៦៦
ព្រះជាម្ចាស់​បាន​រំដោះ​យើង
បទ​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ ចំរៀង​តម្កើង​ព្រះជាម្ចាស់។ ទំនុកតម្កើង។
១ ប្រជាជន​នៅ​ផែនដី​ទាំង​មូល​អើយ
ចូរ​នាំ​គ្នា​ស្រែក​ជយឃោស
ថ្វាយ​ព្រះជាម្ចាស់!
២ ចូរ​ស្មូត្រ​ទំនុកតម្កើង
ថ្វាយ​សិរីរុងរឿង​ព្រះនាម​ព្រះអង្គ
ចូរ​នាំ​គ្នា​សរសើរ
លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះអង្គ!
៣ ចូរ​ទូល​ព្រះអង្គ​ថា: ព្រះជាម្ចាស់​អើយ
ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ
គួរ​អោយ​ស្ញែង​ខ្លាច​ណាស់!
ពួក​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ​នាំ​គ្នា​លុត​ក្រាប
ដោយ​ឃើញ​ព្រះចេស្ដា​ដ៏​ធំធេង​របស់​ព្រះអង្គ។
៤ មនុស្សម្នា​នៅ​ផែនដី​ទាំង​មូល
ក្រាប​ថ្វាយបង្គំ​ព្រះអង្គ
ហើយ​នាំ​គ្នា​ស្មូត្រ​ទំនុកតម្កើង​ព្រះអង្គ
គេ​ស្មូត្រ​ទំនុកតម្កើង​ថ្វាយ​ព្រះនាម​ព្រះអង្គ។
- សំរាក
 
៥ ចូរ​នាំ​គ្នា​មក​រំពៃ​មើល​ស្នា​ព្រះហស្ដ
របស់​ព្រះជាម្ចាស់!
កិច្ចការ​ដែល​ព្រះអង្គ​ធ្វើ​ចំពោះ​មនុស្ស​លោក
គួរ​អោយ​ស្ញែង​ខ្លាច​ណាស់។
៦ ព្រះអង្គ​បាន​ធ្វើ​អោយ​ទឹក​សមុទ្រ​រីង
ទៅ​ជា​ដី​គោក ដើម្បី​អោយ​ប្រជាជន​ដើរ​ឆ្លង។
ដោយ​ព្រះអង្គ​ធ្វើ​ការ​ដ៏​អស្ចារ្យ​នោះ
យើង​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។
៧ ព្រះអង្គ​គ្រង​រាជ្យ​អស់កល្ប​ជានិច្ច
ដោយសារ​ឫទ្ធានុភាព​របស់​ព្រះអង្គ
ព្រះអង្គ​ពិនិត្យ​មើល​ប្រជាជាតិ​ទាំងឡាយ
ដើម្បី​កុំ​អោយ​ពួក​បះបោរ
អាច​ក្រោក​ឡើង​បាន​ឡើយ!
- សំរាក
 
៨ ប្រជាជន​ទាំងឡាយ​អើយ
ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ​នៃ​យើង
ចូរ​បន្លឺ​សំឡេង​សរសើរ​តម្កើង​ព្រះអង្គ!
៩ ព្រះអង្គ​ប្រទាន​អោយ​យើង​មាន​ជីវិត
ហើយ​ព្រះអង្គ​មិន​បណ្ដោយ
អោយ​យើង​ភ្លាត់​ដួល​ឡើយ។
១០ ឱ​ព្រះជាម្ចាស់​អើយ!
ព្រះអង្គ​បាន​ល្បងល​មើល​ចិត្ត​យើង​ខ្ញុំ
ព្រះអង្គ​បាន​លត់ដំ​យើង​ខ្ញុំ ដូច​គេ​បន្សុទ្ធ​ប្រាក់។
១១ ព្រះអង្គ​បាន​នាំ​យើង​ខ្ញុំ​អោយ​ជួប​នឹង​ទុក្ខ​លំបាក
ព្រះអង្គ​បាន​ធ្វើ​អោយ​យើង​ខ្ញុំ​វេទនា​ជា​ច្រើន​ដែរ។
១២ ព្រះអង្គ​បណ្ដោយ​អោយ​សត្រូវ
បំបោល​សេះ​ពី​លើ​ក្បាល​យើង​ខ្ញុំ
យើង​ខ្ញុំ​បាន​ឆ្លង​កាត់​ភ្លើង ឆ្លង​កាត់​ទឹក
ប៉ុន្តែ ព្រះអង្គ​បាន​នាំ​យើង​ខ្ញុំ​អោយ​ចេញ​រួច
ហើយ​ប្រទាន​អោយ​យើង​ខ្ញុំ
បាន​សម្បូណ៌​ហូរហៀរ។
១៣ ទូលបង្គំ​ចូល​មក​ក្នុង​ព្រះដំណាក់​របស់​ព្រះអង្គ
ទាំង​នាំ​តង្វាយ​ដុត​យក​មក​ថ្វាយ​ព្រះអង្គ
ដូច​ទូលបង្គំ​បាន​សន្យា
១៤ គឺ​ស្រប​តាម​ពាក្យ​ដែល​ទូលបង្គំ
បាន​ទូល​ព្រះអង្គ នៅ​ពេល​មាន​អាសន្ន។
១៥ ទូលបង្គំ​យក​សត្វ​ដ៏​ធាត់ៗ គឺ​ពពែ​ឈ្មោល
គោ​ឈ្មោល និង​ចៀម​ឈ្មោល
មក​ថ្វាយ​ជា​តង្វាយ
ហើយ​ក្លិន​នៃ​យញ្ញបូជា​នេះ​សាយភាយ
ឡើង​ទៅ​កាន់​ព្រះអង្គ។
- សំរាក
 
១៦ អ្នក​ទាំង​អស់​គ្នា​ដែល​គោរព​កោត​ខ្លាច
ព្រះជាម្ចាស់​អើយ សូម​អញ្ជើញ​មក​ស្ដាប់
ខ្ញុំ​នឹង​រៀប​រាប់​អំពី​កិច្ចការ
ដែល​ព្រះអង្គ​បាន​ធ្វើ​ចំពោះ​ខ្ញុំ។
១៧ ខ្ញុំ​បាន​ស្រែក​អង្វរ​រក​ព្រះអង្គ
ទាំង​ពោល​ពាក្យ​លើក​តម្កើង​ព្រះអង្គ​ទៀត​ផង
១៨ ប្រសិន​បើ​ខ្ញុំ​មាន​គំនិត​ទុច្ចរិត
ព្រះអម្ចាស់​មុខ​ជា​មិន​ស្ដាប់​ខ្ញុំ​ឡើយ
១៩ ក៏​ប៉ុន្តែ ព្រះជាម្ចាស់​ស្ដាប់​ពាក្យ​ខ្ញុំ
ព្រះអង្គ​យក​ព្រះហឫទ័យ​ទុក​ដាក់
នឹង​សំរែក​ទូលអង្វរ​របស់​ខ្ញុំ
២០ សូម​លើក​តម្កើង​ព្រះអង្គ ព្រោះ​ព្រះអង្គ​ពុំ​បាន
បដិសេធ​ពាក្យ​ទូលអង្វរ​របស់​ខ្ញុំ​ទេ
ហើយ​ព្រះអង្គ​មាន​ព្រះហឫទ័យ
មេត្តា​ករុណា​ចំពោះ​ខ្ញុំ​ជានិច្ច!។