២៨
១ អ្នកអាក្រក់តែងតែរត់គេចខ្លួន ទោះបីគ្មាននរណាតាមក៏ដោយ រីឯមនុស្សសុចរិតវិញប្រៀបបីដូចជាកូនសិង្ហ គឺគេមិនខ្លាចអ្វីឡើយ។
២ ពេលណាមានការរំជើបរំជួលកើតឡើងក្នុងស្រុក ពេលនោះ មេដឹកនាំក៏មានច្រើនដែរ។ ប៉ុន្តែ បើមានមនុស្សឈ្លាសវៃ ហើយចេះដឹងដឹកនាំស្រុក ស្រុកនោះនឹងមានសុខសន្តិភាព។
៣ មនុស្សក្រីក្រសង្កត់សង្កិនមនុស្សទុគ៌ត ប្រៀបបាននឹងភ្លៀងធ្លាក់មកយ៉ាងខ្លាំង ជន់បំផ្លាញដំណាំអស់។
៤ អស់អ្នកដែលបោះបង់ចោលក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ រមែងសរសើរមនុស្សអាក្រក់ រីឯអស់អ្នកដែលប្រតិបត្តិតាមក្រឹត្យវិន័យ តែងតែប្រឆាំងនឹងមនុស្សអាក្រក់វិញ។
៥ មនុស្សទុច្ចរិតមិនយល់អំពីយុត្តិធម៌ទេ រីឯអ្នកស្វែងរកព្រះអម្ចាស់យល់សព្វគ្រប់ទាំងអស់។
៦ មនុស្សក្រីក្រតែរស់នៅដោយទៀងត្រង់ ប្រសើរជាងអ្នកមាន ដែលរស់នៅក្នុងផ្លូវវៀចវេរ។
៧ អ្នកណាប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ អ្នកនោះជាកូនចេះដឹង រីឯអ្នកដែលសេពគប់នឹងមនុស្សខិលខូច ធ្វើអោយឪពុកបាក់មុខ។
៨ អ្នកណាប្រមូលទ្រព្យសម្បត្តិ ដោយចងការប្រាក់ហួសកំរិត ធនធានរបស់អ្នកនោះនឹងធ្លាក់ទៅក្នុងដៃរបស់មនុស្ស ដែលមានចិត្តមេត្តាចំពោះជនក្រីក្រ។
៩ អ្នកណាមិនប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ទេ សូម្បីតែពាក្យអធិស្ឋានរបស់អ្នកនោះ ក៏គួរអោយស្អប់ខ្ពើមដែរ។
១០ អ្នកណានាំមនុស្សទៀងត្រង់អោយដើរតាមផ្លូវអាក្រក់ អ្នកនោះនឹងធ្លាក់ក្នុងរណ្ដៅដែលខ្លួនបានជីក រីឯអ្នកដែលគ្មានកំហុស នឹងទទួលសុភមង្គល។
១១ អ្នកមានទ្រព្យរមែងស្មានថា ខ្លួនមានប្រាជ្ញាតែមនុស្សទុគ៌តដែលឈ្លាសវៃ អាចផ្ចាញ់អ្នកមាននោះបាន។
១២ កាលណាមនុស្សសុចរិតឡើងកាន់អំណាច ប្រជាជនទាំងអស់នឹងមានកិត្តិយស ប៉ុន្តែ ពេលមនុស្សទុច្ចរិតឈ្នះគេនឹងរត់ពួនគ្រប់ៗគ្នា។
១៣ អ្នកណាលាក់កំហុសរបស់ខ្លួនអ្នកនោះពុំអាចចំរើនឡើងបានឡើយ រីឯអ្នកដែលសារភាពកំហុស ហើយឈប់ប្រព្រឹត្តអាក្រក់ទៀត នោះព្រះជាម្ចាស់នឹងអាណិតមេត្តា។
១៤ អ្នកណាប្រយ័ត្នខ្លួន មិនប្រព្រឹត្តអំពើអាក្រក់ អ្នកនោះមានសុភមង្គលហើយ រីឯអ្នកកាន់ចិត្តរឹងរូស មុខជាជួបនឹងទុក្ខលំបាក។
១៥ មនុស្សអាក្រក់គ្រប់គ្រងលើប្រជាជនទុគ៌ត ប្រៀបបាននឹងសិង្ហរោទ៍ ឬដូចខ្លាឃ្មុំប្រុងសង្គ្រប់។
១៦ អ្នកដឹកនាំស្រុកដែលគ្មានប្រាជ្ញា តែងតែសង្កត់សង្កិនប្រជារាស្ត្រកាន់តែខ្លាំងឡើងៗ រីឯអ្នកមិនចូលចិត្តនឹងទ្រព្យដែលរកបានដោយអយុត្តិធម៌ មុខជាមានអាយុវែង។
១៧ អ្នកដែលមានទោស ព្រោះសម្លាប់គេ ទោះបីគ្មាននរណាតាមចាប់ក៏ដោយ ក៏គង់តែអ្នកនោះត្រូវធ្លាក់ក្នុងរណ្ដៅដែរ។
១៨ អ្នកដែលដើរតាមផ្លូវទៀងត្រង់រមែងបានសុខ រីឯអ្នកដែលដើរតាមផ្លូវវៀចវេរ មុខជាធ្លាក់ទៅក្នុងផ្លូវនោះមិនខាន។
១៩ អ្នកដែលខំធ្វើស្រែចំការតែងតែមានអាហារបរិបូណ៌ រីឯអ្នកខ្ជិលច្រអូសរមែងធ្លាក់ខ្លួនក្រតោកយ៉ាក។
២០ មនុស្សស្មោះត្រង់តែងតែទទួលពរបរិបូណ៌ រីឯអ្នកដែលគិតតែពីខំប្រឹងរកទ្រព្យ អោយបានធ្វើជាអ្នកមានឆាប់ៗរមែងទទួលទោស។
២១ មិនត្រូវកាត់ក្ដីដោយរើសមុខឡើយ ក៏ប៉ុន្តែ មានចៅក្រមខ្លះកាត់ក្ដីដោយអយុត្តិធម៌ ដើម្បីដូរបាយមួយចាន។
២២ មនុស្សលោភលន់ គិតតែពីខំប្រឹងស្វែងរកទ្រព្យសម្បត្តិ ដោយឥតដឹងថា គេនឹងធ្លាក់ខ្លួនក្រឡើយ។
២៣ អ្នកណាស្ដីបន្ទោសគេ ថ្ងៃក្រោយគេនឹងដឹងគុណ លើសអ្នកដែលនិយាយបញ្ជោរ។
២៤ អ្នកណាលួចទ្រព្យឪពុកម្ដាយដោយគិតថាគ្មានបាបទេ អ្នកនោះមិនខុសពីចោរប្លន់ឡើយ។
២៥ អ្នកមានចិត្តលោភលន់រមែងបង្កជំលោះ រីឯអ្នកដែលផ្ញើជីវិតលើព្រះអម្ចាស់ តែងតែបានចំរើនឡើង។
២៦ អ្នកណាទុកចិត្តលើខ្លួនឯង អ្នកនោះជាមនុស្សល្ងង់ខ្លៅ រីឯអ្នកដែលដើរដោយប្រាជ្ញា រមែងមានសេចក្ដីសុខ។
២៧ អ្នកណាចែកទានដល់ជនក្រីក្រ អ្នកនោះនឹងមិនខ្វះខាតអ្វីឡើយ រីឯអ្នកដែលមិនរវល់នឹងអ្នកក្រ តែងតែទទួលបណ្ដាសាជាច្រើន។
២៨ ពេលមនុស្សទុច្ចរិតឈ្នះ ប្រជាជននឹងរត់ពួនគ្រប់ៗគ្នា ប៉ុន្តែ ពេលពួកនោះវិនាសមនុស្សសុចរិតនឹងកើនចំនួនឡើង។