២៣
១ កាលណាអ្នកអង្គុយរួមតុជាមួយមួយអ្នកធំ តោងគិតថា តើនរណាអង្គុយនៅមុខអ្នក។ ២ បើដឹងខ្លួនថាអ្នកជាមនុស្សល្មោភស៊ី ចូរទប់ចំណង់ឃ្លាននោះទៅ។ ៣ កុំលោភចង់បានម្ហូបឆ្ងាញ់របស់គេ ក្រែងលោម្ហូបនោះជាគ្រឿងបញ្ឆោតអ្នក។
៤ កុំខំប្រឹងស្វែងរកទ្រព្យសម្បត្តិពេក ហើយក៏កុំគិតតែពីចង់មានចង់បានដែរ។ ៥ អ្នកតាមសម្លឹងមើលប្រាក់ តែប្រាក់នឹងហើរបាត់ទៅ ដូចឥន្ទ្រីកំពុងហើរឡើងទៅលើមេឃ។
៦ កុំរួមតុជាមួយមនុស្សដែលមានបំណងអាក្រក់ ហើយកុំចង់បរិភោគម្ហូបដ៏ឆ្ងាញ់របស់គេអោយសោះ។ ៧ ចិត្តរបស់គេមិនដូចសំដីរបស់គេទេ គេពោលថា “សូមអញ្ជើញពិសាចុះ” ប៉ុន្តែ តាមពិតគេមិនស្មោះត្រង់ជាមួយអ្នកឡើយ។ ៨ ក្រោយមកអ្នកនឹងខ្ជាក់អាហារនោះចោល ហើយពាក្យទន់ភ្លន់របស់អ្នកក្លាយទៅជាអសាបង់។
៩ កុំប្រដៅមនុស្សខ្លៅ ព្រោះគេនឹងមើលងាយពាក្យប្រកបដោយសុភនិច្ឆ័យរបស់អ្នក។
១០ កុំដកបង្គោលព្រំចំការចាស់ឡើយ ហើយក៏កុំបង្ខិតចូលទៅក្នុងដីរបស់កូនកំព្រាដែរ
១១ ដ្បិតព្រះជាម្ចាស់ប្រកបដោយឫទ្ធានុភាពនឹងការពារគេ ព្រះអង្គប្រឆាំងនឹងអ្នក ដើម្បីរកយុត្តិធម៌អោយគេ។
១២ ចូរយកចិត្តទុកដាក់ទទួលការអប់រំ ហើយត្រងត្រាប់ស្ដាប់សេចក្ដីដែលគ្រូបង្រៀន។
១៣ កុំរុញរានឹងវាយប្រដៅកូនឡើយ ទោះបីអ្នកវាយវានឹងរំពាត់ក៏វាមិនស្លាប់ដែរ។
១៤ បើអ្នកវាយវា អ្នកនឹងជួយការពារវាអោយរួចពីស្លាប់។ ១៥ កូនអើយបើកូនមានប្រាជ្ញា ឪពុកសប្បាយចិត្តណាស់។ ១៦ បើកូនពោលពាក្យទៀងត្រង់ នោះឪពុកនឹងមានអំណរយ៉ាងខ្លាំង។
១៧ កុំចង់យកតំរាប់តាមមនុស្សបាបឡើយ តែត្រូវកោតខ្លាចព្រះអម្ចាស់ ទាំងយប់ទាំងថ្ងៃ ១៨ ធ្វើដូច្នេះកូននឹងមានអនាគតភ្លឺស្វាង ហើយមិនអស់សង្ឃឹមឡើយ។
១៩ កូនអើយចូរស្ដាប់ឪពុក នោះកូននឹងទៅជាមនុស្សមានប្រាជ្ញា ហើយកូនជំពាក់ចិត្តនឹងផ្លូវទៀងត្រង់។ ២០ កុំសេពគប់នឹងមនុស្សប្រមឹក ឬមនុស្សល្មោភស៊ីឡើយ ២១ ដ្បិតមនុស្សប្រមឹក និងមនុស្សល្មោភស៊ីរមែងធ្លាក់ខ្លួនក្រ ហើយមនុស្សខ្ជិលច្រអូសរមែងខ្វះសំលៀកបំពាក់។
២២ ចូរស្ដាប់ឪពុក ព្រោះគាត់បង្កើតអ្នកមក ហើយកុំមើលងាយម្ដាយ ក្នុងកាលគាត់ចាស់ជរា។ ២៣ ចូរស្វែងរកសេចក្ដីពិត ហើយរក្សាទុកអោយជាប់លាប់។ ចូរស្វែងរកប្រាជ្ញា ការអប់រំ និងការពិចារណា ២៤ ឪពុករបស់មនុស្សសុចរិតតែងតែមានអំណរដ៏លើសលប់ ហើយឪពុករបស់អ្នកប្រាជ្ញក៏សប្បាយចិត្តដែរ។ ២៥ ចូរធ្វើអោយឪពុកម្ដាយសប្បាយចិត្តព្រោះតែកូន ហើយសូមអោយម្ដាយដែលបានបង្កើតកូនមក មានអំណរដ៏លើសលប់។
២៦ កូនអើយចូរទុកចិត្តលើឪពុក ហើយពេញចិត្តយកតំរាប់តាមឪពុក។ ២៧ ស្រីពេស្យាប្រៀបបាននឹងរណ្ដៅដ៏ជ្រៅ រីឯប្រពន្ធគេប្រៀបបាននឹងអណ្ដូងដ៏ចង្អៀត។ ២៨ ស្រីនោះចាំស្ទាក់នៅតាមផ្លូវដូចចោរស្ទាក់ចាំប្លន់ វាធ្វើអោយប្រុសជាច្រើនក្បត់ប្រពន្ធ។
២៩ តើអ្នកដែលត្រូវគេមើលងាយ អ្នកដែលគេនឹកហួសចិត្ត អ្នកដែលរករឿងឈ្លោះ អ្នករអ៊ូរទាំ អ្នកដែលត្រូវគេវាយដោយឥតហេតុ អ្នកក្រហមភ្នែកជានរណា? ៣០ គឺអ្នកវក់នឹងស្រាអ្នកដែលចូលចិត្តស្រាខ្លាំង។ ៣១ កុំចាប់ចិត្តនឹងស្រាដែលមានពណ៌ស្រស់ល្អ ធ្វើអោយកែវភ្លឺថ្លា ហើយហូរចូលក្នុងបំពង់កយ៉ាងស្រួលនោះឡើយ។ ៣២ នៅទីបំផុតស្រានោះធ្វើអោយអ្នកឈឺចាប់ដូចពស់អាសិរពិសចឹក។ ៣៣ ភ្នែករបស់អ្នកព្រិលមើលអ្វីៗឃើញសុទ្ធតែចំឡែកទាំងអស់ ហើយអ្នកនឹងនិយាយឥតដឹងខុសត្រូវ។ ៣៤ អ្នកនឹងប្រៀបដូចជាមនុស្សដេកនៅកណ្ដាលសមុទ្រ និងដូចមនុស្សដេកនៅលើចុងក្ដោងសំពៅ។ ៣៥ អ្នកនឹងពោលថា: «បើគេវាយខ្ញុំ ក៏ខ្ញុំមិនឈឺ បើគេសំពងខ្ញុំ ក៏ខ្ញុំមិនដឹងខ្លួនដែរ។ ពេលណាខ្ញុំដឹងខ្លួន ខ្ញុំនឹងទៅរកផឹកទៀត»។