៦២
នៅជិតព្រះអង្គខ្ញុំមានសេចក្ដីសុខសាន្ត
បទពីសៀវភៅរបស់គ្រូចំរៀង។ សំរាប់លោកយេឌូថិន។ ទំនុករបស់ស្ដេចដាវីឌ។
១ មានតែនៅក្បែរព្រះជាម្ចាស់ទេ
ដែលចិត្តខ្ញុំបានស្ងប់
ព្រោះព្រះអង្គសង្គ្រោះខ្ញុំ។
២ ព្រះអង្គតែមួយគត់ជាថ្មដា
ជាព្រះសង្គ្រោះខ្ញុំ
ព្រះអង្គជាកំពែងដ៏រឹងមាំ
ដូច្នេះ ខ្ញុំនឹងមិនត្រូវបរាជ័យឡើយ។
៣ តើអ្នករាល់គ្នាចោមរោមវាយ
ប្រហារមនុស្សតែម្នាក់ដូច្នេះដល់កាលណា?
អ្នករាល់គ្នារកប្រហារជីវិតមនុស្ស
ដូចគេចង់រំលំកំពែងទ្រុឌទ្រោម
និងផ្ដួលរបងដែលជិតរលំឬ?
៤ អ្នករាល់គ្នាចង់អោយតែអ្នកនោះ
បាត់បង់យសស័ក្ដិ អ្នករាល់គ្នាចូលចិត្តកុហក
មាត់អ្នករាល់គ្នាអោយពរ
តែចិត្តអ្នករាល់គ្នាបែរជាដាក់បណ្ដាសាវិញ។
- សំរាក
៥ ពិតមែនហើយ មានតែនៅក្បែរព្រះជាម្ចាស់ទេ
ដែលចិត្តខ្ញុំបានស្ងប់
ដ្បិតព្រះអង្គជាទីសង្ឃឹមរបស់ខ្ញុំ។
៦ ព្រះអង្គតែមួយគត់ជាថ្មដា ជាព្រះសង្គ្រោះខ្ញុំ
ព្រះអង្គជាកំពែងដ៏រឹងមាំ
ដូច្នេះ ខ្ញុំនឹងមិនត្រូវបរាជ័យឡើយ។
៧ ការសង្គ្រោះ និងសិរីរុងរឿងរបស់ខ្ញុំ
ស្ថិតនៅលើព្រះជាម្ចាស់ទាំងស្រុង
ព្រះជាម្ចាស់ជាថ្មដាដ៏រឹងមាំ និងជាទីជំរករបស់ខ្ញុំ។
៨ ប្រជាជនអើយ ចូរនាំគ្នាផ្ញើជីវិត
លើព្រះអង្គ គ្រប់ពេលវេលាទៅ
ចូរទូលថ្វាយព្រះអង្គ
ពីទុក្ខកង្វល់របស់អ្នករាល់គ្នា
ដ្បិតព្រះជាម្ចាស់ជាជំរករបស់យើង។
៩ មនុស្សលោកប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ
មនុស្សលោកគ្មានតម្លៃអ្វីសោះ
ប្រសិនបើយើងថ្លឹងមនុស្សទាំងអស់លើជញ្ជីងមួយ
នោះស្រាលជាងមួយដង្ហើមទៅទៀត។
១០ មិនត្រូវទុកចិត្តលើអំពើហិង្សាឡើយ
ហើយកុំសង្ឃឹមលើការលួចប្លន់ដែរ។
ប្រសិនបើទ្រព្យសម្បត្តិអ្នករាល់គ្នាកើនចំនួន
ច្រើនឡើង មិនត្រូវជំពាក់ចិត្តឡើយ។
១១ ខ្ញុំឮព្រះជាម្ចាស់មានព្រះបន្ទូល
មួយលើកជាពីរលើកថា
ឫទ្ធិអំណាចស្ថិតនៅលើព្រះអង្គទាំងអស់
១២ ក៏ប៉ុន្តែ ព្រះអម្ចាស់អើយ
ព្រះអង្គប្រកបដោយព្រះហឫទ័យមេត្តាករុណា
ព្រះអង្គនឹងតបស្នងអោយមនុស្សម្នាក់ៗ
តាមអំពើដែលខ្លួនបានប្រព្រឹត្ត។