៩
ការអញ្ជើញរបស់ព្រះប្រាជ្ញាញាណ
១ ព្រះប្រាជ្ញាញាណបានរៀបចំសសរប្រាំពីរ សំរាប់សង់ផ្ទះ។ ២ ព្រះប្រាជ្ញាញាណបានសម្លាប់សត្វ រៀបចំសុរា និងរៀបចំតុ សំរាប់ធ្វើពិធីជប់លៀង។ ៣ ព្រះប្រាជ្ញាញាណចាត់អ្នកបំរើអោយទៅប្រកាស នៅតាមទួលខ្ពស់ៗក្នុងទីក្រុងថា: ៤ «មនុស្សល្ងង់ខ្លៅអើយ ចូរនាំគ្នាចូលមកទីនេះ! រីឯមនុស្សដែលគ្មានប្រាជ្ញា ៥ ក៏សុំអញ្ជើញចូលមកពិសាអាហារ និងពិសាស្រា ដែលខ្ញុំបានរៀបចំទុកជាស្រេច។ ៦ ចូរនាំគ្នាបោះបង់ចោលភាពល្ងង់ខ្លៅ ទើបអ្នករាល់គ្នាមានជីវិត។ ចូរដើរតាមមាគ៌ាដែលផ្ដល់ការចេះដឹងវិញ!»។
អ្នកប្រាជ្ញ និងអ្នកវាយឫកខ្ពស់
៧ អ្នកណាស្ដីបន្ទោសមនុស្សវាយឫកខ្ពស់ អ្នកនោះនឹងត្រូវគេមើលងាយ អ្នកណាស្ដីបន្ទោសមនុស្សពាល អ្នកនោះនឹងត្រូវគេជេរវិញ។ ៨ កុំស្ដីបន្ទោសមនុស្សវាយឫកខ្ពស់ ក្រែងគេស្អប់អ្នក។ បើអ្នកស្ដីបន្ទោសមនុស្សមានប្រាជ្ញា គេនឹងស្រឡាញ់អ្នក។ ៩ សេចក្ដីដែលអ្នកពោលទៅកាន់មនុស្សមានប្រាជ្ញា ធ្វើអោយគេកាន់តែមានប្រាជ្ញា សេចក្ដីដែលអ្នកបង្រៀនមនុស្សសុចរិត ធ្វើអោយគេកាន់តែចេះដឹងថែមទៀត។
១០ ការគោរពកោតខ្លាចព្រះអម្ចាស់ ជាប្រភពនៃប្រាជ្ញា ការស្គាល់ព្រះជាម្ចាស់ ជាចំណេះរបស់ប្រជាជនដ៏វិសុទ្ធ។ ១១ ប្រាជ្ញាផ្ដល់អោយអ្នករស់បានយូរ ប្រាជ្ញាធ្វើអោយអ្នកមានអាយុវែង។ ១២ បើអ្នកមានប្រាជ្ញា អ្នកនឹងទទួលផលល្អសំរាប់ខ្លួនឯង បើអ្នកវាយឫកខ្ពស់ អ្នកនឹងទទួលផលវិបាកខ្លួនឯង។
ដំណើរលេលា
១៣ ភាពលេលាប្រៀបបាននឹងស្រីឡូឡា ឆោតល្ងង់គ្មានដឹងអ្វីទាំងអស់។ ១៤ ស្រីនោះតែងអង្គុយនៅមាត់ទ្វារផ្ទះរបស់ខ្លួន ឬអង្គុយលើកៅអីមួយ តាមទួលខ្ពស់ៗក្នុងទីក្រុង ១៥ ហើយស្រែកហៅមនុស្សត្រឹមត្រូវ ដែលដើរកាត់តាមនោះថា: ១៦ «មនុស្សល្ងង់ខ្លៅអើយ ចូរនាំគ្នាចូលមកទីនេះ! រីឯមនុស្សដែលគ្មានប្រាជ្ញា ១៧ សុំអញ្ជើញចូលមកពិសាទឹកលួចគេដ៏ផ្អែមត្រជាក់ ហើយបរិភោគអាហារលួចលាក់ដ៏ឆ្ងាញ់ពិសា»។ ១៨ អ្នកដែលស្ដាប់តាមស្រីនោះ ពុំបានដឹងខ្លួនថា កំពុងតែដើរឆ្ពោះទៅរកមច្ចុរាជ ហើយក៏ពុំដឹងថា ភ្ញៀវដែលស្រីនោះអញ្ជើញមកមុនៗ ធ្លាក់ទៅក្នុងស្ថានមនុស្សស្លាប់អស់ទេ។