៩
ប្រជាជនតមអាហារ និងសារភាពអំពើបាបរបស់ខ្លួន
១ នៅថ្ងៃទីម្ភៃក្នុងខែដដែលនោះ ជនជាតិអ៊ីស្រាអែលស្លៀកបាវកាន់ទុក្ខ និងរោយដីលើក្បាល ហើយជួបជុំគ្នាធ្វើពិធីតមអាហារ។ ២ អស់អ្នកដែលជាពូជពង្សអ៊ីស្រាអែល បានញែកខ្លួនចេញពីសាសន៍ដទៃទាំងប៉ុន្មាន ហើយនាំគ្នាចូលមកសារភាពអំពើបាបរបស់ខ្លួន និងកំហុសដូនតា។ ៣ បន្ទាប់មក ពួកគេក្រោកឈរឡើងតាមកន្លែងរៀងៗខ្លួន ហើយស្ដាប់គម្ពីរវិន័យរបស់ព្រះអម្ចាស់ ជាព្រះនៃពួកគេ ក្នុងអំឡុងពេលបីម៉ោង រួចបីម៉ោងទៀតពួកគេសារភាពអំពើបាប និងក្រាបថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់ពួកគេ។ ៤ លោកយេសួរ លោកបានី លោកកាឌមាល លោកសេបានា លោកប៊ូននី លោកសេរេប៊ីយ៉ា លោកបានី និងលោកកេណានី នាំគ្នាឡើងទៅលើវេទិការបស់ក្រុមលេវី ហើយស្រែកទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់ខ្លួនដោយបន្លឺសំឡេងយ៉ាងខ្លាំងៗ។ ៥ បន្ទាប់មក ក្រុមលេវី លោកយេសួរ លោកកាឌមាល លោកបានី លោកហាសាបនា លោកសេរេប៊ីយ៉ា លោកហូឌា លោកសេបានា និងលោកពេថាហ៊ីយ៉ាពោលថា៖ «ចូរនាំគ្នាក្រោកឡើង លើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា តាំងពីអស់កល្បរៀងមក រហូតដល់អស់កល្បរៀងទៅ!»។
ពាក្យអធិស្ឋានរបស់ប្រជាជន
«បពិត្រព្រះអម្ចាស់ យើងខ្ញុំសូមលើកតម្កើង
ព្រះនាមដ៏រុងរឿងរបស់ព្រះអង្គ
ជាព្រះនាមប្រសើរលើសអ្វីៗទាំងអស់
ដែលពុំអាចរកពាក្យមកថ្លែង
ដើម្បីលើកតម្កើង និងសរសើរបាន!
៦ មានតែព្រះអង្គទេដែលជាព្រះអម្ចាស់
ព្រះអង្គបានបង្កើតផ្ទៃមេឃ
ព្រមទាំងផ្ទៃមេឃដ៏ខ្ពស់បំផុត
និងផ្កាយទាំងប៉ុន្មានដែលស្ថិតនៅលើមេឃ
ព្រះអង្គក៏បានបង្កើតផែនដី
និងអ្វីៗទាំងអស់នៅលើផែនដី
សមុទ្រ និងអ្វីៗនៅក្នុងសមុទ្រ។
ព្រះអង្គប្រទានជីវិតដល់អ្វីៗសព្វសារពើ
ហ្វូងតារាទាំងអស់នៅលើមេឃ
នាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ
៧ ឱព្រះជាអម្ចាស់អើយ គឺព្រះអង្គហើយ
ដែលបានជ្រើសរើសលោកអាប់រ៉ាម
និងនាំលោកចេញពីក្រុងអ៊ើរ នៅស្រុកខាល់ដេដេ
ហើយព្រះអង្គប្រទាននាមលោកថាអប្រាហាំ។
៨ ព្រះអង្គឈ្វេងយល់លោកមាន
ចិត្តស្មោះត្រង់នឹងព្រះអង្គ
ព្រះអង្គក៏បានចងសម្ពន្ធមេត្រីជាមួយលោក
ដើម្បីប្រគល់ទឹកដីរបស់ជនជាតិកាណាន
ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត
ជនជាតិយេប៊ូស និងជនជាតិគើកាស៊ី
អោយពូជពង្សរបស់លោក។
ព្រះអង្គបានធ្វើតាមព្រះបន្ទូលសន្យា
ដ្បិតព្រះអង្គជាព្រះដ៏សុចរិត។
៩ ព្រះអង្គទតឃើញទុក្ខវេទនានៃបុព្វបុរស
របស់យើងខ្ញុំនៅស្រុកអេស៊ីប
ព្រះអង្គបានឮសំរែករបស់ពួកគេ
នៅក្បែរសមុទ្រកក់។
១០ ព្រះអង្គបានសំដែងទីសំគាល់
និងប្ញទ្ធិបាដិហារិយ៍ផ្សេងៗ
ប្រឆាំងនឹងស្ដេចផារ៉ោន
ព្រមទាំងមន្ត្រីទាំងអស់របស់ស្ដេច
និងប្រជាជននៅស្រុកអេស៊ីបទាំងមូល
ដ្បិតព្រះអង្គជ្រាបថា គេមានចិត្តកោងកាច
ធ្វើបាបបុព្វបុរសរបស់យើងខ្ញុំយ៉ាងណាខ្លះ។
ព្រះអង្គបានធ្វើអោយព្រះនាមរបស់ព្រះអង្គ
ល្បីល្បាញរហូតដល់សព្វថ្ងៃ។
១១ ព្រះអង្គបានញែកទឹកសមុទ្រចេញពីគ្នា
នៅចំពោះមុខបុព្វបុរសរបស់យើង
ពួកគេដើរកាត់បាតសមុទ្រ
ប៉ុន្តែ ព្រះអង្គបានទម្លាក់អស់អ្នកដែល
ដេញតាមពីក្រោយពួកគេ ទៅក្នុងទីជំរៅ
ដូចដុំថ្មដែលគេបោះទៅក្នុងមហាសាគរ។
១២ នៅពេលថ្ងៃព្រះអង្គដឹកនាំពួកគេ
ដោយដុំពពក
នៅពេលយប់ព្រះអង្គបំភ្លឺផ្លូវពួកគេដោយដុំភ្លើង។
១៣ ព្រះអង្គយាងចុះមកលើភ្នំស៊ីណៃ
ព្រះអង្គមានព្រះបន្ទូលពីលើមេឃ មកពួកគេ
ហើយប្រទានវិន័យដ៏ត្រឹមត្រូវ ក្រឹត្យវិន័យ*ដ៏ពិត
ព្រមទាំងច្បាប់ និងបទបញ្ជាផ្សេងៗមកអោយពួកគេ។
១៤ ព្រះអង្គប្រទានអោយពួកគេស្គាល់
ថ្ងៃសប្ប័ទ*ដ៏វិសុទ្ធ*របស់ព្រះអង្គ
ហើយប្រទានបទបញ្ជា ច្បាប់ព្រមទាំង
ក្រឹត្យវិន័យ*មកពួកគេ តាមរយៈលោកម៉ូសេ
ជាអ្នកបំរើរបស់ព្រះអង្គ។
១៥ នៅពេលដែលពួកគេឃ្លាន ព្រះអង្គប្រទាន
អាហារពីលើមេឃមកអោយពួកគេ
នៅពេលដែលពួកគេស្រេកទឹក
ព្រះអង្គធ្វើអោយមានទឹកហូរចេញពីថ្មដា។
ព្រះអង្គបញ្ជាពួកគេអោយចូល
ទៅកាន់កាប់ទឹកដីដែលព្រះអង្គបានសន្យា
យ៉ាងម៉ឺងម៉ាត់ថា នឹងប្រទានអោយពួកគេ។
១៦ ប៉ុន្តែ ដូនតារបស់យើងខ្ញុំមានអំនួត
និងមានចិត្តរឹងចចេស
ពុំព្រមស្ដាប់តាមបទបញ្ជារបស់ព្រះអង្គទេ។
១៧ ពួកគេបដិសេធមិនព្រមស្ដាប់បង្គាប់
ហើយបំភ្លេចការអស្ចារ្យទាំងប៉ុន្មាន
ដែលព្រះអង្គបានធ្វើដើម្បីជួយពួកគេ។
ពួកគេបានតាំងចិត្តរឹងចចេស ហើយបះបោរ
ពួកគេបានតែងតាំងមេដឹកនាំម្នាក់
ចង់វិលទៅរកទាសភាពវិញ។
ប៉ុន្តែ ព្រះអង្គជាព្រះដែលតែងតែអត់ទោស
ព្រះអង្គប្រកបដោយព្រះហឫទ័យ
អាណិតអាសូរ និងប្រណីសន្ដោស
ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់
និងពោរពេញដោយព្រះហឫទ័យមេត្តាករុណា
ព្រះអង្គមិនបោះបង់ចោលពួកគេឡើយ។
១៨ ទោះបីពួកគេសិតរូបកូនគោមួយ
ទាំងពោលថា “នេះនែ៎ ព្រះរបស់អ្នក
ដែលបាននាំអ្នកចេញមកពីស្រុកអេស៊ីប!”
ហើយទោះបីពួកគេបានប្រមាថ
ព្រះអង្គខ្លាំងយ៉ាងណាក្ដី
១៩ ក៏ព្រះអង្គពុំបានបោះបង់ចោលពួកគេ
នៅវាលរហោស្ថានឡើយ
ព្រោះព្រះអង្គមានព្រះហឫទ័យអាណិតអាសូរ
ពួកគេយ៉ាងខ្លាំង។
នៅពេលថ្ងៃព្រះអង្គនៅតែដឹកនាំពួកគេ ដោយដុំពពក
នៅពេលយប់ព្រះអង្គនៅតែបំភ្លឺផ្លូវពួកគេ ដោយដុំភ្លើង។
២០ ព្រះអង្គប្រទានព្រះវិញ្ញាណដ៏ល្អរបស់ព្រះអង្គ មកពួកគេ
ដើម្បីអោយពួកគេចេះគិតពិចារណា
ព្រះអង្គប្រទាននំម៉ាណាអោយពួកគេបរិភោគ
ព្រមទាំងប្រទានទឹកអោយពួកគេ
មិនដែលអាក់ខានឡើយ។
២១ ក្នុងអំឡុងពេលសែសិបឆ្នាំ
ព្រះអង្គបានផ្គត់ផ្គង់អ្វីៗទាំងអស់
ដែលពួកគេត្រូវការនៅវាលរហោស្ថាន
ពួកគេមិនដែលខ្វះខាតអ្វីឡើយ
សម្លៀកបំពាក់របស់ពួកគេមិនរេចរឹល
ហើយជើងរបស់ពួកគេក៏មិនហើមដែរ។
២២ ព្រះអង្គបានប្រគល់ទឹកដីរបស់នគរ
និងជាតិសាសន៍នានា
ដែលនៅជិតខាង មកអោយពួកគេកាន់កាប់។
ពួកគេដណ្ដើមយកបានទឹកដីរបស់
ព្រះបាទស៊ីហុន ជាស្ដេចក្រុងហែសបូន
និងទឹកដីរបស់ព្រះបាទអុក ជាស្ដេចស្រុកបាសាន។
២៣ ព្រះអង្គបានធ្វើអោយកូនចៅរបស់ពួកគេ
កើនចំនួនច្រើនឡើង ដូចផ្កាយនៅលើមេឃ
ហើយព្រះអង្គនាំពួកគេចូលទៅចាប់យកទឹកដី
ដែលព្រះអង្គសន្យាដល់បុព្វបុរសរបស់ពួកគេ
ថានឹងអោយពួកគេកាន់កាប់។
២៤ កូនចៅរបស់ពួកគេក៏ចូលទៅកាន់កាប់ទឹកដី
ព្រះអង្គបានបង្ក្រាបជនជាតិកាណាន
ជាអ្នកស្រុកនោះ នៅមុខពួកគេ
ព្រះអង្គបានប្រគល់ជនជាតិនោះ ទាំងស្ដេច
ទាំងប្រជាជន មកក្នុងកណ្ដាប់ដៃរបស់ពួកគេ
ដើម្បីអោយពួកគេប្រព្រឹត្តតាមអំពើចិត្ត។
២៥ ពួកគេដណ្ដើមយកក្រុង ដែលមានកំពែងរឹងមាំ និង
ទឹកដីដែលមានជីជាតិល្អ។
ពួកគេចាប់យកបានផ្ទះ
ដែលមានពេញដោយទ្រព្យសម្បត្តិគ្រប់យ៉ាង
ព្រមទាំងអណ្ដូងទឹក ចំការទំពាំងបាយជូរ
ចំការអូលីវ និងដើមឈើស៊ីផ្លែគ្រប់មុខ
យ៉ាងច្រើនបរិបូណ៌។
ពួកគេបរិភោគឆ្អែត មានសាច់មានឈាម
ហើយរស់នៅយ៉ាងសប្បាយ
ដោយសារព្រះហឫទ័យសប្បុរសដ៏ធំធេង របស់ព្រះអង្គ។
២៦ ប៉ុន្តែ ក្រោយមក ពួកគេបានលើកគ្នាបះបោរ
ប្រឆាំងនឹងព្រះអង្គ
ពួកគេបោះបង់ចោលក្រឹត្យវិន័យរបស់ព្រះអង្គ
ហើយសម្លាប់ពួកព្យាការី
ដែលដាស់តឿនពួកគេអោយបែរចិត្ត
មករកព្រះអង្គវិញ
ពួកគេនាំគ្នាប្រមាថព្រះអង្គយ៉ាងខ្លាំង។
២៧ ពេលនោះ ព្រះអង្គក៏ប្រគល់ពួកគេ
ទៅក្នុងកណ្ដាប់ដៃរបស់បច្ចាមិត្ត
ហើយបច្ចាមិត្តជិះជាន់សង្កត់សង្កិនពួកគេ។
ពេលមានអាសន្ន ពួកគេស្រែកអង្វរព្រះអង្គ
ព្រះអង្គស្ដាប់ពួកគេពីស្ថានបរមសុខ*
ហើយអាណិតអាសូរពួកគេយ៉ាងខ្លាំង
ព្រះអង្គប្រទានអ្នករំដោះ
មកសង្គ្រោះពួកគេអោយរួចពីកណ្ដាប់ដៃ របស់បច្ចាមិត្ត។
២៨ ពេលបានសុខក្សេមក្សាន្ត
ពួកគេចាប់ផ្ដើមប្រព្រឹត្តអំពើអាក្រក់
មិនគាប់ព្រះហឫទ័យព្រះអង្គសាជាថ្មី
ព្រះអង្គក៏បោះបង់ចោលពួកគេ
អោយធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ
ខ្មាំងសត្រូវក៏ជិះជាន់សង្កត់សង្កិនពួកគេ។
ពេលនោះ ពួកគេស្រែកអង្វរព្រះអង្គសាជាថ្មី
ព្រះអង្គស្ដាប់ពួកគេពីស្ថានបរមសុខ
ព្រះអង្គអាណិតអាសូរពួកគេយ៉ាងខ្លាំង
ហើយព្រះអង្គសង្គ្រោះពួកគេ
ជាច្រើនលើកច្រើនសា។
២៩ ព្រះអង្គបានដាស់តឿនពួកគេអោយវិលមក
កាន់តាមក្រឹត្យវិន័យរបស់ព្រះអង្គវិញ
តែពួកគេមានចិត្តរឹងចចេស
មិនព្រមស្ដាប់តាមបទបញ្ជារបស់ព្រះអង្គទេ។
វិន័យរបស់ព្រះអង្គតែងតែផ្ដល់ជីវិត
អោយមនុស្សដែលប្រតិបត្តិតាម
ប៉ុន្តែ ពួកគេបែរជាប្រព្រឹត្តអំពើបាបខុសនឹងវិន័យទាំងនេះវិញ។
ពួកគេមានចិត្តមានះ និងរឹងចចេស
មិនព្រមស្ដាប់បង្គាប់ឡើយ។
៣០ ព្រះអង្គទ្រាំទ្រនឹងពួកគេជាច្រើនឆ្នាំ
ព្រះអង្គប្រទានព្រះវិញ្ញាណអោយមក
រំលឹកដាស់តឿនពួកគេ
តាមរយៈពួកព្យាការីរបស់ព្រះអង្គ
ប៉ុន្តែ ពួកគេមិនយកចិត្តទុកដាក់ស្ដាប់ឡើយ
ដូច្នេះ ព្រះអង្គក៏បានប្រគល់ពួកគេ
ទៅក្នុងកណ្ដាប់ដៃរបស់ជនបរទេស។
៣១ ដោយព្រះអង្គអាណិតអាសូរពួកគេយ៉ាងខ្លាំង
ព្រះអង្គមិនលុបបំបាត់ពួកគេ
ឬបោះបង់ចោលពួកគេឡើយ
ដ្បិតព្រះអង្គជាព្រះដែលមានព្រះហឫទ័យ
ប្រណីសន្ដោស និងអាណិតអាសូរ។
៣២ ឱព្រះនៃយើងខ្ញុំអើយ ព្រះអង្គជាព្រះដ៏ឧត្ដម
ប្រកបដោយឫទ្ធានុភាពគួរអោយស្ញែងខ្លាច
ព្រះអង្គតែងតែរក្សាសម្ពន្ធមេត្រី
ហើយមានព្រះហឫទ័យមេត្តាករុណាជានិច្ច។
ឥឡូវនេះ សូមទ្រង់មេត្តាទតមកយើងខ្ញុំ
ដែលកំពុងរងទុក្ខលំបាក
គឺស្ដេចរបស់យើងខ្ញុំ មន្ត្រីរបស់យើងខ្ញុំ
បូជាចារ្យរបស់យើងខ្ញុំ ព្យាការីរបស់យើងខ្ញុំ
ដូនតារបស់យើងខ្ញុំ
និងប្រជាជនទាំងមូលរបស់ព្រះអង្គ
ចាប់ពីជំនាន់ស្ដេចស្រុកអាស្ស៊ីរី
រហូតដល់សព្វថ្ងៃនេះ។
៣៣ ហេតុការណ៍ទាំងប៉ុន្មាន
ដែលកើតមានដល់យើងខ្ញុំបញ្ជាក់ថា
ព្រះអង្គប្រព្រឹត្តចំពោះយើងខ្ញុំ
ដោយយុត្តិធម៌ និងសុចរិតមែន
ព្រោះយើងខ្ញុំបានធ្វើអំពើអាក្រក់។
៣៤ ស្ដេចរបស់យើងខ្ញុំ មន្ត្រីរបស់យើងខ្ញុំ
បូជាចារ្យរបស់យើងខ្ញុំ និងដូនតារបស់យើងខ្ញុំ
ពុំប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអង្គ
ហើយពួកគេក៏ពុំយកចិត្តទុកដាក់នឹងបទបញ្ជា
ឬការព្រមានផ្សេងៗ
ដែលព្រះអង្គមានព្រះបន្ទូលមកកាន់ពួកគេដែរ។
៣៥ នៅគ្រាដែលគេរស់ក្នុងនគររបស់ខ្លួន
ព្រះអង្គប្រទានអោយពួកគេមានអ្វីៗគ្រប់យ៉ាង
ដ៏សម្បូណ៌សប្បាយ
ក្នុងទឹកដីដ៏ទូលំទូលាយ និងមានជីជាតិល្អ
ពួកគេពុំព្រមគោរពបំរើព្រះអង្គទេ
ហើយក៏ពុំព្រមងាកចេញពីអំពើអាក្រក់ របស់ខ្លួនដែរ។
៣៦ ថ្ងៃនេះយើងខ្ញុំបានធ្លាក់ខ្លួនជាទាសករ!
យើងខ្ញុំធ្វើជាទាសករក្នុងស្រុក
ដែលព្រះអង្គប្រទានអោយបុព្វបុរសរបស់យើងខ្ញុំ
ដើម្បីអោយពួកគេបរិភោគផលផ្លែ
និងទទួលភោគទ្រព្យនៅក្នុងស្រុក!
៣៧ ប៉ុន្តែ ភោគផលដ៏សម្បូណ៌ហូរហៀរទាំងនេះ
បែរជាបម្រុងទុកសំរាប់ស្ដេចនានា
ដែលព្រះអង្គអោយយើងខ្ញុំធ្វើជាចំណុះ
ព្រោះតែអំពើបាបរបស់យើងខ្ញុំ។
គេត្រួតត្រាលើរូបកាយយើងខ្ញុំ
និងប្រើប្រាស់សត្វពាហនៈរបស់យើងខ្ញុំ
តាមអំពើចិត្តរបស់គេ
យើងខ្ញុំរងទុក្ខវេទនាខ្លាំងណាស់!»។
ប្រជាជនសន្យាប្រតិបត្តិតាមវិន័យរបស់ព្រះអម្ចាស់
៣៨ ដោយមានហេតុការណ៍កើតឡើងដូច្នេះ យើងក៏ចុះកិច្ចសន្យាជាលាយលក្ខណ៍អក្សរ។ នៅក្នុងឯកសារដែលមានបិទត្រានោះ មានចុះហត្ថលេខាមេដឹកនាំរបស់យើង ព្រមទាំងក្រុមលេវី និងបូជាចារ្យ។