២៥
សុភាសិត​ផ្សេងៗ
១ នេះ​ជា​សុភាសិត​របស់​ព្រះបាទ​សាឡូម៉ូន ចង​ក្រង​ឡើង​ដោយ​មន្ត្រី​របស់​ព្រះបាទ​ហេសេគា ជា​ស្ដេច​ស្រុក​យូដា។
២ សិរីរុងរឿង​របស់​ព្រះជាម្ចាស់ ស្ថិត​នៅ​លើ​គំរោងការ​ដ៏​លាក់​កំបាំង រីឯ​សិរីរុងរឿង​របស់​ស្ដេច ស្ថិត​នៅ​លើ​សុភនិច្ឆ័យ។
៣ ផ្ទៃ​មេឃ​ខ្ពស់​យ៉ាង​ណា ផែនដី​ជ្រៅ​យ៉ាង​ណា ព្រះហឫទ័យ​របស់​ស្ដេច​ក៏​ដូច្នោះ​ដែរ គ្មាន​នរណា​អាច​យល់​បាន​ទេ។
៤ បើ​ជាង​ទង​ចង់​សិត​ធ្វើ​វត្ថុ​សិល្បៈ​អ្វី​មួយ តោង​បន្សុទ្ធ​ប្រាក់​ជា​មុន​សិន។
៥ បើ​ស្ដេច​ចង់​ពង្រឹង​រាជ​សម្បត្តិ​ដោយ​យុត្តិធម៌ តោង​ដក​មនុស្ស​អាក្រក់​ចេញ​អោយ​ឆ្ងាយ​ពី​ព្រះភក្ត្រ​របស់​ព្រះអង្គ​ជា​មុន​សិន។
៦ កុំ​ធ្វើ​ព្រហើន​នៅ​ចំពោះ​ព្រះភក្ត្រ​ស្ដេច ហើយ​ក៏​កុំ​ចង់​បាន​កន្លែង​របស់​អ្នក​ធំ​ដែរ។
៧ ប្រសិន​បើ​គេ​ប្រាប់​អ្នក​ថា «សូម​អញ្ជើញ​មក​អង្គុយ​នៅ​ទី​នេះ» ប្រសើរ​ជាង​គេ​បំបាក់​មុខ​អ្នក​នៅ​ចំពោះ​មុខ​អ្នក​ធំ។​
៨ កុំ​ប្រញាប់​យក​រឿងរ៉ាវ​អ្វី ដែល​អ្នក​បាន​ឃើញ​ទៅ​ប្ដឹង​ចៅក្រម​ឡើយ ដ្បិត​ប្រសិន​បើ​ចុង​ចោទ​ទំលាក់​កំហុស​មក​លើ​អ្នក​វិញ តើ​អ្នក​ដោះសា​ខ្លួន​ដូច​ម្ដេច​បាន!
៩ បើ​មាន​ទំនាស់​ជា​មួយ​អ្នក​ជិត​ខាង ចូរ​ជជែក​គ្នា​រក​ខុស​ត្រូវ​ទៅ តែ​កុំ​បង្ហើប​សេចក្ដី​ដែល​អ្នក​ក្រៅ​បាន​ខ្សឹប​ប្រាប់​អ្នក​ឡើយ ១០ ក្រែង​លោ​អ្នក​នោះ​ដឹង​ឮ​គេ​ដៀល​អ្នក ហើយ​អ្នក​ត្រូវ​អាម៉ាស់​ងើប​មុខ​មិន​រួច។
១១ និយាយ​ត្រូវ​តាម​កាលៈទេសៈ មាន​តម្លៃ​ដូច​បន្តោង​ពេជ្រ​ព្យួរ​ជាប់​នឹង​ខ្សែ​ក​មាស ឬ​ប្រាក់។
១២ យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ពាក្យ​ស្ដី​ប្រដៅ​របស់​អ្នក​ប្រាជ្ញ​ប្រៀប​ដូច​ជា​មាន​ចិញ្ចៀន​មាស ឬ​ខ្សែ​ក​ធ្វើ​ពី​មាស​សុទ្ធ។
១៣ អ្នក​នាំ​សារ​ស្មោះ​ត្រង់ រមែង​ធ្វើ​អោយ​ម្ចាស់​របស់​ខ្លួន​សប្បាយ​ចិត្ត ដូច​ទឹក​ដ៏​ត្រជាក់​នៅ​រដូវ​ប្រាំង។
១៤ អ្នក​ណា​អួត​ពី​ទាន​ដែល​ខ្លួន​មិន​បាន​ធ្វើ អ្នក​នោះ​ប្រៀប​ដូច​ជា​ពពក និង​ខ្យល់​ដែល​មិន​បង្អុរ​ទឹក​ភ្លៀង។
១៥ ការ​អត់ធ្មត់​រមែង​បន្ទន់​ចិត្ត​មេ​ដឹក​នាំ ហើយ​ពាក្យ​សំដី​ទន់ភ្លន់​អាច​ឈ្នះ​ចិត្ត​រឹងរូស។
១៦ បើ​អ្នក​រក​បាន​ទឹក​ឃ្មុំ​កុំ​បរិភោគ​ច្រើន​ហួស បើ​មិន​ដូច្នេះ​ទេ​អ្នក​នឹង​ធុញ ហើយ​ចង់​ក្អួត​មក​វិញ​ផង។
១៧ ចូរ​កុំ​ទៅ​ផ្ទះ​អ្នក​ជិត​ខាង​ញឹក​ញាប់​ពេក ក្រែង​គេ​ធុញទ្រាន់​រហូត​ដល់​ស្អប់​អ្នក។
១៨ អ្នក​ណា​ចោទ​ប្រកាន់​អ្នក​ដទៃ​ទាំង​បំពាន អ្នក​នោះ​ប្រៀប​ដូច​ជា​វាយ​គេ​នឹង​ព្រនង់ កាប់​គេ​នឹង​ដាវ ឬ​បាញ់​គេ​នឹង​ព្រួញ​មុត​ស្រួច។
១៩ នៅ​ពេល​មាន​គ្រា​អាសន្ន ទុក​ចិត្ត​លើ​មនុស្ស​ក្បត់ ប្រៀប​ដូច​ជា​បរិភោគ​អាហារ​នៅ​ពេល​ធ្មេញ​រង្គើ ឬ​ឈរ​លើ​ជើង​កំបាក់។
២០ ច្រៀង​អោយ​មនុស្ស​មាន​ទុក្ខ​ស្ដាប់ ប្រៀប​ដូច​ជា​ដោះ​អាវ​នៅ​ពេល​រងា ឬ​ដូច​ចាក់​ទឹក​ខ្មេះ​លើ​មុខ​របួស។
២១ ប្រសិន​បើ​ខ្មាំង​សត្រូវ​របស់​អ្នក​ឃ្លាន ចូរ​យក​អាហារ​ទៅ​អោយ​គេ​បរិភោគ បើ​គេ​ស្រេក​ចូរ​យក​ទឹក​អោយ​គេ​ផឹក​ផង ២២ ធ្វើ​ដូច្នេះ​ប្រៀប​ដូច​ជា​ប្រមូល​រងើក​ភ្លើង គរ​ពី​លើ​ក្បាល​របស់​គេ ហើយ​ព្រះអម្ចាស់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក។​
២៣ ខ្យល់​បក់​ពី​ទិស​ខាង​ត្បូង​រមែង​នាំ​ទឹក​ភ្លៀង​មក​ជា​មួយ​ផង រីឯ​ការ​និយាយ​ដើម​គេ រមែង​នាំ​អោយ​គេ​ខឹង។
២៤ ស៊ូ​រស់​នៅ​តាម​សំយាប​ផ្ទះ ជា​ជាង​រស់​នៅ​ក្នុង​ផ្ទះ​ជា​មួយ​ស្ត្រី​ពូកែ​ឈ្លោះ។
២៥ ដំណឹងល្អ​មក​ពី​ស្រុក​ឆ្ងាយ ប្រៀប​បាន​នឹង​ទឹក​ត្រជាក់​មក​ផ្សើម​បំពង់​ក​ស្ងួត។
២៦ អណ្ដូង​ទឹក​ល្អក់ ឬ​ប្រភព​ទឹក​ក្រខ្វក់ ប្រៀប​ដូច​ជា​មនុស្ស​សុចរិត ដែល​យក​តំរាប់​តាម​មនុស្ស​ទុច្ចរិត។
២៧ បរិភោគ​ទឹក​ឃ្មុំ​ច្រើន​មិន​ល្អ​ទេ ហើយ​ចង់​បាន​កិត្តិយស​ខ្លាំង​ពេក​ក៏​មិន​ល្អ​ដែរ។
២៨ មនុស្ស​មិន​ចេះ​ទប់​ចិត្ត​ខ្លួន​ឯង ប្រៀប​ដូច​ជា​ទីក្រុង​ដែល​គ្មាន​កំពែង​ការពារ។