៧៤
ព្រះអម្ចាស់អើយ សូមកុំទុកអោយសត្រូវប្រមាថព្រះអង្គឡើយ!
កំណាព្យរបស់លោកអេសាភ។
១ ព្រះជាម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គបោះបង់ចោល
យើងខ្ញុំរហូតដូច្នេះ?
ហេតុអ្វីបានជាទ្រង់ព្រះពិរោធនឹងយើងខ្ញុំ
ដែលជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ?
២ សូមកុំបំភ្លេចប្រជារាស្ត្រ
ដែលព្រះអង្គបានយកមកធ្វើ
ជាកម្មសិទ្ធិរបស់ព្រះអង្គ តាំងពីដើមរៀងមក
គឺប្រជារាស្ត្រដែលព្រះអង្គបានលោះ
យកមកធ្វើជាកុលសម្ព័ន្ធរបស់ព្រះអង្គផ្ទាល់
សូមកុំបំភ្លេចភ្នំស៊ីយ៉ូន
ជាកន្លែងដែលព្រះអង្គគង់នៅនោះឡើយ។
៣ សូមព្រះអង្គយាងមកកាន់កន្លែង
ដែលវិនាសខូចខាតអស់
ខ្មាំងសត្រូវបានកំទេចបំផ្លាញអ្វីៗ
ទាំងអស់នៅក្នុងទីសក្ការៈ
៤ បច្ចាមិត្តរបស់ព្រះអង្គបាននាំគ្នា
ស្រែកហ៊ោនៅក្នុងកន្លែងដ៏វិសុទ្ធរបស់ព្រះអង្គ
ហើយពួកគេបានបង្ហូតទង់ជ័យ
របស់ពួកគេនៅទីនោះ។
៥ ពួកគេប្រៀបបានទៅនឹងអ្នកកាប់ព្រៃ
ដែលលើកពូថៅរបស់ខ្លួនឡើងកាប់ដើមឈើ
៦ គឺពួកគេបានយកពូថៅ និងញញួរ
មកវាយកំទេចក្បាច់រចនាទាំងប៉ុន្មាន។
៧ គេបានដុតទីសក្ការៈរបស់ព្រះអង្គ គេបានរំលំ
និងបន្ទាបបន្ថោកព្រះដំណាក់របស់ព្រះអង្គ។
៨ ពួកគេគិតគ្នាថា
«យើងនឹងបង្ក្រាបសាសន៍នេះអោយរាប
ហើយដុតបំផ្លាញកន្លែងសក្ការបូជា
ទាំងប៉ុន្មាននៅក្នុងស្រុកនេះ!»។
៩ យើងខ្ញុំលែងឃើញអ្វីដែលជាទីសំគាល់
របស់ប្រជាជាតិយើងខ្ញុំទៀតហើយ
រីឯព្យាការីក៏លែងមានទៀតដែរ។
ក្នុងចំណោមយើងខ្ញុំ គ្មាននរណាដឹងថា
យើងខ្ញុំត្រូវតែនៅដូច្នេះដល់ពេលណាឡើយ។
១០ ឱព្រះជាម្ចាស់អើយ តើអោយបច្ចាមិត្ត
ត្មះតិះដៀលព្រះអង្គដល់ពេលណា?
តើអោយខ្មាំងសត្រូវប្រមាថ
ព្រះនាមព្រះអង្គដល់កាលណាទៀត?
១១ ហេតុអ្វីបានជាព្រះអង្គ
មិនព្រមយាងមកជួយយើងខ្ញុំ
ហេតុអ្វីបានជាព្រះអង្គឱបដៃសំងំស្ងៀមដូច្នេះ?
១២ ព្រះជាម្ចាស់អើយ ព្រះអង្គជាព្រះមហាក្សត្រ
របស់ទូលបង្គំ តាំងពីដើមរៀងមក
ព្រះអង្គតែងតែសង្គ្រោះយើងខ្ញុំ
ជាច្រើនលើកច្រើនសានៅក្នុងស្រុកនេះ។
១៣ ព្រះអង្គបានបង្ក្រាបសមុទ្រ
ដោយសារឫទ្ធានុភាពរបស់ព្រះអង្គ
ព្រះអង្គបានវាយកំទេចក្បាលនាគនៅក្នុងសមុទ្រ
១៤ ព្រះអង្គបានវាយកំទេចក្បាលស្ដេចក្រពើ
ហើយបោះវាទៅអោយសត្វនានា
នៅវាលរហោស្ថានស៊ីជាអាហារ។
១៥ ព្រះអង្គបានធ្វើអោយមានទឹកផុស
ចេញពីប្រភពទឹកនានា
ហើយព្រះអង្គបានធ្វើអោយទន្លេដែលមិនចេះរីង
ប្រែជារីងស្ងួតទៅវិញ។
១៦ ព្រះអង្គជាម្ចាស់លើថ្ងៃ ជាម្ចាស់លើយប់
ព្រះអង្គបានបង្កើតព្រះច័ន្ទ និងព្រះអាទិត្យ។
១៧ ព្រះអង្គបានកំណត់ព្រំដែនរវាងទឹក និងដី
ព្រះអង្គក៏បានបង្កើតរដូវប្រាំង និងរដូវវស្សាដែរ។
១៨ ឱព្រះអម្ចាស់អើយ
សូមកុំភ្លេចអោយសោះថា
បច្ចាមិត្តបានត្មះតិះដៀលព្រះអង្គ
សាសន៍ល្ងីល្ងើនោះបានជេរ
ប្រមាថព្រះនាមព្រះអង្គ!។
១៩ សូមកុំប្រគល់ជីវិតប្រជារាស្ត្ររបស់ព្រះអង្គ
ដែលកំពុងតែអស់សង្ឃឹមនេះ
ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងដ៏សាហាវ
សូមកុំបំភ្លេចប្រជារាស្ត្រដ៏កំសត់ទុគ៌ត
របស់ព្រះអង្គជារៀងរហូតឡើយ។
២០ សូមនឹកដល់សម្ពន្ធមេត្រីដែលព្រះអង្គ
បានចងជាមួយយើងខ្ញុំ!
ដ្បិតជនរងគ្រោះដោយសារអំពើឃោរឃៅ
នាំគ្នារត់ពួនសព្វទីកន្លែងក្នុងទឹកដីនេះ។
២១ សូមកុំអោយអស់អ្នកដែលគេជិះជាន់
ត្រូវអាម៉ាស់មុខទៀតឡើយ
តែសូមអោយជនក្រីក្រ និងជនទុគ៌ត
អាចសរសើរតម្កើងព្រះនាមព្រះអង្គ។
២២ ព្រះជាម្ចាស់អើយ សូមក្រោកឡើង
ការពារព្រះកិត្តិនាមរបស់ព្រះអង្គ
សូមកុំបំភ្លេចពាក្យដែលជនល្ងីល្ងើទាំងនេះ
បានត្មះតិះដៀលព្រះអង្គជារៀងរាល់ថ្ងៃ។
២៣ សូមកុំបំភ្លេចសំរែកនៃខ្មាំងសត្រូវរបស់ព្រះអង្គ
គឺគេបានស្រែកយ៉ាងអឺងកងទាស់នឹងព្រះអង្គ
ឥតឈប់ឈរឡើយ។