី
ដូចខ្សែធ្នូដែលគេរឹតយ៉ាងតឹង។
២១ មនុស្សម្នាត្រងត្រាប់ស្ដាប់ពាក្យខ្ញុំ
ពេលខ្ញុំផ្ដល់យោបល់ គេនៅស្ងៀមស្ងាត់។
២២ អ្វីៗដែលខ្ញុំនិយាយផុតទៅហើយនោះ
គ្មាននរណាប្រកែកតវ៉ាទេ
តែពួកគេទទួលយកទាំងអស់គ្នា។
២៣ ពួកគេរង់ចាំខ្ញុំ ដូចរង់ចាំទឹកភ្លៀង
គឺដូចអ្នកស្រែទន្ទឹងរង់ចាំភ្លៀងចុងរដូវ។
២៤ ពេលខ្ញុំញញឹមដាក់ពួកគេ
ពួកគេរកជឿមិនបាន។
ពួកគេរង់ចាំខ្ញុំសំដែងចិត្តមេត្តាករុណាចំពោះពួកគេ។
២៥ ខ្ញុំសុខចិត្តធ្វើជាមេដឹកនាំរបស់ពួកគេ
ខ្ញុំនឹងបង្ហាញផ្លូវពួកគេ
ហើយខ្ញុំស្ថិតនៅជាមួយពួកគេ
ដូចស្ដេចស្ថិតនៅជាមួយកងពលរបស់ខ្លួន
និងដូចមនុស្សម្នាក់លើកទឹកចិត្ត
អស់អ្នកដែលកើតទុក្ខ។