៣
ព្រះជាម្ចាស់លើកលែងទោសអោយអ្នកក្រុងនីនីវេ
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូណាសម្ដងទៀតថា៖ ២ «ចូរក្រោកឡើង ធ្វើដំណើរទៅក្រុងនីនីវេមហានគរជាបន្ទាន់ ហើយប្រកាសប្រាប់អ្នកក្រុងនោះអោយដឹងអំពីសេចក្ដីដែលយើងនឹងប្រាប់អ្នក!»។
៣ លើកនេះលោកយ៉ូណាសធ្វើតាមព្រះបញ្ជារបស់ព្រះអម្ចាស់ គឺលោកក្រោកឡើងធ្វើដំណើរឆ្ពោះទៅកាន់ក្រុងនីនីវេ។ ក្រុងនីនីវេជាក្រុងមួយដ៏ធំសំបើមអស្ចារ្យ ត្រូវចំណាយពេលអស់បីថ្ងៃ ទើបដើរកាត់ក្រុងនេះបាន។ ៤ លោកយ៉ូណាសដើរកាត់ទីក្រុងអស់មួយថ្ងៃ ទាំងប្រកាសថា៖ «សែសិបថ្ងៃទៀតព្រះអម្ចាស់នឹងបំផ្លាញក្រុងនេះហើយ!»។ ៥ ពេលនោះ អ្នកក្រុងនីនីវេនាំគ្នាជឿលើព្រះជាម្ចាស់។ ពួកគេប្រកាសអោយមនុស្សគ្រប់ៗរូបចាប់ពីនាម៉ឺនមន្ត្រី រហូតដល់ប្រជាជនតូចតាចតមអាហារ និងស្លៀកពាក់កាន់ទុក្ខ។
៦ ព្រះមហាក្សត្រនៅក្រុងនីនីវេជ្រាបដំណឹងនេះ ស្ដេចក៏យាងចុះពីរាជបល្ល័ង្ក ដោះព្រះភូសាចេញហើយស្លៀកបាវកាន់ទុក្ខ ព្រមទាំងគង់នៅលើផេះទៀតផង។ ៧ ព្រះរាជាចេញបញ្ជាអោយប្រកាសប្រាប់ប្រជារាស្ត្រក្នុងក្រុងនីនីវេថា៖ «យោងតាមរាជក្រឹត្យរបស់ព្រះមហាក្សត្រ និងអស់លោកសព្វមុខមន្ត្រី សូមហាមមនុស្សទាំងឡាយមិនអោយបរិភោគ ឬផឹកអ្វីឡើយ រីឯសត្វតូចធំក៏ដូច្នោះដែរ។ ៨ ទាំងមនុស្ស ទាំងសត្វត្រូវតែកាន់ទុក្ខ។ ចូរអង្វររកព្រះជាម្ចាស់ ដោយស្មោះអស់ពីចិត្ត។ ម្នាក់ៗត្រូវតែបោះបង់ចោលកិរិយាមារយាទអាក្រក់ និងអំពើឃោរឃៅដែលខ្លួនធ្លាប់ប្រព្រឹត្ត ៩ ក្រែងលោព្រះជាម្ចាស់ប្រែព្រះហឫទ័យលែងព្រះពិរោធទាស់នឹងយើង។ ដូច្នេះ យើងនឹងមិនត្រូវវិនាសអន្តរាយឡើយ»។
១០ ព្រះជាម្ចាស់ទតឃើញអំពើដែលពួកគេប្រព្រឹត្ត គឺគេប្រែចិត្តគំនិត លះបង់កិរិយាមារយាទអាក្រក់របស់ខ្លួនចោល ព្រះអង្គក៏ប្រែព្រះហឫទ័យមិនដាក់ទោសពួកគេ ដូចព្រះអង្គបានសំរេចកាលពីមុននោះទេ ព្រះអង្គមិនបំផ្លាញពួកគេចោលឡើយ។