២៤
ព្រះមហាក្សត្រ​ដ៏​ឧត្ដម
ទំនុកតម្កើង​របស់​ស្ដេច​ដាវីឌ។
១ ផែនដី និង​អ្វីៗ​សព្វ​សារ​ពើ​នៅ​លើ​ផែនដី​សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​ព្រះអម្ចាស់
ពិភព​លោក និង​អ្វីៗ​ទាំង​អស់​ដែល​រស់​នៅ​ក្នុង
ពិភព​លោក ក៏​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ​ដែរ!
២ គឺ​ព្រះអង្គ​ហើយ​ដែល​បាន​ចាក់​គ្រឹះ​ផែនដី
ពី​លើ​សមុទ្រ
ហើយ​ធ្វើ​អោយ​វា​ស្ថិត​នៅ​យ៉ាង​រឹងប៉ឹង
ពី​លើ​ទន្លេ​នានា។
៣ តើ​នរណា​អាច​ឡើង​ទៅ​លើ​ភ្នំ
របស់​ព្រះអម្ចាស់​បាន?
តើ​នរណា​អាច​ឈរ​នៅ​ក្នុង​ព្រះវិហារ
ដ៏វិសុទ្ធ​របស់​ព្រះអង្គ​បាន?
៤ មាន​តែ​អ្នក​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ
និង​មាន​ចិត្ត​បរិសុទ្ធ​ប៉ុណ្ណោះ ទើប​ឡើង​ទៅ​បាន
គឺ​អ្នក​ដែល​មិន​បណ្ដោយ​ខ្លួន​ទៅ​ថ្វាយបង្គំ
ព្រះ​ក្លែងក្លាយ​ និង​និយាយ​ស្បថស្បែ​បំពាន។
៥ ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​ដល់​គេ
ហើយ​ព្រះជាម្ចាស់​ជា​ព្រះសង្គ្រោះ
នឹង​ប្រោស​គេ​អោយ​បាន​សុចរិត​ដែរ។
៦ គឺ​អ្នក​ទាំង​នេះ​ហើយ​ដែល​ស្វែង​រក​ព្រះអង្គ
ជា​អ្នក​ស្វែង​រក​ព្រះ​របស់​លោក​យ៉ាកុប។
- សំរាក
 
៧ ឱ​ទ្វារ​ទាំងឡាយ​អើយ ចូរ​បើក​ចំហ!​
ខ្លោង​ទ្វារ​ដ៏​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច​អើយ ចូរ​ចំហ​អោយ​ធំ
ដើម្បី​អោយ​ព្រះមហាក្សត្រ
ប្រកប​ដោយ​សិរីរុងរឿង​យាង​ចូល​មក!
៨ តើ​ព្រះមហាក្សត្រ​ប្រកប​ដោយ
សិរីរុងរឿង​នេះ​ជា​នរណា?
-ព្រះអម្ចាស់​ប្រកប​ដោយ​ព្រះចេស្ដា​ដ៏​ខ្លាំង​ពូកែ
ព្រះអម្ចាស់​ជា​អ្នក​ចំបាំង​ដ៏​ជំនាញ។
៩ ឱ​ទ្វារ​ទាំងឡាយ​អើយ ចូរ​បើក​ចំហ!
ខ្លោង​ទ្វារ​ដ៏​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច​អើយ
ចូរ​ចំហ​អោយ​ធំ ដើម្បី​អោយ​ព្រះមហាក្សត្រ
ប្រកប​ដោយ​សិរីរុងរឿង​យាង​ចូល​មក!
១០ តើ​ព្រះមហាក្សត្រ​ប្រកប​ដោយ
សិរីរុងរឿង​នេះ​ជា​នរណា?
-ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល*
គឺ​ព្រះអង្គ​ហើយ​ដែល​ជា​ព្រះមហាក្សត្រ
ប្រកប​ដោយ​សិរីរុងរឿង!។
- សំរាក