១១
ការបែងចែកកន្លែងអោយជនជាតិយូដាតាំងទីលំនៅសាជាថ្មី នៅក្រុងយេរូសាឡឹម និងក្រុងឯទៀតៗ
១ មេដឹកនាំរបស់ប្រជាជន តាំងទីលំនៅនៅក្រុងយេរូសាឡឹម។ រីឯប្រជាជនវិញ គេបានចាប់ឆ្នោតអោយម្នាក់ ក្នុងចំណោមដប់នាក់ មករស់នៅក្នុងក្រុងយេរូសាឡឹម ជាក្រុងដ៏វិសុទ្ធ ហើយប្រាំបួននាក់ទៀត ត្រូវរស់នៅតាមក្រុងនានា។ ២ ប្រជាជនជូនពរដល់អស់អ្នកដែលស្ម័គ្រចិត្តរស់នៅក្នុងក្រុងយេរូសាឡឹម។ ៣ ពួកចៅហ្វាយខេត្តនាំគ្នាតាំងទីលំនៅក្នុងក្រុងយេរូសាឡឹម។ រីឯជនជាតិអ៊ីស្រាអែលឯទៀតៗ ក្រុមបូជាចារ្យ ក្រុមលេវី ក្រុមអ្នកបំរើព្រះវិហារ និងកូនចៅរបស់អ្នកបំរើព្រះបាទសាឡូម៉ូន រស់នៅតាមក្រុងនានា ម្នាក់ៗក្នុងទឹកដីដែលជាកម្មសិទ្ធិរបស់ខ្លួន។ ៤ ប៉ុន្តែ មានកូនចៅយូដា និងកូនចៅបេនយ៉ាមីនមួយចំនួន តាំងទីលំនៅ ក្នុងក្រុងយេរូសាឡឹម។ កូនចៅយូដាមានលោកអថាយ៉ាជាកូនរបស់លោកអ៊ូស៊ីយ៉ា ដែលត្រូវជាកូនរបស់លោកសាការី ដែលត្រូវជាកូនរបស់លោកអម៉ារា ដែលត្រូវជាកូនរបស់លោកសេផាធា ដែលត្រូវជាកូនរបស់លោកម៉ាលេលាល ក្នុងអំបូរពេរេស។ ៥ លោកម៉ាសេយ៉ាជាកូនរបស់លោកបារូក ដែលត្រូវជាកូនរបស់លោកកុលហូសេ ដែលត្រូវជាកូនរបស់លោកហាសាយ៉ា ដែលត្រូវជាកូនរបស់លោកអដាយ៉ា ដែលត្រូវជាកូនរបស់លោកយ៉ូយ៉ារីប ដែលត្រូវជាកូនរបស់លោកសាការី ដែលត្រូវជាកូនរបស់លោកស៊ីឡូនី។ ៦ កូនចៅរបស់លោកពេរេស ដែលមកតាំងទីលំនៅនៅក្រុងយេរូសាឡឹមសរុបទាំងអស់មាន ៤៦៨នាក់ សុទ្ធសឹងជាមនុស្សដែលមានចិត្តអង់អាច។ ៧ កូនចៅបេនយ៉ាមីនមានលោកសាលូវ ជាកូនរបស់លោកមស៊ូឡាម ដែលត្រូវជាកូនរបស់លោកយ៉ូអេដ ដែលត្រូវជាកូនរបស់លោកពេដាយ៉ា ដែលត្រូវជាកូនរបស់លោកកូឡាយ៉ា ដែលត្រូវជាកូនរបស់លោកម៉ាសេយ៉ា ដែលត្រូវជាកូនរបស់លោកអ៊ីធាល ដែលត្រូវជាកូនរបស់លោកយេសាយ៉ា។ ៨ បន្ទាប់មក មានលោកកាបាយ និងលោកសាឡាយ។ សរុបទាំងអស់ កូនចៅរបស់បេនយ៉ាមីនមាន ៩២៨នាក់។ ៩ លោកយ៉ូអែលកូនរបស់លោកស៊ីកគ្រីជាអធិការក្រុង ហើយលោកយូដាកូនរបស់លោកសេនួរ ជាអធិការរងរបស់ទីក្រុង។
១០ ពួកបូជាចារ្យមាន: លោកយេដាយ៉ាជាកូនរបស់លោកយ៉ូយ៉ារីប លោកយ៉ាគីន ១១ លោកសេរ៉ាយ៉ាជាកូនរបស់លោកហ៊ីលគីយ៉ា ដែលជាកូនរបស់លោកមស៊ូឡាម ដែលជាកូនរបស់លោកសាដុក ដែលជាកូនរបស់លោកមេរ៉ាយ៉ូត ដែលជាកូនរបស់លោកអហ៊ីទូប ដែលជាអ្នកដឹកនាំកិច្ចការក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។ ១២ ក្រៅពីនោះមានបងប្អូនរបស់ពួកគេ ដែលទទួលខុសត្រូវលើការងារផ្សេងៗនៅក្នុងព្រះដំណាក់ មានគ្នាទាំងអស់ ៨២២នាក់។ បន្ទាប់មក មានលោកអដាយ៉ា ជាកូនរបស់លោកយេរ៉ូហាំ ដែលជាកូនរបស់លោកពេឡាលា ដែលជាកូនរបស់លោកអាំស៊ី ដែលជាកូនរបស់លោកសាការី ដែលជាកូនរបស់លោកផាសហ៊ើរ ដែលជាកូនរបស់លោកម៉ាលគា ១៣ ព្រមទាំងបងប្អូនរបស់គាត់ដែលត្រូវជាមេលើក្រុមគ្រួសារ មានគ្នាទាំងអស់ ២៤២នាក់។ បន្ទាប់មកទៀត មានលោកអម៉ាសាយ ជាកូនរបស់លោកអសារាល ដែលជាកូនរបស់លោកអហាសាយ ដែលជាកូនរបស់លោកមស៊ីលេម៉ូត ដែលជាកូនរបស់លោកអ៊ីមមើរ ១៤ ព្រមទាំងបងប្អូនរបស់គេ សុទ្ធសឹងតែជាមនុស្សសំខាន់ៗ មានគ្នាទាំងអស់ ១២៨នាក់។ លោកសាប់ឌាលកូនរបស់លោកកេដូលីម ជាអ្នកគ្រប់គ្រងលើពួកគេ។
១៥ ក្រុមលេវីមាន: លោកសេម៉ាយ៉ាជាកូនរបស់លោកហាស៊ូប ដែលត្រូវជាកូនរបស់លោកអាសរីកាំ ជាកូនរបស់លោកហាសាបយ៉ា ជាកូនរបស់លោកប៊ូននី។ ១៦ លោកសាបថាយ និងលោកយ៉ូសាបាដ ជាអ្នកទទួលបន្ទុកកិច្ចការនៅខាងក្រៅព្រះដំណាក់របស់ព្រះជាម្ចាស់ រួមជាមួយពួកមេដឹកនាំក្រុមលេវី។ ១៧ លោកម៉ាថានា ជាកូនរបស់លោកមីកា ដែលត្រូវជាកូនរបស់លោកសាបឌី ជាកូនរបស់លោកអេសាភ ជាមេដឹកនាំក្រុមចំរៀងសរសើរតម្កើង សំរាប់ពេលអធិស្ឋានលោកបាកប៊ូគា ដែលជាមេដឹកនាំរង ព្រមទាំងលោកអាប់ដា ជាកូនរបស់លោកសាំមួរ ដែលត្រូវជាកូនរបស់លោកកាឡាល ជាកូនរបស់លោកយេឌូថិន។ ១៨ សរុបទាំងអស់កូនចៅលេវី ដែលរស់នៅក្នុងក្រុងដ៏វិសុទ្ធមានចំនួន ២៨៤នាក់។
១៩ ក្រុមយាមទ្វារ មាន: លោកអ័កគូប លោកថាលម៉ូន និងបងប្អូនរបស់គេ ជាអ្នកយាមទ្វារដែលមានគ្នាទាំងអស់ ១៧២នាក់។
២០ រីឯជនជាតិអ៊ីស្រាអែលឯទៀតៗ ក្រុមបូជាចារ្យ ក្រុមលេវីនាំគ្នាតាំងទីលំនៅ តាមក្រុងទាំងប៉ុន្មាននៃស្រុកយូដា ក្នុងទឹកដីដែលជាចំណែករបស់ពួកគេ។
២១ ក្រុមអ្នកបំរើព្រះវិហារ តាំងទីលំនៅ នៅភ្នំអូផែល។ លោកស៊ីហា និងលោកគីសប៉ា ជាមេដឹកនាំរបស់ពួកគេ។
២២ អធិការរបស់ក្រុមលេវី នៅក្រុងយេរូសាឡឹម គឺលោកអ៊ូស៊ី ជាកូនរបស់លោកបានី ដែលត្រូវជាកូនរបស់លោកហាសាបយ៉ា ដែលត្រូវជាកូនរបស់លោកម៉ាថានា ដែលត្រូវជាកូនរបស់លោកមីកា ជាកូនចៅរបស់លោកអេសាភ។ ពួកគេជាក្រុមតន្ត្រីបំរើការងារក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។ ២៣ ស្ដេចបានតាក់តែងច្បាប់មួយផ្សេងសំរាប់ក្រុមតន្ត្រី ពួកគេបំពេញមុខងារប្រចាំថ្ងៃ ស្របតាមច្បាប់ដែលបានកំណត់ទុក។ ២៤ លោកពេថាហ៊ីយ៉ា ជាកូនរបស់លោកមសេសា-បេលក្នុងអំបូរសេរ៉ាស ក្នុងកុលសម្ព័ន្ធយូដា ជាតំណាងរបស់ប្រជាជននៅចំពោះមុខព្រះចៅអធិរាជ។
២៥ រីឯនៅតាមភូមិ និងតាមតំបន់នានា កូនចៅយូដាតាំងទីលំនៅនៅគារយ៉ាត-អើបា និងស្រុកភូមិជុំវិញឌីបូន និងស្រុកភូមិជុំវិញយេកាបសៀល និងភូមិនានាដែលនៅជុំវិញ ២៦ យេសួរ ម៉ូឡាដា បេត-ផាលែត ២៧ ហាសារ-ស៊ូអាល់ បៀរសេបា និងស្រុកភូមិជុំវិញ ២៨ ស៊ីគឡាក់ មេកូណា និងស្រុកភូមិជុំវិញ ២៩ អេនរីម៉ូន សូរ៉ាស់ យ៉ាមូត ៣០ សាណូអា អាឌូឡាំ និងភូមិនានាដែលនៅជុំវិញ ឡាគីស និងតំបន់ជុំវិញអាសេកា និងស្រុកភូមិជុំវិញ។ កូនចៅយូដាតាំងទីលំនៅចាប់ពីបៀរសេបា រហូតដល់ជ្រលងភ្នំហ៊ិនណម។
៣១ កូនចៅបេនយ៉ាមីនតាំងទីលំនៅនៅកេបា មីគម៉ាស់ អៃ បេតអែល និងស្រុកភូមិជុំវិញ ៣២ អាណាថោត ណូប ហាណានា ៣៣ ហាសោរ រ៉ាម៉ា គីថែម ៣៤ ហាឌីដ សេបោម នេបាឡាត ៣៥ ឡូដ និងអូណូ ជ្រលងភ្នំរបស់ពួកសិប្បករ។ ៣៦ មានពួកលេវីខ្លះចាកចេញពីតំបន់យូដា ទៅរស់នៅក្នុងតំបន់បេនយ៉ាមីន។