ព្រះមហាក្សត្រ​ដែល​ព្រះជាម្ចាស់​ចាក់​ប្រេង​អភិសេក
១ ហេតុ​អ្វី​បាន​ជា​ប្រជាជាតិ​ទាំងឡាយ
នាំ​គ្នា​បង្កើត​កោលាហល​
ហើយ​ប្រជារាស្ត្រ​នានា​រអ៊ូរទាំ
ដោយ​ឥត​ខ្លឹមសារ​យ៉ាង​នេះ?
២ ពួក​ស្ដេច​នៅ​លើ​ផែនដី​បាន​ពួតដៃ​គ្នា​បះបោរ
ហើយ​ពួក​អ្នក​ដឹក​នាំ​ឃុបឃិត​គ្នា
ប្រឆាំង​នឹង​ព្រះអម្ចាស់
ព្រម​ទាំង​ប្រឆាំង​នឹង​ព្រះមេស្ស៊ី​របស់​ព្រះអង្គ​
ដោយ​ពោល​ថា៖
៣ «ចូរ​យើង​នាំ​គ្នា​បំបាក់​នឹម​របស់​ព្រះអង្គ
ហើយ​គ្រវែង​ច្រវាក់​របស់​ព្រះអង្គ​ចេញ​ទៅ!»។
 
៤ ប៉ុន្តែ ព្រះអម្ចាស់​ដែល​គ្រង​រាជ្យ​នៅ​ស្ថាន​បរមសុខ
ទ្រង់​អស់​សំណើច ទ្រង់​ចំអក​អោយ​ពួក​គេ។
៥ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​កាន់​ពួក​គេ
ដោយ​ព្រះពិរោធ
ហើយ​ធ្វើ​អោយ​ពួក​គេ​ភ័យ​តក់ស្លុត
ដោយសារ​ព្រះពិរោធ​ដ៏​ខ្លាំង​របស់​ព្រះអង្គ
ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖
៦ «គឺ​យើង​នេះ​ហើយ
ដែល​បាន​អភិសេក​ស្ដេច​របស់​យើង
អោយ​ឡើង​គ្រង​រាជ្យ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន
ជា​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង!»។
 
៧ ខ្ញុំ​នឹង​ប្រកាស​ក្រឹត្យ​របស់​ព្រះអម្ចាស់
ព្រះអង្គ​មាន​ព្រះបន្ទូល​មក​កាន់​ខ្ញុំ​ថា៖
«ព្រះអង្គ​ជា​បុត្រ​របស់​យើង!
គឺ​យើង​ដែល​បាន​បង្កើត​ព្រះអង្គ​នៅ​ថ្ងៃ​នេះ​។
៨ បើ​ព្រះអង្គ​សុំ យើង​នឹង​ប្រគល់​ប្រជាជាតិ​នានា
អោយ​ព្រះអង្គ​ទុក​ជា​មត៌ក
យើង​ក៏​នឹង​ប្រគល់​ផែនដី​ទាំង​មូល
អោយ​ព្រះអង្គ​ទុក​ជា​កម្មសិទ្ធិ​ដែរ។
៩ ព្រះអង្គ​នឹង​បង្ក្រាប​ពួក​គេ​ដោយ​ដំបង​ដែក
ហើយ​ព្រះអង្គ​កំទេច​គេ
ដូច​ជាង​ស្មូន​កំទេច​ភាជន៍»​
 
១០ ឥឡូវ​នេះ ស្ដេច​ទាំងឡាយ​អើយ
ចូរ​រិះគិត​ពិចារណា​ឡើង!
អ្នក​គ្រប់គ្រង​ទាំងឡាយ​នៅ​លើ​ផែនដី​អើយ
ចូរ​ទទួល​យក​សេចក្ដី​អប់រំ​ទៅ!
១១ ចូរ​បំរើ​ព្រះអម្ចាស់​ដោយ​គោរព​កោត​ខ្លាច
ចូរ​ត្រេក​អរ​សប្បាយ​ទាំង​ញាប់​ញ័រ
១២ ចូរ​ក្រាប​ថ្វាយបង្គំ​ព្រះរាជ​បុត្រ​
ក្រែង​ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ
ហើយ​អ្នក​រាល់​គ្នា​ត្រូវ​វិនាស​អន្តរាយ
ក្នុង​មាគ៌ា​របស់​អ្នក​រាល់​គ្នា
ដ្បិត​ព្រះពិរោធ​របស់​ព្រះអង្គ
នឹង​ឆេះឆួល​ឡើង​យ៉ាង​ឆាប់ៗ។
អ្នក​ណា​ជ្រក​កោន​ក្រោម​ម្លប់​បារមី​ព្រះអង្គ
អ្នក​នោះ​មាន​សុភមង្គល​ហើយ!