៤៦
ព្រះជាម្ចាស់គង់ជាមួយយើង
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ បទចំរៀងរបស់កូនចៅលោកកូរេ។ បទសំរាប់នារី។
១ ព្រះជាម្ចាស់ទ្រង់ជាជំរក
និងជាបង្អែកដ៏រឹងមាំរបស់យើង
នៅពេលមានអាសន្ន ព្រះអង្គតែងតែប្រុងប្រៀបចាំជួយយើងជានិច្ច។
២ ហេតុនេះហើយបានជាយើង
មិនភ័យខ្លាចអ្វីឡើយ
គឺទោះបីមានរញ្ជួយផែនដី
ទោះបីភ្នំនានារលំធ្លាក់ទៅក្នុងមហាសាគរ
៣ ឬទោះបីឮសូរសន្ធឹកសមុទ្របក់បោក
បែកពពុះទឹកធ្វើអោយកក្រើកភ្នំ
នានាយ៉ាងណាក្ដី ក៏យើងមិនភ័យខ្លាចអ្វីដែរ។
- សំរាក
៤ មានទន្លេមួយហូរនាំយកអំណរមកស្រោចស្រព
បុរីរបស់ព្រះជាម្ចាស់ ដែលជាព្រះដំណាក់
ដ៏សក្ការៈនៃព្រះដ៏ខ្ពង់ខ្ពស់បំផុត។
៥ ព្រះជាម្ចាស់គង់នៅក្នុងបុរី
ហើយបុរីនោះនឹងមិនរង្គើសោះឡើយ។
ព្រះអង្គនឹងសង្គ្រោះបុរីនោះ តាំងពីពេលថ្ងៃរះ។
៦ ប្រជាជាតិនានាត្រូវញ័ររន្ធត់ នគរនានាត្រូវរង្គើ
ព្រះជាម្ចាស់បន្លឺព្រះសូរសៀងដូចផ្គរលាន់
ផែនដីក៏រលាយអស់ទៅ
៧ ព្រះអម្ចាស់នៃពិភពទាំងមូល*
ទ្រង់គង់នៅជាមួយយើង
ព្រះរបស់លោកយ៉ាកុបជាជំរក
ដ៏រឹងមាំសំរាប់យើង។
- សំរាក
៨ ចូរនាំគ្នាមកមើលស្នាព្រះហស្ដរបស់ព្រះអម្ចាស់
ព្រះអង្គបានធ្វើការដ៏អស្ចារ្យក្រៃលែង
នៅលើផែនដីនេះ!
៩ គឺព្រះអង្គបញ្ឈប់សង្គ្រាមនៅលើ
សកលលោកទាំងមូល
ព្រះអង្គកាច់បំបាក់ធ្នូ និងលំពែង
ហើយដុតរទេះចំបាំងចោលអស់។
១០ ព្រះអម្ចាស់មានព្រះបន្ទូលថា
«ចូរឈប់ច្បាំង ចូរដឹងថា
យើងនេះហើយជាព្រះជាម្ចាស់
យើងគ្រប់គ្រងលើប្រជាជាតិនានា
ហើយគ្រប់គ្រងលើផែនដីទាំងមូល»។
១១ ព្រះអម្ចាស់នៃពិភពទាំងមូល*
ទ្រង់គង់នៅជាមួយយើង
ព្រះរបស់លោកយ៉ាកុបជាជំរក
ដ៏រឹងមាំសំរាប់យើង។
- សំរាក