១៨
ប្រស្នាអំពីចៅក្រម និងស្ត្រីមេម៉ាយ
១ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នា ពន្យល់សិស្ស*អោយដឹងថា ត្រូវតែអធិស្ឋានជានិច្ច មិនត្រូវរសាយចិត្តឡើយ៖
២ «នៅក្នុងក្រុងមួយ មានចៅក្រមម្នាក់ ជាមនុស្សមិនកោតខ្លាចព្រះជាម្ចាស់ ហើយមិនកោតក្រែងនរណាឡើយ។ ៣ មានស្ត្រីមេម៉ាយម្នាក់នៅក្នុងក្រុងនោះដែរ គាត់តែងមកអង្វរចៅក្រមថា “សូមលោករកយុត្តិធម៌អោយនាងខ្ញុំផង”។ ៤ ប៉ុន្តែ ចៅក្រមមិនព្រមកាត់ក្ដីអោយភ្លាមៗទេ លោកចេះតែពន្យារពេលយ៉ាងយូរ។ ក្រោយមក លោកនឹកក្នុងចិត្តថា “ទោះបីអញមិនកោតខ្លាចព្រះជាម្ចាស់ មិនកោតក្រែងនរណាក៏ដោយ ៥ ក៏អញត្រូវតែកាត់ក្ដីអោយស្ត្រីមេម៉ាយនេះដែរ ព្រោះគាត់ចេះតែមករំអុកអញគ្រប់ពេលវេលា។ បើអញមិនកាត់ក្ដីអោយគាត់ទេ មុខជាគាត់មករំខានអញមិនចេះចប់មិនចេះហើយ”»។
៦ ព្រះអម្ចាស់មានព្រះបន្ទូលបន្ថែមទៀតថា៖ «ចូរពិចារណាពាក្យរបស់ចៅក្រមដ៏អាក្រក់នេះចុះ។ ៧ ចំណង់បើព្រះជាម្ចាស់វិញ ព្រះអង្គរឹតតែរកយុត្តិធម៌អោយអស់អ្នក ដែលព្រះអង្គបានជ្រើសរើស ហើយដែលអង្វរព្រះអង្គ ទាំងយប់ ទាំងថ្ងៃ ព្រះអង្គគ្រាន់តែបង្អង់ប៉ុណ្ណោះ។ ៨ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះអង្គនឹងរកយុត្តិធម៌អោយគេ ក្នុងរយៈពេលដ៏ខ្លី។ ប៉ុន្តែ ពេលបុត្រមនុស្ស*មកដល់ តើលោកឃើញមនុស្សមានជំនឿនៅលើផែនដីនេះឬទេ?»។
បុរសម្នាក់ខាងគណៈផារីស៊ី និងអ្នកទារពន្ធ
៩ ព្រះអង្គមានព្រះបន្ទូលជាប្រស្នាមួយទៀត ទៅកាន់អ្នកខ្លះដែលនឹកស្មានថាខ្លួនជាមនុស្សសុចរិត ហើយបែរជាមើលងាយអ្នកដទៃ។ ១០ ព្រះអង្គមានព្រះបន្ទូលថា៖ «មានបុរសពីរនាក់ឡើងទៅអធិស្ឋាន*ក្នុងព្រះវិហារ*។ ម្នាក់ខាងគណៈផារីស៊ី* ម្នាក់ទៀតជាអ្នកទារពន្ធ*។ ១១ បុរសខាងគណៈផារីស៊ីឈរអធិស្ឋានក្នុងចិត្តថា “បពិត្រព្រះជាម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ព្រោះទូលបង្គំមិនដូចជនឯទៀតៗទេ អ្នកទាំងនោះសុទ្ធតែជាចោរ ជាមនុស្សទុច្ចរិត ជាមនុស្សប្រព្រឹត្តអំពើផិតក្បត់ ហើយទូលបង្គំក៏មិនដូចអ្នកទារពន្ធនេះដែរ ១២ ទូលបង្គំតមអាហារពីរដងក្នុងមួយអាទិត្យ ហើយទូលបង្គំថ្វាយរបស់អ្វីៗទាំងអស់ ដែលទូលបង្គំរកបានមួយភាគដប់ដល់ព្រះអង្គ”។ ១៣ រីឯអ្នកទារពន្ធគាត់ឈរនៅពីចម្ងាយ មិនទាំងហ៊ានងើបមុខផង។ គាត់គក់ទ្រូងទូលថា “ឱព្រះជាម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំជាមនុស្សបាបផង”។ ១៤ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់ប្រោសអ្នកទារពន្ធនេះអោយបានសុចរិត ហើយគាត់ត្រឡប់ទៅផ្ទះវិញ រីឯបុរសខាងគណៈផារីស៊ីមិនបានសុចរិតទេ។ អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ រីឯអ្នកដែលបន្ទាបខ្លួននឹងត្រូវគេលើកតម្កើងវិញ»។
ព្រះយេស៊ូប្រទានពរអោយក្មេងៗ
(ម៉ាថាយ ១៩:១-១៥ ម៉ាកុស ១០:១៣-១៦)
១៥ មានមនុស្សម្នាបីទារកមកអោយព្រះយេស៊ូដាក់ព្រះហស្ដលើវា។ ឃើញដូច្នោះ ពួកសិស្ស*ស្ដីបន្ទោសគេ ១៦ តែព្រះយេស៊ូសុំអោយគេយកទារកទាំងនោះមកជិតព្រះអង្គ រួចទ្រង់មានព្រះបន្ទូលថា៖ «ទុកអោយក្មេងៗមករកខ្ញុំចុះ កុំឃាត់ពួកវាឡើយ ដ្បិតមានតែអ្នកមានចិត្តដូចក្មេងទាំងនេះទេ ទើបចូលទៅក្នុងព្រះរាជ្យ*ព្រះជាម្ចាស់បាន។ ១៧ ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាមិនព្រមទទួលព្រះរាជ្យព្រះជាម្ចាស់ដូចក្មេងតូចមួយទេ អ្នកនោះចូលក្នុងព្រះរាជ្យព្រះអង្គមិនបានឡើយ»។
អ្នកមានម្នាក់ចង់បានជីវិតអស់កល្បជានិច្ច
(ម៉ាថាយ ១៩:១៦-៣០ ម៉ាកុស ១០:១៧-៣១)
១៨ មាននាម៉ឺនម្នាក់ទូលសួរព្រះយេស៊ូថា៖ «លោកគ្រូដ៏សប្បុរសអើយ! តើខ្ញុំត្រូវធ្វើអ្វី ដើម្បីអោយបានទទួលជីវិតអស់កល្បជានិច្ច ទុកជាមត៌ក?»។ ១៩ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ហេតុអ្វីបានជាលោកថាខ្ញុំសប្បុរសដូច្នេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ គ្មាននរណាម្នាក់សប្បុរសឡើយ។ ២០ លោកស្គាល់បទបញ្ជា*ស្រាប់ហើយថា “កុំប្រព្រឹត្តអំពើផិតក្បត់ កុំសម្លាប់មនុស្ស កុំលួចទ្រព្យសម្បត្តិគេ កុំនិយាយកុហកធ្វើអោយគេមានទោស ចូរគោរពមាតាបិតា”»។ ២១ បុរសនោះទូលព្រះយេស៊ូថា “ខ្ញុំបានប្រតិបត្តិតាមបទបញ្ជាទាំងនេះតាំងតែពីក្មេងមក”។ ២២ ព្រះយេស៊ូឮដូច្នេះ ទ្រង់មានព្រះបន្ទូលថា៖ «នៅសល់កិច្ចការមួយទៀតដែលលោកមិនទាន់ធ្វើ គឺត្រូវយកអ្វីៗទាំងអស់ដែលលោកមានទៅលក់ ហើយចែកអោយជនក្រីក្រ។ ធ្វើដូច្នេះ លោកនឹងបានសម្បត្តិសួគ៌ រួចសឹមអញ្ជើញមកតាមខ្ញុំចុះ»។ ២៣ ពេលនាម៉ឺននោះឮដូច្នេះ គាត់ព្រួយចិត្តយ៉ាងខ្លាំង ដ្បិតគាត់ជាអ្នកមានស្ដុកស្ដម្ភ។ ២៤ កាលព្រះយេស៊ូឃើញគាត់ព្រួយចិត្ត ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកមានពិបាកនឹងចូលទៅក្នុងព្រះរាជ្យ*ព្រះជាម្ចាស់ណាស់ ២៥ សត្វអូដ្ឋចូលតាមប្រហោងម្ជុល ងាយជាងអ្នកមានចូលក្នុងព្រះរាជ្យព្រះជាម្ចាស់ទៅទៀត»។ ២៦ អស់អ្នកដែលឮព្រះបន្ទូលរបស់ព្រះអង្គ ពោលឡើងថា៖ «បើដូច្នេះ តើអ្នកណាអាចទទួលការសង្គ្រោះបាន?»។ ២៧ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «ការអ្វីដែលមនុស្សធ្វើពុំកើត ព្រះជាម្ចាស់ធ្វើកើតទាំងអស់»។ ២៨ លោកពេត្រុសទូលព្រះអង្គថា៖ «ព្រះអង្គទតឃើញស្រាប់ហើយ អ្វីៗដែលយើងខ្ញុំមាន យើងខ្ញុំបានលះបង់ចោលទាំងអស់ ហើយមកតាមព្រះអង្គ»។ ២៩ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាលះបង់ផ្ទះសម្បែង ប្រពន្ធ កូន ឪពុកម្ដាយ និងបងប្អូន ដោយយល់ដល់ព្រះរាជ្យព្រះជាម្ចាស់ ៣០ អ្នកនោះនឹងទទួលបានយ៉ាងច្រើនលើសលប់ នៅពេលឥឡូវនេះ ព្រមទាំងមានជីវិតអស់កល្បជានិច្ច នៅពេលខាងមុខថែមទៀតផង»។
ព្រះយេស៊ូប្រកាសអំពីព្រះអង្គសោយទិវង្គត
(ម៉ាថាយ ២០:១៧-១៩ ម៉ាកុស ១០:៣២-៣៤)
៣១ ព្រះយេស៊ូនាំសាវ័ក*ទាំងដប់ពីររូប ចេញទៅជាមួយព្រះអង្គ។ ទ្រង់មានព្រះបន្ទូលទៅគេថា៖ «ឥឡូវនេះ យើងឡើងទៅក្រុងយេរូសាឡឹម អ្វីៗទាំងអស់ដែលព្យាការី*បានចែងទុក អំពីបុត្រមនុស្ស*នឹងកើតមាននៅទីនោះ ៣២ គេនឹងបញ្ជូនលោកទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃ ពួកនោះនឹងចំអកត្មះតិះដៀលលោក ព្រមទាំងស្ដោះទឹកមាត់ដាក់លោកផង។ ៣៣ គេនឹងយករំពាត់វាយលោក រួចប្រហារជីវិតលោក។ ប៉ុន្តែ បីថ្ងៃក្រោយមកលោកនឹងរស់ឡើងវិញ»។ ៣៤ ពួកសាវ័កពុំបានយល់ព្រះបន្ទូលនោះទេ ហើយក៏មិនដឹងថា ព្រះយេស៊ូមានព្រះបន្ទូលអំពីរឿងអ្វីផង ព្រោះអត្ថន័យនៅលាក់កំបាំងនៅឡើយ។
ព្រះយេស៊ូប្រោសមនុស្សខ្វាក់ម្នាក់អោយភ្លឺ
(ម៉ាថាយ ២០:២៩-៣៤ ម៉ាកុស ១០:៤៦-៥២)
៣៥ កាលព្រះយេស៊ូយាងមកជិតដល់ក្រុងយេរីខូ មានមនុស្សខ្វាក់ម្នាក់ អង្គុយសុំទាននៅតាមផ្លូវ។ ៣៦ ពេលគាត់ឮស្នូរបណ្ដាជនដើរតាមនោះ គាត់សួរគេថាមានរឿងអ្វី ៣៧ គេប្រាប់គាត់ថា ព្រះយេស៊ូជាអ្នកភូមិណាសារ៉ែតយាងមកតាមផ្លូវនោះ។ ៣៨ មនុស្សខ្វាក់ក៏ស្រែកឡើងថា៖ «ឱព្រះយេស៊ូ ជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាទូលបង្គំផង!»។ ៣៩ ពួកអ្នកដែលដើរខាងមុខបានឃាត់គាត់អោយនៅស្ងៀម ប៉ុន្តែ គាត់ស្រែករឹតតែខ្លាំងឡើងៗថា៖ «ឱព្រះរាជវង្សព្រះបាទដាវីឌអើយ សូមអាណិតមេត្តាទូលបង្គំផង!»។ ៤០ ព្រះយេស៊ូក៏ឈប់ ហើយបញ្ជាគេអោយនាំគាត់ចូលមកជិតព្រះអង្គ។ លុះមនុស្សខ្វាក់ដើរចូលមក ព្រះយេស៊ូមានព្រះបន្ទូលសួរគាត់ថា៖ ៤១ «តើអ្នកចង់អោយខ្ញុំធ្វើអ្វី?»។ គាត់ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! សូមព្រះអង្គប្រោសអោយភ្នែកទូលបង្គំ បានភ្លឺឡើងវិញផង»។ ៤២ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ ចូរអោយភ្នែកអ្នកបានភ្លឺឡើងវិញចុះ»។ ៤៣ រំពេចនោះគាត់មើលឃើញវិញភ្លាម ហើយគាត់ក៏តាមព្រះយេស៊ូទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ ប្រជាជនទាំងមូលបានឃើញហេតុការណ៍នោះ គេសរសើរតម្កើងព្រះជាម្ចាស់ទាំងអស់គ្នា។