២២
ការ​ឃុបឃិត​ចាប់​ព្រះយេស៊ូ
(ម៉ាថាយ ២៦:១-៥, ១៤-១៦ ម៉ាកុស ១៤:១-២, ១០-១១ យ៉ូហាន ១១:៤៥-៥៣)
១ ពិធី​បុណ្យ​នំបុ័ង​ឥត​មេ ដែល​ហៅ​ថា​បុណ្យ​ចម្លង*​នោះ កាន់​តែ​ជិត​ដល់​ហើយ ២ ពួក​នាយក​បូជាចារ្យ និង​ពួក​អាចារ្យ រិះ​រក​មធ្យោបាយ​ធ្វើ​គុត​ព្រះយេស៊ូ ដ្បិត​គេ​ខ្លាច​ប្រជាជន។ ៣ ពេល​នោះ មារសាតាំង​បាន​ចូល​យូដាស​ហៅ​អ៊ីស្ការីយ៉ុត​ជា​សិស្ស​ម្នាក់ ក្នុង​ក្រុម​ទាំង​ដប់ពីរ​រូប។ ៤ យូដាស​បាន​ទៅ​ពិគ្រោះ​ជា​មួយ​ពួក​នាយក​បូជាចារ្យ និង​មេ​ក្រុម​រក្សា​ព្រះវិហារ* អំពី​ឧបាយកល​ដែល​ត្រូវ​បញ្ជូន​ព្រះអង្គ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ។ ៥ លោក​ទាំង​នោះ​សប្បាយ​ចិត្ត​ណាស់ ហើយ​ព្រម​ព្រៀង​គ្នា​សន្យា​ថា នឹង​អោយ​ប្រាក់​គាត់។ ៦ យូដាស​យល់​ព្រម ហើយ​រក​ឱកាស​ល្អ ដើម្បី​នាំ​គេ​ទៅ​ចាប់​ព្រះយេស៊ូ មិន​អោយ​បណ្ដាជន​ដឹង​ឡើយ។
ព្រះយេស៊ូ​អោយ​គេ​រៀបចំ​ធ្វើ​បុណ្យ​ចម្លង*
(មថ.២៦:១៧-២៥ មក.១៤:១២-២១ យហ.១៣.២១-៣០)
៧ លុះ​ដល់​ថ្ងៃ​បុណ្យ​នំបុ័ង​ឥត​មេ* ជា​ថ្ងៃ​ដែល​គេ​ត្រូវ​សម្លាប់​កូន​ចៀម​ធ្វើ​យញ្ញបូជា សំរាប់​បុណ្យ​ចម្លង ៨ ព្រះយេស៊ូ​បាន​ចាត់​លោក​ពេត្រុស និង​លោក​យ៉ូហាន​អោយ​ទៅ​មុន ដោយ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​ទៅ​រៀបចំ​ពិធី​ជប់លៀង សំរាប់​យើង​នៅ​ក្នុង​ពេល​បុណ្យ​ចម្លង*»។ ៩ អ្នក​ទាំង​ពីរ​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​ព្រះគ្រូ​ចង់​អោយ​យើង​ខ្ញុំ​រៀបចំ​ជប់លៀង នៅ​កន្លែង​ណា?»។ ១០ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «ពេល​ចូល​ទៅ​ដល់​ក្នុង​ទីក្រុង អ្នក​នឹង​ជួប​បុរស​ម្នាក់​លី​ក្អម​ទឹក។ ចូរ​ដើរ​តាម​គាត់​រហូត​ដល់​ផ្ទះ​ដែល​គាត់​ចូល ១១ ហើយ​និយាយ​នឹង​ម្ចាស់​ផ្ទះ​ថា “លោក​គ្រូ​ចាត់​យើង​អោយ​មក​សួរ​អ្នក​ថា បន្ទប់​ដែល​លោក​នឹង​ជប់លៀង​ជា​មួយ​សិស្ស​ក្នុង​ពេល​បុណ្យ​ចម្លង នៅ​ឯ​ណា?”។ ១២ ម្ចាស់​ផ្ទះ​នឹង​បង្ហាញ​បន្ទប់​មួយ​យ៉ាង​ធំ នៅ​ជាន់​ខាង​លើ​ដែល​រៀបចំ​ជា​ស្រេច។ ចូរ​រៀបចំ​ម្ហូប​អាហារ​សំរាប់​បុណ្យ​ចម្លង​នៅ​ក្នុង​បន្ទប់​នោះ​ចុះ»។ ១៣ អ្នក​ទាំង​ពីរ​ក៏​ចេញ​ទៅ ហើយ​បាន​ឃើញ ដូច​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ប្រាប់​មែន។ គេ​រៀបចំ​ម្ហូប​អាហារ​សំរាប់​បុណ្យ​ចម្លង*។
ពិធី​ជប់លៀង​របស់​ព្រះអម្ចាស់
(ម៉ាថាយ ២៦:២៦-៣០ ម៉ាកុស ១៤:២២-២៦ ១​កូរិនថូស ១១:២៣-២៥)
១៤ លុះ​ដល់​ពេល​កំណត់​ហើយ ព្រះយេស៊ូ​ក៏​រួម​តុ​ជា​មួយ​ក្រុម​សាវ័ក* ១៥ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «មុន​ពេល​ខ្ញុំ​រង​ទុក្ខ​លំបាក ខ្ញុំ​ចង់​បរិភោគ​ម្ហូប​អាហារ​ក្នុង​ឱកាស​បុណ្យ​ចម្លង*​នេះ ជា​មួយ​អ្នក​រាល់​គ្នា​ណាស់!។ ១៦ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​នឹង​មិន​បរិភោគ​ម្ហូប​អាហារ​បុណ្យ​ចម្លង​នេះ​ទៀត​ទេ លុះ​ត្រា​តែ​ពិធី​បុណ្យ​នេះ​បាន​សំរេច​សព្វ​គ្រប់ នៅ​ក្នុង​ព្រះរាជ្យ* ព្រះជាម្ចាស់»។ ១៧ ព្រះអង្គ​យក​ពែង​មួយ​មក​កាន់ ហើយ​អរ​ព្រះគុណ​ព្រះជាម្ចាស់ រួច​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​យក​ទៅ​ចែក​គ្នា​ពិសា​ចុះ។ ១៨ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ ខ្ញុំ​មិន​ទទួល​ទាន​ស្រា​ទំពាំងបាយជូរ​ទៀត​ឡើយ លុះ​ត្រា​តែ​ព្រះរាជ្យ*​ព្រះជាម្ចាស់​មក​ដល់»។ ១៩ បន្ទាប់​មក ព្រះអង្គ​យក​នំបុ័ង​មក​កាន់ អរ​ព្រះគុណ​ព្រះជាម្ចាស់ រួច​ព្រះអង្គ​កាច់​ប្រទាន​អោយ​គេ​ទាំង​មាន​ព្រះបន្ទូល​ថា៖ «នេះ​ជា​រូប​កាយ​ខ្ញុំ​ដែល​ត្រូវ​បូជា សំរាប់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​ដូច្នេះ ដើម្បី​នឹក​រឭក​ដល់​ខ្ញុំ»។ ២០ លុះ​ជប់លៀង​រួច​ហើយ ព្រះអង្គ​ធ្វើ​តាម​បែប​ដដែល ទ្រង់​យក​ពែង​មក​កាន់ ទាំង​មាន​ព្រះបន្ទូល​ថា៖ «នេះ​ជា​ពែង​នៃ​សម្ពន្ធមេត្រី*​ថ្មី​ចង​ឡើង ដោយសារ​លោហិត​ខ្ញុំ ដែល​ត្រូវ​បង្ហូរ​សំរាប់​អ្នក​រាល់​គ្នា។ ២១ ប៉ុន្តែ តោង​ដឹង​ថា អ្នក​ដែល​នឹង​បញ្ជូន​ខ្ញុំ ក៏​នៅ​រួម​តុ​ជា​មួយ​ខ្ញុំ​ដែរ។ ២២ បុត្រ​មនុស្ស​ត្រូវ​តែ​ស្លាប់ តាម​ព្រះជាម្ចាស់​បាន​កំណត់​ទុក​មក តែ​អ្នក​ដែល​បញ្ជូន​បុត្រ​មនុស្ស មុខ​ជា​ត្រូវ​វេទនា​ពុំខាន»។ ២៣ ពេល​នោះ ពួក​សិស្ស*​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ចង់​ដឹង​ថា ក្នុង​ចំណោម​ពួក​គេ តើ​នរណា​មាន​បំណង​ប្រព្រឹត្ត​ដូច្នេះ។
អ្នក​ធំ​ត្រូវ​បំរើ​អ្នក​តូច
២៤ ខណៈ​នោះ ពួក​សាវ័ក*​ជជែក​ទាស់ទែង​គ្នា​ចង់​ដឹង​ថា ក្នុង​ចំណោម​ពួក​គេ នរណា​មាន​ឋានៈ​ធំ​ជាង​គេ។ ២៥ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ស្ដេច​ទាំងឡាយ​តែងតែ​ត្រួតត្រា​លើ​ប្រជារាស្ត្រ ហើយ​អ្នក​កាន់​អំណាច​តែង​អោយ​គេ​ហៅ​ខ្លួន​ថា អ្នក​មាន​គុណ។ ២៦ រីឯ​អ្នក​រាល់​គ្នា​វិញ មិន​ត្រូវ​ធ្វើ​ដូច្នោះ​ឡើយ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ដែល​ធំ​ជាង​គេ ត្រូវ​ធ្វើ​តូច​ជាង​គេ ហើយ​អ្នក​ដែល​ដឹក​នាំ​គេ ត្រូវ​បំរើ​គេ​វិញ។ ២៧ អ្នក​ដែល​អង្គុយ​នៅ​តុ និង​អ្នក​បំរើ​តុ តើ​អ្នក​ណា​ធំ​ជាង? ធម្មតា អ្នក​អង្គុយ​តុ ធំ​ជាង​អ្នក​បំរើ​តុ។ រីឯ​ខ្ញុំ ខ្ញុំ​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ខ្ញុំ​ធ្វើ​ជា​អ្នក​បំរើ​ទៅ​វិញ។ ២៨ គ្រប់​ពេល​ខ្ញុំ​ជួប​ទុក្ខ​លំបាក អ្នក​រាល់​គ្នា​ស៊ូ​ទ្រាំ​នៅ​ជា​មួយ​ខ្ញុំ​ជានិច្ច។ ២៩ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រគល់​ព្រះរាជ្យ*​អោយ​អ្នក​រាល់​គ្នា ដូច​ព្រះបិតា​បាន​ប្រគល់​មក​អោយ​ខ្ញុំ​ដែរ។ ៣០ ក្នុង​ព្រះរាជ្យ​របស់​ខ្ញុំ អ្នក​រាល់​គ្នា​នឹង​បរិភោគ​រួម​តុ​ជា​មួយ​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​នឹង​អង្គុយ​លើ​បល្ល័ង្ក ដើម្បី​គ្រប់គ្រង​លើ​កុលសម្ព័ន្ធ*​ទាំង​ដប់ពីរ​នៃ​ជន​ជាតិ​អ៊ីស្រាអែល»។
ព្រះយេស៊ូ​មាន​ព្រះបន្ទូល​អំពី​លោក​ពេត្រុស​បដិសេធ​មិន​ស្គាល់​ព្រះអង្គ
(មថ.២៦:៣១-៣៥ មក.១៤:២៧-៣១យហ.១៣.៣៦-៣៨)
៣១ «ស៊ីម៉ូន! ស៊ីម៉ូន​អើយ! មារ​សាតាំង*​បាន​ទាមទារ​សុំ​រែង​អ្នក​រាល់​គ្នា ដូច​គេ​រែង​អង្ករ។ ៣២ ប៉ុន្តែ ខ្ញុំ​បាន​អង្វរ​ព្រះជាម្ចាស់ សូម​កុំ​អោយ​អ្នក​បាត់​ជំនឿ​ឡើយ។ លុះ​ដល់​ពេល​អ្នក​ប្រែ​ចិត្ត​មក​វិញ ចូរ​ជួយ​បង​ប្អូន​របស់​អ្នក​អោយ​មាន​ជំនឿ​មាំមួន​ផង»។ ៣៣ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះអម្ចាស់! ទូលបង្គំ​ត្រៀម​ខ្លួន​ជា​ស្រេច ទោះ​បី​ត្រូវ​ជាប់​ឃុំឃាំង ឬ​ត្រូវ​ស្លាប់​ក៏​ដោយ ទូលបង្គំ​សុខ​ចិត្ត​ទៅ​ជា​មួយ​ព្រះអង្គ​រហូត»។ ៣៤ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គាត់​ថា៖ «ពេត្រុស​អើយ! ខ្ញុំ​សុំ​ប្រាប់​អ្នក​ថា នៅ​យប់​នេះ មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»។
៣៥ បន្ទាប់​មក ព្រះយេស៊ូ​មាន​ព្រះបន្ទូល​សួរ​សិស្ស*​ថា៖ «កាល​ដែល​ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ទៅ ដោយ​គ្មាន​ថង់​ប្រាក់ ថង់​យាម ឬ​ស្បែក​ជើង តើ​អ្នក​រាល់​គ្នា​មាន​ខ្វះ​ខាត​អ្វី​ទេ?»។ គេ​ទូល​ថា៖ «យើង​ខ្ញុំ​គ្មាន​ខ្វះ​ខាត​អ្វី​ទេ»។ ៣៦ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៀត​ថា៖ «ឥឡូវ​នេះ អ្នក​ណា​មាន​ថង់​ប្រាក់ ត្រូវ​យក​ទៅ​ជា​មួយ ហើយ​អ្នក​ណា​មាន​ថង់​យាម ក៏​ត្រូវ​យក​ទៅ​ជា​មួយ​ដែរ។ រីឯ​អ្នក​ដែល​គ្មាន​ដាវ ត្រូវ​លក់​អាវ​ធំ​របស់​ខ្លួន ទិញ​ដាវ​មួយ​ទៅ។ ៣៧ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ក្នុង​គម្ពីរ​មាន​ចែង​ទុក​អំពី​ខ្ញុំ​ថា“គេ​បាន​រាប់​លោក​ទុក​ដូច​ជា​អ្នក​មាន​ទោស​ឧក្រិដ្ឋ”។ ហេតុការណ៍​នោះ​ត្រូវ​តែ​កើត​មាន ស្រប​តាម​គម្ពីរ»។ ៣៨ ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះអម្ចាស់! យើង​មាន​ដាវ​ពីរ»។ ព្រះអង្គ​មាន​ព្រះបន្ទូល​ឆ្លើយ​តប​វិញ​ថា៖ «ប៉ុណ្ណឹង​គ្រប់​គ្រាន់​ហើយ»។
ព្រះយេស៊ូ​អធិស្ឋាន​នៅ​លើ​ភ្នំ​ដើម​អូលីវ
(ម៉ាថាយ ២៦:៣៦-៤៦ ម៉ាកុស ១៤:៣២-៤២)
៣៩ ព្រះយេស៊ូ​យាង​ចេញ​ពី​ផ្ទះ​នោះ ឆ្ពោះ​ទៅ​ភ្នំ​ដើម​អូលីវ តាម​ទម្លាប់​របស់​ព្រះអង្គ សិស្ស*​ក៏​នាំ​គ្នា​តាម​ព្រះអង្គ​ទៅ​ដែរ។ ៤០ កាល​យាង​ទៅ​ដល់​ហើយ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ចូរ​អធិស្ឋាន* កុំ​អោយ​ចាញ់​ការ​ល្បួង​ឡើយ»។ ៤១ បន្ទាប់​មក ព្រះអង្គ​យាង​ទៅ​ឆ្ងាយ​ពី​ពួក​សិស្ស ចម្ងាយ​ប្រហែល​គេ​ចោល​ដុំ​ថ្ម​មួយ​ទំហឹង​ដៃ។ ព្រះអង្គ​លុត​ជង្គង់​ចុះ​ទូលអង្វរ​ថា៖ ៤២ «ឱ​ព្រះបិតា​អើយ! ប្រសិន​បើ​ព្រះអង្គ​សព្វ​ព្រះហឫទ័យ សូម​ដក​យក​ពែង​នៃ​ទុក្ខ​លំបាក​នេះ ចេញ​អោយ​ឆ្ងាយ​ពី​ទូលបង្គំ​ទៅ។ ប៉ុន្តែ សូម​កុំ​អោយ​សំរេច​តាម​ចិត្ត​ទូលបង្គំ​ឡើយ គឺ​អោយ​សំរេច​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ​វិញ»។ ៤៣ ពេល​នោះ មាន​ទេវតា*​មួយ​រូប​ចុះ​ពី​ស្ថាន​បរមសុខ*​មក អោយ​ព្រះអង្គ​ឃើញ ដើម្បី​លើក​ទឹក​ចិត្ត​ព្រះអង្គ។ ៤៤ ព្រះយេស៊ូ​ព្រួយ​អន្ទះអន្ទែង​ពន់​ប្រមាណ ព្រះអង្គ​ទូលអង្វរ​កាន់​តែ​ខ្លាំង​ឡើងៗ តំណក់​ញើស​របស់​ព្រះអង្គ ដូច​ជា​តំណក់​ឈាម​ស្រក់​ចុះ​ដល់​ដី។ ៤៥ កាល​ព្រះអង្គ​ទូលអង្វរ​រួច​ហើយ ទ្រង់​ក្រោក​ឡើង​ត្រឡប់​ទៅ​រក​ពួក​សិស្ស ឃើញ​គេ​កំពុង​ដេក​លក់ ដោយ​ព្រួយ​ចិត្ត។ ៤៦ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ដេក​លក់​ដូច្នេះ? ចូរ​ក្រោក​ឡើង​អធិស្ឋាន* កុំ​អោយ​ចាញ់​ការ​ល្បួង»។
គេ​ចាប់​ព្រះយេស៊ូ
(មថ.២៦:៤៧-៥៦ មក.១៤:៤៣-៥០ យហ.១៨.៣-១១)
៤៧ នៅ​ពេល​ព្រះអង្គ​កំពុង​តែ​មាន​ព្រះបន្ទូល​នៅ​ឡើយ ស្រាប់​តែ​បណ្ដាជន​មក​ដល់ នាំ​មុខ​ដោយ​ឈ្មោះ​យូដាស ជា​សិស្ស*​មួយ​រូប ក្នុង​ក្រុម​ទាំង​ដប់ពីរ។ គាត់​ចូល​មក​ជិត​ព្រះយេស៊ូ ហើយ​ថើប​ព្រះអង្គ។ ៤៨ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «យូដាស​អើយ! អ្នក​ធ្វើ​ជា​ថើប ដើម្បី​បញ្ជូន​បុត្រ​មនុស្ស*​ឬ​អី?»។ ៤៩ ពួក​អ្នក​នៅ​ជា​មួយ​ព្រះយេស៊ូ ឃើញ​ហេតុការណ៍​ដែល​ហៀប​នឹង​កើត​ឡើង ក៏​ទូល​សួរ​ព្រះអង្គ​ថា៖ «ព្រះអម្ចាស់! តើ​អោយ​យើង​ខ្ញុំ​ហូត​ដាវ​កាប់​គេ​ឬ?»។ ៥០ សិស្ស​ម្នាក់​បាន​កាប់​អ្នក​បំរើ​របស់​លោក​មហា​បូជាចារ្យ*​មួយ​ដាវ​ដាច់​ស្លឹក​ត្រចៀក​ស្ដាំ។ ៥១ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «ប៉ុណ្ណឹង​បាន​ហើយ!»។ ព្រះអង្គ​ក៏​ពាល់​ត្រចៀក​បុរស​នោះ ហើយ​ប្រោស​គាត់​អោយ​បាន​ជា​ដូច​ដើម​វិញ។ ៥២ បន្ទាប់​មក ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​ពួក​នាយក​បូជាចារ្យ* មេ​ក្រុម​រក្សា​ព្រះវិហារ និង​ពួក​ព្រឹទ្ធាចារ្យ*​ដែល​មក​ចាប់​ព្រះអង្គ​នោះ​ថា៖ «ខ្ញុំ​ជា​ចោរ​ព្រៃ​ឬ បាន​ជា​អស់​លោក​កាន់​ដាវ កាន់​ដំបង​មក​ចាប់​ខ្ញុំ​ដូច្នេះ?។ ៥៣ ខ្ញុំ​នៅ​ក្នុង​ព្រះវិហារ*​ជា​មួយ​អស់​លោក​ជា​រៀង​រាល់​ថ្ងៃ តែ​អស់​លោក​ពុំ​បាន​ចាប់​ខ្ញុំ​ទេ។ ឥឡូវ​នេះ ជា​ពេល​របស់​អស់​លោក​ហើយ គឺ​ជា​ពេល​ដែល​ម្ចាស់​នៃ​សេចក្ដី​ងងឹត​បញ្ចេញ​អំណាច»។
លោក​ពេត្រុស​បដិសេធ​មិន​ស្គាល់​ព្រះយេស៊ូ
(ម៉ាថាយ ២៦:៥៧-៥៨, ៦៩-៧៥ ម៉ាកុស ១៤:៥៣-៥៤, ៦៦-៧២ យ៉ូហាន ១៨:១២-១៨, ២៥-២៧)
៥៤ ពួក​គេ​ចាប់​ព្រះយេស៊ូ បណ្ដើរ​នាំ​ចូល​ទៅ​ក្នុង​ដំណាក់​របស់​លោក​មហា​បូជាចារ្យ*។ លោក​ពេត្រុស​ដើរ​តាម​ព្រះអង្គ​ពី​ចម្ងាយ។ ៥៥ គេ​បាន​ដុត​ភ្លើង​នៅ​កណ្ដាល​ទីលាន ហើយ​អង្គុយ​ជុំវិញ លោក​ពេត្រុស​ក៏​អង្គុយ​នៅ​កណ្ដាល​ចំណោម​ពួក​គេ​ដែរ។ ៥៦ ស្ត្រី​បំរើ​ម្នាក់​ឃើញ​គាត់​អង្គុយ​នៅ​មុខ​ពន្លឺ​ភ្លើង សម្លឹង​មើល​គាត់​ហើយ​ពោល​ថា៖ «ម្នាក់​នេះ​ជា​បក្ស​ពួក​របស់​យេស៊ូ!»។ ៥៧ លោក​ពេត្រុស​ប្រកែក​ថា៖ «ទេ​នាង​អើយ! ខ្ញុំ​មិន​ដែល​ស្គាល់​គាត់​ទេ»។ ៥៨ មួយ​ស្របក់​ក្រោយ​មក មាន​ម្នាក់​ទៀត​ឃើញ​គាត់ ក៏​ពោល​ថា៖ «អ្នក​ឯង​ជា​បក្ស​ពួក​គាត់​ដែរ»។ លោក​ពេត្រុស​ឆ្លើយ​ទៅ​អ្នក​នោះ​ថា៖ «ទេ! មិន​មែន​ខ្ញុំ​ទេ!»។ ៥៩ ប្រហែល​មួយ​ម៉ោង​ក្រោយ​មក មាន​ម្នាក់​ទៀត​និយាយ​បែប​ប្រាកដ​ប្រជា​ថា៖ «អ្នក​នេះ​ពិត​ជា​បក្ស​ពួក​របស់​យេស៊ូ​មែន ព្រោះ​គាត់​ជា​អ្នក​ស្រុក​កាលីឡេ​ដូច​គ្នា»។ ៦០ លោក​ពេត្រុស​ឆ្លើយ​ថា៖ «ខ្ញុំ​មិន​ដឹង​ជា​អ្នក​ចង់​និយាយ​អំពី​រឿង​អ្វី​សោះ»។ គាត់​កំពុង​តែ​និយាយ​នៅ​ឡើយ ស្រាប់​តែ​មាន់​រងាវ​ឡើង។ ៦១ ព្រះអម្ចាស់​បែរ​ព្រះភក្ត្រ​ទត​មក​លោក​ពេត្រុស។ លោក​ពេត្រុស​ក៏​នឹក​ឃើញ​ព្រះបន្ទូល​របស់​ព្រះអង្គ​ថា៖ «យប់​នេះ មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»។ ៦២ លោក​ពេត្រុស​ចាក​ចេញ​ពី​ទី​នោះ ហើយ​យំ​សោក​យ៉ាង​ខ្លោចផ្សា។
គេ​វាយដំ​ជេរ​ប្រមាថ​ព្រះយេស៊ូ
(ម៉ាថាយ ២៦:៦៧-៦៨ ម៉ាកុស ១៤:៦៥)
៦៣ ពួក​អ្នក​យាម​ព្រះយេស៊ូ​ចំអក​ដាក់​ព្រះអង្គ ហើយ​វាយ​តប់​ព្រះអង្គ​ផង។ ៦៤ គេ​យក​ក្រណាត់​គ្រប​ព្រះភក្ត្រ​ព្រះអង្គ​ហើយ​សួរ​ថា៖ «ទាយ​មើល៍ អ្នក​ណា​វាយ​ឯង?»។ ៦៥ រួច​គេ​ជេរ​ប្រមាថ​ព្រះអង្គ​ជា​ច្រើន​ថែម​ទៀត​ផង។
ព្រះយេស៊ូ​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់
(ម៉ាថាយ ២៦:៥៩-៦៦ ម៉ាកុស ១៤:៥៥-៦៤ យ៉ូហាន ១៨:១៩-២៤)
៦៦ លុះ​ព្រឹក​ឡើង ពួក​ព្រឹទ្ធាចារ្យ*​របស់​ប្រជាជន​ពួក​នាយក​បូជាចារ្យ* និង​ពួក​អាចារ្យ*​ជួបជុំ​គ្នា បង្គាប់​អោយ​គេ​នាំ​ព្រះយេស៊ូ​ចូល​មក​ឈរ​នៅ​ខាង​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​របស់​គេ។ ៦៧ ពួក​គេ​សួរ​ព្រះអង្គ​ថា៖ «ប្រាប់​យើង​មក​មើល៍ តើ​អ្នក​ជា​ព្រះគ្រិស្ដ*​ឬ?»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា៖ «បើ​ខ្ញុំ​ប្រាប់​អស់​លោក​ក៏​អស់​លោក​ពុំ​ជឿ​ខ្ញុំ ៦៨ ហើយ​បើ​ខ្ញុំ​សួរ​អស់​លោក​វិញ ក៏​អស់​លោក​មិន​ឆ្លើយ​នឹង​ខ្ញុំ​ដែរ។ ៦៩ ប៉ុន្តែ អំណើះ​ត​ទៅ បុត្រ​មនុស្ស​នឹង​អង្គុយ នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់​ដ៏​មាន​ឫទ្ធានុភាព​»។ ៧០ ពេល​នោះ គេ​សួរ​ព្រម​គ្នា​ឡើង​ថា៖ «បើ​ដូច្នេះ អ្នក​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​ឬ?»។ ព្រះអង្គ​មាន​ព្រះបន្ទូល​តប​ថា៖ «អស់​លោក​មាន​ប្រសាសន៍​ត្រូវ​មែន គឺ​ខ្ញុំ​នេះ​ហើយ»។ ៧១ គេ​ក៏​និយាយ​ឡើង​ថា៖ «យើង​មិន​បាច់​រក​សាក្សី​ឯ​ណា​ទៀត​ទេ ដ្បិត​យើង​បាន​ឮ​ពាក្យ​របស់​អ្នក​នេះ​ផ្ទាល់​តែ​ម្ដង!»។