៨៥
ឱ​ព្រះជាម្ចាស់​ជា​ព្រះសង្គ្រោះ​នៃ​យើង​ខ្ញុំ​អើយ សូម​ពង្រឹង​យើង​ខ្ញុំ​ឡើង​វិញ
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ ទំនុក​របស់​កូន​ចៅ​លោក​កូរេ។
១ ឱ​ព្រះអម្ចាស់​អើយ
ព្រះអង្គ​គាប់​ព្រះហឫទ័យ
នឹង​ទឹក​ដី​របស់​ព្រះអង្គ
ព្រះអង្គ​បាន​នាំ​ពូជពង្ស​របស់​លោក​យ៉ាកុប
ដែល​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​នោះ
អោយ​ត្រឡប់​មក​វិញ​។
២ ព្រះអង្គ​បាន​លើកលែង​ទោស
អោយ​ប្រជារាស្ត្រ​របស់​ព្រះអង្គ
ព្រះអង្គ​បាន​អត់ទោស​គេ​អោយ​រួច
ពី​អំពើ​បាប​ទាំង​ប៉ុន្មាន។
- សំរាក
 
៣ ព្រះអង្គ​បាន​ដក​ព្រះពិរោធ​ចេញ​ពី​យើង​ខ្ញុំ
ព្រះអង្គ​ឈប់​ខ្ញាល់​នឹង​យើង​ខ្ញុំ​ទៀត​ហើយ។
៤ ឱ​ព្រះជាម្ចាស់​ជា​ព្រះសង្គ្រោះ​នៃ​យើង​ខ្ញុំ​អើយ
សូម​ពង្រឹង​យើង​ខ្ញុំ​ឡើង​វិញ​
សូម​ឈប់​ប្រកែប្រកាន់​យើង​ខ្ញុំ​ទៀត​ទៅ។
៥ តើ​ព្រះអង្គ​ខ្ញាល់​នឹង​យើង​ខ្ញុំ​រហូត​ឬ?
តើ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ​នឹង​យើង​ខ្ញុំ
អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ​ឬ?
៦ តើ​ព្រះអង្គ​មិន​យាង​មក​វិញ
ប្រទាន​អោយ​យើង​ខ្ញុំ​រស់​រាន​មាន​ជីវិត
ដើម្បី​អោយ​ប្រជារាស្ត្រ​របស់​ព្រះអង្គ
មាន​អំណរ​សប្បាយ​រួម​ជា​មួយ​ព្រះអង្គ​ទេ​ឬ?
៧ ឱ​ព្រះអម្ចាស់​អើយ សូម​សំដែង​ព្រះហឫទ័យ
មេត្តាករុណា​ចំពោះ​យើង​ខ្ញុំ
ហើយ​សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង!
 
៨ ខ្ញុំ​ត្រងត្រាប់​ស្ដាប់​សេចក្ដី​ដែល​ព្រះជាអម្ចាស់
មាន​ព្រះបន្ទូល
ដ្បិត​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា នឹង​ប្រទាន
សេចក្ដី​សុខសាន្ត មក​ប្រជារាស្ត្រ​ដែល​ជឿ​លើ
ព្រះអង្គ គឺ​អស់​អ្នក​ដែល​មិន​បែរ​ចិត្ត​គំនិត
ទៅ​រក​អំពើ​លេលា​របស់​ខ្លួន​វិញ។
៩ ពិត​មែន​ហើយ ព្រះអង្គ​នឹង​សង្គ្រោះ​អស់​អ្នក
ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ​ក្នុង​ពេល​ឆាប់ៗ
សិរីរុងរឿង​របស់​ព្រះអង្គ​នឹង​មក​សណ្ឋិត
នៅ​លើ​ទឹក​ដី​របស់​យើង។
១០ ព្រះអម្ចាស់​នឹង​សំដែង​ព្រះហឫទ័យ​មេត្តា​ករុណា
និង​ព្រះហឫទ័យ​ស្មោះស្ម័គ្រ​ចំពោះ​យើង
ធ្វើ​អោយ​យើង​ស្គាល់​យុត្តិធម៌
និង​សេចក្ដី​សុខសាន្ត។
១១ ពេល​នោះ សេចក្ដី​ពិត​នឹង​ដុះ​ចេញ​ពី​ដី​មក
ហើយ​ក៏​មាន​សេចក្ដី​សុចរិត
លេច​ចេញ​មក​ពី​ផ្ទៃ​មេឃ​ដែរ។
១២ ព្រះអម្ចាស់​ផ្ទាល់​ប្រទាន​សុភមង្គល​មក​យើង
ទឹក​ដី​របស់​យើង​ក៏​បង្កើត​ភោគផល។
១៣ សេចក្ដី​សុចរិត​ដើរ​នៅ​មុខ​ព្រះអម្ចាស់
ដើម្បី​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះអង្គ។