១៩
លោក​ទាំង​មូល​ថ្លែង​ពី​សិរីរុងរឿង​របស់​ព្រះអម្ចាស់
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ ទំនុក​របស់​ស្ដេច​ដាវីឌ។
១ ផ្ទៃ​មេឃ​ថ្លែង​អំពី​សិរីរុងរឿង
របស់​ព្រះជាម្ចាស់
អាកាសវេហាស៍​ប្រកាស​អំពី​ស្នា​ព្រះហស្ដ
របស់​ព្រះអង្គ។
២ ថ្ងៃ​មួយ​តំណាល​ប្រាប់​ថ្ងៃ​មួយ​ទៀត
យប់​មួយ​ប្រាប់​យប់​មួយ​ទៀត​អោយ​បាន​ដឹង
៣ តែ​មិន​មែន​ដោយ​ប្រើ​ភាសា ឬ​ពាក្យ​សំដី​ទេ
ហើយ​ក៏​មិន​ឮ​សូរស័ព្ទ​អ្វី​ដែរ។
៤ ប៉ុន្តែ សេចក្ដី​ថ្លា​ថ្លែង​របស់​វា
ត្រាច់ចរ​លើ​ផែនដី​ទាំង​មូល
ហើយ​សំឡេង​របស់​វា​លាន់​ឮ​រហូត​ដល់​ជើង​មេឃ​
ជា​កន្លែង​ដែល​ព្រះជាម្ចាស់​បាន​ដំឡើង​ពន្លា
សំរាប់​ព្រះអាទិត្យ។
៥ រីឯ​ព្រះអាទិត្យ​ក៏​រះ​ឡើង
ប្រៀប​បី​ដូច​ជា​កូន​កំលោះ​ចេញ​មក​សំពះ​ផ្ទឹម
និង​ប្រៀប​បី​ដូច​ជា​វីរបុរស​ដ៏​ខ្លាំង​ពូកែ​មួយ​រូប
ចេញ​មក​រត់​ប្រណាំង​ដោយ​អរសប្បាយ។
៦ ព្រះអាទិត្យ​ចរ​យាត្រា​ពី​ជើង​មេឃ​ម្ខាង
ឆ្ពោះ​ទៅ​ជើង​មេឃ​ម្ខាង​ទៀត គ្មាន​នរណា
អាច​បំបាំង​កំដៅ​របស់​ព្រះអាទិត្យ​បាន​ឡើយ។
វិន័យ​របស់​ព្រះជាម្ចាស់
៧ ក្រឹត្យវិន័យ*​របស់​ព្រះអម្ចាស់​ល្អ​ឥត​ខ្ចោះ
ធ្វើ​អោយ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ
ដំបូន្មាន​របស់​ព្រះអម្ចាស់​គួរ​ជា​ទី​ទុក​ចិត្ត
ធ្វើ​អោយ​មនុស្ស​ល្ងិតល្ងង់​បែរ​ទៅ​ជា​មាន​ប្រាជ្ញា
៨ ព្រះឱវាទ​របស់​ព្រះអម្ចាស់​សុទ្ធ​តែ​ត្រឹម​ត្រូវ
ធ្វើ​អោយ​ចិត្ត​មាន​អំណរ​សប្បាយ
បទ​បញ្ជា​របស់​ព្រះអម្ចាស់ ល្អ​ត្រចះត្រចង់
បំភ្លឺ​ចិត្ត​គំនិត​អោយ​បាន​យល់។
៩ ការ​គោរព​កោត​ខ្លាច​ព្រះអម្ចាស់​ជា​អំពើ​មួយ
ល្អ​បរិសុទ្ធ​ណាស់ ហើយ​ស្ថិតស្ថេរ​រហូត​ត​ទៅ។
វិន័យ​របស់​ព្រះអម្ចាស់
សុទ្ធ​តែ​ត្រឹម​ត្រូវ និង​សុចរិត​ទាំង​អស់
១០ គួរ​អោយ​ប្រាថ្នា​ជាង​មាស​សុទ្ធ​ដ៏​ច្រើន
ព្រម​ទាំង​ផ្អែម​ជាង​ទឹក​ឃ្មុំ​ដែល​ហូរ
ចេញ​ពី​សំបុក​ទៅ​ទៀត។
 
១១ សេចក្ដី​ទាំង​នេះ​បាន​បំភ្លឺ​ទូលបង្គំ
ជា​អ្នក​បំរើ​របស់​ព្រះអង្គ
ហើយ​ដោយ​ការ​ប្រព្រឹត្ត​តាម
ទូលបង្គំ​បាន​ទទួល​ផល​យ៉ាង​បរិបូណ៌។
១២ គ្មាន​នរណា​ម្នាក់​អាច​មើល​ឃើញ​កំហុស
ដែល​ខ្លួន​ប្រព្រឹត្ត​ដោយ
អចេតនា​នោះ​បាន​ឡើយ
សូម​លើកលែង​ទោស​អោយ​ទូលបង្គំ
នូវ​កំហុស​ណា​ដែល​ទូលបង្គំ​មើល
មិន​ឃើញ​នោះ​ផង។
១៣ សូម​ការពារ​ទូលបង្គំ​អោយ​រួច​ពី​ចិត្ត​អួត​បំប៉ោង
សូម​កុំ​អោយ​ចិត្ត​អួត​បំប៉ោង​នេះ
ធ្វើ​ជា​ម្ចាស់​លើ​ទូលបង្គំ​បាន​ឡើយ
ធ្វើ​ដូច្នេះ ទូលបង្គំ​នឹង​បាន​ឥត​សៅហ្មង
ឥត​ជាប់​ជំពាក់​នឹង​អំពើ​បាប​ដ៏​ធ្ងន់​នេះ​ទេ។
 
១៤ ព្រះអម្ចាស់​អើយ សូម​ប្រោសប្រណី
ទទួល​ពាក្យ​ដែល​ទូលបង្គំ​ទូល​ថ្វាយ
ព្រម​ទាំង​ទទួល​គំនិត​ដែល​ទូលបង្គំ​រិះគិត
នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ​នេះ​ផង
ដ្បិត​ព្រះអង្គ​ជា​ថ្មដា
និង​ជា​ព្រះ​ដែល​ការពារ​ទូលបង្គំ!។