៣១
លោក​យ៉ូប​ប្រកាស​ខ្លួន​លោក​ថា​ជា​មនុស្ស​ស្លូត​ត្រង់
១ ខ្ញុំ​បាន​សន្យា​យ៉ាង​ម៉ឺងម៉ាត់​ថា
ខ្ញុំ​នឹង​មិន​សម្លឹង​មើល​ទៅ
ស្ត្រី​ក្រមុំ​ណា​ម្នាក់
ដោយ​ចិត្ត​ស្រើបស្រាល​ឡើយ។
២ ដូច្នេះ តើ​ព្រះជាម្ចាស់​នឹង​បម្រុង​រង្វាន់​អ្វី
ពី​ស្ថាន​លើ​ទុក​សំរាប់​ខ្ញុំ
តើ​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត
នឹង​ប្រទាន​មត៌ក​អ្វី​ដល់​ខ្ញុំ​នៅ​ស្ថាន​បរមសុខ?
៣ មនុស្ស​ទុច្ចរិត​រមែង​ជួប​ទុក្ខ​វេទនា
អស់​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់​រមែង​អន្តរាយ។
៤ ព្រះជាម្ចាស់​ជ្រាប​គ្រប់​ផ្លូវ​ដែល​ខ្ញុំ​ដើរ
ហើយ​ព្រះអង្គ​រាប់​ជំហាន​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ។
៥ ខ្ញុំ​ពុំ​ដែល​បោក​ប្រាស់​គេ
ឬ​ក៏​ប្រើ​ល្បិច​កិច្ចកល​ចំពោះ​នរណា​ដែរ។
៦ សូម​ព្រះជាម្ចាស់​ថ្លឹង​ខ្ញុំ​នៅ​លើ​ជញ្ជីង​ដ៏​ត្រឹម​ត្រូវ​ចុះ
នោះ​ព្រះអង្គ​នឹង​ឃើញ​ថា ខ្ញុំ​គ្មាន​កំហុស​អ្វី​ទេ។
៧ ប្រសិន​បើ​ជើង​ខ្ញុំ​ងាក​ចេញ​ពី​មាគ៌ា​ត្រឹម​ត្រូវ
ប្រសិន​បើ​ចិត្ត​ខ្ញុំ​បណ្ដោយ​អោយ​ភ្នែក​អូស​ទាញ
ប្រសិន​បើ​មាន​អំពើ​សៅហ្មង​ណា​មួយ
នៅ​ជាប់​នឹង​ដៃ​របស់​ខ្ញុំ
៨ នោះ​ពេល​ខ្ញុំ​សាប​ព្រោះ​អ្វី
សូម​អោយ​អ្នក​ផ្សេង​មក​ទទួល​យក​ផល
ហើយ​រំលើង​ដំណាំ​របស់​ខ្ញុំ​រហូត​ដល់​ឫស​ចុះ។
៩ ប្រសិន​បើ​ចិត្ត​ខ្ញុំ​វង្វេង ព្រោះ​តែ​ស្ត្រី​ណា​ម្នាក់
ប្រសិន​បើ​ខ្ញុំ​ឃ្លាំ​មើល​ប្ដី​គេ​មិន​នៅ​ផ្ទះ
១០ នោះ​សូម​អោយ​ប្រពន្ធ​ខ្ញុំ​ទៅ​បំរើ​ប្រុស​ផ្សេង
ហើយ​អោយ​គេ​រួមរ័ក​ជា​មួយ​នាង​ទៅ​ចុះ
១១ ដ្បិត​ប្រព្រឹត្ត​ដូច្នោះ​ជា​អំពើ​មួយ​ដ៏​អាស្រូវ​បំផុត
ជា​អំពើ​ដែល​ចៅក្រម​ត្រូវ​ដាក់​ទោស។
១២ អំពើ​នេះ​ប្រៀប​បាន​នឹង​ភ្លើង
ឆេះ​រាលដាល​រហូត​ដល់​រណ្ដៅ​នៃ​សេចក្ដី​វិនាស
ហើយ​អាច​ឆេះ​កំទេច​អ្វីៗ​ទាំង​អស់​ដែល​ខ្ញុំ​មាន។
១៣ ប្រសិន​បើ​ខ្ញុំ​រំលោភ​សិទ្ធិ​អ្នក​បំរើ​ប្រុស​ស្រី
នៅ​ពេល​គេ​តវ៉ា​ទាមទារ​អ្វី​មួយ​ពី​ខ្ញុំ
១៤ ពេល​ព្រះជាម្ចាស់​ក្រោក​ឡើង​វិនិច្ឆ័យ​ទោស
តើ​អោយ​ខ្ញុំ​ធ្វើ​ដូច​ម្ដេច
ពេល​ព្រះអង្គ​សួរ​ចម្លើយ
តើ​អោយ​ខ្ញុំ​ឆ្លើយ​ដូច​ម្ដេច​បាន?
១៥ ព្រះជាម្ចាស់​បាន​បង្កើត​ខ្ញុំ​ក្នុង​ផ្ទៃ​ម្ដាយ​យ៉ាង​ណា
ព្រះអង្គ​បាន​បង្កើត​អ្នក​បំរើ​ប្រុស​ស្រី​មក
យ៉ាង​នោះ​ដែរ
គឺ​ព្រះ​តែ​មួយ​ដែល​បាន​សូន​យើង
ក្នុង​ផ្ទៃ​ម្ដាយ​ដូច​គ្នា។
១៦ ខ្ញុំ​មិន​ដែល​បដិសេធ​ជួយ​ជន​ក្រីក្រ
ខ្ញុំ​មិន​ដែល​ធ្វើ​អោយ​ស្ត្រី​មេម៉ាយ​អស់​សង្ឃឹម។
១៧ ខ្ញុំ​មិន​ដែល​បរិភោគ​អាហារ​តែ​ម្នាក់​ឯង
ដោយ​ឥត​ចែក​អោយ​ក្មេង​កំព្រា​ទេ
១៨ គឺ​តាំង​ពី​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​បី​បាច់​ថែរក្សា​គេ
ហើយ​តាំង​ពី​ខ្ញុំ​ចេញ​ពី​ផ្ទៃ​ម្ដាយ​មក
ខ្ញុំ​តែងតែ​ដឹក​នាំ​ស្ត្រី​មេម៉ាយ​ជានិច្ច។
១៩ ពេល​ខ្ញុំ​ឃើញ​ជន​អនាថា​ខ្វះ​សម្លៀកបំពាក់
ហើយ​ឃើញ​ជន​ទុគ៌ត​ខ្វះ​ភួយ​ដណ្ដប់
២០ ខ្ញុំ​តែងតែ​អោយ​សម្លៀកបំពាក់​បិទបាំង​កាយ
និង​អោយ​រោម​ចៀម​ទៅ​គេ​ដណ្ដប់
ហើយ​គេ​ក៏​ដឹង​គុណ​ខ្ញុំ។
២១ ប្រសិន​បើ​ខ្ញុំ​វាយ​ធ្វើ​បាប​ក្មេង​កំព្រា
ដោយ​ដឹង​ខ្លួន​ថា ចៅក្រម​មុខ​ជា​ការពារ​ខ្ញុំ
២២ សូម​អោយ​ដៃ​របស់​ខ្ញុំ​ដាច់​ចេញ​ពី​ស្មា
ហើយ​សូម​អោយ​កំភួន​ដៃ​របស់​ខ្ញុំ
ដាច់​ចេញ​ពី​កែង​ដៃ​ទៅ​ចុះ!
២៣ ដ្បិត​ខ្ញុំ​ភ័យ​ខ្លាច​ព្រះជាម្ចាស់​ដាក់​ទោស​ណាស់
ខ្ញុំ​មិន​អាច​តទល់​នឹង​ឫទ្ធិបារមី​ដ៏​ថ្កុំថ្កើង
របស់​ព្រះអង្គ​បាន​ឡើយ។
២៤ ខ្ញុំ​មិន​ដែល​ផ្ញើ​ជីវិត​លើ​មាស
ហើយ​យក​មាស​សុទ្ធ​ធ្វើ​ជា​ទី​ពឹង​ទេ។
២៥ ខ្ញុំ​ក៏​គ្មាន​អំនួត ព្រោះ​តែ​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ
ដែល​ខ្ញុំ​រក​បាន​នោះ​ដែរ។
២៦ ពេល​សម្លឹង​មើល​ទៅ​ព្រះអាទិត្យ
ដែល​បញ្ចេញ​រស្មី​ចិញ្ចែងចិញ្ចាច
ហើយ​មើល​ទៅ​ព្រះច័ន្ទ​ជះ​ពន្លឺ​រស្មី​យ៉ាង​ស្រទន់
២៧ ខ្ញុំ​មិន​ដែល​មាន​គំនិត​លួច​លាក់ ចង់​គោរព
ថ្វាយបង្គំ​ព្រះអាទិត្យ និង​ព្រះច័ន្ទ​ឡើយ។
២៨ ធ្វើ​ដូច្នេះ​ជា​កំហុស​ដែល​ត្រូវ​តែ​ទទួល​ទោស
ព្រោះ​ខ្ញុំ​ដូច​ជា​បាន​បោះ​បង់​ចោល​ព្រះជាម្ចាស់
ដែល​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់។
២៩ ខ្ញុំ​មិន​ដែល​សប្បាយ​ចិត្ត
ពេល​ឃើញ​សត្រូវ​ខ្ញុំ រង​ទុក្ខ​វេទនា
ហើយ​ខ្ញុំ​ក៏​មិន​ដែល​លោត​កព្ឆោង
ពេល​ឃើញ​គេ​ជួប​អន្តរាយ​ឡើយ។
៣០ ខ្ញុំ​មិន​ដែល​បណ្ដោយ​ខ្លួន​អោយ​មាន​បាប
ព្រោះ​តែ​ពាក្យ​សំដី
គឺ​ខ្ញុំ​មិន​ដែល​ដាក់​បណ្ដាសា​គេ
ប្រាថ្នា​អោយ​គេ​ស្លាប់​នោះ​ឡើយ។
៣១ អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ផ្ទះ​ខ្ញុំ
តែងតែ​ពោល​ថា ខ្ញុំ​អោយ​អាហារ
ពួក​គេ​បរិភោគ​ឆ្អែត​គ្រប់ៗ​គ្នា។
៣២ តាម​ពិត​ខ្ញុំ​តែងតែ​បើក​ទ្វារ​ផ្ទះ​របស់​ខ្ញុំ
ទទួល​អ្នក​ដំណើរ
ទោះ​បី​ខ្ញុំ​មិន​ស្គាល់​គេ​ក្ដី ក៏​ខ្ញុំ​មិន​ទុក​អោយ​គេ
ដេក​នៅ​ខាង​ក្រៅ​ផ្ទះ​ឡើយ។
៣៣ ខ្ញុំ​មិន​ដែល​លាក់​អំពើ​ទុច្ចរិត​របស់​ខ្ញុំ
ដូច​មនុស្ស​ឯ​ទៀតៗ
ដែល​បង្កប់​កំហុស​ទុក​នៅ​ក្នុង​ចិត្ត។
៣៤ ខ្ញុំ​មិន​ដែល​ខ្លាច​បណ្ដាជន​ត្មះតិះដៀល
ខ្លាច​គ្រួសារ​ឯ​ទៀតៗ​មាក់ងាយ
ហើយ​ខ្ញុំ​ក៏​មិន​ដែល​សំងំ​នៅ​ស្ងៀម
មិន​ហ៊ាន​ចេញ​ពី​ផ្ទះ​ដែរ។
៣៥ ខ្ញុំ​ចង់​អោយ​នរណា​ម្នាក់​ព្រម​ស្ដាប់​ខ្ញុំ
ដ្បិត​ជា​ពាក្យ​ចុង​ក្រោយ​របស់​ខ្ញុំ!
សូម​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត
ឆ្លើយ​តប​មក​ខ្ញុំ​ផង!
រីឯ​សេចក្ដី​ដែល​បច្ចាមិត្ត​របស់​ខ្ញុំ​កត់ត្រា​ទុក
ដើម្បី​ចោទ​ប្រកាន់​ខ្ញុំ
៣៦ ខ្ញុំ​សុខ​ចិត្ត​ទទួល​យក​ដាក់​នៅ​លើ​បន្ទុក​របស់​ខ្ញុំ
ហើយ​ពាក់​នៅ​លើ​ក្បាល​ខ្ញុំ​ទុក​ដូច​ជា​មកុដ។
៣៧ ខ្ញុំ​នឹង​ទូល​ព្រះអង្គ នូវ​គ្រប់​អំពើ​ដែល​ខ្ញុំ​ប្រព្រឹត្ត
ខ្ញុំ​នឹង​ចូល​ទៅ​ជិត​ព្រះអង្គ ដោយ​ឥត​អាម៉ាស់។
៣៨ ប្រសិន​បើ​ដី​ស្រែ​របស់​ខ្ញុំ​ស្រែក​ឡើង​ទាស់​នឹង​ខ្ញុំ
ប្រសិន​បើ​គន្លង​នង្គ័ល​នាំ​គ្នា​យំ​សោក
៣៩ ប្រសិន​បើ​ខ្ញុំ​បរិភោគផល
ដែល​ដុះ​ចេញ​ពី​ដី​នោះ ដោយ​មិន​បង់​ប្រាក់
ហើយ​ធ្វើ​អោយ​ម្ចាស់​ដី​រីងរៃ​នៅ​ក្នុង​ដួង​ចិត្ត​
៤០ នោះ​សូម​អោយ​មាន​តែ​បន្លា និង​ស្រងែ
ដុះ​នៅ​ក្នុង​ស្រែ​ជំនួស​ស្រូវ»។
- ពាក្យ​របស់​លោក​យ៉ូប​ចប់​តែ​ប៉ុណ្ណេះ -