៥
ព្រះយេស៊ូត្រាស់ហៅសិស្សបីរូប
(ម៉ាថាយ ៤:១៨-២២ ម៉ាកុស ១:១៦-២០)
១ ថ្ងៃមួយ ព្រះយេស៊ូគង់នៅមាត់បឹងគេនេសារ៉ែត មានបណ្ដាជនជាច្រើនប្រជ្រៀតគ្នានៅជុំវិញព្រះអង្គ ដើម្បីស្ដាប់ ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ២ ព្រះអង្គទតឃើញទូកពីរចតនៅមាត់ច្រាំង រីឯអ្នកនេសាទនាំគ្នាចុះទៅលាងអួន របស់គេ។ ៣ ព្រះយេស៊ូយាងចុះទៅក្នុងទូករបស់លោកស៊ីម៉ូន រួចទ្រង់សុំអោយគាត់ចេញទូក ទៅឆ្ងាយពីច្រាំងបន្តិច។ ព្រះអង្គគង់បង្រៀនបណ្ដាជនពីក្នុងទូកនោះ។
៤ លុះព្រះអង្គបង្រៀនគេចប់ហើយ ទ្រង់មានព្រះបន្ទូលទៅកាន់លោកស៊ីម៉ូនថា៖ «ចូរបង្ហួសទូកទៅទឹកជ្រៅ រួចនាំគ្នាទម្លាក់អួនចុះ»។ ៥ លោកស៊ីម៉ូនតបទៅព្រះយេស៊ូវិញថា៖ «លោកគ្រូ! យើងខ្ញុំបានអូសអួនពេញមួយយប់ហើយ អត់បានត្រីសោះ ប៉ុន្តែ បើលោកគ្រូមានប្រសាសន៍ដូច្នេះ ខ្ញុំនឹងទម្លាក់អួនតាមពាក្យរបស់លោកគ្រូ»។ ៦ គេក៏ទម្លាក់អួនទៅក្នុងទឹក ជាប់ត្រីយ៉ាងច្រើនស្ទើរតែធ្លាយអួន។ ៧ គេបក់ដៃហៅមិត្តភក្ដិដែលនៅក្នុងទូកមួយទៀតអោយមកជួយ។ ពួកនោះមកដល់ ជួយចាប់ត្រីដាក់ពេញទូកទាំងពីរ ស្ទើរតែនឹងលិច។ ៨ ពេលលោកស៊ីម៉ូន-ពេត្រុសឃើញដូច្នោះ គាត់ក្រាបទៀបព្រះបាទាព្រះយេស៊ូ ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ សូមយាងអោយឆ្ងាយពីទូលបង្គំទៅ ព្រោះទូលបង្គំជាមនុស្សបាប»។ ៩ លោកស៊ីម៉ូននិយាយដូច្នេះ ព្រោះគាត់ និងអស់អ្នកដែលនៅជាមួយភ័យស្ញប់ស្ញែងជាខ្លាំង នៅពេលបានឃើញត្រីច្រើនយ៉ាងនេះ។ ១០ រីឯលោកយ៉ាកុប និងលោកយ៉ូហានជាកូនលោកសេបេដេ ដែលនេសាទរួមជាមួយលោកស៊ីម៉ូន ក៏មានចិត្តដូច្នោះដែរ។ ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖ «កុំខ្លាចអី! ពីពេលនេះទៅមុខ អ្នកនឹងនេសាទមនុស្សវិញ»។ ១១ ពេលទូកទៅដល់មាត់ច្រាំងវិញ គេបោះបង់របស់របរទាំងអស់ចោល រួចនាំគ្នាដើរតាមព្រះយេស៊ូទៅ។
ព្រះយេស៊ូប្រោសមនុស្សឃ្លង់ម្នាក់អោយជា
(ម៉ាថាយ ៨:១-៤ ម៉ាកុស ១:៤០-៤៥)
១២ ព្រះយេស៊ូគង់នៅក្នុងក្រុងមួយ មានមនុស្សឃ្លង់ម្នាក់ឃើញព្រះអង្គ គាត់ចូលមករក ហើយក្រាបថ្វាយបង្គំ អោនមុខដល់ដី ទូលព្រះអង្គថា៖ «លោកម្ចាស់ ប្រសិនបើលោកមិនយល់ទាស់ទេ សូមប្រោសខ្ញុំប្របាទអោយបានជាស្អាតបរិសុទ្ធ*ផង»។ ១៣ ព្រះយេស៊ូលូកព្រះហស្ដទៅពាល់គាត់ទាំងមានព្រះបន្ទូលថា៖ «ខ្ញុំយល់ព្រមហើយ ចូរអោយបានជាស្អាតបរិសុទ្ធចុះ»។ រំពេចនោះ មនុស្សឃ្លង់ក៏បានជាស្អាតបរិសុទ្ធភ្លាម។
១៤ ព្រះយេស៊ូមានព្រះបន្ទូលហាមគាត់ថា៖ «កុំនិយាយប្រាប់នរណាអោយដឹងឡើយ ផ្ទុយទៅវិញ ត្រូវទៅបង្ហាញខ្លួនដល់លោកបូជាចារ្យ* ហើយថ្វាយតង្វាយដូចលោកម៉ូសេ*បានបង្គាប់ទុក ដើម្បីជាសក្ខីភាពបញ្ជាក់ថា អ្នកបានជាស្អាតបរិសុទ្ធមែន»។
១៥ ព្រះកិត្តិនាមរបស់ព្រះយេស៊ូ ល្បីសុសសាយកាន់តែខ្លាំងឡើងៗ។ មហាជនជាច្រើនមកជុំគ្នាស្ដាប់ព្រះអង្គ ព្រមទាំងសូមព្រះអង្គប្រោសអោយខ្លួនបានជាពីជំងឺផ្សេងៗផង។ ១៦ រីឯព្រះយេស៊ូវិញ ព្រះអង្គយាងទៅទីស្ងាត់ ដើម្បីអធិស្ឋាន*។
ព្រះយេស៊ូប្រោសមនុស្សខ្វិនម្នាក់អោយជា
(ម៉ាថាយ ៩:១-៨ ម៉ាកុស ២:១-១២)
១៧ ថ្ងៃមួយ ព្រះយេស៊ូកំពុងតែបង្រៀនបណ្ដាជន មានពួកខាងគណៈផារីស៊ី* និងអ្នកប្រាជ្ញខាងវិន័យអង្គុយស្ដាប់ព្រះអង្គដែរ។ អ្នកទាំងនោះធ្វើដំណើរមកពីភូមិនានា ក្នុងស្រុកកាលីឡេ ស្រុកយូដា និងពីក្រុងយេរូសាឡឹម។ ព្រះយេស៊ូប្រកបដោយឫទ្ធានុភាពរបស់ព្រះអម្ចាស់ ទ្រង់ប្រោសអ្នកជំងឺអោយបានជា។ ១៨ ពេលនោះ ស្រាប់តែមានគេសែងមនុស្សខ្វិនដៃខ្វិនជើងម្នាក់មកដល់ គេមានបំណងនាំអ្នកខ្វិននោះចូលទៅជិតព្រះយេស៊ូ។ ១៩ ប៉ុន្តែ ដោយមានមនុស្សច្រើនពេក គេពុំអាចចូលទៅជិតព្រះអង្គបានឡើយ។ ដូច្នេះ គេក៏សែងអ្នកជំងឺឡើងទៅលើដំបូលផ្ទះ បកក្បឿង សំរូតគាត់ចុះមកកណ្ដាលចំណោមមនុស្ស នៅចំពីមុខព្រះយេស៊ូ។ ២០ ពេលព្រះយេស៊ូឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ ទ្រង់មានព្រះបន្ទូលទៅកាន់អ្នកពិការថា៖ «អ្នកអើយ ខ្ញុំអត់ទោសអោយអ្នករួចពីបាបហើយ!»។ ២១ ពួកអាចារ្យ និងពួកខាងគណៈផារីស៊ីឮដូច្នោះ រិះគិតក្នុងចិត្តថា៖ «អ្នកនេះមានឋានៈអ្វី បានជាហ៊ានពោលពាក្យប្រមាថ ព្រះជាម្ចាស់ដូច្នេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ តើអ្នកណាអាចអត់ទោសអោយមនុស្សរួចពីបាបបាន?»។ ២២ ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតអ្នកទាំងនោះ ទើបទ្រង់មានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតដូច្នេះ? ២៣ បើខ្ញុំប្រាប់អ្នកពិការនេះថា “ខ្ញុំអត់ទោសអោយអ្នករួចពីបាបហើយ”ឬថា “ចូរក្រោកឡើងដើរទៅចុះ”តើឃ្លាមួយណាស្រួលនិយាយជាង?។ ២៤ ប៉ុន្តែ ខ្ញុំចង់អោយអ្នករាល់គ្នាដឹងថា បុត្រមនុស្ស*មានអំណាចនឹងអត់ទោស អោយមនុស្សនៅក្នុងលោកនេះរួចពីបាបបាន -ព្រះអង្គក៏ងាកទៅរកអ្នកខ្វិន ហើយមានព្រះបន្ទូលថា- ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នកដើរទៅផ្ទះវិញទៅ»។ ២៥ រំពេចនោះ អ្នកខ្វិនក្រោកឡើងនៅមុខមនុស្សទាំងអស់ រួចយកគ្រែស្នែងដែលគេសែងខ្លួនមក ដើរត្រឡប់ទៅផ្ទះវិញ ទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ផង។ ២៦ អស់អ្នកដែលនៅទីនោះ ស្លុតស្មារតីគ្រប់ៗគ្នា ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ គេភ័យខ្លាចជាខ្លាំង ក៏និយាយគ្នាថា៖ «ថ្ងៃនេះ យើងបានឃើញហេតុការណ៍ចំឡែកអស្ចារ្យមែន!»។
ព្រះយេស៊ូត្រាស់ហៅលោកលេវី
(ម៉ាថាយ ៩:៩-១៣ ម៉ាកុស ២:១៣-១៧)
២៧ បន្ទាប់មក ព្រះយេស៊ូយាងចាកចេញពីទីនោះ ទ្រង់ទតឃើញអ្នកទារពន្ធ*ម្នាក់ ឈ្មោះលេវី អង្គុយនៅកន្លែងយកពន្ធ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ ២៨ លោកលេវីក្រោកឡើង ទុកកិច្ចការទាំងអស់ចោល ហើយដើរតាមព្រះយេស៊ូទៅ។ ២៩ លោកលេវីបានរៀបចំពិធីជប់លៀងមួយយ៉ាងធំថ្វាយព្រះអង្គ នៅផ្ទះរបស់លោក។ មានអ្នកទារពន្ធ* ព្រមទាំងមនុស្សឯទៀតៗជាច្រើនចូលរួមជាមួយដែរ។ ៣០ ពួកខាងគណៈផារីស៊ី* និងពួកអាចារ្យ*ពីគណៈផារីស៊ី ទាស់ចិត្តយ៉ាងខ្លាំង គេនិយាយទៅកាន់ក្រុមសិស្ស*របស់ព្រះអង្គថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាបរិភោគជាមួយអ្នកទារពន្ធ និងមនុស្សបាបដូច្នេះ?»។ ៣១ ព្រះយេស៊ូតបទៅគេថា៖ «មនុស្សមានសុខភាពល្អមិនត្រូវការគ្រូពេទ្យឡើយ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ ៣២ ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺមករកមនុស្សបាប ដើម្បីអោយគេកែប្រែចិត្តគំនិត»។
អំពីការតមអាហារ
(ម៉ាថាយ ៩:១៤-១៧ ម៉ាកុស ២:១៨-២២)
៣៣ មានគេទូលសួរព្រះយេស៊ូថា៖ «ពួកសិស្សរបស់លោកយ៉ូហាន និងពួកសិស្សខាងគណៈផារីស៊ី* តែងតែតមអាហារ និងសូត្រធម៌ជាញឹកញាប់ ចុះហេតុដូចម្ដេចបានជាសិស្សរបស់លោក បែរជានាំគ្នាបរិភោគដូច្នេះ?»។ ៣៤ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេវិញថា៖ «ក្នុងពិធីមង្គលការ ពេលកូនកំលោះនៅជាមួយ តើភ្ញៀវអាចតមអាហារកើតឬ?។ ទេ! គេមិនអាចតមបានឡើយ។ ៣៥ ថ្ងៃក្រោយ ពេលគេចាប់ស្វាមីយកទៅទើបភ្ញៀវទាំងនោះតមអាហារ»។ ៣៦ ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាថា៖ «ពុំដែលមាននរណាហែកសម្លៀកបំពាក់ថ្មី យកទៅប៉ះសម្លៀកបំពាក់ចាស់នោះឡើយ ធ្វើដូច្នេះ សម្លៀកបំពាក់ថ្មីនឹងត្រូវរហែក ហើយក្រណាត់ចាស់ និងក្រណាត់ថ្មី ក៏មិនសមគ្នាដែរ។ ៣៧ ពុំដែលមាននរណាច្រកស្រាទំពាំងបាយជូរថ្មី ទៅក្នុងថង់ស្បែកចាស់ឡើយ បើធ្វើដូច្នេះ ស្រាថ្មីនឹងធ្វើអោយថង់ស្បែកចាស់នោះធ្លុះបណ្ដាលអោយស្រាហូរចេញ ហើយថង់ស្បែកក៏ត្រូវខូចខាតមិនខាន ៣៨ ត្រូវច្រកស្រាថ្មីទៅក្នុងថង់ស្បែកថ្មី។ ៣៩ កាលបើបានពិសាស្រាទំពាំងបាយជូរចាស់ហើយ មិនដែលមាននរណាចង់ពិសាស្រាថ្មីទេ ព្រោះគេថា “ស្រាចាស់ឆ្ងាញ់ជាងស្រាថ្មី”»។