ការ​ថ្វាយ​យញ្ញបូជា​លោះ​បាប
១ «នេះ​ជា​ក្រឹត្យវិន័យ​ស្ដី​អំពី​យញ្ញបូជា​លោះ​បាប គឺ​ជា​យញ្ញបូជា​ដ៏វិសុទ្ធ*​បំផុត។ ២ ចូរ​ចាក់​ក​សត្វ ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញបូជា​លោះ​បាប នៅ​កន្លែង​ដែល​គេ​ចាក់​ក​សត្វ សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល រួច​ប្រោះ​ឈាម​សត្វ​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។ ៣ គេ​ថ្វាយ​ខ្លាញ់​ទាំង​អស់ កន្ទុយ និង​ខ្លាញ់​ដែល​នៅ​ជាប់​ពោះវៀន ៤ ក្រលៀន​ទាំង​ពីរ និង​ខ្លាញ់​ដែល​ជាប់​ក្រលៀន​រហូត​ដល់​ចង្កេះ ព្រម​ទាំង​អ្វី​ៗ​ជាប់​នឹង​ថ្លើម ដែល​គេ​ផ្ដាច់​ចេញ​មក​ជា​មួយ​ក្រលៀន។ ៥ លោក​បូជាចារ្យ​ដុត​ចំណែក​ទាំង​នោះ​លើ​អាសនៈ ជា​តង្វាយ​ដុត នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់។ នេះ​ជា​យញ្ញបូជា​លោះ​បាប។ ៦ ក្នុង​ក្រុម​គ្រួសារ​របស់​បូជាចារ្យ មាន​តែ​ប្រុស​ៗ​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​បរិភោគ​សាច់​នេះ។ គេ​ត្រូវ​បរិភោគ​សាច់​នេះ​នៅ​កន្លែង​ដ៏​សក្ការៈ ព្រោះ​ជា​តង្វាយ​ដ៏វិសុទ្ធ​បំផុត។ ៧ ក្រឹត្យវិន័យ​ទាំង​ប៉ុន្មាន​ស្ដី​អំពី​យញ្ញបូជា​លោះ​បាប ក៏​ដូច​ក្រឹត្យវិន័យ​ស្ដី​អំពី​យញ្ញបូជា​រំដោះ​បាប​ដែរ។ សាច់​របស់​សត្វ​ត្រូវ​បាន​ជា​ចំណែក​របស់​បូជាចារ្យ ដែល​ធ្វើ​ពិធី​រំដោះ​បាប»។
ចំណែក​នៃ​តង្វាយ​ដែល​ត្រូវ​បាន​ទៅ​បូជាចារ្យ
៨ «ប្រសិន​បើ​បូជាចារ្យ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​របស់​នរណា​ម្នាក់ ស្បែក​សត្វ​ដែល​គេ​ថ្វាយ​នោះ ត្រូវ​បាន​ជា​ចំណែក​របស់​បូជាចារ្យ។
៩ តង្វាយ​ម្សៅ​ទាំង​អស់ ទោះ​បី​នំ​ដែល​ដុត​ក្នុង​ឡ ឬ​ដុត​ក្នុង​ពុម្ព ឬ​នំ​ចៀន ត្រូវ​បាន​ជា​ចំណែក​របស់​បូជាចារ្យ​ដែល​ធ្វើ​ពិធី​នោះ។ ១០ រីឯ​តង្វាយ​ម្សៅ​ទាំង​ប៉ុន្មាន ដែល​លាយ​ជា​មួយ​ប្រេង ឬ​មិន​ទាន់​លាយ​ក្ដី ត្រូវ​បាន​ជា​ចំណែក​ស្មើ​ៗ​គ្នា សំរាប់​កូន​ទាំង​អស់​របស់​អើរ៉ុន»។
ការ​ថ្វាយ​យញ្ញបូជា​មេត្រីភាព
១១ «នេះ​ជា​ក្រឹត្យវិន័យ​ស្ដី​អំពី​យញ្ញបូជា​មេត្រីភាព ដែល​គេ​ថ្វាយ​ព្រះអម្ចាស់១២ ប្រសិន​បើ​នរណា​ម្នាក់​ថ្វាយ​តង្វាយ សំរាប់​សំដែង​ការ​អរ​ព្រះគុណ​ ត្រូវ​យក​នំ​ធ្វើ​ពី​ម្សៅ​ឥត​មេ លាយ​ជា​មួយ​ប្រេង នំ​ក្រៀប លាយ​ជា​មួយ​ប្រេង និង​ធ្វើ​ពី​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង មក​ថ្វាយ​ជា​មួយ​យញ្ញបូជា​សំរាប់​អរ​ព្រះគុណ។ ១៣ គេ​ត្រូវ​យក​នំបុ័ង​ដែល​មាន​មេ​មក​ថ្វាយ រួម​ជា​មួយ​យញ្ញបូជា​មេត្រីភាព​សំរាប់​អរ​ព្រះគុណ​ដែរ។ ១៤ ត្រូវ​រំលែក​នំ​ដែល​គេ​យក​មក​ថ្វាយ ក្នុង​ប្រភេទ​នីមួយៗ​យក​នំ​មួយ ទុក​សំរាប់​ព្រះអម្ចាស់ គឺ​ជា​ចំណែក​របស់​បូជាចារ្យ ដែល​ធ្វើ​ពិធី​ប្រោះ​ឈាម​សត្វ ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព។ ១៥ រីឯ​សាច់​សត្វ​ដែល​គេ​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព សំរាប់​អរ​ព្រះគុណ ត្រូវ​តែ​បរិភោគ​អោយ​អស់​នៅ​ថ្ងៃ​នោះ គឺ​មិន​ត្រូវ​ទុក​អោយ​នៅ​សល់​រហូត​ដល់​ស្អែក​ឡើយ។
១៦ ប្រសិន​បើ​យញ្ញបូជា​ដែល​គេ​យក​មក​ថ្វាយ​ជា​តង្វាយ​លា​បំណន់ ឬ​ជា​តង្វាយ​ស្ម័គ្រ​ចិត្ត ត្រូវ​បរិភោគ​សាច់​ដែល​ថ្វាយ​ជា​យញ្ញបូជា នៅ​ថ្ងៃ​នោះ ហើយ​សាច់​នៅ​សល់​ក៏​អាច​បរិភោគ​រហូត​ដល់​ថ្ងៃ​ស្អែក​ដែរ។ ១៧ ប៉ុន្តែ បើ​មាន​សាច់​នៃ​យញ្ញបូជា​នេះ​នៅ​សល់​រហូត​ដល់​ថ្ងៃ​ទី​បី គេ​ត្រូវ​តែ​ដុត​វា។ ១៨ នៅ​ថ្ងៃ​ទី​បី ប្រសិន​បើ​នរណា​ម្នាក់​បរិភោគ​សាច់​ដែល​ខ្លួន​បាន​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព អ្នក​នោះ​នឹង​នាំ​អោយ​ខ្លួន​មាន​ទោស។ ព្រះអម្ចាស់​មិន​ព្រម​ទទួល​យញ្ញបូជា​របស់​គេ​ទេ ព្រោះ​ជា​យញ្ញបូជា​ឥត​បាន​ការ ហើយ​ជា​សាច់​សៅហ្មង។
១៩ ប្រសិន​បើ​សាច់​នោះ​ទៅ​ប៉ះ​នឹង​វត្ថុ​មិន​បរិសុទ្ធ មិន​ត្រូវ​បរិភោគ​វា​ឡើយ គឺ​ត្រូវ​តែ​ដុត​ចោល។ មាន​តែ​អ្នក​បរិសុទ្ធ​ប៉ុណ្ណោះ ទើប​អាច​បរិភោគ​សាច់​នៃ​យញ្ញបូជា​បាន។ ២០ ប្រសិន​បើ​នរណា​ម្នាក់​មិន​បរិសុទ្ធ ហើយ​បរិភោគ​សាច់​នៃ​យញ្ញបូជា​មេត្រីភាព​ដែល​គេ​ថ្វាយ​ព្រះអម្ចាស់ ត្រូវ​តែ​បណ្ដេញ​អ្នក​នោះ​ចេញ​ពី​កុលសម្ព័ន្ធ​របស់​ខ្លួន។ ២១ រីឯ​អ្នក​ដែល​ប៉ះពាល់​វត្ថុ​មិន​បរិសុទ្ធ មនុស្ស​មិន​បរិសុទ្ធ ឬ​សត្វ​មិន​បរិសុទ្ធ ឬ​អ្វី​ៗ​មិន​បរិសុទ្ធ គួរ​ស្អប់​ខ្ពើម រួច​បរិភោគ​សាច់​របស់​យញ្ញបូជា​មេត្រីភាព ដែល​គេ​ថ្វាយ​ព្រះអម្ចាស់ ក៏​ត្រូវ​តែ​បណ្ដេញ​ចេញ​ពី​កុលសម្ព័ន្ធ​របស់​ខ្លួន​ដែរ»។
ច្បាប់​សំរាប់​ប្រជាជន
២២  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ២៣ «ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ដូច​ត​ទៅ: “អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​ខ្លាញ់​គោ ខ្លាញ់​ចៀម ឬ​ខ្លាញ់​ពពែ​ជា​ដាច់​ខាត។ ២៤ រីឯ​ខ្លាញ់​របស់​សត្វ​ដែល​ងាប់​ដោយ​ជំងឺ ឬ​ដោយ​សត្វ​ព្រៃ​ហែក​សម្លាប់ នោះ​អ្នក​រាល់​គ្នា​អាច​យក​ទៅ​ធ្វើ​អ្វី​ក៏​បាន តែ​មិន​ត្រូវ​បរិភោគ​ឡើយ។ ២៥ ប្រសិន​បើ​នរណា​បរិភោគ​ខ្លាញ់​សត្វ ដែល​គេ​បាន​ថ្វាយ​ជា​យញ្ញបូជា​ចំពោះ​ព្រះអម្ចាស់ ត្រូវ​បណ្ដេញ​អ្នក​នោះ​ចេញ​ពី​កុលសម្ព័ន្ធ​របស់​ខ្លួន។ ២៦ ទោះ​បី​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ​ទី​ណា​ក្ដី មិន​ត្រូវ​បរិភោគ​ឈាម​របស់​សត្វ​ចតុប្បាទ ឬ​សត្វ​ស្លាប​ឡើយ។ ២៧ អ្នក​ណា​បរិភោគ​ឈាម អ្នក​នោះ​នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​កុលសម្ព័ន្ធ​របស់​ខ្លួន”»។​
២៨  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ២៩ «ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ដូច​ត​ទៅ: ប្រសិន​បើ​នរណា​ម្នាក់​ថ្វាយ​យញ្ញបូជា​មេត្រីភាព គេ​ត្រូវ​យក​ចំណែក​របស់​ព្រះអម្ចាស់​ថ្វាយ​ព្រះអង្គ។ ៣០ គេ​ត្រូវ​យក​តង្វាយ​ដុត​ដែល​ជា​ចំណែក​របស់​ព្រះអម្ចាស់ មក​ថ្វាយ​ព្រះអង្គ ដោយ​ផ្ទាល់​ដៃ គឺ​មាន​ខ្លាញ់ និង​សាច់​ទ្រូង ដែល​ត្រូវ​លើក​ថ្វាយ​ព្រះអង្គ។ ៣១ បូជាចារ្យ​ដុត​ខ្លាញ់​នៅ​លើ​អាសនៈ រីឯ​សាច់​ទ្រូង​ត្រូវ​បាន​ទៅ​លោក​អើរ៉ុន និង​កូន​ៗ​របស់​គាត់។ ៣២ ត្រូវ​រំលែក​ភ្លៅ​ស្ដាំ​របស់​សត្វ​ដែល​អ្នក​រាល់​គ្នា​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព​នោះ ជូន​ទៅ​បូជាចារ្យ​ផង​ដែរ។ ៣៣ ភ្លៅ​ស្ដាំ​នេះ​ត្រូវ​បាន​ជា​ចំណែក​របស់​បូជាចារ្យ​ណា​ដែល​ថ្វាយ​ខ្លាញ់ និង​ឈាម​នៅ​លើ​អាសនៈ។ ៣៤ យើង​នឹង​យក​សាច់​ទ្រូង​ដែល​គេ​លើក​ថ្វាយ និង​ភ្លៅ​ដែល​គេ​រំលែក​ពី​យញ្ញបូជា​មេត្រីភាព​របស់​ជន​ជាតិ​អ៊ីស្រាអែល ប្រគល់​អោយ​បូជាចារ្យ​អើរ៉ុន និង​កូន​ចៅ​របស់​គាត់។ ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​ប្រគល់​ចំណែក​ទាំង​នេះ​ជូន​បូជាចារ្យ រហូត​ត​រៀង​ទៅ។ ៣៥ នេះ​ជា​ចំណែក​នៃ​យញ្ញបូជា​ដែល​ត្រូវ​បាន​ទៅ​លោក​អើរ៉ុន និង​កូន​ចៅ​របស់​គាត់ ចាប់​ពី​ថ្ងៃ​ដែល​ពួក​គេ​បាន​ទទួល​ការ​តែងតាំង​ជា​បូជាចារ្យ​បំរើ​ព្រះអម្ចាស់៣៦  ព្រះអម្ចាស់​បង្គាប់​ជន​ជាតិ​អ៊ីស្រាអែល អោយ​ប្រគល់​ចំណែក​ទាំង​នេះ​ដល់​ពួក​គេ ចាប់​តាំង​ពី​ថ្ងៃ​ដែល​ពួក​គេ​បាន​ទទួល​ការ​ចាក់​ប្រេង​តែងតាំង​ជា​បូជាចារ្យ។ នេះ​ជា​ច្បាប់​ដែល​ត្រូវ​តែ​អនុវត្ត​តាម​គ្រប់​ជំនាន់​ត​រៀង​ទៅ ឥត​ប្រែប្រួល​ឡើយ»។
៣៧ នេះ​ជា​ក្រឹត្យវិន័យ​ទាំង​ប៉ុន្មាន ស្ដី​អំពី​តង្វាយ​ដុត​ទាំង​មូល តង្វាយ​ម្សៅ យញ្ញបូជា​រំដោះ​បាប យញ្ញបូជា​លោះ​បាប យញ្ញបូជា​សំរាប់​តែងតាំង​បូជាចារ្យ និង​យញ្ញបូជា​មេត្រីភាព។ ៣៨  ព្រះអម្ចាស់​ប្រគល់​ក្រឹត្យវិន័យ​ទាំង​នេះ​មក​លោក​ម៉ូសេ នៅ​ភ្នំ​ស៊ីណៃ នា​ថ្ងៃ​ដែល​ព្រះអង្គ​បង្គាប់​អោយ​ជន​ជាតិ​អ៊ីស្រាអែល​យក​តង្វាយ​មក​ថ្វាយ​ព្រះអង្គ នៅ​វាល​រហោ​ស្ថាន​ស៊ីណៃ។