១១
ទូលបង្គំ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ ទំនុក​របស់​ស្ដេច​ដាវីឌ។
១ ខ្ញុំ​មក​ជ្រក​កោន​ជា​មួយ​ព្រះអម្ចាស់​ហើយ
ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រាប់​ខ្ញុំ
អោយ​រត់​ទៅ​ជ្រក​នៅ​តាម​ភ្នំ
ដូច​សត្វ​ស្លាប​ទៅ​វិញ​ដូច្នេះ?
២ -ពួក​ជន​ពាល បាន​យឹត​ធ្នូ ភ្ជាប់​ព្រួញ​ទៅ​នឹង​ខ្សែ
បម្រុង​នឹង​បាញ់​ចេញ​ពី​ទី​ងងឹត
សំដៅ​ទៅ​លើ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់។
៣ ប្រសិន​បើ​អ្វីៗ​ដែល​ជា​មូល​ដ្ឋាន​នៃ​សង្គម
ត្រូវ​រលំ​អស់
តើ​មនុស្ស​សុចរិត​នឹង​ធ្វើ​អ្វី​កើត?។
៤ -ព្រះអម្ចាស់​គង់​នៅ​ក្នុង​ព្រះវិហារ​ដ៏វិសុទ្ធ*
របស់​ព្រះអង្គ
បល្ល័ង្ក​របស់​ព្រះអង្គ​ស្ថិត​នៅ​ក្នុង​ស្ថាន​បរមសុខ
ព្រះអង្គ​ទត​មើល ហើយ​ឈ្វេង​យល់​អ្វីៗ​ទាំង​អស់
ដែល​មនុស្ស​លោក​ធ្វើ។
៥ ព្រះអម្ចាស់​ឈ្វេង​យល់​ចិត្ត​មនុស្ស​សុចរិត
តែ​ព្រះអង្គ​មិន​សព្វ​ព្រះហឫទ័យ​នឹង​មនុស្ស​ពាល
ព្រម​ទាំង​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ទេ។
 
៦ សូម​ព្រះអង្គ​ដាក់​ទោស​មនុស្ស​ពាល
ដោយ​ធ្វើ​អោយ​មាន​រងើក​ភ្លើង និង​ស្ពាន់ធ័រ
បង្អុរ​ចុះ​មក​លើ​ពួក​គេ​ដូច​ជា​ភ្លៀង
ហើយ​សូម​អោយ​ខ្យល់​ក្ដៅ
បក់​បោក​មក​លើ​ពួក​គេ​ដែរ។
៧ ដ្បិត​ព្រះអម្ចាស់​ទ្រង់​សុចរិត
ព្រះអង្គ​សព្វ​ព្រះហឫទ័យ​នឹង​កិច្ចការ​ណា
ដែល​សុចរិត។
មនុស្ស​មាន​ចិត្ត​ទៀង​ត្រង់
មុខ​ជា​បាន​ឃើញ​ព្រះភក្ត្រ​របស់​ព្រះអង្គ។