២១
១ ព្រះហឫទ័យ​របស់​ស្ដេច​ប្រៀប​បាន​នឹង​ទឹក​នៅ​ក្នុង​ព្រះហស្ដ​របស់​ព្រះអម្ចាស់ ព្រះអង្គ​ផ្អៀង​ព្រះហស្ដ​ទៅ​ខាង​ណា​ទឹក​ហូរ​ទៅ​ខាង​នោះ។
២ មនុស្ស​គ្រប់ៗ​រូប​តែង​យល់​ថា អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​សុទ្ធ​តែ​ត្រឹមត្រូវ ក៏​ប៉ុន្តែ មាន​តែ​ព្រះអម្ចាស់​ទេ ដែល​ឈ្វេង​យល់​ចិត្ត​របស់​មនុស្ស។
៣ ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ​ចំពោះ​យុត្តិធម៌ និង​សេចក្ដី​ទៀងត្រង់ ជាង​ការ​ថ្វាយ​យញ្ញបូជា​ទៅ​ទៀត។​
៤ ទឹក​មុខ​ក្រអឺតក្រទម និង​ចិត្ត​ព្រហើន​បង្ហាញ​អោយ​ឃើញ​នូវ​អំពើ​បាប​របស់​មនុស្ស​អាក្រក់។
៥ អ្នក​ដែល​ធ្វើ​ការ​អ្វី​មួយ​ដោយ​ពិចារណា​យ៉ាង​ម៉ត់ចត់ រមែង​ទទួល​ផល​បរិបូណ៌ រីឯ​អ្នក​ដែល​ធ្វើ​អ្វី​មួយ​ដោយ​តក់ក្រហល់ តែងតែ​ជួប​អត្តខាត់។
៦ អ្នក​ដែល​រក​ទ្រព្យ​សម្បត្តិ​បាន​ដោយ​បោក​ប្រាស់​គេ ជា​មនុស្ស​បញ្ឆោត​ខ្លួន​ឯង ហើយ​រត់​ទៅ​រក​សេចក្ដី​ស្លាប់។
៧ ចិត្ត​ឃោរឃៅ​របស់​មនុស្ស​អាក្រក់ នាំ​អោយ​ខ្លួន​គេ​វិនាស ដ្បិត​គេ​មិន​ព្រម​ធ្វើ​អំពើ​យុត្តិធម៌​ទេ។
៨ ជន​ឧក្រិដ្ឋ​ដើរ​តាម​ផ្លូវ​វៀចវេរ រីឯ​មនុស្ស​សុចរិត​ដើរ​តាម​ផ្លូវ​ទៀងត្រង់។
៩ ស៊ូ​រស់​នៅ​តាម​សំយាប​ផ្ទះ ជា​ជាង​រស់​នៅ​ក្នុង​ផ្ទះ​ជា​មួយ​ស្ត្រី​ពូកែ​ឈ្លោះ។
១០ មនុស្ស​ពាល​គិត​តែ​ពី​ធ្វើ​បាប​គេ សូម្បី​តែ​មិត្ត​សម្លាញ់​របស់​ខ្លួន ក៏​វា​មិន​ត្រា​ប្រណី​ដែរ។
១១ បើ​ដាក់​ទោស​មនុស្ស​ចំអក​ឡកឡឺយ នោះ​នឹង​ធ្វើ​អោយ​មនុស្ស​ល្ងង់​មាន​ប្រាជ្ញា។ បើ​ទូន្មាន​អ្នក​មាន​ប្រាជ្ញា​នោះ​គេ​នឹង​ទទួល​ចំណេះ។
១២ ព្រះ​ដ៏​សុចរិត​តែងតែ​ឃ្លាំ​មើល​ក្រុម​គ្រួសារ​របស់​មនុស្ស​អាក្រក់ ហើយ​ធ្វើ​អោយ​គេ​អន្តរាយ។
១៣ អ្នក​ណា​ធ្វើ​ជា​ថ្លង់ មិន​ឮ​សំរែក​របស់​មនុស្ស​ទុគ៌ត លុះ​ពេល​មាន​អាសន្ន​ស្រែក​ហៅ​អោយ​គេ​ជួយ​នឹង​គ្មាន​នរណា​អើពើ​ឡើយ។
១៤ ជំនូន​ដែល​ជូន​ដោយ​សំងាត់ តែងតែ​រំងាប់​កំហឹង រីឯ​អំណោយ​ដែល​ជូន​ដោយ​លាក់​ការណ៍​ក៏​ធ្វើ​អោយ​ស្ងប់​កំរោល​ដែរ។
១៥ ការ​ប្រព្រឹត្ត​ដោយ​យុត្តិធម៌ រមែង​ផ្ដល់​អោយ​មនុស្ស​សុចរិត​មាន​អំណរ តែ​ធ្វើ​អោយ​មនុស្ស​ទុច្ចរិត​ភ័យ​តក់ស្លុត។
១៦ អ្នក​ណា​លះបង់​សុភនិច្ឆ័យ អ្នក​នោះ​នឹង​ទៅ​នៅ​ជា​មួយ​មនុស្ស​ស្លាប់។
១៧ អ្នក​ដែល​ភ្លើតភ្លើន​នឹង​ការ​សប្បាយ តែងតែ​ធ្លាក់​ខ្លួន​ក្រ រីឯ​អ្នក​ដែល​ចូល​ចិត្ត​ស៊ី​ផឹក​មិន​អាច​ទៅ​ជា​អ្នក​មាន​ឡើយ។
១៨ មនុស្ស​អាក្រក់​តែងតែ​រង​ទុក្ខ​ជំនួស​មនុស្ស​សុចរិត ហើយ​មនុស្ស​ក្បត់​រង​ទុក្ខ​ជំនួស​មនុស្ស​ទៀងត្រង់។
១៩ ស៊ូ​រស់​នៅ​ក្នុង​វាល​រហោស្ថាន ជា​ជាង​រស់​នៅ​ជា​មួយ​ប្រពន្ធ​ពូកែ​ឈ្លោះ ហើយ​ឆាប់​ខឹង។
២០ ទ្រព្យ​សម្បត្តិ និង​វត្ថុ​ដ៏​មាន​តម្លៃ ស្ថិត​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ប្រាជ្ញ រីឯ​មនុស្ស​ល្ងីល្ងើ​វិញ​រមែង​បង្ហិន​ទាំង​អស់។
២១ អ្នក​ដែល​ស្វែង​រក​សេចក្ដី​សុចរិត និង​សេចក្ដី​សប្បុរស​តែងតែ​មាន​អាយុ​វែង​ជួប​ប្រទះ​នឹង​សេចក្ដី​សុចរិត ហើយ​ទទួល​កិត្តិយស។
២២ មនុស្ស​មាន​ប្រាជ្ញា​អាច​វាយ​ដណ្ដើម​យក​បាន​ទីក្រុង​របស់​អ្នក​ខ្លាំង​ពូកែ ហើយ​កំទេច​កំពែង​ដែល​ជា​ទី​ទុក​ចិត្ត​របស់​អ្នក​ទាំង​នោះ​ផង។
២៣ អ្នក​ដែល​ប្រយ័ត្ន​ពាក្យ​សំដី តែងតែ​ចៀស​ផុត​ពី​ទោសពៃរ៍។
២៤ មនុស្ស​អួត​បំប៉ោង និង​ព្រហើន តែងតែ​ចំអក​អោយ​អ្នក​ដទៃ​អ្វីៗ​ដែល​គេ​ធ្វើ​សុទ្ធ​តែ​បង្ហាញ​នូវ​ការ​អួត​បំប៉ោង​របស់​ខ្លួន។
២៥ បំណង​របស់​មនុស្ស​ខ្ជិល រមែង​ធ្វើ​អោយ​ខ្លួន​ស្លាប់​ព្រោះ​គេ​មិន​ព្រម​ធ្វើ​ការ។
២៦ មនុស្ស​ខ្លះ​គិត​តែ​ពី​លោភ​ចង់​បាន រីឯ​មនុស្ស​សុចរិត​វិញ តែងតែ​ធ្វើ​ទាន​ដោយ​ឥត​សំចៃ។
២៧ ព្រះជាម្ចាស់​មិន​សព្វ​ព្រះហឫទ័យ​នឹង​យញ្ញបូជា​របស់​មនុស្ស​អាក្រក់​ទេ ដ្បិត​ពួក​គេ​យក​មក​ថ្វាយ​ដោយ​បំណង​អាក្រក់។
២៨ សាក្សី​ក្លែងក្លាយ​រមែង​វិនាស រីឯ​អ្នក​ដែល​ដឹង​រឿង​ច្បាស់ ទើប​អាច​និយាយ​បាន។
២៩ មនុស្ស​អាក្រក់​រមែង​មាន​មុខ​ក្រាស់ រីឯ​មនុស្ស​ទៀងត្រង់ រឹត​តែ​ប្រព្រឹត្ត​ត្រឹម​ត្រូវ​ថែម​ទៀត។
៣០ គ្មាន​ប្រាជ្ញា ការ​ពិចារណា ឬ​យោបល់​ណា​អាច​ប្រៀប​ផ្ទឹម​ស្មើ​នឹង​ព្រះអម្ចាស់​បាន​ឡើយ។
៣១ គេ​រៀប​ទ័ព​សេះ​សំរាប់​ថ្ងៃ​ប្រយុទ្ធ តែ​ជ័យជំនះ​ស្ថិត​នៅ​លើ​ព្រះអម្ចាស់