៨១
ប្រជារាស្ត្រ​របស់​យើង​អើយ ចូរ​ស្ដាប់​សេចក្ដី​ដែល​យើង​រំលឹក​ដាស់តឿន​អ្នក
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ សំរាប់​ពិណ​ពី​ស្រុក​កាថ។ ទំនុក​របស់​លោក​អេសាភ។
១ ចូរ​បន្លឺ​សំឡេង
ដោយ​អំណរ​ថ្វាយ​ព្រះជាម្ចាស់
ដែល​ជា​កម្លាំង​របស់​យើង!
ចូរ​បន្លឺ​សំឡេង​សរសើរ​តម្កើង​ព្រះ
របស់​លោក​យ៉ាកុប!
២ ចូរ​នាំ​គ្នា​ប្រគំ​តូរ្យតន្ត្រី​ឡើង
ចូរ​វាយ​ស្គរ និង​លេង​ពិណ​យ៉ាង​ពីរោះ
ព្រម​ទាំង​ដេញ​ចាប៉ី​ផង​ដែរ!
៣ ចូរ​ផ្លុំ​ស្នែង​នៅ​ពេល​ចាប់​ផ្ដើម​ខ្នើត
នៅ​ពេល​ខែ​ពេញ​បូណ៌មី
គឺ​ជា​ថ្ងៃ​បុណ្យ​របស់​យើង​
៤ ព្រោះ​ជា​ច្បាប់​នៅ​ស្រុក​អ៊ីស្រាអែល
ជា​ក្រឹត្យវិន័យ​នៃ​ព្រះ​របស់​លោក​យ៉ាកុប
៥ ជា​ដំបូន្មាន​ដែល​ព្រះអង្គ​បង្គាប់​មក
ពូជពង្ស​របស់​លោក​យ៉ូសែប
នៅ​ពេល​ដែល​ព្រះអង្គ​វាយ​ប្រហារ​ស្រុក​អេស៊ីប។
ខ្ញុំ​បាន​ឮ​សំឡេង​មួយ​ដែល​ខ្ញុំ​មិន​ធ្លាប់​ស្គាល់
ទាល់​តែ​សោះ បន្លឺ​ថា:
៦ យើង​បាន​យក​អំរែក​ដ៏​ធ្ងន់​ចុះ​ពី​ស្មា​អ្នក
ហើយ​ក៏​យក​បន្ទុក​ដ៏​ធ្ងន់​ចេញ​ពី​ដៃ​អ្នក​ដែរ!
៧ នៅ​គ្រា​មាន​ទុក្ខ​វេទនា​អ្នក​បាន​ស្រែក​ហៅ​យើង
យើង​ក៏​បាន​ជួយ​រំដោះ​អ្នក
យើង​បាន​ឆ្លើយ​តប​ពី​ក្នុង​ខ្យល់​ព្យុះ
យើង​បាន​ល្បងល​មើល​ចិត្ត​អ្នក
នៅ​ប្រភព​ទឹក​មេរីបា។​
- សំរាក
 
៨ ប្រជារាស្ត្រ​របស់​យើង​អើយ
ចូរ​ស្ដាប់​សេចក្ដី​ដែល​យើង​រំលឹក​ដាស់តឿន​អ្នក
ឱ​អ៊ីស្រាអែល​អើយ ចូរ​ស្ដាប់​ពាក្យ​យើង
៩ កុំ​អោយ​មាន​ព្រះ​ណា​មួយ​ទៀត
នៅ​ក្នុង​ចំណោម​អ្នក​ឡើយ
កុំ​ថ្វាយបង្គំ​ព្រះ​ដទៃ​អោយ​សោះ
១០ ដ្បិត​យើង​ជា​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក
យើង​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប
ចូរ​បើក​ចិត្ត​អោយ​ទូលាយ
យើង​នឹង​អោយ​ពរ​អ្នក​យ៉ាង​ពេញ​បរិបូណ៌។
១១ ក៏​ប៉ុន្តែ ប្រជារាស្ត្រ​របស់​យើង
មិន​បាន​ធ្វើ​តាម​ពាក្យ​យើង​ទេ
អ៊ីស្រាអែល​មិន​ចង់​ស្គាល់​យើង​ទៀត​ទេ។
១២ ហេតុ​នេះ​ហើយ​បាន​ជា​យើង​បណ្ដោយ
គេ​ទៅ​តាម​ចិត្ត​រឹងរូស​របស់​ខ្លួន
គេ​ក៏​នាំ​គ្នា​ប្រព្រឹត្ត​តាម​ទំនើង​ចិត្ត។
១៣ ប្រសិន​បើ​ប្រជារាស្ត្រ​របស់​យើង​ស្ដាប់​ពាក្យ​យើង
ប្រសិន​បើ​អ៊ីស្រាអែល​ដើរ​តាម​មាគ៌ា​របស់​យើង
១៤ យើង​មុខ​ជា​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​គេ
យើង​នឹង​វាយ​ប្រហារ​បច្ចាមិត្ត​របស់​គេ
មួយ​រំពេច​ជា​មិន​ខាន។
១៥ អស់​អ្នក​ដែល​ស្អប់​ព្រះអម្ចាស់
នឹង​នាំ​គ្នា​មក​ចុះ​ចូល​នឹង​ព្រះអង្គ
ហើយ​អ៊ីស្រាអែល​នឹង​បាន​សុខសាន្ត​រហូត​ត​ទៅ។
១៦ ព្រះជាម្ចាស់​នឹង​ប្រទាន​ស្រូវ​ដ៏​ល្អៗ
មក​អោយ​អ៊ីស្រាអែល​បរិភោគ
ព្រម​ទាំង​អោយ​គេ​មាន​ទឹក​ឃ្មុំ​បរិភោគ
យ៉ាង​បរិបូណ៌​ផង។