២៧
ព្រះអម្ចាស់​ជា​ពន្លឺ និង​ជា​ព្រះសង្គ្រោះ​របស់​ខ្ញុំ
ទំនុក​របស់​ស្ដេច​ដាវីឌ។
១ ព្រះអម្ចាស់​ជា​ពន្លឺ និង​ជា​ព្រះ
សង្គ្រោះ​ខ្ញុំ ខ្ញុំ​មិន​ភ័យ​ខ្លាច​នរណា​ឡើយ!
ព្រះអម្ចាស់​ជា​ទី​ជំរក​របស់​ជីវិត​ខ្ញុំ
ខ្ញុំ​ក៏​មិន​តក់ស្លុត​ចំពោះ​នរណា​ដែរ។
២ ពេល​ពួក​អ្នក​ប្រព្រឹត្ត​អាក្រក់
គឺ​បច្ចាមិត្ត និង​ខ្មាំង​សត្រូវ​របស់​ខ្ញុំ
នាំ​គ្នា​ចូល​មក​ជិត ដើម្បី​រក​ប្រហារ​ជីវិត​ខ្ញុំ​
អ្នក​ទាំង​នោះ​បែរ​ជា​ត្រូវ​ជំពប់​ដួល​ទៅ​វិញ។
៣ ប្រសិន​បើ​មាន​កងទ័ព​មក​ឡោមព័ទ្ធ​ខ្ញុំ
ក៏​ចិត្ត​ខ្ញុំ​មិន​ភ័យ​ខ្លាច​អ្វី​ដែរ
ប្រសិន​បើ​មាន​គេ​លើក​គ្នា​មក​ច្បាំង​នឹង​ខ្ញុំ
ក៏​ខ្ញុំ​នៅ​តែ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះជាម្ចាស់​ជានិច្ច។
 
៤ ខ្ញុំ​ទូល​សូម​ព្រះអម្ចាស់​នូវ​សេចក្ដី​តែ​មួយ​គត់
ហើយ​ខ្ញុំ​ប្រាថ្នា​ចង់​បាន​តែ​សេចក្ដី​នេះ​ឯង
គឺ​អោយ​បាន​ស្នាក់​នៅ​ក្នុង​ព្រះដំណាក់
របស់​ព្រះអម្ចាស់​អស់​មួយ​ជីវិត
ដើម្បី​កោត​ស្ញប់ស្ញែង​ភាព​ថ្កុំថ្កើង​រុងរឿង
របស់​ព្រះអម្ចាស់
និង​ថ្វាយបង្គំ​ព្រះអង្គ​នៅ​ក្នុង​ព្រះវិហារ
៥ ដ្បិត​នៅ​ពេល​ខ្ញុំ​មាន​អាសន្ន
ព្រះអង្គ​តែង​អោយ​ខ្ញុំ​ជ្រក​ក្នុង​ជំរក​របស់​ព្រះអង្គ
ព្រះអង្គ​តែង​លាក់​បំពួន​ខ្ញុំ​នៅ​ក្នុង​ព្រះពន្លា
ព្រះអង្គ​លើក​ខ្ញុំ​ដាក់​នៅ​លើ​ថ្មដា។
៦ ព្រះអង្គ​លើក​មុខ​ខ្ញុំ​ឡើង​អោយ​ខ្ពស់​ជាង
ខ្មាំង​សត្រូវ​ដែល​នៅ​ជុំវិញ​ខ្ញុំ
ខ្ញុំ​នឹង​ថ្វាយ​យញ្ញបូជា​នៅ​ក្នុង​ព្រះពន្លា
របស់​ព្រះអង្គ ទាំង​ស្រែក​ដោយ​អំណរ
ខ្ញុំ​នឹង​ច្រៀង ខ្ញុំ​នឹង​ស្មូត្រ​ទំនុកតម្កើង
ថ្វាយ​ព្រះអម្ចាស់
៧ ឱ​ព្រះអម្ចាស់​អើយ!
សូម​ទ្រង់​ព្រះសណ្ដាប់​ស្នូរ​សំរែក​របស់​ទូលបង្គំ
សូម​មេត្តា​ប្រណី​សន្ដោស​ទូលបង្គំ
និង​ឆ្លើយ​តប​មក​ទូលបង្គំ​វិញ​ផង!។
៨ ចិត្ត​ទូលបង្គំ​នឹក​ដល់​ព្រះបន្ទូល
ដែល​ព្រះអង្គ​ថ្លែង​ថា «ចូរ​ស្វែង​រក​យើង»
នោះ​ទូលបង្គំ​ឆ្លើយ​ថា ឱ​ព្រះអម្ចាស់​អើយ!
ទូលបង្គំ​ស្វែង​រក​ព្រះភក្ត្រ​ព្រះអង្គ​ហើយ!
៩ សូម​កុំ​លាក់​ព្រះភក្ត្រ​នឹង​ទូលបង្គំ
សូម​កុំ​ព្រះពិរោធ
ហើយ​បណ្ដេញ​អ្នក​បំរើ​របស់​ព្រះអង្គ!
ព្រះអង្គ​បាន​សង្គ្រោះ​ទូលបង្គំ
សូម​កុំ​លះបង់​ទូលបង្គំ!
ឱ​ព្រះសង្គ្រោះ​ទូលបង្គំ​អើយ
សូម​កុំ​បោះ​បង់​ចោល​ទូលបង្គំ​ឡើយ!។
១០ ទោះ​បី​ឪពុកម្ដាយ​របស់​ទូលបង្គំ
បាន​បោះ​បង់​ទូលបង្គំ​ចោល​ក៏​ដោយ
ក៏​ព្រះអម្ចាស់​នៅ​តែ​ទទួល​ទូលបង្គំ​ជានិច្ច!។
១១ ឱ​ព្រះអម្ចាស់​អើយ! សូម​បង្រៀន​ទូលបង្គំ
អោយ​ស្គាល់​មាគ៌ា​របស់​ព្រះអង្គ
សូម​ណែនាំ​ទូលបង្គំ​អោយ​ដើរ​តាម​ផ្លូវ​ត្រង់
ព្រោះ​ទូលបង្គំ​មាន​សត្រូវ​ជា​ច្រើន។
១២ សូម​កុំ​បណ្ដោយ​អោយ​ទូលបង្គំ​ធ្លាក់
ទៅ​ក្នុង​កណ្ដាប់​ដៃ​បច្ចាមិត្ត​របស់​ទូលបង្គំ​ឡើយ
ដ្បិត​មាន​សាក្សី​ក្លែងក្លាយ
មក​និយាយ​មួល​បង្កាច់​ទូលបង្គំ
អ្នក​ទាំង​នោះ​ពោល​សុទ្ធ​តែ​ពាក្យ​ឃោរឃៅ។
១៣ ខ្ញុំ​ជឿ​ជាក់​ថា​នៅ​ក្នុង​លោក​នេះ
ខ្ញុំ​នឹង​ឃើញ​សុភមង្គល​មក​ពី​ព្រះអម្ចាស់
ជា​មិន​ខាន!។
១៤ ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះអម្ចាស់!
ចូរ​មាន​កម្លាំង និង​មាន​ចិត្ត​រឹងប៉ឹង​ឡើង!
ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះអម្ចាស់​ចុះ!។