៤៤
ព្រះអម្ចាស់អើយ សូមតើនឡើង!
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ កំណាព្យរបស់កូនចៅលោកកូរេ។
១ ឱព្រះជាម្ចាស់អើយ
ដូនតាយើងខ្ញុំធ្លាប់រៀបរាប់អោយ
យើងខ្ញុំបានឮផ្ទាល់នឹងត្រចៀក
នូវស្នាព្រះហស្ដទាំងប៉ុន្មាន
ដែលព្រះអង្គបានធ្វើនៅជំនាន់របស់លោក
គឺតាំងពីយូរអង្វែងណាស់មកហើយ។
២ ដោយសារព្រះបារមីរបស់ព្រះអង្គ
ព្រះអង្គបានបណ្ដេញប្រជាជាតិនានា
ចេញពីស្រុករបស់ខ្លួន
ហើយយកប្រជារាស្ត្ររបស់ព្រះអង្គ
អោយមកនៅជំនួស។
ព្រះអង្គបានធ្វើទោសសាសន៍ទាំងនោះ
ដើម្បីអោយប្រជារាស្ត្ររបស់ព្រះអង្គពង្រីកទឹកដី។
៣ ប្រជារាស្ត្ររបស់ព្រះអង្គពុំបានចាប់យកទឹកដីនេះ
ដោយសារអាវុធរបស់ខ្លួនឡើយ
ហើយគេក៏ពុំបានយកជ័យជំនះ
ដោយសារកម្លាំងរបស់ខ្លួនដែរ
គឺគេទទួលជ័យជំនះដោយសារឫទ្ធានុភាព
និងព្រះចេស្ដារបស់ព្រះអង្គ
ព្រោះព្រះអង្គស្រឡាញ់
ហើយគាប់ព្រះហឫទ័យនឹងពួកគេ។
៤ ឱព្រះជាម្ចាស់អើយ
ព្រះអង្គជាព្រះមហាក្សត្ររបស់ទូលបង្គំ!
មានតែព្រះអង្គទេដែលប្រទានជ័យជំនះ
ដល់ប្រជារាស្ត្ររបស់ព្រះអង្គ។
៥ ដោយសារព្រះអង្គ
យើងខ្ញុំបានយកជ័យជំនះលើបច្ចាមិត្ត
ដោយសារព្រះនាមរបស់ព្រះអង្គ
យើងខ្ញុំបានបង្ក្រាបអស់អ្នក
ដែលប្រឆាំងនឹងយើងខ្ញុំ
៦ ដ្បិតទូលបង្គំមិនពឹងផ្អែកលើធ្នូរបស់ទូលបង្គំឡើយ
ហើយដាវរបស់ទូលបង្គំ
ក៏មិនអាចសង្គ្រោះទូលបង្គំបានដែរ។
៧ មានតែព្រះអង្គទេដែលសង្គ្រោះយើងខ្ញុំអោយរួច
ពីកណ្ដាប់ដៃរបស់បច្ចាមិត្ត ហើយធ្វើអោយ
អស់អ្នកដែលស្អប់យើងខ្ញុំត្រូវអាម៉ាស់។
៨ ឱព្រះជាម្ចាស់អើយ យើងខ្ញុំលើកតម្កើង
សិរីរុងរឿងរបស់ព្រះអង្គជារៀងរាល់ថ្ងៃ
ហើយយើងខ្ញុំនឹងសរសើរតម្កើង
ព្រះនាមរបស់ព្រះអង្គអស់កល្បជានិច្ច។
- សំរាក
៩ ក៏ប៉ុន្តែ ឥឡូវនេះ ព្រះអង្គបានបោះបង់ចោល
យើងខ្ញុំ ព្រះអង្គបានធ្វើអោយយើងខ្ញុំបាក់មុខ
ព្រះអង្គមិនយាងទៅជាមួយកងទ័ព
របស់យើងខ្ញុំទៀតទេ។
១០ ព្រះអង្គបានធ្វើអោយយើងដកទ័ពថយ
នៅមុខបច្ចាមិត្ត
ហើយខ្មាំងសត្រូវនាំគ្នាប្រមូលទ្រព្យសម្បត្តិ
របស់យើងខ្ញុំយកទៅធ្វើជាជយភ័ណ្ឌ។
១១ ព្រះអង្គប្រគល់យើងខ្ញុំទៅអោយ
ខ្មាំងសត្រូវត្របាក់លេបដូចហ្វូងសត្វ
ព្រះអង្គធ្វើអោយយើងខ្ញុំខ្ចាត់ខ្ចាយ
ទៅតាមប្រទេសនានា
១២ ព្រះអង្គបានលក់ប្រជារាស្ត្ររបស់ព្រះអង្គ
យ៉ាងថោកបំផុត គឺព្រះអង្គពុំបានចំណេញអ្វីឡើយ។
១៣ ព្រះអង្គបានបណ្ដោយអោយប្រទេស
ជិតខាងមើលងាយយើងខ្ញុំ
ប្រជាជាតិដែលនៅជុំវិញ
នាំគ្នាសើចចំអកឡកឡឺយដាក់យើងខ្ញុំ។
១៤ ព្រះអង្គបានធ្វើអោយប្រជាជាតិនានា
យករឿងយើងខ្ញុំទុកជាការលេងសើច
ពួកគេនាំគ្នាងក់ក្បាលចំអកដាក់យើងខ្ញុំ
១៥ ទូលបង្គំតែងតែបាក់មុខជារៀងរាល់ថ្ងៃ
ហើយទូលបង្គំអាម៉ាស់មុខណាស់
១៦ នៅពេលឮសូរខ្មាំងសត្រូវដែលចងគំនុំនឹងយើងខ្ញុំ
នាំគ្នានិយាយបន្តុះបង្អាប់បន្ទាបបន្ថោកយើងខ្ញុំ។
១៧ ឱព្រះអម្ចាស់អើយ
ហេតុការណ៍ទាំងនេះកើតមានចំពោះយើងខ្ញុំ
ទោះបីយើងខ្ញុំពុំបានបំភ្លេចព្រះអង្គ
ហើយទោះបីយើងខ្ញុំពុំបានផ្ដាច់ចំណង
សម្ពន្ធមេត្រីជាមួយព្រះអង្គក៏ដោយ។
១៨ យើងខ្ញុំពុំបានបែរចិត្តចេញពីព្រះអង្គទេ
ហើយយើងខ្ញុំក៏ពុំបានឃ្លាតចាក
ពីមាគ៌ារបស់ព្រះអង្គដែរ
១៩ មិនគួរណាព្រះអង្គបំបរបង់ចោល
យើងខ្ញុំនៅកន្លែងដែលមានសត្វសាហាវ
ព្រមទាំងអោយយើងខ្ញុំធ្លាក់ទៅ
ក្នុងកណ្ដាប់ដៃរបស់មច្ចុរាជឡើយ។
២០ ប្រសិនបើយើងខ្ញុំបំភ្លេចព្រះនាមព្រះនៃយើងខ្ញុំ
ប្រសិនបើយើងខ្ញុំបែរទៅទូលអង្វរ
ព្រះណាមួយផ្សេងទៀតនោះ
២១ ព្រះជាម្ចាស់មុខតែជ្រាបជាមិនខាន
ដ្បិតព្រះអង្គឈ្វេងយល់អ្វីៗ
ដែលលាក់ទុកនៅក្នុងចិត្តមនុស្ស!។
២២ ព្រោះតែព្រះអង្គ
គេប្រហារជីវិតយើងខ្ញុំគ្រប់ពេលវេលា
ហើយគេចាត់ទុកយើងខ្ញុំ
ដូចជាចៀមដែលត្រូវយកទៅសម្លាប់។
២៣ ព្រះអម្ចាស់អើយ
ហេតុអ្វីបានជាព្រះអង្គនៅផ្ទំលក់ដូច្នេះ?
សូមក្រោកឡើង!
សូមតើនឡើង
កុំបោះបង់ចោលយើងខ្ញុំរហូតតទៅឡើយ។
២៤ ហេតុអ្វីបានជាព្រះអង្គពួន
មិនទតមើលមកយើងខ្ញុំដូច្នេះ?
ហេតុអ្វីបានជាព្រះអង្គបំភ្លេចយើងខ្ញុំ
ដែលកំពុងតែវេទនា និងត្រូវគេជិះជាន់ដូច្នេះ?
២៥ ដ្បិតគេជាន់ឈ្លីយើងខ្ញុំក្នុងធូលីដី
យើងខ្ញុំបរាជ័យផ្កាប់មុខនៅនឹងដី។
២៦ សូមក្រោកឡើង សូមជួយសង្គ្រោះយើងខ្ញុំផង!
ដោយព្រះហឫទ័យមេត្តាករុណាចំពោះយើងខ្ញុំ
សូមរំដោះយើងខ្ញុំផង។