២៩
ព្រះសូរសៀង​របស់​ព្រះអម្ចាស់
ទំនុកតម្កើង​របស់​ស្ដេច​ដាវីឌ។
១ ពពួក​ទេវតា​របស់​ព្រះជាម្ចាស់​អើយ
ចូរ​នាំ​គ្នា​តម្កើង​ព្រះអម្ចាស់
ចូរ​លើក​តម្កើង​សិរីរុងរឿង
និង​តេជានុភាព​របស់​ព្រះអម្ចាស់
២ ចូរ​លើក​តម្កើង​ព្រះនាម​ដ៏​រុងរឿង​របស់​ព្រះអម្ចាស់
ចូរ​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​ព្រះអម្ចាស់
នៅ​ពេល​ព្រះអង្គ​សំដែង​ភាព​វិសុទ្ធ របស់​ព្រះអង្គ!​។
 
៣ ព្រះសូរសៀង​របស់​ព្រះអម្ចាស់
លាន់​ឮ​ឡើង​នៅ​ពី​លើ​ផ្ទៃ​ទឹក
ព្រះជាម្ចាស់​ប្រកប​ដោយ​សិរីរុងរឿង
ធ្វើ​អោយ​ផ្គរលាន់​ឮ​ឡើង
ព្រះអម្ចាស់​គង់​នៅ​ពី​លើ​មហា​សាគរ។
៤ ព្រះសូរសៀង​​របស់​ព្រះអម្ចាស់
លាន់​ឮ​ឡើង​ប្រកប​ដោយ​ប្ញទ្ធានុភាព
ព្រះសូរសៀង​របស់​ព្រះអម្ចាស់
លាន់​ឮ​ឡើង​ប្រកប​ដោយ​ភាព​ថ្កុំថ្កើង
៥ ព្រះសូរសៀង​របស់​ព្រះអម្ចាស់
ធ្វើ​អោយ​បាក់​ដើម​ឈើ​ដ៏​ធំៗ
ព្រះអម្ចាស់​បំបាក់​ដើម​ឈើ​ដ៏​ធំៗ​នៅ​ភ្នំ​លីបង់។
៦ ព្រះអង្គ​ធ្វើ​អោយ​ដើម​ឈើ​ទាំង​នោះ​លោត
ដូច​កូន​គោ​លោត
ព្រះអង្គ​ធ្វើ​អោយ​ភ្នំ​លីបង់ និង​ភ្នំ​ស៊ីរាន​
លោត ដូច​កូន​ក្របី​លោត។
៧ ព្រះសូរសៀង​របស់​ព្រះអម្ចាស់
បាន​ធ្វើ​អោយ​មាន​រន្ទះ​លេច​ចេញ​មក។
៨ ព្រះសូរសៀង​របស់​ព្រះអម្ចាស់
បាន​ធ្វើ​អោយ​កក្រើក​វាល​រហោស្ថាន
ព្រះអម្ចាស់​ធ្វើ​អោយ​រញ្ជួយ​វាល​រហោស្ថាន​កាដេស។
៩ ព្រះសូរសៀង​របស់​ព្រះអម្ចាស់
អង្រួន​សត្វ​ក្ដាន់​ញី​អោយ​កើត​កូន
និង​ធ្វើ​អោយ​ព្រៃ​ឈើ​ជ្រុះ​ស្លឹក​អស់។
ពេល​នោះ អ្វីៗ​សព្វ​សារពើ​នឹង​ស្រែក​ឡើង
ក្នុង​ព្រះវិហារ​ថា
«សូម​លើក​តម្កើង​សិរីរុងរឿង​ព្រះអម្ចាស់!»។
១០ ព្រះអម្ចាស់​គ្រប់គ្រង​លើ​ទឹក​ជំនន់​ធំ
ព្រះអម្ចាស់​គ្រង​រាជ្យ​រហូត​ត​ទៅ
១១ ព្រះអម្ចាស់​ប្រទាន​ឫទ្ធានុភាព
អោយ​ប្រជារាស្ត្រ​របស់​ព្រះអង្គ
ព្រះអម្ចាស់​ប្រទាន​ពរ​អោយ​ប្រជារាស្ត្រ
របស់​ព្រះអង្គ​មាន​សន្តិភាព។