៨៨
សេចក្ដី​ស្លាប់​បាន​ខិត​មក​ជិត​ទូលបង្គំ​ហើយ
ចំរៀង​តម្កើង​ព្រះជាម្ចាស់។ ទំនុកតម្កើង​របស់​កូន​ចៅ​លោក​កូរេ។ ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ ចាប់​ផ្ដើម​ជា​មួយ​ខ្លុយ។ កំណាព្យ​របស់​លោក​ហេម៉ាន់​ជា​អ្នក​ស្រុក​អេសរ៉ាគីត។
១ ឱ​ព្រះអម្ចាស់
ជា​ព្រះសង្គ្រោះ​នៃ​ទូលបង្គំ​អើយ
ពេល​ថ្ងៃ​ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ
ហើយ​ពេល​យប់
ទូលបង្គំ​នៅ​តែ​រក​ព្រះអង្គ​ដដែល។
២ សូម​អោយ​ពាក្យ​អធិស្ឋាន​របស់​ទូលបង្គំ
បាន​ឡើង​ទៅ​ដល់​ព្រះអង្គ!
សូម​ផ្ទៀង​ព្រះកាណ៌​ស្ដាប់​សំរែក​របស់​ទូលបង្គំ​ផង!
៣ ដ្បិត​ទូលបង្គំ​មាន​ទុក្ខ​ខ្លោចផ្សា​ឥត​ឧបមា
សេចក្ដី​ស្លាប់​បាន​ខិត​មក​ជិត​ទូលបង្គំ​ហើយ។
 
៤ គេ​ចាត់​ទុក​ទូលបង្គំ​ជា​អ្នក​ស្ថិត​នៅ​ក្នុង​ចំណោម
មនុស្ស​ដែល​ត្រូវ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ
ឬ​ជា​អ្នក​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស
ដែល​លែង​មាន​កម្លាំង​ទៀត។
៥ ទូលបង្គំ​ដេក​ស្ដូក​ដូច​មនុស្ស​ស្លាប់​នៅ​ក្នុង​ផ្នូរ
ទូលបង្គំ​ប្រៀប​បាន​នឹង​អស់​អ្នក​ដែល​ព្រះអង្គ
លែង​នឹក​នា និង​លែង​ជួយ​ទៀត។
៦ ព្រះអង្គ​បាន​បោះ​ទូលបង្គំ​ទៅ​ក្នុង​រណ្ដៅ​ដ៏​ជ្រៅ
ទៅ​ក្នុង​ទី​ងងឹត​សូន្យសុង​នៃ​សេចក្ដី​ស្លាប់។
 
៧ ព្រះពិរោធ​របស់​ព្រះអង្គ​សង្កត់​មក​លើ​ទូលបង្គំ
ដូច​ទឹក​រលក​បក់​បោក​មក​លើ​ទូលបង្គំ។
- សំរាក
 
៨ ព្រះអង្គ​បាន​ធ្វើ​អោយ​អស់​អ្នក
ដែល​ជិត​ស្និទ្ធ​នឹង​ទូលបង្គំ​ចេញ​ឆ្ងាយ​ពី​ទូលបង្គំ
ព្រះអង្គ​ធ្វើ​អោយ​អ្នក​ទាំង​នោះ​ខ្ពើម​ទូលបង្គំ
ទូលបង្គំ​គេច​ពី​ស្លាប់​មិន​រួច​ឡើយ។
៩ ភ្នែក​ទូលបង្គំ​ស្រវាំង
ដោយ​កើត​ទុក្ខ​វេទនា​ខ្លាំង​ពេក
ឱ​ព្រះអម្ចាស់​អើយ
ទូលបង្គំ​អង្វរ​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ!
ទូលបង្គំ​លើក​ដៃ​ឡើង​ទៅ​រក​ព្រះអង្គ!
 
១០ តើ​ព្រះអង្គ​អាច​ធ្វើ​ការ​អស្ចារ្យ
សំរាប់​មនុស្ស​ស្លាប់​បាន​ឬ?
តើ​មនុស្ស​ដែល​ស្លាប់​ទៅ​ហើយ
អាច​ក្រោក​ឡើង​សរសើរ​តម្កើង​ព្រះអង្គ​កើត​ឬ?
- សំរាក
 
១១ តើ​អ្នក​នៅ​ក្នុង​ផ្នូរ​អាច​ថ្លែង​ពី​ព្រះហឫទ័យ
មេត្តា​ករុណា​របស់​ព្រះអង្គ
ហើយ​អ្នក​ដែល​វិនាស​បាត់​បង់​ជីវិត​ទៅ​ហើយ​នោះ
អាច​ថ្លែង​ពី​ព្រះហឫទ័យ​ស្មោះស្ម័គ្រ
របស់​ព្រះអង្គ​កើត​ឬ?
១២ តើ​អ្នក​ដែល​នៅ​ក្នុង​ស្ថាន​ងងឹត​អាច​ស្គាល់
ស្នា​ព្រះហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​បាន​ឬ?
តើ​អ្នក​ដែល​មនុស្សម្នា​ភ្លេច​សូន្យ​ទៅ​ហើយ​នោះ
អាច​ស្គាល់​សេចក្ដី​សុចរិត
របស់​ព្រះអង្គ​ដូច​ម្ដេច​បាន?
១៣ ឱ​ព្រះអម្ចាស់​អើយ ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ
ទូលបង្គំ​ចូល​មក​អធិស្ឋាន
នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ​តាំង​ពី​ព្រឹក។
១៤ ឱ​ព្រះអម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បោះ
បង់​ចោល​ទូលបង្គំ​ដូច្នេះ?
ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​លាក់​ព្រះភក្ត្រ​នឹង​ទូលបង្គំ?
១៥ ទូលបង្គំ​លំបាក​វេទនា ជិត​ស្លាប់​តាំង​ពី​ក្មេង​មក​ម៉្លេះ
ព្រះអង្គ​ធ្វើ​អោយ​ទូលបង្គំ​ភ័យ
តក់ស្លុត​អស់​សង្ឃឹម។
១៦ ព្រះពិរោធ​ដ៏​ខ្លាំងក្លា​របស់​ព្រះអង្គ
សង្កត់​មក​លើ​ទូលបង្គំ
ព្រះអង្គ​ធ្វើ​អោយ​ទូលបង្គំ
ភ័យ​តក់ស្លុត​បាត់​ស្មារតី។
១៧ ទុក្ខ​ទោស​ទាំង​នេះ​ប្រៀប​បាន
នឹង​មហាសាគរ​ដែល​នៅ​ឡោមព័ទ្ធ​ទូលបង្គំ
ព្រម​ទាំង​គ្រប​ពី​លើ​ទូលបង្គំ​ជា​រៀង​រាល់​ថ្ងៃ។
១៨ ព្រះអង្គ​បាន​យក​មិត្តភក្ដិ ព្រម​ទាំង​អ្នក​ជិតស្និទ្ធ
នឹង​ទូលបង្គំ ចេញ​ឆ្ងាយ​ពី​ទូលបង្គំ
គឺ​មាន​តែ​ភាព​ងងឹត​ប៉ុណ្ណោះ
ដែល​នៅ​ជា​មួយ​ទូលបង្គំ។