៦៤
ព្រះអម្ចាស់​ដាក់​ទោស​មនុស្ស​ពោល​ពាក្យ​ទុច្ចរិត
បទ​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ ទំនុក​របស់​ស្ដេច​ដាវីឌ។
១ ឱ​ព្រះជាម្ចាស់​អើយ
សូម​ទ្រង់​ព្រះសណ្ដាប់​ទំនួញ
របស់​ទូលបង្គំ!
ទូលបង្គំ​ភ័យ​ខ្លាច​ខ្មាំង​សត្រូវ​ណាស់
សូម​ការពារ​ជីវិត​ទូលបង្គំ​ផង!។
២ សូម​ការពារ​ទូលបង្គំ​អោយ​រួច​ផុត
ពី​ការ​ឃុបឃិត​របស់​មនុស្ស​អាក្រក់
និង​អោយ​ទូលបង្គំ​បាន​រួច​ផុត
ពី​កណ្ដាប់​ដៃ​របស់​ពួក​មនុស្ស​ពាល។
៣ គេ​ប្រើ​ពាក្យ​សំដី ដូច​ដាវ​ដ៏​មុត
ពួក​គេ​ចោល​ពាក្យ​សំដី ដូច​គេ​ចោល​លំពែង។
៤ ពួក​គេ​លួច​ប្រហារ​មនុស្ស​ទៀង​ត្រង់
គឺ​គេ​ប្រហារ​មិន​អោយ​ដឹង​ខ្លួន
ហើយ​ពួក​គេ​មិន​ខ្លាច​ក្រែង​អ្វី​ឡើយ។
៥ ពួក​គេ​និយាយ​លើក​ទឹក​ចិត្ត​គ្នា
អោយ​ប្រព្រឹត្ត​អំពើ​អាក្រក់
ពួក​គេ​គិត​គ្នា​ពី​ការ​លប​ដាក់​អន្ទាក់
ចាំ​ចាប់​អ្នក​ដទៃ​ទាំង​ពោល​ថា
«គ្មាន​នរណា​ឃើញ​ទេ!»។
៦ គេ​នាំ​គ្នា​បង្ក​អំពើ​ទុច្ចរិត​ទាំង​ពោល​ថា៖
«ឥឡូវ​នេះ​យើង​រៀបចំ​ផែន​ការ
របស់​យើង​យ៉ាង​ល្អ​រួច​រាល់​ហើយ!»។
គ្មាន​នរណា​អាច​យល់​គំនិត​អប្រិយ
នៅ​ក្នុង​ជំរៅ​ចិត្ត​របស់​មនុស្ស​បាន​ទេ!​
៧ ក៏​ប៉ុន្តែ ព្រះជាម្ចាស់​នឹង​ប្រហារ​ពួក​គេ
ដោយ​មិន​អោយ​ដឹង​ខ្លួន​ជា​មុន
ពួក​គេ​ក៏​របួស​ដួល។
៨ ពាក្យ​សំដី​របស់​ពួក​គេ​បាន​ធ្វើ​អោយ​ខ្លួន​វិនាស
អស់​អ្នក​ដែល​ឃើញ​ពួក​គេ នឹង​នាំ​គ្នា​គ្រវី​ក្បាល។
៩ មនុស្ស​លោក​ទាំង​អស់​នឹង​នាំ​គ្នា​កោត​ស្ញប់ស្ញែង
គេ​ប្រកាស​ពី​ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ
គេ​យល់​អំពី​កិច្ចការ​ដែល​ព្រះអង្គ​បាន​ធ្វើ។
១០ សូម​អោយ​មនុស្ស​សុចរិត​មាន​អំណរ​សប្បាយ
ដោយសារ​ព្រះអម្ចាស់
ហើយ​នាំ​គ្នា​មក​ជ្រក​កោន​ជា​មួយ​ព្រះអង្គ
សូម​អោយ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់
លើក​តម្កើង​ព្រះអង្គ។