២១
ពាក្យ​អរ​ព្រះគុណ​ចំពោះ​ជ័យជំនះ
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ ទំនុក​របស់​ស្ដេច​ដាវីឌ។
១ ព្រះអម្ចាស់​អើយ
ព្រះរាជា​មាន​អំណរ​ណាស់
ព្រោះ​ព្រះអង្គ​ប្រទាន​កម្លាំង
ព្រះរាជា​មាន​អំណរ​រីករាយ​ជា​ខ្លាំង
ព្រោះ​ព្រះអង្គ​ប្រទាន​អោយ​មាន​ជ័យជំនះ។
២ ព្រះអង្គ​ប្រទាន​អោយ​ព្រះរាជា
បាន​ទទួល​អ្វីៗ​ដែល​ទ្រង់​ប្រាថ្នា​ចង់​បាន
គឺ​ព្រះអង្គ​ពុំ​បាន​បដិសេធ​ពាក្យ​ទូលអង្វរ
របស់​ព្រះរាជា​ឡើយ។
- សំរាក
 
៣ ព្រះអង្គ​បាន​យាង​មក​ជួប​ព្រះរាជា
ទាំង​នាំ​យក​ព្រះពរ​ដ៏​ប្រសើរ​មក​ជា​មួយ​ផង
ព្រះអង្គ​បាន​យក​មកុដ​មាស​សុទ្ធ
មក​បំពាក់​ព្រះសិរសា​របស់​ព្រះរាជា។
៤ ពេល​ព្រះរាជា​ទូល​សូម​ជីវិត
ព្រះអង្គ​ប្រទាន​អោយ​ស្ដេច​មាន​ជីវិត
និង​មាន​ជន្មាយុ​យឺនយូរ​ជា​អង្វែង​ត​រៀង​ទៅ។
៥ ដោយ​ព្រះអង្គ​សង្គ្រោះ
ព្រះរាជា​បាន​ទទួល​សិរីរុងរឿង​យ៉ាង​ខ្លាំង
ព្រះអង្គ​ប្រទាន​អោយ​ទ្រង់​បាន​ថ្កុំថ្កើង
ឧត្ដុង្គឧត្ដម។
៦ ព្រះអង្គ​ប្រទាន​អោយ​ទ្រង់
បាន​ប្រកប​ដោយ​ព្រះពរ​ជានិច្ច
ដោយ​ព្រះអង្គ​គង់​នៅ​ជា​មួយ
នោះ​ព្រះរាជា​មាន​អំណរ​យ៉ាង​បរិបូណ៌។
៧ ព្រះរាជា​ពឹង​ផ្អែក​លើ​ព្រះអម្ចាស់
ហើយ​ដោយសារ​ព្រះហឫទ័យ​សប្បុរស
ស្មោះ​ត្រង់​របស់​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត
រាជ្យ​របស់​ព្រះរាជា​នឹង​មិន​ត្រូវ​រលំ​សោះ​ឡើយ។
 
៨ ព្រះករុណា​នឹង​ចាប់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន
របស់​ព្រះអង្គ
ព្រះអង្គ​នឹង​ប្រើ​អំណាច​ចាប់​អស់​អ្នក
ដែល​ស្អប់​ព្រះអង្គ។
៩ នៅ​ថ្ងៃ​ព្រះករុណា​យាង​មក​ដល់
ទ្រង់​នឹង​កំទេច​ពួក​គេ​ដូច​ភ្លើង​ឆេះ​សុស
សូម​ព្រះអម្ចាស់​រំលាយ​ពួក​គេ​ចោល
ដោយសារ​ព្រះពិរោធ​របស់​ព្រះអង្គ
ហើយ​ភ្លើង​នឹង​ឆេះ​បំផ្លាញ​ពួក​គេ។
 
១០ ព្រះករុណា​នឹង​លុប​បំបាត់​ពូជពង្ស
របស់​ពួក​គេ​អោយ​បាត់​អស់​ពី​ផែនដី
ទ្រង់​នឹង​ប្រហារ​ពួក​គេ​អោយ​ផុត​ពូជ។
១១ ពួក​គេ​ឃុបឃិត​គ្នា​ធ្វើ​បាប​ព្រះករុណា
តែ​ពួក​គេ​គ្មាន​កម្លាំង​អាច​សំរេច
តាម​គំរោងការ​របស់​ខ្លួន​បាន​ឡើយ
១២ ដ្បិត​ព្រះករុណា​បាន​ធ្វើ​អោយ​ពួក​គេ​បរាជ័យ
ហើយ​ព្រះអង្គ​យឹត​ធ្នូ​បាញ់​ពួក​គេ​ចំ​ពី​មុខ។
 
១៣ ឱ​ព្រះអម្ចាស់​អើយ សូម​តើន​ឡើង​សំដែង​ឫទ្ធិបារមី!
យើង​ខ្ញុំ​សូម​ច្រៀង និង​ស្មូត្រ​លើក​ទំនុកតម្កើង
ឫទ្ធានុភាព​របស់​ព្រះអង្គ!